សមាគមនិសិ្សតខ្មែររៀននៅក្រៅប្រទេស ធ្វើយុទ្ធនាការរៃអង្គាសប្រាក់តាមបណ្ដាញសង្គម ដើម្បីជួយដល់ក្មេងៗប្រឈមនឹងកង្វះសម្ភារសិក្សានៅសាលាបឋមសិក្សាមួយកន្លែងនៅក្នុងខេត្តស្ទឹងត្រែង។

កម្មវិធីរៃអង្គាសប្រាក់នេះមានរយៈពេលជាង៣ខែ ដោយចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដែលមានការសហការគ្នារវាង សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន​ សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ​ និងសមាគមអតីតនិស្សិតខ្មែរពីសាធារណរដ្ឋកូរ៉េ​។

លោក ឆៃ ប៉េងស្រ៊ន់ ​ប្រធានសមាគមអតីតនិសិ្សតខ្មែរពីសាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា កម្មវិធីរៃអង្គាសនេះធ្វើឡើងដើម្បីផ្គត់ផ្គង់សម្ភារសិក្សាដល់ក្មេងៗរៀននៅសាលាបឋមសិក្សាដំរីផុង មានទីតាំងនៅក្នុងភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង

​ដែលមានសិស្សសរុប​ចំនួន​ ១៤០នាក់​ រៀនពីថ្នាក់ទី១​ ដល់ថ្នាក់ទី៦​ និងមានអគារសិក្សា២ខ្នង​ ក្នុងនោះ​អគារ១ខ្នង​

សាងសង់អំពី​ឈើកំពុងមានសភាពទ្រុឌទ្រោម​ ហើយសាលាពុំមានទីចាត់ការ​ និងបណ្ណាល័យនោះឡើយ។

ក្រៅពីនេះទៀត ក្រុមការងាររបស់លោកក៏បានសហការជាមួយក្លឹបរ៉ូតាអាក​ (Rotaract Club of Phnom Penh Central) ដែលបានសម្របសម្រួលក្រុមនិស្សិតទន្តសាស្រ្តស្ម័គ្រចិត្ត​ ដើម្បីផ្តល់សេវាកម្មពិនិត្យ​ និងធ្វើការណែនាំអំពីអនាម័យសុខភាពមាត់ធ្មេញ​ ជូនដល់សិស្សានុសិស្សកំពុងសិក្សានៅទីនោះផងដែរ។

យ៉ាងណា លោកពុំបានបញ្ជាក់ចំនួនទឹកប្រាក់ដែលបានទទួល និងទំហំទឹកប្រាក់ដែលគ្រោងចំណាយ ដោយគ្រាន់តែប្រាប់ថាទទួលបានប្រាក់ឧបត្ថមចំនួនប៉ុន្មានគឺចំណាយត្រឹមប៉ុណ្ណឹង។

លោក ប៉េងស្រ៊ន់ និយាយថា៖ «ក្មេងៗគាត់ឃើញពួកយើងទៅគឺគាត់សប្បាយចិត្តមែនទែន។ ដូច្នេះ យើងបាននាំទៅសៀវភៅរឿងនិទានល្បីៗអីគាត់ចាប់អារម្មណ៍»។

ជុំវិញករណីនេះ អនុប្រធានមន្ទីរអប់រំខេត្តស្ទឹងត្រែង លោកស្រី ទី ធីដា មានប្រសាសន៍ យ៉ាងខ្លីថា ក្រសួងអប់រំបានជួយកុមាររៀនថ្នាក់បឋមសិក្សានៅខេត្តស្ទឹងត្រែងតាមរយៈការផ្ដល់អាហាររូបករណ៍នានា។

លោកស្រី ធីដា បញ្ជាក់ថា៖ «ក្រសួងអប់រំមានកម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រពីបឋមដល់វិទ្យាល័យ»។

បើតាមរបាយការណ៍ទទួលបានពី លោកស្រី ធីដា ឱ្យដឹងថា នៅទូទាំងខេត្តស្ទឹងត្រែង មានសាលាបឋមសិក្សាចំនួន១១០កន្លែង ដែលសិស្សខ្វះសម្ភារសិក្សាក្នុងនោះមានសិស្សសរុបចំនួន១១ ១៥៨ នាក់ដែលរងផលប៉ះពាល់។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍និងសន្តិភាព មានប្រសាសន៍ថា រដ្ឋាភិបាលគួរមានផែនការពង្រឹងគុណភាពអប់រំនៅតាមជនបទដោយការបែងចែកកញ្ចប់ថវិកាបន្ថែមទៀត ខណៈលោកកត់សម្គាល់ថា កង្វះសម្ភារសិក្សានេះបានរួមចំណែកឱ្យកុមារមួយចំនួនបោះបង់ការសិក្សាទាំងនៅវ័យក្មេង។

លោក គិមអេង និយាយថា៖ «ខ្ញុំគិតថារាជរដ្ឋាភិបាលគួរតែពិនិត្យមើលបញ្ហានេះនឹងជំរុញឱ្យមានការវិភាជថវិការដ្ឋបន្ថែមទៀតសម្រាប់ ផ្គត់ផ្គង់ទៅដល់វិស័យអប់រំកុមារនៅតាមជនបទដាច់ស្រយាលឱ្យគាត់មានលទ្ធភាពហើយនឹងមានសមត្ថភាពការរៀនសូត្រដូចកុមារនៅទីក្រុង ឬក៏នៅទីប្រជុំជនអីផ្សេងៗបែបនេះជារឿងដែលសំខាន់»។

សម្រាប់ លោក ប៉េងស្រ៊ន់​ លើកឡើងថា នេះជាលើកទី៥ដែលលោកបានបង្កើតកម្មវិធីរៃអង្គាសប្រាក់នេះ

ដោយធ្វើឡើងក្នុងគោលបំណងចូលរួមលើកស្ទួយដល់វិស័យអប់រំកុមារនៅទីជនបទ ជាពិសេសនៅតំបន់ដាច់ស្រយាល ដោយសារលោកបានសង្កេតឃើញថា កុមារទាំងនោះភាគច្រើនប្រឈមនឹងកង្វះសម្ភារសិក្សា សៀវភៅពុម្ពសម្រាប់អាន សម្លៀកបំពាក់ បណ្ណាល័យ និងអគារសិក្សាជាដើម។

លោកបន្ថែម ថា ក្រុមការងាររបស់លោកក៏មានគម្រោងផ្សេងទៀតដែលផ្ដោតលើការជួយយុវជនរៀនឆ្នាំទី១ទី២ ដោយការតម្រង់ទិសដល់ពួកគេក្នុងការជ្រើសរើសយកជំនាញសិក្សានិងចែករំលែកពីអាហាររូបករណ៍ផងដែរ។

ជុំវិញការរៃអង្គាសប្រាក់នេះដែរ កាលពីខែមុន មានយុវជនស្ម័គ្រចិត្តមួយក្រុម បានបង្កើតយុទ្ធនាការនៅតាមបណ្តាញសង្គម ដើម្បីកៀរគរថវិកាសាងសង់បន្ទប់សិក្សា ២បន្ទប់បន្ថែម នៅក្នុងសាលាបឋមសិក្សាអាវឡាតាន់ដែលកំពុងខ្វះខាតអគារសិក្សា ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង៕