សកម្មជនសង្គមដែលធ្លាប់ជាប់ពន្ធនាគាររងការចោទពីបទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ទទូចស្នើសុំតុលាការទម្លាក់បទចោទប្រកាន់ ដើម្បីពួកគេអាចទទួលបានសិទ្ធិសេរីភាពដូចពលរដ្ឋធម្មតាឡើងវិញ ស្របពេលតុលាការសម្រេចសាលក្រមរួច។

សកម្មជន​សង្គម​ដែល​រង​ការចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ចំនួន​៦នាក់ មាន​២​នាក់ ជា​ក្រុម​យុវជន​ខ្មែរ​ថាវរៈ គឺ​លោក ហ៊ុន វណ្ណៈ និងអ្នកស្រី ឈឿន ដារ៉ាវី។ ចំណែក កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក ថា ឡាវី និងលោក កើត សារ៉ាយ ដែលជា​អតីត​យុវជន​ខ្មែរ​ថាវរៈ បច្ចុប្បន្ន​ជា​ប្រធាន និង​សមាជិកសមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និងលោក មាន ព្រហ្មមុនី អតីតប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ សុទ្ធតែកំពុងជាប់សំណុំរឿងនៅតុលាការរាជធានីភ្នំពេញទាំងអស់។

អតីតជាព្រះសង្ឃ និងបច្ចុប្បន្នជា​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរលោក កើត សារ៉ាយ បានប្រាប់ Newsroom Cambodia ថាលោកនិងសកម្មជនសង្គមដទៃទៀតតែងតែទទូចស្នើទៅរាជរដ្ឋាភិបាលនិងតុលាការកំពូលសុំដោះលែងពួកគេឱ្យមានសិទ្ធិសេរីភាពឡើងវិញដើម្បីអាចដើរហើរនិងអាចចូលរួមសកម្មភាពសង្គម។ លោកបន្តថាការចោទប្រកាន់និងការដាក់ពន្ធនាគារពួកគេកន្លងមកជារឿងអយុត្តិធម៌ព្រោះពួកគេចូលរួមសកម្មភាពសង្គមកន្លងទៅគឺធ្វើឡើងសុទ្ធតែស្របតាមច្បាប់ទាំងអស់។

លោកថា៖«យើងតែងតែស្នើនិងមានក្តីសង្ឃឹមថាតុលាការនឹងពិចារណាឬក៏មានការស៊ើបសួរដោយយកចិត្តទុកដាក់ប្រមូលអង្គហេតុអង្គច្បាប់ដើម្បីជំនុំជម្រះឡើងវិញចំពោះអ្វីដែលតុលាការសាលាដំបូងគាត់ចោទប្រកាន់មកលើយើងយ៉ាងអយុត្តិធម៌ ត្បិតតែយើងនៅក្រៅឃុំពិតមែនប៉ុន្តែពួកយើងមិនទាន់មានសិទ្ធិដូចជាពលរដ្ឋទូទៅទេ»

បុរសមានមាឌធំសម្បុរខ្មៅស្រអែម បច្ចុប្បន្នមិនពាក់ស្បែកជើងនិងជាអ្នកខេត្តសៀមរាបរូបនេះបានលើកឡើងពីផលប៉ះពាល់នឹងផលលំបាកថាបច្ចុប្បន្ននេះលោកមិនសូវហ៊ានចូលរួមធ្វើសកកម្មភាពកិច្ចការងារសង្គមដូចកាលមុននោះទេដោយលោកនៅជាប់បំរាមតុលាការនិងមានការឃ្លាំមើលពីសំណាក់អាជ្ញាធរជាដើម។

លោក កើត សារ៉ាយ និយាយថា៖«ទី១យើងអត់អាចដើរហើរទៅក្រៅប្រទេសបាន ទី២យើងចង់ធ្វើអីមួយដូចជាពលរដ្ឋទូទៅវាធ្វើអត់ទាន់បាន និងទី៣យើងនៅតែជាជនដែលមានទោសនៅឡើយ»។

លោកបន្ថែមថា៖«ហើយទី៤ វាទាក់ទងនឹងអរិភាពសង្គមគឺការរើសអើងជាពិសេសនៅពេលដែលយើងជួបនរណាម្នាក់»។

មិនខុសគ្នានេះដែរ អតីតសមាជិកក្រុមយុវជនខ្មែរ​ថាវរៈនិងបច្ចុប្បន្នជាសមាជិកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរកញ្ញា អេង ម៉ាឡៃ (ហៅសូ មេត្តា) បានឱ្យដឹងដែរថាកិច្ចការងារសង្គមដែលក្រុមយុវជនបានធ្វើកន្លងទៅគឺស្របច្បាប់ធម្មនុញ្ញដែលមានចែងក្នុងមាត្រា៣៥ទាំងអស់។ កញ្ញាបន្ថែមថារាល់សកម្មភាពរបស់សកម្មជនសង្គមគឺធ្វើឡើងមិនបានប៉ះពាល់ដល់សន្តិសុខសង្គមឬបង្កឱ្យមានភាពវឹកវរដល់សង្គមដូចការចោទប្រកាន់របស់តុលាការនោះទេ។

កញ្ញាថា៖ «តុលាការនៅក្រុងភ្នំពេញដែលកាត់ទោសឱ្យពួកខ្ញុំជាសកម្មជនសង្គមនិងបរិស្ថានដោយរងនូវអយុត្តិធម៌ព្រោះពួកខ្ញុំមិនបានបំពានច្បាប់មិនបានទៅធ្វើអីដែលខុសច្បាប់យើងគ្រាន់តែសម្តែងមតិការពារបរិស្ថាននិងការពារសិទ្ធិមនុស្សដែលកំពុងតែរងគ្រោះ»។

កញ្ញាបន្ថែមថា៖«បញ្ហាដ៏ធំគឺថាបទចោទរបស់ខ្ញុំគឺនៅតែជាប់ខ្លួនហើយការបំរាមពីរឆ្នាំហ្នឹងគឺនៅតែបន្ត។ អ៊ីចឹងខ្ញុំវាមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការដើរហើរទេព្រោះតុលាការនៅតែបន្តដាក់ទោសមានន័យថាខ្ញុំនិងមានថ្ងៃណាមួយតុលាការនឹងចាប់បញ្ជូនខ្លួនទៅឃុំបន្តទៀត»

ជាអ្នកខេត្តកំពង់ចាម និងជាសកម្មជនដែលតែងតែសកម្មចំពោះកិច្ចការងារការពារសិទ្ធិមនុស្សនិងបរិស្ថានរូបនេះបានរៀបរាប់ថាដោយមើលឃើញពីតថភាពអយុត្តិធម៌សង្គមអស់រយៈពេលជាច្រើនឆ្នាំទើបធ្វើឱ្យកញ្ញាចង់ចូលរួមកិច្ចការងារសង្គមដើម្បីជាការរួមចំណែកនិងចង់បង្ហាញពីការឈឺចាប់នៅក្នុងសង្គមមួយនេះ។ កញ្ញាបន្តថាមូលហេតុដែលជំរុញទឹកចិត្តធ្វើឱ្យកញ្ញាចង់ចូលរួមតាមដាននិងឃ្លាំមើលកិច្ចការងារសង្គមដោយមើលឃើញពីរឿងអយុត្តិធម៌សង្គមដូចជាការបាញ់សម្លាប់វីរបុរសស្នេហាជាតិខ្មែរជាច្រើនរូបនិងករណីចាប់ខ្លួនអ្នកការពារកិច្ចការងារព្រំដែនគឺលោក រ៉ុង ឈុន ជាដើម។

កញ្ញា អេង ម៉ាឡៃ និយាយថា៖«ខ្ញុំតាមដានបញ្ហាសង្គមយើងជាង១០ឆ្នាំមកនេះ តែខ្ញុំមិនអាចធ្វើអ្វីបានសោះ ខ្ញុំមានការឈឺចាប់ដោយឃើញពលរដ្ឋរងនូវភាពអយុត្តិធម៌នៅនឹងមុខនិងប្រយោលជាពិសេសបញ្ហាដែលធំនឹងខ្ញុំឃើញអ្នកវិភាគរបស់យើងគឺលោកបណ្ឌិត កែម ឡី និងអ្នកការពារព្រៃឈើគឺលោក ឈុត វុទ្ធី និងអ្នកការពារកម្មករគឺលោក ជា វិជ្ជា ដែលត្រូវបានឃាតកបាញ់សម្លាប់ដោយអយុត្តិធម៌»។

ទន្ទឹមនឹងនេះ អតីតសមាជិកខ្មែរថាវរៈនិងបច្ចុប្បន្នជាសមាជិកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរលោក ថា ឡាវី យល់ឃើញថាសកម្មជនសង្គមគ្រាន់តែចង់ធ្វើការងារសង្គមដើម្បីផលប្រយោជន៍ជាតិមាតុភូមិមិនបានទៅប្រឆាំងការដឹកនាំនិងការអភិវឌ្ឍប្រទេសរបស់ថ្នាក់ដឹកនាំនោះទេ។ លោកបន្ថែមថារាជរដ្ឋាភិបាលនិងជាពិសេសតុលាការកំពូលគួរតែអនុគ្រោះដល់យុវជនសង្គមឬទម្លាក់បទចោទឱ្យពួកគេអាចមានសិទ្ធិសេរីភាពឡើងវិញដូចពលរដ្ឋធម្មតា។

លោកថា៖«ខ្ញុំយល់ឃើញថាប្រសិនបើយើងធ្វើរឿងដើម្បីជាតិ ដើម្បីប្រយោជន៍ដល់ទឹកដី ប្រយោជន៍សង្គម ដើម្បីការពារអធិតេយ្យជាតិ ខ្ញុំគិតថាវាមិនមែនជារឿងមួយដែលខុសទេ»។

លោកបន្ថែមថា៖«ខ្ញុំយល់ថារដ្ឋាភិបាលគួរតែឱ្យពួកខ្ញុំរួចពីការចោទហ្នឹងទៅ ព្រោះថាមើលទៅសកម្មភាពពួកខ្ញុំនឹងមិនមានគំនិតអ្វីទៅប្រឆាំងនិងផ្តួលរំលំរដ្ឋាភិបាលអ្វីទេ។ គ្រាន់តែសកម្មភាពមួយក្រុមយុវជនចង់បង្ហាញភាពមិនពេញចិត្តចំពោះចំណាត់ការដែលតុលាការអនុវត្តច្បាប់ទៅលើអ្នកការពារព្រំដែន»។

បន្ថែមពីនេះ យុវជនជាអ្នកខេត្តបាត់ដំបងមានអាយុ ២៣ឆ្នាំ រូបនេះបានស្នើទៅរាជរដ្ឋាភិបាលនិងតុលាការគួរតែបើកសិទ្ធិសេរីភាពឱ្យសកម្មជនសង្គមអាចចូលរួមបំពេញកិច្ចការងារសង្គមតាមឆន្ទៈនិងគោលបំណងរបស់ពួកគេដែលចង់ឃើញសង្គមឈានទៅរកលទ្ធិប្រជាធិបតេយ្យមួយយ៉ាងពិតប្រាកដ។

លោកថា ឡាវី ស្នើថា៖«រដ្ឋាភិបាលគួរតែបើកឱកាសឱ្យយុវជនអ្នកដែលមានឆន្ទៈពិតប្រាកដក្នុងការចង់ឃើញការអភិវឌ្ឍចង់ឃើញនូវលទ្ធិប្រជាធិបតេយ្យចង់ឃើញការរក្សាធនធានធម្មជាតិនៅកម្ពុជា ជាពិសេសតុលាការគួរតែទម្លាក់បទចោទពួកខ្ញុំទៅ ពួកខ្ញុំធ្វើគឺដើម្បីតែផលប្រយោជន៍ជាតិទេ»។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​យុវជន​ទាំង​៧​នាក់ ដាក់​ពន្ធនាគារ​ចន្លោះ​ពី​២០​ខែ ដល់ ២​ឆ្នាំ​កាល​ពី​ខែសីហា និង​ខែ​កញ្ញា ឆ្នាំ​២០២០ ។ ដើមហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ គឺ ដោយសារ​ក្រុម​យុវជន​បាន​ធ្វើ​សកម្មភាព​តវ៉ា ដោយ​សន្តិវិធី​ទាមទារ ឱ្យ​ដោះលែង​អតីត​​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​បក្ស​ភ្លើងទៀន​។ បន្ទាប់ពី​ពួកគាត់​ជាប់​ពន្ធនាគារ​ជាង​១​ឆ្នាំ តុលាការ បាន​សម្រេច​ដោះលែង ប៉ុន្តែ​បន្ត​រក្សា​បទ​ចោទ និង​ដាក់​ឱ្យស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យរបស់តុលាការ​រយៈពេល​២​ឆ្នាំ​ទៀត។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យ​តុលាការ​កំពូល អ្នកស្រី ម៉ៅ ធីតា មិនអាចសុំការបកស្រាយជុំវិញការស្នើសុំឱ្យមានការទម្លាក់បទចោទទេនៅថ្ងៃទី៣ ខែមិថុនា ដោយទូរសព្ទចូលជាច្រើនដងគ្មានអ្នកទទួល។

ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថាយន្តការឬនិតីវិធីតុលាការសម្រចយ៉ាងណាចំពោះសកម្មជនសង្គមដែលធ្លាប់ជាប់ពន្ធនាគារនោះលោកមិនទាន់ដឹងច្បាស់អំពីនិតីវិធីឬយន្តការរបស់តុលាការទេ។ ប៉ុន្តែយ៉ាងណាលោកបន្តថាកម្ពុជាមានការបន្ធូរបន្ថយទោសចំពោះអ្នកទោសដែលតុលាការបានសម្រេចសាលក្រមរួចផងដែរ។

លោកថា៖ «នៅស្រុកខ្មែរយើងមានការបន្ធូរបន្ថយដែរតើ បើកាលណាយើងបានបម្រើក្នុងរយៈពេលមួយដែលតុលាការកំរិតឱ្យយើងបម្រើនៅក្នុងពន្ធនាគារ។ យើងអាចស្នើសុំទៅនាយករដ្ឋមន្រ្តីដើម្បីស្នើទៅព្រះករុណាសុំបន្ធូរបន្ថយទោស ឬសុំវិទោសអាហ្នឹងជាយន្តការយុត្តិធម៌សម្រាប់ពួកយើង ហើយក្រៅពីហ្នឹងមិនដឹងធ្វើយ៉ាងម៉េច!»។

ដោយឡែក មេធាវីការពារសិទ្ធិមនុស្សនិងជាមេធាវីការពារក្តីឱ្យសកម្មជនសង្គមគឺលោក សំ ចំរើន ពន្យល់យ៉ាងខ្លីថានិតីវិធីរបស់តុលាការធ្វើសេចក្តីសម្រេចយ៉ាងណាគឺយ៉ាងនោះហើយគ្មានផ្លូវតវ៉ាទេ។ លោកបន្ថែមថាបើពិនិត្យមើលតាមនីតិវិធីច្បាប់តុលាការកំពូលសម្រេចនេះ គឺដូចជាមិនមានច្រកណាត្រូវតស៊ូវាឬក៏ត្រូវប្តឹងអ្វីតទៅទៀតទេ មានតែត្រូវគោរពតាមសេចក្តីសម្រេចចុងក្រោយរបស់តុលាការ។

លោកថា៖«សេចក្តីសម្រេចរបស់តុលាការកំពូលជាសេចក្តីសម្រេចចុងក្រោយ បើថាសម្រេចបែបណាហើយ ទោះបីយើងសុខចិត្តមិនសុខចិត្តត្រូវតែគោរពតាមតុលាការកំពូល»។

យ៉ាងណាមិញ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc) លោក ស៊ឹង សែនករុណា យល់ឃើញស្រដៀងនឹងការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលផងដែរថានិតីវិធីរបស់តុលាការគឺបិទផ្លូវតវ៉ាហើយ អ្វីដែលអាចធ្វើបានគឺស្នើសុំទៅអង្គព្រះមហាក្សត្រឱ្យលើកលែងទោសឬបន្ធូរបន្ថយទោសតាមរយៈរាជរដ្ឋាភិបាល។

លោកថា៖«ដូចអ្វីដែលលោក ផៃ ស៊ីផាន បានលើកឡើងចឹងគឺសុំទៅអង្គព្រះមហាក្សត្រដើម្បីលើកលែងទោសឬក៏បន្ធូរបន្ថយទោសអីជាដើម ហើយការស្នើសុំនឹងគឺធ្វើតាមរដ្ឋាភិបាលអ៊ីចឹងហើយនឹងជានិតីវិធី។ អ៊ីចឹងក្នុងផ្លូវច្បាប់គឺបែបហ្នឹងឯងគឺមិនអាចមានការពិនិត្យក្នុងការទម្លាក់ចោលបទចោទប្រកាន់អីវិញទៀតទេ»។

របាយការណ៍​សមាគម​ការពារសិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក (Adhoc) ចេញផ្សាយ​កាលពី​ថ្ងៃទី១៧ ខែឧសភា រក​ឃើញ​ថា រយៈពេល​១២​ខែ ក្នុង​២០២២ កន្លែង​ទៅ​មានការ​រំលោភ​សិទ្ធិមនុស្ស​ជិត​១​ពាន់​ករណី (៩២១) រួម​ទាំង​ការ​គំរាមកំហែង​សកម្មភាព​នយោបាយ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ការ​រំលោភ​ដីធ្លី ដែល​មាន​ជនរងគ្រោះ​ជាង​១០​ម៉ឺន​នាក់ (១០៧.៨៩៨)។

ក្រុម​សកម្មជន និង​មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​ដើម្បី​ធានា​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ៕