ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យលើកលែងទោសលោក អ៊ូ ច័ន្ទឬទ្ធិ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌលកណ្តាល បន្ទាប់ពីលោកបានស្នើសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី និងប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៊ី បានមួយថ្ងៃ។
ក្នុងលិខិតរបស់លោក អ៊ូ ច័ន្ទឬទ្ធិ ចេញកាលពីថ្ងៃទី៣១ ខែឧសភានេះ លោកបានស្នើទៅលោកនាយករដ្ឋមន្រ្តីឱ្យជួយធ្វើកិច្ចអន្តរាគមន៍ និងទម្លាក់រាល់បទចោទទាំងអស់ ដោយលោកសម្រេចចិត្តផ្តាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយក្រៅប្រទេសជាមួយលោកសម រង្ស៊ី និងអតីតគណបក្សសង្គ្រោះជាតិ។ លោកបន្ថែមក្នុងលិខិតនោះថា ដោយសារលោកអស់ជំនឿលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានដល់ការបង្រួបបង្រួមនិងផ្សះផ្សារជាតិបាន។
យោងតាមព្រះរាជក្រឹត្យចេញនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខាដោយត្រាស់បង្គាប់ឲ្យមានការដោះលែងទណ្ឌិតចំនួន ២រូបដែលក្នុងនោះរួមមានលោក អ៊ូ ច័ន្ទឬទ្ធិ និងលោកទុំ ប៊ុនថន។
ក្នុងព្រះរាជក្រឹតក្យបញ្ជាក់ថា លោក អ៊ូ ច័ន្ទឬទ្ធិ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២០ឆ្នាំ។ ចំណែកលោក ទុំ ប៊ុនថន សមាជិកក្រុមប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិ នៅសង្កាត់ផ្សារដេប៉ូ២ រាជធានីភ្នំពេញ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ។
គួររំឮកថាលោក អ៊ូ ច័ន្ទឬទ្ធិត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីការចាប់ខ្លួនកាលពីខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ចំណែកលោក ទុំ ប៊ុនថន ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលខែតុលា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការផ្ញើសារ តាមលោក សម រង្ស៊ី ដែលបានអំពាវនាវឱ្យប្រជាជនផ្អាកសងលុយធនាគារបណ្តោះអាសន្នរហូតដល់ពេលជំងឺកូវីដ១៩ ធូរស្រាលវិញ៕