សកម្មជនការពារព្រៃឈើលោក ហេង ស្រស់ បានលើកឡើងពីបញ្ហាវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់នៅប្រទេសកម្ពុជា ក្នុងទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣។
កាលពីថ្ងៃទី៤ ខែមិថុនា អង្គការសមាគម និងក្រុមយុវជនស្រឡាញ់ធនធានធម្មជាតិប្រមាណ ១០ស្ថាប័ន បានប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ ដោយបានលើកឡើងពីក្ដីបារម្ភ និងផលប៉ះពាល់នៃការបំផ្លាញបរិស្ថាន រួមមានការបូមខ្សាច់ ការកាប់បំផ្លាញព្រៃឈើ និងការកាត់ដីឧទ្យានជាតិឱ្យទៅក្រុមហ៊ុនឯកជនមួយចំនួនជាដើម។ ពួកគេជំរុញដល់ភាគីពាក់ព័ន្ធចូលរួមកិច្ចការពារបរិស្ថាន និងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
សកម្មជនការពារព្រៃឈើលោក ហេង ស្រស់ បានលើកឡើងក្នុងវេទិកាទិវាបរិស្ថានពិភពលោកនោះថា បញ្ហាព្រៃឈើនៅកម្ពុជានៅតែជាចំណុចរស៊ើប និងជាហានិភ័យមួយយ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុផងដែរ។ លោក ហេង ស្រស់ អះអាងថា ព្រៃឈើនៅតំបន់ព្រៃឡង់អាចទទួលរងវិនាសកម្ម ដោយសារតែក្រុមហ៊ុនធំៗនៅជុំវិញព្រៃឡង់បាននឹងកំពុងសម្រុកបញ្ជូនកម្មករឱ្យចូលទៅកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ។
លោកថា៖ «ព្រៃឡង់នឹងរងនូវវិនាសកម្ម ដោយសារយើងមើលថាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនតែងតែកាប់ទន្រ្ទានទៅលើតំបន់ព្រៃការពារនៅតំបន់ព្រៃឡង់»។
លោកបន្ថែមថា៖ «ក្រុមហ៊ុនចំនួនពីរដែលសស្រាក់សស្រាំក្នុងការបញ្ជូនកម្មករចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃឡង់មានក្រុមហ៊ុនម៉ាឃលឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) និងក្រុមហ៊ុនស៊ីងបាយអូថេក»។
ជាអ្នកខេត្តព្រៃវែង និងជាសកម្មជនការពារព្រៃឈើអស់រយៈពេលជាង ៧ឆ្នាំរូបនេះ បានរៀបរាប់ថា មូលហេតុដែលលោកមកចូលរួមចែករំលែកបទពិសោធន៍ និងបញ្ហាបទល្មើសព្រៃឈើក្នុងទិវាបរិស្ថានពិភពលោក ទៅដល់ក្រុមយុវជន ព្រះសង្ឃ និងអង្គការដៃគូពាក់ព័ន្ធ ដោយសារលោកមើលឃើញថាមានតែក្រុមយុវជន ព្រះសង្ឃ និងអង្គការដៃគូពាក់ព័ន្ធនេះទេ ដែលជាក្តីសង្ឃឹម និងអាចធ្វើការសហការគ្នាចួលរួមទប់ស្កាត់បទល្មើសព្រៃឈើ និងបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជាបាន។ លោកបន្ថែមថា ការចែករំលែកបទពិសោធន៍ និងបញ្ហាបទល្មើសព្រៃឈើមួយចំនួនទៅដល់យុវជន ព្រះសង្ឃ និងអង្គការដៃគូពាក់ព័ន្ធ គឺចង់ពង្រឹងសមត្ថភាព និងលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលរួមឈឺឆ្អាល តាមដាន និងការពារធនធានធម្មជាតិរបស់ខ្លួនឱ្យបានគង់វង្សទៅថ្ងៃខាងមុខ។
លោក ហេង ស្រស់ និយាយថា៖ «ខ្ញុំចង់ចែករំលែកបទពិសោធន៍មួយចំនួនទៅដល់យុវជនជំនាន់ក្រោយ ឱ្យគាត់ដឹងឱ្យគាត់មានចិត្តក្នុងការចូលរួមដើម្បីទប់ស្កាត់កុំឱ្យមានការកាប់បំផ្លាញព្រៃឈើ និងឱ្យគាត់ចូលរួមថែនូវសម្បត្តិធនធានធម្មជាតិ»។
លោកបន្ថែមថា៖ «យើងសង្ឃឹមថា យុវជនទាំងអស់នោះ នឹងចូលរួមការពារនូវធនធានធម្មជាតិ និងពង្រឹងនូវសមត្ថភាពគាត់ដើម្បីជួយការងារបរិស្ថាននៅប្រទេសកម្ពុជា»។
ចំណែក ព្រះតេជព្រះគុណ ផន ភាន់ ដែលបានចូលរួមស្តាប់វេទិកាទិវាបរិស្ថានពិភពលោកផងដែរនោះ មានសង្ឃដីកាដែរថា ដូចអ្វីដែលលោកវាគ្មិនលោក ហេង ស្រស់ បានលើកឡើងដូច្នេះដែរ គឺបញ្ហាព្រៃឈើឬធនធានធម្មជាតិនៅប្រទេសកម្ពុជា កំពុងរងការបាត់បង់បន្តិចម្តងៗ ដោយសារតែមានក្រុមហ៊ុនទទួលបានសិទ្ធិដីសម្បទានសេដ្ឋកិច្ចជាច្រើនហិចតានៅជុំវិញតំបន់ព្រៃឡង់នោះតែម្តង។ ព្រះតេជគុណ បន្តថា រូបភាពនៃការអភិវឌ្ឍរបស់ក្រុមហ៊ុនមួយចំនួននៅតាមតំបន់ព្រៃឡង់ បានធ្វើឱ្យបញ្ហាព្រៃឈើ និងបទល្មើសធនធានធម្មជាតិ កំពុងរងការបំផ្លិចបំផ្លាញ និងអាចឈានរហូតដល់វិនាសកម្មព្រៃឈើនាថ្ងៃអនាគត។
ព្រះអង្គមានថេរដីកាថា៖ «ព្រៃឈើធម្មជាតិនៅប្រទេសកម្ពុជាយើងស្ទើរតែអស់ ដោយមានទាំងដីសម្បទានឱ្យក្រុមហ៊ុននានា ការអភិវឌ្ឍផ្សេងៗ និងការរុករានធ្វើស្រែចំការរបស់ពលរដ្ឋទូទៅ ក៏មានការរួមចំណែកនៅក្នុងហ្នឹងដែរ អ៊ីចឹងព្រៃឈើវាមិនបាត់បង់»។
ជាអ្នកខេត្តព្រៃវែង និងបច្ចុប្បន្នបាននិមន្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ ព្រះភិក្ខុមានព្រះជន្ម ៣០ព្រះវស្សាអង្គនេះ បានលើកឡើងអំពីផលប៉ះពាល់នៃការបាត់បង់ធនធានធម្មជាតិថា ការកាប់បំផ្លាញព្រៃឈើបានបង្កផលប៉ះពាល់ច្រើនដល់ភពផែនដី ជាពិសេសបម្រែបម្រួលអាកាសធាតុ។ ព្រះតេជគុណ បន្តថា ជាក់ស្តែងបច្ចុប្បន្ននេះ មានការកើនឡើងនូវកម្តៅ ក្តៅហួតហែង ភ្លៀងធ្លាក់ខុសរដូវ គ្រោះទឹកជំនន់ ព្យុះ និងខ្យល់កន្ទ្រាក់ជាដើម ដែលបង្កឡើងដោយសារការបាត់បង់ព្រៃឈើទាំងអស់។
ព្រះអង្គមានថេរដីកាថា៖ «ការកាប់បំផ្លាញព្រៃឈើ ការបាត់បង់ព្រៃឈើ បាត់បង់ជំរកសត្វព្រៃប៉ះពាល់នៃការឡើងកម្តៅផែនដី ភ្លៀងមិនទៀងទាត់ ឬក៏អាចបង្កភាពរាំងស្ងួត បង្កជាព្យុះ ខ្យល់កន្រ្ទាក់ផ្សេងៗ និងបម្រែបម្រួលអាកាសធាតុ»។
ស្រដៀងនេះដែរ យុវតីមកខេត្តសៀមរាបគឺកញ្ញា ម៉ៅ ច័ន្ទឌី ដែលបានចូលរួមស្តាប់ទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ នេះ មានប្រសាសន៍ថា កាលពីដើមមក កញ្ញាបានឮចាស់ៗនិយាយថា ធនធានធម្មជាតិនៅប្រទេសកម្ពុជា មានសម្បូរបែប ព្រៃឈើក្រាស់ ដើមឈើធំៗ និងសម្បូរសត្វគ្រប់ប្រភេទ ប៉ុន្តែគិតត្រឹមរយៈកាលពីរទៅបីទសវត្សន៍ចុងក្រោយនេះ ព្រៃឈើនៅកម្ពុជា បានរងការបាត់បង់ជាបន្តបន្ទាប់។ កញ្ញាបន្ថែមថា បច្ចុប្បន្ននេះច្បាប់ព្រៃឈើ ក៏មានមន្រ្តីការពារព្រៃឈើក៏មាន [មន្រ្តីឧទ្យានុរក្ស] តែធាតុពិត ព្រៃឈើនៅតែរងការកាប់បំផ្លាញដដែល។
កញ្ញាថា៖ «ពីមុនព្រៃឈើនៅប្រទេសយើងសម្បូរមែនទែន គឺអត់សូវមានអ្នកកាប់បំផ្លាញអីទេ ច្បាប់រឹតបន្តឹងក៏អត់សូវមានអីដែរ ប៉ុន្តែក៏អត់មាននរណាហ៊ានរំលោភបំពានព្រៃឈើនៅប្រទេសយើងទេ»។
កញ្ញាបន្ថែមថា៖ «បច្ចុប្បន្នឃើញថាកាលណាកាន់តែមានច្បាប់ គឺព្រៃឈើគឺកាន់តែអស់ដោយសារតែអ្នកដែលអាចបំពានទៅលើព្រៃឈើឬកាប់បំផ្លាញព្រៃឈើរដ្ឋហ្នឹងគឺអ្នកដែលធំៗ[អ្នកមានអំណាច]»។
យ៉ាងណាមិញ យុវតីមកពីខេត្តសៀមរាប មានវ័យ ២៣ឆ្នាំរូបនេះ ស្នើទៅរាជរដ្ឋាភិបាល និងមន្រ្តីពាក់ព័ន្ធ គួរតែបើកឱកាសឡើងវិញឱ្យក្រុមយុវជន ព្រះសង្ឃ និងអង្គការសង្គមស៊ីវិល អាចចូលរួមចុះល្បាត និងចូលរួមទប់ស្កាត់បទល្មើសការកាប់ទន្រ្ទានព្រៃឈើនៅប្រទេសកម្ពុជា ដើម្បីធានាបានថាព្រៃឈើនៅប្រទេសកម្ពុជាអាចគង់វង្ស និងមិនមានបម្រែបម្រួលអាកាសធាតុទៀតទេ។
កញ្ញា ម៉ៅ ច័ន្ទឌី ស្នើថា៖ «មន្រ្តីបរិស្ថានល្មមដល់ពេលឱ្យយុវជនបរិស្ថាន អាចចុះល្បាតការពារព្រៃបានហើយ យុវជនយើងក៏ចង់ចូលរួមការពារព្រៃដែរ ព្រោះពេលបាត់ព្រៃវាប៉ះពាល់ទាំងអស់គ្នា ក្តៅក៏ក្តៅ ភ្លៀងខុសរដូវ ព្យុះ ខ្យល់កន្ត្រាក់ បម្រែបម្រួលអាកាសធាតុអី ដោយសារការកាប់បំផ្លាញព្រៃឈើហ្នឹងហើយ»។
ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ឆ្លើយបតតាមប្រព័ន្ធតេឡេក្រាមថា បញ្ហាប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល កម្ពុជាជាប្រទេសតូចតែបានចូលរួមយ៉ាងសកម្មក្នុងការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោកបន្ថែមថា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីឆ្ពោះទៅធ្វើអព្យាក្រឹត្យកាបូននៅឆ្នាំ ២០៥០ ដែលផ្តោតលើវិស័យសំខាន់ៗមួយចំនួន រួមមាន កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត ថាមពល ការដឹកជញ្ជូន ដំណើរការឧស្សាហកម្ម និងការប្រើប្រាស់ផលិតផល ការគ្រប់គ្រងសំណល់។
លោកបន្ថែមថា៖ «ទាក់ទងនឹងព្រៃឈើនិងការប្រើប្រាស់ដីផ្សេងៗ កម្ពុជាមានការប្តេជ្ញាចិត្តកាត់បន្ថយអត្រាការបាត់បង់ព្រៃឈើ ៥០% នៅឆ្នាំ២០៣០, បញ្ឈប់ការបាត់បង់ព្រៃឈើនៅឆ្នាំ ២០៤៥, ការដាំដើមឈើ ការកែលម្អការគ្រប់គ្រងព្រៃឈើ និងការស្តារព្រៃឈើឡើងវិញ, កសិរុក្ខកម្ម និងការដាំចម្ការឈើពាណិជ្ជកម្ម និងការអនុវត្តពេញលេញនៃផែនការវិនិយោគ redd+ ត្រឹមឆ្នាំ ២០៥០»។
យ៉ាងណាមិញ អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក សាន់ ម៉ាឡា យល់ឃើញថា ការលើកឡើងរបស់សម្មជនបរិស្ថាន ក្រុមយុវជន ព្រះសង្ឃ និងអង្គការសង្គមស៊ីវិល ជុំវិញការកាប់បំផ្លាញព្រៃឈើ ការបម្រែបម្រួលអាកាសធាតុនៅកម្ពុជានៅតែជាបញ្ហាចំបង និងជាបញ្ហាដ៏ធ្ងន់ធ្ងរ ដែលមន្រ្តីបរិស្ថានតែងតែយកលេស និងលើកហេតុផលថា បទល្មើសព្រៃឈើនៅតាមតំបន់ការពារទាំងអស់មន្រ្តីជំនាញ ជាពិសេសមន្រ្តីឧទ្យានុរក្សបានព្យាយាមទប់ស្កាត់ និងបង្រ្កាបបទល្មើសជាហូរហែ។ លោកបន្តថា ជាក់ស្តែងបញ្ហាបទល្មើសព្រៃឈើ ចេះតែបន្តកើតមានជាបន្តបន្ទាប់ដូចអ្វីដែលសកម្មជនបរិស្ថានបានអះអាង។
លោកថា៖ «ការកាប់បំផ្លាញព្រៃឈើនៅប្រទេសយើង គឺចំណូលបានទៅក្រុមអ្នកមានលុយមានអំណាចតែប៉ុណ្ណោះ អ៊ីចឹងបញ្ហាបទល្មើសព្រៃឈើវានៅតែមានចឹង។ ណាមួយគេមិនដែលធ្វើសេចក្តីរាយការណ៍ជូនប្រជាពលរដ្ឋយើងថាតើគេរកប្រាក់ចំណេញបានប៉ុន្មានពីសកម្មភាពការកាប់បំផ្លាញព្រៃឈើទាំងអស់ហ្នឹងទេ»។
បន្ថែមពីនេះ លោក សាន់ ម៉ាឡា អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន ផ្តល់ជាអនុសាសន៍ថា ដើម្បីការពារការបម្រែបម្រួលអាកាសធាតុ និងការទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ឱ្យមានប្រសិទ្ធភាពរដ្ឋាភិបាល និងមន្រ្តីជំនាញត្រូវតែសហការជាមួយពលរដ្ឋមូលដ្ឋាន [សហគមន៍] យុវជន ព្រះសង្ឃ និងអង្គការសង្គមស៊ីវិលនោះ បញ្ហាបទល្មើសព្រៃឈើនៅកម្ពុជា និងមានការថយចុះ ហើយបម្រែបម្រួលអាកាសធាតុអាចនឹងមិនមានតទៅទៀត។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បង្ហាញថា ព្រៃឈើចំនួន ៦ ២៧១ហិកតា ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួន២ ក្នុងនោះមានដែនជម្រកសត្វព្រៃព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច។
លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕