សកម្មជនសង្គមដែលធ្លាប់ជាប់ពន្ធនាគាររងការចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ទទូចស្នើសុំតុលាការទម្លាក់បទចោទប្រកាន់ ដើម្បីពួកគេអាចទទួលបានសិទ្ធិសេរីភាពដូចពលរដ្ឋធម្មតាឡើងវិញ ស្របពេលតុលាការសម្រេចសាលក្រមរួច។
សកម្មជនសង្គមដែលរងការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមចំនួន៦នាក់ មាន២នាក់ ជាក្រុមយុវជនខ្មែរថាវរៈ គឺលោក ហ៊ុន វណ្ណៈ និងអ្នកស្រី ឈឿន ដារ៉ាវី។ ចំណែក កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក ថា ឡាវី និងលោក កើត សារ៉ាយ ដែលជាអតីតយុវជនខ្មែរថាវរៈ បច្ចុប្បន្នជាប្រធាន និងសមាជិកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងលោក មាន ព្រហ្មមុនី អតីតប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ សុទ្ធតែកំពុងជាប់សំណុំរឿងនៅតុលាការរាជធានីភ្នំពេញទាំងអស់។
អតីតជាព្រះសង្ឃ និងបច្ចុប្បន្នជាប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ បានប្រាប់ Newsroom Cambodia ថាលោកនិងសកម្មជនសង្គមដទៃទៀតតែងតែទទូចស្នើទៅរាជរដ្ឋាភិបាលនិងតុលាការកំពូលសុំដោះលែងពួកគេឱ្យមានសិទ្ធិសេរីភាពឡើងវិញដើម្បីអាចដើរហើរនិងអាចចូលរួមសកម្មភាពសង្គម។ លោកបន្តថាការចោទប្រកាន់និងការដាក់ពន្ធនាគារពួកគេកន្លងមកជារឿងអយុត្តិធម៌ព្រោះពួកគេចូលរួមសកម្មភាពសង្គមកន្លងទៅគឺធ្វើឡើងសុទ្ធតែស្របតាមច្បាប់ទាំងអស់។
លោកថា៖«យើងតែងតែស្នើនិងមានក្តីសង្ឃឹមថាតុលាការនឹងពិចារណាឬក៏មានការស៊ើបសួរដោយយកចិត្តទុកដាក់ប្រមូលអង្គហេតុអង្គច្បាប់ដើម្បីជំនុំជម្រះឡើងវិញចំពោះអ្វីដែលតុលាការសាលាដំបូងគាត់ចោទប្រកាន់មកលើយើងយ៉ាងអយុត្តិធម៌ ត្បិតតែយើងនៅក្រៅឃុំពិតមែនប៉ុន្តែពួកយើងមិនទាន់មានសិទ្ធិដូចជាពលរដ្ឋទូទៅទេ»។
បុរសមានមាឌធំសម្បុរខ្មៅស្រអែម បច្ចុប្បន្នមិនពាក់ស្បែកជើងនិងជាអ្នកខេត្តសៀមរាបរូបនេះបានលើកឡើងពីផលប៉ះពាល់នឹងផលលំបាកថាបច្ចុប្បន្ននេះលោកមិនសូវហ៊ានចូលរួមធ្វើសកកម្មភាពកិច្ចការងារសង្គមដូចកាលមុននោះទេដោយលោកនៅជាប់បំរាមតុលាការនិងមានការឃ្លាំមើលពីសំណាក់អាជ្ញាធរជាដើម។
លោក កើត សារ៉ាយ និយាយថា៖«ទី១យើងអត់អាចដើរហើរទៅក្រៅប្រទេសបាន ទី២យើងចង់ធ្វើអីមួយដូចជាពលរដ្ឋទូទៅវាធ្វើអត់ទាន់បាន និងទី៣យើងនៅតែជាជនដែលមានទោសនៅឡើយ»។
លោកបន្ថែមថា៖«ហើយទី៤ វាទាក់ទងនឹងអរិភាពសង្គមគឺការរើសអើងជាពិសេសនៅពេលដែលយើងជួបនរណាម្នាក់»។
មិនខុសគ្នានេះដែរ អតីតសមាជិកក្រុមយុវជនខ្មែរថាវរៈនិងបច្ចុប្បន្នជាសមាជិកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរកញ្ញា អេង ម៉ាឡៃ (ហៅសូ មេត្តា) បានឱ្យដឹងដែរថាកិច្ចការងារសង្គមដែលក្រុមយុវជនបានធ្វើកន្លងទៅគឺស្របច្បាប់ធម្មនុញ្ញដែលមានចែងក្នុងមាត្រា៣៥ទាំងអស់។ កញ្ញាបន្ថែមថារាល់សកម្មភាពរបស់សកម្មជនសង្គមគឺធ្វើឡើងមិនបានប៉ះពាល់ដល់សន្តិសុខសង្គមឬបង្កឱ្យមានភាពវឹកវរដល់សង្គមដូចការចោទប្រកាន់របស់តុលាការនោះទេ។
កញ្ញាថា៖ «តុលាការនៅក្រុងភ្នំពេញដែលកាត់ទោសឱ្យពួកខ្ញុំជាសកម្មជនសង្គមនិងបរិស្ថានដោយរងនូវអយុត្តិធម៌ព្រោះពួកខ្ញុំមិនបានបំពានច្បាប់មិនបានទៅធ្វើអីដែលខុសច្បាប់យើងគ្រាន់តែសម្តែងមតិការពារបរិស្ថាននិងការពារសិទ្ធិមនុស្សដែលកំពុងតែរងគ្រោះ»។
កញ្ញាបន្ថែមថា៖«បញ្ហាដ៏ធំគឺថាបទចោទរបស់ខ្ញុំគឺនៅតែជាប់ខ្លួនហើយការបំរាមពីរឆ្នាំហ្នឹងគឺនៅតែបន្ត។ អ៊ីចឹងខ្ញុំវាមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការដើរហើរទេព្រោះតុលាការនៅតែបន្តដាក់ទោសមានន័យថាខ្ញុំនិងមានថ្ងៃណាមួយតុលាការនឹងចាប់បញ្ជូនខ្លួនទៅឃុំបន្តទៀត»។
ជាអ្នកខេត្តកំពង់ចាម និងជាសកម្មជនដែលតែងតែសកម្មចំពោះកិច្ចការងារការពារសិទ្ធិមនុស្សនិងបរិស្ថានរូបនេះបានរៀបរាប់ថាដោយមើលឃើញពីតថភាពអយុត្តិធម៌សង្គមអស់រយៈពេលជាច្រើនឆ្នាំទើបធ្វើឱ្យកញ្ញាចង់ចូលរួមកិច្ចការងារសង្គមដើម្បីជាការរួមចំណែកនិងចង់បង្ហាញពីការឈឺចាប់នៅក្នុងសង្គមមួយនេះ។ កញ្ញាបន្តថាមូលហេតុដែលជំរុញទឹកចិត្តធ្វើឱ្យកញ្ញាចង់ចូលរួមតាមដាននិងឃ្លាំមើលកិច្ចការងារសង្គមដោយមើលឃើញពីរឿងអយុត្តិធម៌សង្គមដូចជាការបាញ់សម្លាប់វីរបុរសស្នេហាជាតិខ្មែរជាច្រើនរូបនិងករណីចាប់ខ្លួនអ្នកការពារកិច្ចការងារព្រំដែនគឺលោក រ៉ុង ឈុន ជាដើម។
កញ្ញា អេង ម៉ាឡៃ និយាយថា៖«ខ្ញុំតាមដានបញ្ហាសង្គមយើងជាង១០ឆ្នាំមកនេះ តែខ្ញុំមិនអាចធ្វើអ្វីបានសោះ ខ្ញុំមានការឈឺចាប់ដោយឃើញពលរដ្ឋរងនូវភាពអយុត្តិធម៌នៅនឹងមុខនិងប្រយោលជាពិសេសបញ្ហាដែលធំនឹងខ្ញុំឃើញអ្នកវិភាគរបស់យើងគឺលោកបណ្ឌិត កែម ឡី និងអ្នកការពារព្រៃឈើគឺលោក ឈុត វុទ្ធី និងអ្នកការពារកម្មករគឺលោក ជា វិជ្ជា ដែលត្រូវបានឃាតកបាញ់សម្លាប់ដោយអយុត្តិធម៌»។
ទន្ទឹមនឹងនេះ អតីតសមាជិកខ្មែរថាវរៈនិងបច្ចុប្បន្នជាសមាជិកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរលោក ថា ឡាវី យល់ឃើញថាសកម្មជនសង្គមគ្រាន់តែចង់ធ្វើការងារសង្គមដើម្បីផលប្រយោជន៍ជាតិមាតុភូមិមិនបានទៅប្រឆាំងការដឹកនាំនិងការអភិវឌ្ឍប្រទេសរបស់ថ្នាក់ដឹកនាំនោះទេ។ លោកបន្ថែមថារាជរដ្ឋាភិបាលនិងជាពិសេសតុលាការកំពូលគួរតែអនុគ្រោះដល់យុវជនសង្គមឬទម្លាក់បទចោទឱ្យពួកគេអាចមានសិទ្ធិសេរីភាពឡើងវិញដូចពលរដ្ឋធម្មតា។
លោកថា៖«ខ្ញុំយល់ឃើញថាប្រសិនបើយើងធ្វើរឿងដើម្បីជាតិ ដើម្បីប្រយោជន៍ដល់ទឹកដី ប្រយោជន៍សង្គម ដើម្បីការពារអធិតេយ្យជាតិ ខ្ញុំគិតថាវាមិនមែនជារឿងមួយដែលខុសទេ»។
លោកបន្ថែមថា៖«ខ្ញុំយល់ថារដ្ឋាភិបាលគួរតែឱ្យពួកខ្ញុំរួចពីការចោទហ្នឹងទៅ ព្រោះថាមើលទៅសកម្មភាពពួកខ្ញុំនឹងមិនមានគំនិតអ្វីទៅប្រឆាំងនិងផ្តួលរំលំរដ្ឋាភិបាលអ្វីទេ។ គ្រាន់តែសកម្មភាពមួយក្រុមយុវជនចង់បង្ហាញភាពមិនពេញចិត្តចំពោះចំណាត់ការដែលតុលាការអនុវត្តច្បាប់ទៅលើអ្នកការពារព្រំដែន»។
បន្ថែមពីនេះ យុវជនជាអ្នកខេត្តបាត់ដំបងមានអាយុ ២៣ឆ្នាំ រូបនេះបានស្នើទៅរាជរដ្ឋាភិបាលនិងតុលាការគួរតែបើកសិទ្ធិសេរីភាពឱ្យសកម្មជនសង្គមអាចចូលរួមបំពេញកិច្ចការងារសង្គមតាមឆន្ទៈនិងគោលបំណងរបស់ពួកគេដែលចង់ឃើញសង្គមឈានទៅរកលទ្ធិប្រជាធិបតេយ្យមួយយ៉ាងពិតប្រាកដ។
លោកថា ឡាវី ស្នើថា៖«រដ្ឋាភិបាលគួរតែបើកឱកាសឱ្យយុវជនអ្នកដែលមានឆន្ទៈពិតប្រាកដក្នុងការចង់ឃើញការអភិវឌ្ឍចង់ឃើញនូវលទ្ធិប្រជាធិបតេយ្យចង់ឃើញការរក្សាធនធានធម្មជាតិនៅកម្ពុជា ជាពិសេសតុលាការគួរតែទម្លាក់បទចោទពួកខ្ញុំទៅ ពួកខ្ញុំធ្វើគឺដើម្បីតែផលប្រយោជន៍ជាតិទេ»។
អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនយុវជនទាំង៧នាក់ ដាក់ពន្ធនាគារចន្លោះពី២០ខែ ដល់ ២ឆ្នាំកាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ។ ដើមហេតុនៃការចាប់ខ្លួននេះ គឺ ដោយសារក្រុមយុវជនបានធ្វើសកម្មភាពតវ៉ា ដោយសន្តិវិធីទាមទារ ឱ្យដោះលែងអតីតមេដឹកនាំសហជីពលោក រ៉ុង ឈុន ដែលបច្ចុប្បន្នជាអនុប្រធានបក្សភ្លើងទៀន។ បន្ទាប់ពីពួកគាត់ជាប់ពន្ធនាគារជាង១ឆ្នាំ តុលាការ បានសម្រេចដោះលែង ប៉ុន្តែបន្តរក្សាបទចោទ និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល២ឆ្នាំទៀត។
ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា មិនអាចសុំការបកស្រាយជុំវិញការស្នើសុំឱ្យមានការទម្លាក់បទចោទទេនៅថ្ងៃទី៣ ខែមិថុនា ដោយទូរសព្ទចូលជាច្រើនដងគ្មានអ្នកទទួល។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថាយន្តការឬនិតីវិធីតុលាការសម្រចយ៉ាងណាចំពោះសកម្មជនសង្គមដែលធ្លាប់ជាប់ពន្ធនាគារនោះលោកមិនទាន់ដឹងច្បាស់អំពីនិតីវិធីឬយន្តការរបស់តុលាការទេ។ ប៉ុន្តែយ៉ាងណាលោកបន្តថាកម្ពុជាមានការបន្ធូរបន្ថយទោសចំពោះអ្នកទោសដែលតុលាការបានសម្រេចសាលក្រមរួចផងដែរ។
លោកថា៖ «នៅស្រុកខ្មែរយើងមានការបន្ធូរបន្ថយដែរតើ បើកាលណាយើងបានបម្រើក្នុងរយៈពេលមួយដែលតុលាការកំរិតឱ្យយើងបម្រើនៅក្នុងពន្ធនាគារ។ យើងអាចស្នើសុំទៅនាយករដ្ឋមន្រ្តីដើម្បីស្នើទៅព្រះករុណាសុំបន្ធូរបន្ថយទោស ឬសុំវិទោសអាហ្នឹងជាយន្តការយុត្តិធម៌សម្រាប់ពួកយើង ហើយក្រៅពីហ្នឹងមិនដឹងធ្វើយ៉ាងម៉េច!»។
ដោយឡែក មេធាវីការពារសិទ្ធិមនុស្សនិងជាមេធាវីការពារក្តីឱ្យសកម្មជនសង្គមគឺលោក សំ ចំរើន ពន្យល់យ៉ាងខ្លីថានិតីវិធីរបស់តុលាការធ្វើសេចក្តីសម្រេចយ៉ាងណាគឺយ៉ាងនោះហើយគ្មានផ្លូវតវ៉ាទេ។ លោកបន្ថែមថាបើពិនិត្យមើលតាមនីតិវិធីច្បាប់តុលាការកំពូលសម្រេចនេះ គឺដូចជាមិនមានច្រកណាត្រូវតស៊ូវាឬក៏ត្រូវប្តឹងអ្វីតទៅទៀតទេ មានតែត្រូវគោរពតាមសេចក្តីសម្រេចចុងក្រោយរបស់តុលាការ។
លោកថា៖«សេចក្តីសម្រេចរបស់តុលាការកំពូលជាសេចក្តីសម្រេចចុងក្រោយ បើថាសម្រេចបែបណាហើយ ទោះបីយើងសុខចិត្តមិនសុខចិត្តត្រូវតែគោរពតាមតុលាការកំពូល»។
យ៉ាងណាមិញ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ឃើញស្រដៀងនឹងការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលផងដែរថានិតីវិធីរបស់តុលាការគឺបិទផ្លូវតវ៉ាហើយ អ្វីដែលអាចធ្វើបានគឺស្នើសុំទៅអង្គព្រះមហាក្សត្រឱ្យលើកលែងទោសឬបន្ធូរបន្ថយទោសតាមរយៈរាជរដ្ឋាភិបាល។
លោកថា៖«ដូចអ្វីដែលលោក ផៃ ស៊ីផាន បានលើកឡើងចឹងគឺសុំទៅអង្គព្រះមហាក្សត្រដើម្បីលើកលែងទោសឬក៏បន្ធូរបន្ថយទោសអីជាដើម ហើយការស្នើសុំនឹងគឺធ្វើតាមរដ្ឋាភិបាលអ៊ីចឹងហើយនឹងជានិតីវិធី។ អ៊ីចឹងក្នុងផ្លូវច្បាប់គឺបែបហ្នឹងឯងគឺមិនអាចមានការពិនិត្យក្នុងការទម្លាក់ចោលបទចោទប្រកាន់អីវិញទៀតទេ»។
របាយការណ៍សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (Adhoc) ចេញផ្សាយកាលពីថ្ងៃទី១៧ ខែឧសភា រកឃើញថា រយៈពេល១២ខែ ក្នុង២០២២ កន្លែងទៅមានការរំលោភសិទ្ធិមនុស្សជិត១ពាន់ករណី (៩២១) រួមទាំងការគំរាមកំហែងសកម្មភាពនយោបាយ ការរឹតត្បិតសិទ្ធិសេរីភាព ការរំលោភដីធ្លី ដែលមានជនរងគ្រោះជាង១០ម៉ឺននាក់ (១០៧.៨៩៨)។
ក្រុមសកម្មជន និងមន្ត្រីសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលងាកមកគោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យឡើងវិញដើម្បីធានាដល់ការរស់នៅរបស់ពលរដ្ឋប្រកបដោយសេចក្ដីថ្លៃថ្នូរ៕