សកម្មជនការពារព្រៃឈើលោក ហេង ស្រស់ បានលើកឡើងពីបញ្ហាវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់នៅប្រទេស​កម្ពុជា ក្នុងទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣។

កាល​ពីថ្ងៃទី៤ ខែ​មិថុនា អង្គការសមាគម និងក្រុមយុវជនស្រឡាញ់ធនធានធម្មជាតិប្រមាណ ១០ស្ថាប័ន បានប្រារព្ធទិវា​បរិស្ថា​នពិភពលោកឆ្នាំ២០២៣ ដោយបានលើកឡើងពីក្ដីបារម្ភ និងផលប៉ះពាល់នៃការបំផ្លាញបរិស្ថាន រួមមានការ​បូម​ខ្សាច់ ការ​កាប់​បំផ្លា​ញព្រៃឈើ និងការកាត់ដីឧទ្យានជាតិឱ្យទៅក្រុមហ៊ុនឯកជនមួយចំនួនជាដើម។ ពួកគេជំរុញដល់ភាគីពាក់ព័ន្ធចូលរួមកិច្ចការពារបរិស្ថាន និងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។

សកម្មជនការពារព្រៃឈើលោក ហេង ស្រស់ បានលើកឡើងក្នុងវេទិកាទិវាបរិស្ថានពិភពលោកនោះថា បញ្ហាព្រៃឈើ​នៅកម្ពុជា​នៅតែជាចំណុចរស៊ើប និងជាហានិភ័យមួយយ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុផងដែរ។ លោក ហេង ស្រស់ អះអាង​ថា ព្រៃឈើនៅតំបន់ព្រៃឡង់អាចទទួលរងវិនាសកម្ម ដោយសារតែក្រុមហ៊ុនធំៗនៅជុំវិញព្រៃឡង់បាននឹងកំពុងសម្រុកបញ្ជូនកម្មករឱ្យចូលទៅកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ។

លោកថា៖ «ព្រៃឡង់នឹងរងនូវវិនាសកម្ម ដោយសារយើងមើលថា​ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនតែងតែកាប់ទន្រ្ទានទៅលើតំបន់ព្រៃការពារនៅតំបន់ព្រៃឡង់»។

លោកបន្ថែមថា៖ «ក្រុមហ៊ុនចំនួនពីរដែលសស្រាក់សស្រាំក្នុងការបញ្ជូនកម្មករចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃឡង់មានក្រុមហ៊ុនម៉ាឃលឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) និងក្រុមហ៊ុនស៊ីងបាយអូថេក»។

ជាអ្នកខេត្តព្រៃវែង និងជាសកម្មជនការពារព្រៃឈើអស់រយៈពេលជាង ៧ឆ្នាំរូបនេះ បានរៀបរាប់ថា មូល​ហេតុ​ដែលលោក​មក​ចូល​រួម​ចែក​រំលែក​បទ​ពិសោធន៍ ​និងបញ្ហាបទល្មើសព្រៃឈើក្នុងទិវាបរិស្ថានពិភពលោក ទៅដល់ក្រុមយុវជន ព្រះសង្ឃ និងអង្គការដៃគូពាក់ព័ន្ធ ដោយ​សារ​លោកមើលឃើញថាមានតែក្រុមយុវជន ព្រះសង្ឃ និងអង្គការដៃគូពាក់ព័ន្ធនេះទេ ដែលជាក្តីសង្ឃឹម និងអាចធ្វើការសហការគ្នាចួលរួមទប់ស្កាត់បទល្មើសព្រៃឈើ និងបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជាបាន។ លោកបន្ថែមថា ការចែករំលែកបទពិសោធន៍ និងបញ្ហាបទល្មើសព្រៃឈើមួយចំនួនទៅដល់យុវជន ព្រះសង្ឃ និងអង្គការដៃគូពាក់ព័ន្ធ គឺចង់ពង្រឹងសមត្ថភាព និងលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលរួមឈឺឆ្អាល តាមដាន និងការពារធនធានធម្មជាតិរបស់ខ្លួនឱ្យបានគង់វង្សទៅថ្ងៃខាងមុខ។

លោក ហេង ស្រស់ និយាយថា៖ «ខ្ញុំចង់ចែករំលែកបទពិសោធន៍​មួយចំនួនទៅដល់យុវជនជំនាន់ក្រោយ ឱ្យគាត់ដឹងឱ្យគាត់​មានចិត្តក្នុងការចូលរួមដើម្បីទប់ស្កាត់កុំឱ្យមានការកាប់បំផ្លាញព្រៃឈើ និងឱ្យគាត់ចូលរួមថែនូវសម្បត្តិធនធានធម្មជាតិ»។

លោកបន្ថែមថា៖ «យើងសង្ឃឹមថា យុវជនទាំងអស់នោះ នឹងចូលរួមការពារនូវធនធានធម្មជាតិ និងពង្រឹងនូវសមត្ថ​ភាព​គាត់​ដើម្បីជួយការងារបរិស្ថាននៅប្រទេសកម្ពុជា»។

ចំណែក ព្រះតេជព្រះគុណ ផន ភាន់ ដែលបានចូលរួមស្តាប់វេទិកាទិវាបរិស្ថានពិភពលោកផងដែរនោះ មានសង្ឃដីកាដែរ​ថា ដូចអ្វីដែលលោកវាគ្មិនលោក ហេង ស្រស់ បានលើកឡើងដូច្នេះដែរ គឺ​​បញ្ហាព្រៃឈើ​ឬធនធានធម្មជាតិនៅប្រទេស​កម្ពុជា កំពុងរងការបាត់បង់បន្តិចម្តងៗ ដោយសារតែមានក្រុមហ៊ុនទទួលបានសិទ្ធិដីសម្បទានសេដ្ឋកិច្ចជាច្រើន​ហិចតានៅជុំវិញតំបន់ព្រៃឡង់នោះតែម្តង។ ព្រះតេជគុណ បន្តថា រូបភាពនៃការអភិវឌ្ឍរបស់ក្រុមហ៊ុនមួយចំនួននៅតាមតំបន់ព្រៃឡង់ បានធ្វើឱ្យបញ្ហាព្រៃឈើ និងបទល្មើសធនធានធម្មជាតិ កំពុងរងការបំផ្លិចបំផ្លាញ និងអាច​ឈាន​រហូត​ដល់​វិនាសកម្មព្រៃឈើនាថ្ងៃអនាគត។

ព្រះអង្គមានថេរដីកាថា៖ «ព្រៃឈើធម្មជាតិនៅប្រទេសកម្ពុជាយើងស្ទើរតែអស់ ដោយមានទាំងដីសម្បទានឱ្យក្រុមហ៊ុន​នានា ការអភិវឌ្ឍផ្សេងៗ និងការរុករានធ្វើស្រែចំការរបស់ពលរដ្ឋទូទៅ ក៏មានការរួមចំណែកនៅក្នុងហ្នឹងដែរ អ៊ីចឹង​ព្រៃឈើវាមិនបាត់បង់»។

ជាអ្នកខេត្តព្រៃវែង និងបច្ចុប្បន្នបាននិមន្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ ព្រះភិក្ខុមានព្រះជន្ម ៣០​ព្រះវស្សាអង្គនេះ បានលើកឡើងអំពីផលប៉ះពាល់នៃការបាត់បង់ធនធានធម្មជាតិថា ការកាប់បំផ្លាញព្រៃឈើបានបង្កផលប៉ះពាល់ច្រើនដល់​ភពផែនដី ជាពិសេសបម្រែបម្រួលអាកាសធាតុ។ ព្រះតេជគុណ បន្តថា ជាក់ស្តែងបច្ចុប្បន្ននេះ មានការ​កើន​ឡើង​នូវ​កម្តៅ ក្តៅហួតហែង ភ្លៀងធ្លាក់ខុសរដូវ គ្រោះទឹកជំនន់ ព្យុះ និង​ខ្យល់កន្ទ្រាក់ជាដើម ដែលបង្កឡើងដោយ​សារ​ការបាត់បង់ព្រៃឈើទាំងអស់។

ព្រះអង្គមានថេរដីកាថា៖ «ការកាប់បំផ្លាញព្រៃឈើ ការបាត់បង់ព្រៃឈើ បាត់បង់ជំរកសត្វព្រៃប៉ះពាល់នៃការឡើងកម្តៅ​ផែន​ដី ភ្លៀងមិនទៀងទាត់ ឬក៏អាចបង្កភាពរាំងស្ងួត បង្កជាព្យុះ ខ្យល់កន្រ្ទាក់ផ្សេងៗ និងបម្រែបម្រួលអាកាសធាតុ»។

ស្រដៀងនេះដែរ យុវតីមកខេត្តសៀមរាបគឺកញ្ញា ម៉ៅ ច័ន្ទឌី ដែលបានចូលរួមស្តាប់ទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ នេះ មាន​ប្រសាសន៍ថា កាលពីដើមមក កញ្ញាបាន​ឮចាស់ៗនិយាយ​ថា ធនធានធម្មជាតិនៅប្រទេសកម្ពុជា មានសម្បូរបែប ព្រៃឈើក្រាស់ ដើមឈើធំៗ និងសម្បូរសត្វគ្រប់ប្រភេទ ប៉ុន្តែគិតត្រឹមរយៈកាលពីរទៅបីទសវត្សន៍ចុងក្រោយនេះ ព្រៃឈើ​នៅ​​កម្ពុជា បានរងការបាត់បង់ជាបន្តបន្ទាប់។ កញ្ញាបន្ថែមថា បច្ចុប្បន្ននេះច្បាប់ព្រៃឈើ ក៏មានមន្រ្តីការពារព្រៃ​ឈើ​ក៏មាន [មន្រ្តីឧទ្យានុរក្ស] តែធាតុពិត ព្រៃឈើនៅតែរងការកាប់បំផ្លាញដដែល។

កញ្ញាថា៖ «ពីមុនព្រៃឈើនៅប្រទេសយើងសម្បូរមែនទែន គឺអត់សូវមានអ្នកកាប់បំផ្លាញអីទេ ច្បាប់រឹតបន្តឹងក៏អត់សូវមានអីដែរ ប៉ុន្តែក៏អត់មាននរណាហ៊ានរំលោភបំពានព្រៃឈើនៅប្រទេសយើងទេ»

កញ្ញាបន្ថែមថា៖ «បច្ចុប្បន្នឃើញថាកាលណាកាន់តែមានច្បាប់ គឺព្រៃឈើគឺកាន់តែអស់ដោយសារតែអ្នកដែលអាចបំពាន​ទៅលើព្រៃឈើឬកាប់បំផ្លាញព្រៃឈើរដ្ឋហ្នឹងគឺអ្នកដែលធំៗ[អ្នកមានអំណាច]»។

យ៉ាងណាមិញ យុវតីមកពីខេត្តសៀមរាប មានវ័យ ២៣ឆ្នាំរូបនេះ ស្នើទៅរាជរដ្ឋាភិបាល និងមន្រ្តីពាក់ព័ន្ធ គួរ​តែ​បើកឱកាស​ឡើង​វិញ​ឱ្យក្រុមយុវជន ព្រះសង្ឃ និង​អង្គការសង្គមស៊ីវិល អាចចូលរួមចុះល្បាត និងចូលរួមទប់ស្កាត់បទល្មើសការ​កាប់​ទន្រ្ទានព្រៃឈើនៅប្រទេសកម្ពុជា ដើម្បីធានាបានថាព្រៃឈើនៅប្រទេសកម្ពុជាអាចគង់វង្ស និងមិនមានបម្រែ​បម្រួលអាកាសធាតុទៀតទេ។

កញ្ញា ម៉ៅ ច័ន្ទឌី ស្នើថា៖ «មន្រ្តីបរិស្ថានល្មមដល់ពេលឱ្យយុវជនបរិស្ថាន អាចចុះល្បាតការពារព្រៃបានហើយ យុវជនយើងក៏ចង់ចូលរួមការពារព្រៃដែរ ព្រោះពេលបាត់ព្រៃវាប៉ះពាល់ទាំងអស់គ្នា ក្តៅក៏ក្តៅ ភ្លៀងខុសរដូវ ព្យុះ ខ្យល់កន្ត្រាក់ បម្រែ​បម្រួលអាកាសធាតុអី ដោយសារការកាប់បំផ្លាញព្រៃឈើហ្នឹងហើយ»។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ឆ្លើយបតតាមប្រព័ន្ធតេឡេក្រាមថា បញ្ហាប្រែប្រួល​អាកាស​ធាតុ គឺជាបញ្ហាសកល កម្ពុជាជាប្រទេសតូចតែបានចូលរួមយ៉ាងសកម្មក្នុងការប្រឆាំងនឹងការប្រែប្រួលអាកាស​ធាតុ។ លោកបន្ថែមថា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីឆ្ពោះទៅធ្វើអព្យាក្រឹត្យកាបូននៅឆ្នាំ ​២០៥០ ដែលផ្តោតលើវិស័យសំខាន់ៗមួយចំនួន រួមមាន កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត ថាម​ពល ការ​ដឹកជញ្ជូន ដំណើរការឧស្សាហកម្ម និងការប្រើប្រាស់ផលិតផល ការគ្រប់គ្រងសំណល់។

លោកបន្ថែមថា៖ «ទាក់ទងនឹងព្រៃឈើនិងការប្រើប្រាស់ដីផ្សេងៗ កម្ពុជាមានការប្តេជ្ញាចិត្តកាត់បន្ថយអត្រាការបាត់​បង់​ព្រៃ​ឈើ ៥០% នៅឆ្នាំ២០៣០, បញ្ឈប់ការបាត់បង់ព្រៃឈើនៅឆ្នាំ ២០៤៥, ការដាំដើមឈើ ការកែលម្អការគ្រប់គ្រងព្រៃឈើ និងការស្តារព្រៃឈើឡើងវិញ, កសិរុក្ខកម្ម និងការដាំចម្ការឈើពាណិជ្ជកម្ម និងការអនុវត្តពេញលេញនៃផែនការវិនិយោគ redd+ ត្រឹមឆ្នាំ ២០៥០»។

យ៉ាងណាមិញ អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក សាន់ ម៉ាឡា យល់ឃើញថា ការលើកឡើងរបស់សម្មជនបរិ​ស្ថាន ក្រុ​ម​យុវជន ព្រះសង្ឃ និងអង្គការសង្គមស៊ីវិល ជុំវិញការកាប់បំផ្លាញព្រៃឈើ ការបម្រែបម្រួលអាកាសធាតុនៅកម្ពុ​ជា​នៅតែជាបញ្ហាចំបង និងជាបញ្ហាដ៏ធ្ងន់ធ្ងរ ដែលមន្រ្តីបរិស្ថានតែងតែយកលេស និងលើកហេតុផលថា បទល្មើសព្រៃឈើនៅតាមតំបន់ការពារទាំងអស់មន្រ្តីជំនាញ ជាពិសេសមន្រ្តីឧទ្យានុរក្សបានព្យាយាមទប់ស្កាត់ និងបង្រ្កាបបទល្មើស​ជា​ហូរហែ។ លោកបន្តថា ជាក់ស្តែងបញ្ហាបទល្មើសព្រៃឈើ ចេះតែបន្តកើតមានជាបន្តបន្ទាប់ដូចអ្វីដែលសកម្ម​ជន​បរិស្ថានបានអះអាង។

លោកថា៖ «ការកាប់បំផ្លាញព្រៃឈើនៅប្រទេសយើង គឺចំណូលបានទៅក្រុមអ្នកមានលុយមានអំណាចតែប៉ុណ្ណោះ អ៊ីចឹងបញ្ហាបទល្មើសព្រៃឈើវានៅតែមានចឹង។ ណាមួយគេមិនដែលធ្វើសេចក្តីរាយការណ៍ជូនប្រជាពលរដ្ឋយើងថាតើគេរកប្រាក់ចំណេញបានប៉ុន្មានពីសកម្មភាពការកាប់បំផ្លាញព្រៃឈើទាំងអស់ហ្នឹងទេ»។

បន្ថែមពីនេះ លោក សាន់ ម៉ាឡា អ្នក​ការ​ពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​ ផ្តល់​ជា​អនុសាសន៍ថា ដើម្បី​ការ​ពារ​ការ​បម្រែបម្រួល​អាកាសធាតុ និងការទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ឱ្យមានប្រសិទ្ធភាពរដ្ឋាភិបាល និង​មន្រ្តីជំនាញ​ត្រូ​វ​តែសហការជាមួយពលរដ្ឋមូលដ្ឋាន [សហគមន៍] យុវជន ព្រះសង្ឃ និងអង្គការសង្គមស៊ីវិលនោះ បញ្ហាបទល្មើស​ព្រៃឈើនៅកម្ពុជា និងមានការថយចុះ ហើយបម្រែបម្រួលអាកាសធាតុអាចនឹងមិនមានតទៅទៀត។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២២ បង្ហាញ​ថា ព្រៃឈើចំនួន ៦ ២៧១ហិកតា ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួន២ ក្នុងនោះមាន​​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច។

លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិ​ស្ថាន មិន​បាន​អើពើ និង​មិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបទល្មើស ខណៈ​​សកម្មភាពចុះទៅស៊ើប​អង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕