ក្រសួងសុខាភិបាលក្រើនរំលឹកដល់សាធារណជនឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញតាមគោលការណ៍ស្ម័គ្រចិត្ត ដោយរក្សាគម្លាត៦ខែបន្ទាប់ពីចាក់ដូសចុងក្រោយ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនព័ត៌មានស្តីពី ការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញដល់ប្រជាជន អាយុចាប់ពី៣ឆ្នាំឡើង ចេញដោយក្រសួងសុខាភិបាលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣​បញ្ជាក់ថា​ កម្ពុជាកំពុង​បន្ត​ផ្តល់​ការចាក់វ៉ាក់​សាំង​កូវីដ​១៩​ដល់​ប្រជាជន​ទាំងអ​ស់​ដែល​បានចាក់វ៉ាក់សាំងដូសទី១ និងទី២​ (ដូសមូលដ្ឋាន) រួចរាល់ ហើយ​មាន​គម្លាត​៦ខែ​ឡើង​ បន្ទាប់ពី​ដូស​ចុង​ក្រោយ​ដែលណែនាំពីអង្គការ​សុខភាពពិភពលោក។

សេចក្តីជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បញ្ជាក់តាម​ន័យ​ដើម​ថា៖ «ដោយ​សង្កេត​ឃើញ​ក្នុង​ពេលថ្មីៗនេះ វីរុសកូវីដ១៩បម្លែងថ្មី ពពួក Omicron XBB.1.5 ​កំពុងឆ្លងរីករាល ដាល​នៅតាមប្រទេសមួយចំនួនលើសាកលលោក និងនៅក្នុងតំបន់​ គណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ១៩ (គ.វ.ក​-១៩)​ អំពាវនាវឱ្យអាណាព្យាបាលនាំកូនចៅ ដែលមានអាយុចាប់ពី ៣ឆ្នាំឡើង ដើម្បីទៅទទួលយកការចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤​ឱ្យបានគ្រប់ៗគ្នា។ ចំណែកប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ១៩ដូសមូលដ្ឋាន (ទី១ និងទី២) សូមអញ្ជើញ ទៅទទួលយកការចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា»។

សេចក្តីជូនព័ត៌មានដដែលបន្ថែមថា​ ចំពោះទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ១៩ គឺនៅ​តាម​មូលដ្ឋាន​សុខាភិបាលសាធារណៈ រួមមាន​មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​ទូទាំងរាជធានី​ខេត្តទាំង២៥៕​