​​​រដ្ឋា​ភិ​បាល​​កម្ពុជា​​ បាន​​ផ្តល់​​ជំនួយ​​មនុស្ស​​ធម៌​​ជា​​​ទឹក​ប្រាក់​​ ៣សែន​​​ដុល្លារ​អាមេរិកដើម្បី​ជួយគាំ​ទ្រដ​ល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​សាធារណៈ​រដ្ឋ​សហភាព​មីយ៉ាន់ម៉ា ក្នុង​ការដោះ​ស្រាយ​ផល​ប៉ះពាល់​នៃ​គ្រោះ​មហន្តរាយ​ដែល​បាន​កើត​ឡើង​នាពេលថ្មីៗនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ ចេញ​នៅ​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣​បញ្ជាក់​ថា ពិធីប្រគល់ និងទទួល ត្រូវបាន​ធ្វើ​ឡើង​នៅ​ទីស្តី​ការក្រសួង ដោយ​មាន​វត្តមានចូលរួមរបស់លោក​ អ៊ូ ធីត លីញអូន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហភាព​មីយ៉ាន់ម៉ា​ប្រចាំ​កម្ពុជា និងលោក​ ញឹម ខេមរា រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុជា​។​

សេចក្តីប្រកាសព័ត៌មាន​ដដែល​​បន្តថា  កម្ពុជាក៏បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនមីយ៉ាន់ម៉ា ហើយសង្ឃឹមថា មីយ៉ាន់ម៉ានឹងអាចជម្នះស្ថានភាពដ៏លំបាកនេះបានឆាប់រហ័ស។

គួររំលឹកផងដែរថា សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានទទួលរងនូវផលប៉ះពាល់​ដោយ​ ​ព្យុះ​ស៊ីក្លូនម៉ូឆា ដោយ​បានបង្ក​សោកនាដកម្ម​បណ្តាល​ឱ្យ​បាត់បង់អាយុជីវិតមនុស្សរាប់រយនាក់ ព្រមទាំង​ខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ​​ក្នុងរដ្ឋរ៉ាក់ខាញ​ប្រទេសមីយ៉ាន់ម៉ា​យ៉ាង​ច្រើន​៕