សង្គមស៊ីវិលចំនួន២១បង្ហាញការសោកស្តាយ និងលើកឡើងថា ការមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរចូលរួមការបោះឆ្នោតជាតិខែកក្កដាខាងមុខ ធ្វើឱ្យអ្នកបោះឆ្នោតមួយចំនួនមិនអាចជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្តបាន។
សង្គមស៊ីវិលទាំង២១ដែលបានចេញសេចក្តីថ្លែងការណ៍រួមនោះមានដូចជាសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ជាដើម។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយកាលពីថ្ងៃទី០១ ខែមិថុនា កន្លងទៅ ក្រុមសង្គមស៊ីវិលទាំង២១ បានលើកឡើងថា គ.ជ.ប បានអនុវត្តការបោះឆ្នោតជាច្រើនដងមកហើយ ដោយយកត្រឹមតែសេចក្ដីចម្លងបញ្ជីចុះឈ្មោះគណបក្សននយោបាយប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់តាមន័យដើមថា៖ «ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ជាក់ស្ដែងគណបក្សភ្លើងទៀនធ្លាប់ត្រូវបាន គ.ជ.ប អនុញ្ញាតឱ្យប្រើប្រាស់លិខិតថតចម្លងនៃការចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចូលរួមការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២ រួមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុង ដែលទើបបង្កើតថ្មី នាដើមខែមេសា ឆ្នាំ២០២៣នេះផងដែរ ហើយការអនុវត្តនេះ បានចូលរួមចំណែកលើកកម្ពស់សិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត»។
សេចក្តីថ្លែងការណ៍រួមដដែលបន្ថែមថា ការដែលអវត្តមានគណបក្សទាំងពីរខាងលើ ជាការបាត់បង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងអ្នកបោះឆ្នោតមួយចំនួនមិនអាចជ្រើសរើសគណបក្សនយោបាយដែលខ្លួនធ្លាប់ពេញចិត្ត។ ជាក់ស្តែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២ គណបក្សភ្លើងទៀន ទទួលបានសំឡេងគាំទ្រចំនួន ១,៦១០,៥៥៦នាក់ ក្នុងចំណោមពលរដ្ឋខ្មែរដែលបានបោះឆ្នោតសរុប ចំនួន ៧,៣៩៤,៤២៧នាក់ និងទទួលបានអាសនៈនៅក្រុមប្រឹក្សាឃុំសង្កាត់ជាងពីរពាន់អាសនៈ ។
ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីប យល់ថា ការចូលរួមពីគ្រប់គណបក្សនយោបាយ ដែលមានបំណងឈរឈ្មោះ ធានាបាននូវការលើកកម្ពស់សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត គឺជាគ្រឹះ នៃការអភិវឌ្ឍប្រកបដោយបរិយាប័ន តាមគោលនយោបាយនៃការបង្រួបបង្រួមជាតិ និងឯកភាពជាតិ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមដដែល។
កាលពីពាក់កណ្តាលខែឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធការចុះបញ្ជីគណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន ដោយហេតុផលថា ការបំពេញឯកសារមិនគ្រាប់គ្រាន់តាមនីតិវិធី។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ Newsroom Cambodia នៅល្ងាចថ្ងៃទី០១ ខែមិថុនាថា គ.ជ.ប ជាស្ថាប័នអនុវត្តច្បាប់ ហើយថា ការបដិសេធការចុះបញ្ជីដោយសារតែគណបក្សទាំងពីរមិនបានបំពេញឯកសារគ្រប់គ្រាន់សម្រាប់ការចុះឈ្មោះដោយសារបាត់ឯកសារច្បាប់ដើម។
លោកបញ្ជាក់ថា៖ «គណបក្សទាំងពីរមិនបានបំពេញឯកសារផ្លូវច្បាប់ អ៊ីចឹងគាត់មិនអាចចូលរួមក្នុងការដាក់បេក្ខជន ឬដាក់គណបក្សឈរឈ្មោះបោះឆ្នោតបានទេ អ៊ីចឹងបើចង់ឱ្យ គ.ជ.ប ដាក់ មានន័យថា គ.ជ.ប ខ្លួនឯងហ្នឹងមិនគោរពច្បាប់»។
លោកបានបន្ថែមថា បើតាមផ្លូវច្បាប់មានដំណោះស្រាយដោយត្រូវប្តឹងទៅឃុំសង្កាត់ ហើយស្នើសុំក្រសួងមហាផ្ទៃចេញឯកសារឡើងវិញ។ ប៉ុន្តែលោកថា សម្រាប់ពេលនេះហួសថ្ងៃទទួលពាក្យចុះបញ្ជីរបស់គណបក្សនយោបាយទៅហើយ។
លោកថា៖ «គ.ជ.ប ដើរតាមប្រតិទិនពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ជាប្រតិទិននៃការដាក់និងទទួលពាក្យរបស់គណបក្សនយោបាយដើម្បីចុះបញ្ជី ប៉ុន្តែមិនមែនជាថ្ងៃដែលគណបក្សនយោបាយត្រូវរៀបចំឯកសារដែរ»។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នឹងធ្វើឡើង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដោយមានគណបក្សនយោបាយចំនួន១៨ ចូលរួម៕