ក្រសួងសុខាភិបាលក្រើនរំលឹកដល់សាធារណជនឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញតាមគោលការណ៍ស្ម័គ្រចិត្ត ដោយរក្សាគម្លាត៦ខែបន្ទាប់ពីចាក់ដូសចុងក្រោយ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។
យោងតាមសេចក្តីជូនព័ត៌មានស្តីពី ការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញដល់ប្រជាជន អាយុចាប់ពី៣ឆ្នាំឡើង ចេញដោយក្រសួងសុខាភិបាលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣បញ្ជាក់ថា កម្ពុជាកំពុងបន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ដល់ប្រជាជនទាំងអស់ដែលបានចាក់វ៉ាក់សាំងដូសទី១ និងទី២ (ដូសមូលដ្ឋាន) រួចរាល់ ហើយមានគម្លាត៦ខែឡើង បន្ទាប់ពីដូសចុងក្រោយដែលណែនាំពីអង្គការសុខភាពពិភពលោក។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់តាមន័យដើមថា៖ «ដោយសង្កេតឃើញក្នុងពេលថ្មីៗនេះ វីរុសកូវីដ១៩បម្លែងថ្មី ពពួក Omicron XBB.1.5 កំពុងឆ្លងរីករាល ដាលនៅតាមប្រទេសមួយចំនួនលើសាកលលោក និងនៅក្នុងតំបន់ គណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ១៩ (គ.វ.ក-១៩) អំពាវនាវឱ្យអាណាព្យាបាលនាំកូនចៅ ដែលមានអាយុចាប់ពី ៣ឆ្នាំឡើង ដើម្បីទៅទទួលយកការចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ឱ្យបានគ្រប់ៗគ្នា។ ចំណែកប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ១៩ដូសមូលដ្ឋាន (ទី១ និងទី២) សូមអញ្ជើញ ទៅទទួលយកការចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា»។
សេចក្តីជូនព័ត៌មានដដែលបន្ថែមថា ចំពោះទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ១៩ គឺនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ រួមមានមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទូទាំងរាជធានីខេត្តទាំង២៥៕