បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារចាត់ទុកចំណាត់ការរបស់​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ លោក សៅ សុខា ថាគ្មានប្រសិទ្ធភាព ខណៈសហគមន៍នៅតែបន្តរកឃើញបទល្មើសលួចកាប់ឈើ និងដឹកឈើចេញពីតំបន់ព្រៃឡង់កើតឡើងជាហូរហែ។

កំណាត់ឈើមានរាងជ្រុងត្រវែង ដែលកាត់រួចជាកង់ៗនៅលើគោយន្ត ដែលបណ្តាញសហគមន៍ព្រៃឡង់ និងសកម្មជនព្រៃឈើរកឃើញបទល្មើសដឹកឈើចេញពីតំបន់ព្រៃឡង់ ភូមិសាស្រ្តឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបភាព៖ អូត ឡាទីន)

តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ចាន់ សារិន បានឱ្យដឹងថាបណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារមានគ្នា ៨ នាក់បានចុះស៊ើបអង្កេតបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់រយៈពេល៣យប់៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់២១ ខែឧសភា កន្លងទៅបានប្រទះឃើញបទល្មើសលួចកាប់ឈើជាច្រើនមានរហូតដល់ ១៨៥ ករណី។ លោកបន្តថាករណីទាំងអស់នោះបណ្តាញសហគមន៍ព្រៃឡង់រកឃើញនៅត្រង់ចំណុចព្រាល អូរចង្ហា អូរគោល ផ្លូវបឹង ដំណាក់ធ្នុង និងវាលអណ្ដូងពីរដែលស្ថិតក្នុងភូមិសាស្ត្រឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារហើយប្រភេទឈើដែលរកឃើញរួមមាន សុក្រំ ផ្ចឹក ឈើទាល ខ្លុង គគីរ ជាដើម។

លោក ចាន់ សារិន បានចាត់ទុកចំណាត់ការរបស់មន្ត្រីបរិស្ថាននិងមន្រ្តីពាក់ព័ន្ធថាហាក់គ្មានប្រសិទ្ធភាពទេជុំវិញការទប់ស្កាត់ និងចុះបង្រ្កាបបទល្មើសព្រៃឈើដែលសហគមន៍បាននិងកំពុងរកឃើញនេះ។

លោកថា៖«ខ្ញុំគិតថាប្រសិនបើគាត់អនុវត្តរហូតប្រហែលជាមានប្រសិទ្ធភាព ក្រែងអនុវត្តតែមួយភ្លែតឬមួយឆាវ វាអាចនឹងសាបទៅវិញ និយាយទៅវាគ្មានប្រសិទ្ធភាពទេធ្វើចឹង»។

លោកបន្ថែមថា៖«ប្រសិនបើពួកគាត់ [លោក​ សៅ សុខា] អនុវត្តឱ្យពិតប្រាកដ ខ្ញុំគិតថានៅខេត្តព្រះវិហារប្រហែលជារកករណីឃើញច្រើន ប្រសិនបើគាត់អនុវត្តពិតប្រាកដនិងជាក់លាក់»។

ជាអ្នកភូមិធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ រូបនេះបានបញ្ជាក់បន្ថែមថាបទល្មើសដែលសហគមន៍បានរកឃើញនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារមិនចេះខ្វះទេ ឱ្យតែសហគមន៍ចូលទៅល្បាតម្តងៗគឺរកឃើញបទល្មើសលួចចូលកាប់ឈើជាហូរហែយ៉ាងតិចមិនក្រោមពី១០០ជាងករណីនោះទេ។

លោកចាន់ សារិន និយាយថា៖«និយាយពីបទល្មើសសហគមន៍រកឃើញមិនចេះខ្វះទេ ចូលព្រៃម្តងមិនក្រោមពី១០០ករណីជាងទេ សង្ឃឹមអីព្រៃឈើយើង។ អ្នកកាប់ៗ [ជនល្មើស] ទៅហើយអ្នកទប់ស្កាត់នៅក្រៅហ្នឹង រកគ្នាម៉េចឃើញ»។

មិនខុសគ្នានេះដែរ តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារម្នាក់ទៀត លោក ហ៊ីង យឺន បានប្រាប់ Newsroom Cambodia ថាជោគវាសនាអនាគតព្រៃឡង់មិនអាចគង់វង្សឋិតឋេរបានទៀតនោះទេ​​ ប្រសិនបើប្រសិទ្ធភាពនៃការចុះទប់ស្កាត់បទល្មើសរបស់មន្រ្តីជំនាញហាក់ធ្វើតែមួយរយៈពេលខ្លីបែបនេះ។ លោកបន្ថែមថាអ្នកកាប់បំផ្លាញព្រៃឈើមានច្រើនជាងអ្នកការពារនិងទប់ស្កាត់ទៅទៀត។ មួយវិញទៀតអ្នកកាប់បំផ្លាញហាក់មិនសូវខ្លាចរអាចំពោះអ្នកទប់ស្កាត់បទល្មើសផង សង្ឃឹមអីអនាគតព្រៃឡង់!។

លោកថា៖ «ខ្ញុំថាព្រៃឈើនៅតំបន់ព្រៃឡង់មានតែហិនហោចបាត់បង់ៗបើការកាប់វាមិនមានការអន់ថយអ៊ីចឹង។ បើវាមានការជួញដូរឈើចឹងវាមានតែបាត់បង់ឈើនៅតំបន់ព្រៃឡង់បន្តិចម្តងៗ បើប្រសិទ្ធភាពនៃការទប់ស្កាត់នៅមានកំរិតចឹង»។

ជាអ្នកភូមិភ្ញាក់រលឹក ស្រុកជ័យសែន ខេត្តព្រះវិហារ បុរសមានវ័យ ៥២ ឆ្នាំរូបនេះសង្កត់ធ្ងន់ថាជាក់ស្តែងការចុះអនុវត្តការបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើរបស់មន្រ្តីជំនាញហាក់នៅឆ្ងាយដូចជើងមេឃមិនសូវមានប្រសិទ្ធភាពនោះទេ។

លោកបន្ថែមថាបទល្មើសនៅក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារនៅតែបន្តកើតមានឥតឈប់ឈរ ស្របពេលសហគមន៍ចុះល្បាតព្រៃម្តងៗ។

លោក ហ៊ីង យឺន និយាយថា៖ «ខ្ញុំគិតថាការធ្វើការរបស់គាត់ [លោក សៅ សុខា] វាហាក់ដូចជាមិនសូវមានប្រសិទ្ធភាពប៉ុន្មានទេដោយសារគាត់ទៅតែមួយភ្លែតៗគាត់មកវិញ។ អ៊ីចឹងវាអត់បានអង្កេតដល់ក្នុងព្រៃសំខាន់ៗទេ តាមពិតវានៅតែមានបទល្មើសនៅក្នុងព្រៃដដែលហ្នឹង»។

បន្ថែមពីនេះ តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារម្នាក់ទៀតគឺលោក សេក រឿ  លើកឡើងដែរថាបញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារកើតមានឥតស្រាកស្រាន្ត។ លោកបន្តថាដើម្បីធានាបានប្រសិទ្ធភាព មន្រ្តីបរិស្ថាននិងមន្រ្តីជំនាញត្រូវតែចុះបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើឱ្យបានជាប្រចាំនិងរៀងរាល់ថ្ងៃ។

 លោកថា៖ «ខ្ញុំគិតថាការចុះបង្រ្កាបនោះអត់មានប្រសិទ្ធិភាពទេ ថាបានតែមាត់តែគេថាតែអ៊ីចឹង តែបទល្មើសនៅពេញព្រៃដដែល។ ឃើញចាប់ខាងក្រៅហ្នឹងបានតែបន្តិចទេ តែបទល្មើសជាក់ស្តែងនៅក្នុងព្រៃមានច្រើនទៀតជាពិសេសខេត្តព្រះវិហារយើងតែម្តងហ្នឹងមានតែកើនឡើងៗ»។

លោកបន្ថែមថា៖ «បើចង់ឱ្យបទល្មើសលែងមានទាល់តែមន្រ្តីចុះបង្រ្កាបរាល់ថ្ងៃ»។

យ៉ាងណាមិញលោក សេក រឿ ដែលជាអ្នកភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហាររូបនេះស្នើទៅមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក សៅ សុខា និងមន្រ្តីបរិស្ថានគួរតែរឹតបន្តឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងគួរតែចាត់វិធានការក្តៅជាងនេះបន្ថែមទៀតដើម្បីធានាថាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់លែងបន្តកើតមាន។

លោក សេក រឿ ស្នើថា៖ «ខ្ញុំសូមសំណូមពរទៅដល់ឯកឧត្តម សៅ សុខា និងមន្រ្តីបរិស្ថានត្រូវតែចុះបង្រ្កាបបទល្មើសឱ្យមានប្រសិទ្ធភាព កុំឱ្យថាតែមាត់ចុះទៅចាប់កន្លែងនេះកន្លែងនោះ តែបទល្មើសនៅក្នុងព្រៃពេញហ្នឹងទាំងអស់ចឹងនោះ»។

ព្រៃឡង់ មានផ្ទៃដីជាង ៤៣​ម៉ឺនហិកតា គ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារនៅក្នុងឆ្នាំ២០១៦។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី បានឆ្លើយបតប្រាប់ Newsroom Cambodia នៅថ្ងៃទី៣១ ខែឧសភា យ៉ាងខ្លីថាការលើកឡើងរបស់បណ្តាញសហគមន៍ព្រៃឡង់យ៉ាងណាជាសិទ្ធិក្នុងការបញ្ចេញមតិរបស់គាត់។

លោកថា៖ «សហគមន៍ចង់លើកឡើងយ៉ាងណាជាសិទ្ធិរបស់គាត់ ចង់បញ្ចេញមតិយ៉ាងណាជាសិទ្ធិគាត់។ តែគណៈកម្មការធ្វើការតាមសមត្ថកិច្ចរបស់ខ្លួន ហើយថ្នាក់ក្រោម មានថ្នាក់ខេត្តបានបន្តធ្វើកិច្ចការងារហ្នឹងហើយ»។

ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា មានប្រសាសន៍ថាក្រសួងបរិស្ថានគ្មានភាពចាំបាច់ក្នុងការអត្ថាធិប្បាយលើរបាយការណ៍របស់ភាគីទី៣ណាមួយទេហើយក្រសួងបរិស្ថានសូមគូសបញ្ជាក់ថាក្រសួងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិក្រោមដែនយុត្តាធិការរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈ។ លោកបន្តថាកម្ពុជាអាចរកចំណូលបានពីការអភិរក្សរបស់ខ្លួនតាមរយៈការលក់ឥណទានកាបូន (Carbon Credit)ក្នុងគម្រោងរេដបូកគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើ និងការបង់សេវាប្រព័ន្ធអេកូឡូស៊ី (Payment Ecosystem Service)។

លោកថា៖«នេះគឺជារបត់ថ្មីដ៏សំខាន់មួយដែលកម្ពុជាយើងពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលចំណូលពីការអភិរក្សរបស់ខ្លួននិងបាននិងកំពុងលុបបំបាត់ទស្សនៈថាទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូលមកជាប្រទេសដែលទទួលបានប្រាក់ចំណូលពីការពារនិងអភិរក្សព្រៃឈើរបស់ខ្លួនក្រោមទិសស្លោក«រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ចនិងសង្គមជាតិ»។

លោកបន្ថែមថា៖«កម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយនឹងយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក»។

យ៉ាងណាមិញ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ចាត់ទុកការលើកឡើងរបស់បណ្តាញសហគមន៍ថាជារឿងត្រូវត្រឹមនិងពិតជាក់ស្តែងព្រោះបញ្ហាការលួចចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃឡង់និងតំបន់ព្រៃព្រះរកាកើតមានជាហូរហែដូចអ្វីដែលសហគមន៍បានលើកឡើង។ បន្ថែមពីនេះ លោក អូត ឡាទីន បានផ្តល់ជាអនុសាសន៍ទៅរាជរដ្ឋាភិបាលថាដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាពខ្លាំង រដ្ឋាភិបាលត្រូវលុបអាជ្ញាប័ណ្ណក្រុមហ៊ុនទាំងអស់នៅជុំវិញតំបន់ការពារនិងបញ្ឈប់ការនាំចេញឈើទៅលក់នៅក្រៅប្រទេស នោះបញ្ហាព្រៃឈើនឹងលែងកើតមានហើយ។

លោកថា៖«បញ្ហាទាំងអស់នេះគឺវាកើតឡើងដោយសារការធ្វើសកម្មភាពក្នុងការទប់ស្កាត់បទល្មើសហ្នឹងអត់បានធ្វើជាប្រព័ន្ធ អត់បានធ្វើឱ្យបានជាប់បន្តរហូត ធ្វើជាព្រឹត្តិការណ៍ ធ្វើដេញព្រឹត្តិការណ៍អ៊ីចឹងវាគ្មានប្រសិទ្ធភាពហើយ»។

លោកបន្ថែមថា៖«ដើម្បីទប់ស្កាត់បទល្មើសឬក៏ដោះស្រាយបញ្ហាធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាឱ្យបានល្អនោះរាជរដ្ឋាភិបាលគួរតែលុបចោលនូវការនាំចេញឈើចេញទៅក្រៅប្រទេសជាពិសេសទៅប្រទេសវៀតណាម ទៅអឺរ៉ុបក៏ដោយត្រូវលុបបំបាត់ចោល»។

យោងតាមរបាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា ចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដែលជាពេលប្រជាជនកម្ពុជាឈប់សម្រាករីករាយក្នុងពិធីបុណ្យចូលឆ្នាំ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ ករណីបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន១១៥ហិកតា ដែលរកឃើញដោយ​ប្រព័ន្ធ​ជូន​ដំណឹង៕