ប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាបងប្រុសបង្កើតរបស់លោក អ៊ូ ច័ន្ទឫទ្ធិ បានប្រកាសស្វាគមន៍ចំពោះការលើកលែងទោសដល់ប្អូនប្រុសរបស់លោក។ ការសាទរនេះក្រោយពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យលោក អ៊ូ ច័ន្ទឫទ្ធិ ដែលបានសរសេរលិខិតសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឱ្យមានការលើកលែងទោស។
លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងប្រាប់ Newsroom Cambodia ថា៖ «វាជារឿងធម្មតា និងសិទ្ធិរបស់អ្នកនយោបាយ មិនមែនមានតែលោក អ៊ូ ច័ន្ទឫទ្ធិទេ ដែលទទួលបានការលើកលែងទោស តែកន្លងមកអ្នកនយោបាយជាច្រើន ក៏ធ្លាប់ទទួលបានការលើកលែងទោស ពីព្រះមហាក្សត្ររួចមកហើយ។ ម្យ៉ាងលោក អ៊ូ ច័ន្ទឫទ្ធិ មិនគួរមានទោសតាំងពីដើម»។
អតីតសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាអតីតតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល នៃ គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ លោក អ៊ូ ច័ន្ទឫទ្ធិ ត្រូវបានត្រាស់បង្គាប់លើកលែងទោសដោយព្រះមហាក្សត្រ នរោត្តម សីហមុនី កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។
ការប្រកាសលើកលែងទោសនេះ មួយថ្ងៃក្រោយពីលោក អ៊ូ ច័ន្ទឫទ្ធិ បានសរសេរលិខិតផ្ញើជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំអន្តរាគមន៍ឱ្យមានការលើកលែងទោស និងបានប្រកាសពីការសម្រេចចិត្តផ្តាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយលោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយលោកអះអាងថាអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សាជាតិបាន។
លោក អ៊ូ ច័ន្ទឫទ្ធិ បានសរសេរក្នុងលិខិតថា៖ «សូមសម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ទៅព្រះមហាក្សត្រ ដើម្បីឱ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដើម្បីឱ្យខ្ញុំបាទមានសេរីភាពក្នុងការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដោយក្ដីអនុគ្រោះ»។
គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រកាសថា លោកនឹងស្នើសុំព្រះមហាក្សត្រដើម្បីលើកលែងទោសឱ្យមនុស្សជំនិត និងអ្នកគាំទ្រលោក សម រង្ស៊ី ប្រសិនបើពួកគេសម្រេចចិត្តដើរចេញពីលោក សម រង្ស៊ី ដែលលោក ហ៊ុន សែន ចាត់ទុកថាជាជនក្បត់ជាតិបីជំនាន់។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ឃើញថា វាជារឿងធម្មតា ដែលមានការលើកលែងទោសដល់អ្នកនយោបាយក្នុងនិងក្រៅប្រទេស ដោយមិនគិតអំពីអតីតកាល ព្រោះលោកថាគណបក្សប្រជាជនកម្ពុជាមានគោលនយោបាយក្នុងការលើកលែងទោស។
លោកថ្លែងថា៖ «យើងមិនបានប្រកាន់យកអតីតកាល មានភាពជូរចត់ជាមួយគ្នា គឺយើងគិតពីអនាគតកាល ដើម្បីប្រទេសជាតិយើង ប្រជាជនយើង ឱ្យមានការរីកចម្រើនថ្កុំថ្កើន រុងរឿងដូចប្រទេសគេដទៃ»។
សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការចុះចូលរបស់អ្នកនយោបាយ ជាទូទៅអាចប៉ះពាល់ទៅដល់សកម្មជនដែលតស៊ូរបស់គណបក្សប្រឆាំង តែលោកថានេះក៏អាចមកពីគណបក្សកាន់អំណាចមានគោលនយោបាយល្អ។
លោកបានបង្ហាញពីទស្សនៈរបស់លោកថា៖ «សម្រាប់ខ្ញុំ អ្នកនយោបាយ មានការចុះចូលមុនយុទ្ធនាការបោះឆ្នោត កើតឡើងជារៀងរាល់អាណត្តិ យើងឃើញសកម្មជននយោបាយ មានការចុះចូលជាញឹកញាប់ ជាចរន្តនៃការកៀរគរ មកពីគណបក្សកាន់អំណាច ដែលអាចថាគណបក្សមានគោលនយោបាយល្អ ដែលធ្វើឱ្យអ្នកផ្សេងចុះចូល ក៏ប៉ុន្តែអាចជះឥទ្ធិពលសម្រាប់អ្នកតស៊ូ សកម្មជនគណបក្សនយោបាយ ដែលខិតខំតែមិនបានលាភសក្ការៈ»។
Newsroom Cambodia មិនទាន់អាចទាក់ទងលោក អ៊ូ ច័ន្ទឫទ្ធិ ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញការលើកលែងទោសនេះបាននៅឡើយទេ។
គួររំលឹកថា កាលពីខែមីនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក អ៊ូ ច័ន្ទឫទ្ធិ ដាក់ពន្ធនាគាររយៈពេល ២០ ឆ្នាំ ដោយចោទប្រកាន់ពីបទឧបឃាតប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ ២០១៩ នៅពេលលោក សម រង្ស៊ី ប្រកាសវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ៕