រដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ ៣សែនដុល្លារអាមេរិកដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់សាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់នៃគ្រោះមហន្តរាយដែលបានកើតឡើងនាពេលថ្មីៗនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ ចេញនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣បញ្ជាក់ថា ពិធីប្រគល់ និងទទួល ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួង ដោយមានវត្តមានចូលរួមរបស់លោក អ៊ូ ធីត លីញអូន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងលោក ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា កម្ពុជាក៏បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនមីយ៉ាន់ម៉ា ហើយសង្ឃឹមថា មីយ៉ាន់ម៉ានឹងអាចជម្នះស្ថានភាពដ៏លំបាកនេះបានឆាប់រហ័ស។
គួររំលឹកផងដែរថា សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានទទួលរងនូវផលប៉ះពាល់ដោយ ព្យុះស៊ីក្លូនម៉ូឆា ដោយបានបង្កសោកនាដកម្មបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្សរាប់រយនាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធក្នុងរដ្ឋរ៉ាក់ខាញប្រទេសមីយ៉ាន់ម៉ាយ៉ាងច្រើន៕