ព្រះមហាក្សត្រចេញ​ព្រះរាជ​ក្រឹត្យត្រាស់បង្គាប់ឱ្យ​លើកលែង​ទោស​​​លោក អ៊ូ ច័ន្ទឬទ្ធិ អតីត​សមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍ និង​ជាអតីត​​តំណាងរាស្រ្ត​​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​កណ្តាល បន្ទាប់ពីលោកបានស្នើសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី និង​ប្រកាស​ផ្តាច់​ខ្លួន​ពីលោក សម រង្ស៊ី​ បានមួយថ្ងៃ។

ក្នុង​លិខិត​របស់​​​​លោក អ៊ូ ច័ន្ទឬទ្ធិ ចេញ​​កាល​ពី​ថ្ងៃ​ទី​៣១ ខែឧសភានេះ ​លោក​បាន​ស្នើទៅ​​​លោក​នាយក​រដ្ឋមន្រ្តី​ឱ្យ​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍ និង​ទម្លាក់រាល់បទចោទទាំងអស់​​ ដោយ​លោក​សម្រេច​ចិត្ត​ផ្តាច់​ខ្លួន​ និង​ឈប់​ធ្វើ​សកម្មភាព​នយោបាយ​ក្រៅ​ប្រទេសជាមួយលោកសម រង្ស៊ី និង​អតីត​គណបក្ស​សង្គ្រោះជា​តិ។ លោកបន្ថែម​ក្នុង​លិ​ខិត​នោះថា ដោយសារ​លោកអស់​ជំនឿ​លើ​គោល​នយោបាយ​បរទេស​និយម ដែលមិនអាចឈានដល់ការបង្រួបបង្រួមនិងផ្សះផ្សារជាតិបាន។

យោងតាម​ព្រះរាជ​ក្រឹត្យ​ចេញ​នៅ​​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣​ ​ព្រះបាទនរោត្តម សីហមុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ឡាយ​ព្រះហស្ថលេខាដោយ​​ត្រាស់ប​ង្គាប់​ឲ្យ​មាន​ការដោះលែង​ទណ្ឌិត​ចំនួន​​ ២រូបដែលក្នុងនោះរួមមានលោក អ៊ូ ច័ន្ទឬទ្ធិ និងលោកទុំ ប៊ុនថន។

ក្នុង​ព្រះ​រាជក្រឹតក្យ​បញ្ជាក់​ថា លោក អ៊ូ ច័ន្ទឬទ្ធិ ​ត្រូវបានតុលាការសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២០ឆ្នាំ។ ចំណែក​លោក ទុំ ប៊ុនថន សមាជិក​ក្រុមប្រឹក្សាអតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ផ្សារ​ដេប៉ូ២ រាជធានី​ភ្នំពេញ ​ត្រូវបានតុលាការសម្រេចផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ៦ឆ្នាំ។​

គួររំឮកថាលោក អ៊ូ ច័ន្ទឬទ្ធិត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីការចាប់ខ្លួនកាលពីខែតុលា ឆ្នាំ​២០១៩ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ចំណែក​លោក ទុំ ប៊ុនថន ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលខែតុលា​ ឆ្នាំ២០២១ ​ពាក់ព័ន្ធនឹងការផ្ញើសារ តាម​លោក​ សម រង្ស៊ី ដែលបានអំពាវនាវឱ្យប្រជាជនផ្អាក​សង​លុយ​ធនាគារ​បណ្តោះអា​សន្ន​រហូត​ដល់​ពេល​ជំងឺ​កូវីដ១៩ ធូរស្រាលវិញ៕