សាលារាជធានីបានកែប្រែការផ្អាកចរាចរណ៍កំណាត់ផ្លូវវិមានឈ្នះឈ្នះ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ មកផ្អាកត្រឹមថ្ងៃទី៣ និងថ្ងៃទី៩ ខែមិថុនាវិញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលឆ្លងកាត់មហាវិថីឈ្នះឈ្នះ។
រដ្ឋបាលរាជធានីបានកែសម្រួលសេចក្តីជូនដំណឹងចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីបើក និងបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមរហូតដល់បញ្ចប់ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលឆ្លងកាត់មហាវិថីឈ្នះឈ្នះ ជាពិសេសអ្នកដែលប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនទៅចូលរួមទស្សនាការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម សាលារាជធានីនឹងផ្អាកចរាចរណ៍ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ សម្រាប់ពិធីបើក និងបិទព្រឹត្តិការណ៍កីឡានេះប៉ុណ្ណោះ។
សេចក្តីជូនដំណឹងដដែលបន្ថែមថា ក្រៅពីថ្ងៃបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម យានជំនិះគ្រប់ប្រភេទអាចធ្វើដំណើរបានធម្មតា ប៉ុន្តែរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី ដឹកខ្សាច់ និងរថយន្តកុងតឺន័រ មិនអនុញ្ញាតឱ្យចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវវិមានឈ្នះឈ្នះឡើយ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕