សាលារាជធានី​បាន​កែប្រែ​ការផ្អាក​ចរាចរ​​​ណ៍កំណាត់​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ ចាប់​ពីថ្ងៃទី​៣ រហូត​ដល់​ថ្ងៃទី​៩ ខែមិថុនា​ ឆ្នាំ​២០២៣ មក​ផ្អាក​ត្រឹម​ថ្ងៃទី៣​ និងថ្ងៃទី​៩ ខែ​មិថុនា​វិញ ដើ​ម្បី​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ដែល​ឆ្លង​​កាត់​​មហា​វិថី​​ឈ្នះ​ឈ្នះ។

រដ្ឋបាលរាជធានីបាន​​កែសម្រួលសេចក្តីជូនដំណឹង​​ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២៣ ស្តីពី​ការផ្អាក​ចរាចរ​ណ៍​បណ្តោះ​អាសន្ន​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​បើក និង​បិទ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេមរហូត​ដល់​បញ្ចប់​​ ចាប់ពី​គល់ស្ពាន​ព្រែកព្នៅ​ រហូត​ដល់​ផ្លូវ​ជាតិ​លេខ​៦​ ចាប់​ពីថ្ងៃ​ទី៣ ដល់ថ្ងៃទី​៩ ខែមិថុនា​ ឆ្នាំ​២០២៣​។

បើតាមសេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​ ចុះថ្ងៃទី១ ខែមិថុនា​ ឆ្នាំ២០២៣ ​ដើម្បី​​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ដែលឆ្លង​កាត់​មហា​វិថី​​ឈ្នះ​ឈ្នះ ជាពិសេស​​អ្នក​​ដែល​​ប្រើ​​ប្រាស់​​មធ្យោបាយផ្ទាល់ខ្លួន​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម សាលា​រាជធានី​នឹង​ផ្អាកចរាចរណ៍ចាប់ពី​គល់​ស្ពាន​​ព្រែក​ព្នៅ​ រហូត​ដល់​ផ្លូវ​ជាតិ​លេខ​៦ សម្រាប់ពិធីបើក និងបិទ​ព្រឹត្តិការណ៍កីឡា​​នេះ​ប៉ុណ្ណោះ​។

សេចក្តីជូនដំណឹង​​ដដែលបន្ថែមថា​ ក្រៅពីថ្ងៃ​បើក និងបិទ​ព្រឹត្តិ​ការណ៍​​​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​ យានជំនិះ​គ្រប់ប្រភេទ​អា​ចធ្វើដំណើរ​បានធម្មតា​ ប៉ុន្តែ​រថយន្តដឹក​ទំនិញ​ធុនធ្ងន់​ រថយន្ត​ដឹកដី​ ដឹកខ្សាច់​ និងរថយន្ត​កុងតឺន័រ​ មិនអនុញ្ញាត​ឱ្យចរាចរណ៍​ឆ្លង​កាត់កំណាត់ផ្លូវវិមាន​ឈ្នះ​ឈ្នះ​ឡើយ​ ចាប់ពីថ្ងៃ​ទី៣ រហូតដល់ថ្ងៃ​ទី៩​ ខែ​មិថុនា​ ឆ្នាំ​២០២៣៕