ក្រោមពាក្យស្លោក “រួមគ្នាដើម្បីសហគមន៍” បានជំរុញយុវជនស្ម័គ្រចិត្តនៃវិទ្យាស្ថានមគ្គុទ្ទេសក៍សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC-ELI) និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗក្នុងក្រុងភ្នំពេញ ចុះបង្ហាត់បង្រៀន ចែករំលែកសម្ភារសិក្សា កសាងបន្ទប់ទឹក និងបណ្ណាល័យដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាត្រពាំងព្នៅ ស្ថិតនៅក្នុងភូមិស្នូល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣។
លោក យន់ រ៉ា នាយកបឋមសិក្សាត្រពាំងព្នៅ លើកឡើងថា លើកដំបូងហើយដែលសាលាមាននិស្សិត និងសប្បុរជនមកចូលរួមជួយឧបត្ថម្ភ និងធ្វើកម្មវិធីអប់រំយ៉ាងច្រើនដូច្នេះ។ លោកថានេះជាចលករបណ្តុះនិស្សិត និងកុមារនៅតាមតំបន់ជនបទមានឱកាសបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។ លោកបន្ថែមថា “ឥឡូវសាលានៅខ្វះខាតច្រើនទៀត ដូចជាទីលានទាត់បាល់ របង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត”។
ស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បណ្ឌិត កុល ផេង ថ្លែងក្នុងពិធីនោះថា ការសម្អាតសំរាម ការសម្អាតភូមិស្រុកឱ្យស្អាតល្អ មិនមែនជាកាតព្វកិច្ចរបស់អ្នកដទៃផ្សេង ក្រៅពលរដ្ឋនៅក្នុងសហគមន៍ ភូមិស្រុក ចូលរួមសម្អាតទាំងអស់គ្នានោះទេ។ ដោយឡែកការងារសហគមន៍ សប្បុរសធម៌ និងការអភិវឌ្ឍវិស័យអប់រំ ក៏អាស្រ័យលើយុវជន ពលរដ្ឋនៅក្នុងសហគមន៍ និងអ្នកពាក់ព័ន្ធផ្សេងៗ ចូលរួមជួយផងដែរ។
បណ្ឌិត កុល ផេង បានថ្លែងក្នុងន័យចោទសួរទៅកាន់អ្នកស្តាប់ថា “បង្គន់យើងអ្នកណាសម្អាត? ហើយអ្នកណាស្អុយ? ទាល់តែគេធ្វើខ្លួនឯង”។
ចំណែកលោក វ៉េង សិរីវុឌ្ឃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានចែករំលែកថា ពេលវេលាថ្លៃណាស់ ហើយនៅលើលោកនេះ របស់ដែលក្របំផុត មិនមែនជាមាសពេជ្រ ប្រាក់កាក់ ប៉ុន្តែគឺជាពេលវេលា ថ្ងៃនេះ ព្រឹកនេះ នឹងកន្លងផុតទៅ ហើយនឹងមិនត្រឡប់មកវិញនោះទេ។ លោក វ៉េង សិរីវុឌ្ឃ ដែលជាអ្នកនិពន្ធសៀវភៅ ”គ្មាននរណាកើតមកក្រទេ” រូបនេះ បានបន្ថែមទៀតថា “ស្មារតីអង្គរ ជាតម្លៃនៃស្មារតីរឹងមាំ បើដូនតាខ្មែរ អត់មានស្មារតីរឹងមាំ អត់ធ្វើអង្គរវត្តបានទេ ទី១។ ទី២លះបង់ ដែលប្អូនៗមកម៉ោង២ហ្នឹង សុទ្ធតែលះបង់ ដូនតាយើងលះបង់។ កុំគិតតែប្រយោជន៍ខ្លួន ធ្វើអីឱ្យហួសពីប្រយោជន៍ខ្លួន (Doing something beyond yourself)”។
លោកបណ្ឌិត ង៉ែត សុខឡា អគ្គនាយកវិទ្យស្ថានមគ្គុទ្ទេសក៍នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងធ្លាប់ជាសិស្សតស៊ូប្រឹងប្រែងរៀនសូត្រ និងតែងតែមានក្តីសុបិន្តចង់ក្លាយជាគ្រូបង្រៀននោះ បានចែករំលែកបទពិសោធន៍ជីវិតឆ្លងកាត់ការលំបាកនៅក្នុងការសិក្សា។ តែយ៉ាងណា លោកនៅតែតស៊ូរៀនសូត្រ ហើយនៅពេលនេះលោកអាចមានឱកាសលើកទឹកចិត្ត និងជួយដល់សិស្សផ្សេងទៀត ដែលមានប្រវត្តិតស៊ូដូចរូបលោកដែរ។
លោកចោទសួរថា៖“ត្រូវសួរថាតើយើងក្នុងនាមជាប្រជាពលរដ្ឋ សញ្ជាតិហ្នឹង ជនជាតិហ្នឹង បានធ្វើអ្វីខ្លះហើយ សម្រាប់ប្រទេសជាតិ?”។
លោក ឡាំ រ៉ា ប្រធានគម្រោងកម្មវិធីរួមគ្នាដើម្បីសហគមន៍ លើកឡើងថា មុននឹងអាចប្រារព្ធពិធីនេះបាន រូបលោក និងក្រុមការងារស្ម័គ្រចិត្តចំណាយពេលប្រមាណជិតបួនខែ ដើម្បីធ្វើយុទ្ធនាការប្រមូលថវិកា និង សម្ភារផ្សេងៗពីនិស្សិត មហាជន និងសប្បុរសជនទាំងក្នុងសាកលវិទ្យាល័យ និងតាមប្រព័ន្ធបណ្តាញសង្គម។ លោកថានេះជាស្មារតីលះបង់ និងក្តីស្រឡាញ់របស់យុវជនស្ម័គ្រចិត្តចំពោះសិស្សានុសិស្សនៅសាលាដាច់ស្រយ៉ាល់ ហើយនេះជាភស្តុតាងថា យុវជនខ្មែរចូលរួមខ្វល់ខ្វាយចំពោះបញ្ហាសង្គមជាតិ។
លោកបន្ថែមថា “នេះជាលើកដំបូងហើយដែលខ្ញុំមកជួយសិស្សសាលានៅក្នុងខេត្តកំពង់ស្ពឺ ខ្ញុំវាក្តីស្រមៃរបស់ខ្ញុំយូរមកហើយៗក៏អរគុណចំពោះយុវជនស្ម័គ្រចិត្ត និងអ្នកចូលរួមបានធ្វើឱ្យកម្មវីធីនេះជោគជ័យ”។
កញ្ញា ម៉ុក ធីតា និស្សិតស្ម័គ្រចិត្តបង្ហាញអារម្មណ៍រំភើប និងត្រេកអរចំពោះបេសកកម្មមួយនេះ ដែលមានអ្នកស្ម័គ្រចិត្ត និងអ្នកចូលរួមច្រើន ដើម្បីរួមគ្នាជួយអភិវឌ្ឍវិស័យអប់រំ ជាពិសេសសាលានៅតំបន់ដាច់ស្រយ៉ាល់។ និស្សិតរូបនេះបន្ថែមថា “ខ្ញុំត្រេកអរណាស់ នៅពេលឃើញក្មេងៗសើចសប្បាយ នៅពេលយើងបានផ្តល់សម្ភារសិក្សា និងនិយាយជាមួយពួកគាត់”។
សាលាបឋមសិក្សាត្រពាំងព្នៅ ស្ថិតនៅក្នុងភូមិស្នូល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នសាលាបានទទួលបណ្តុះបណ្តាលសិស្សានុសិស្សប្រមាណ៣៤០នាក់ និងមានគ្រូ១២នាក់។ កន្លងមកសាលាកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីបំពេញទៅតាមតម្រូវការចំនួនសិស្សកើនឡើង តែទោះជាយ៉ាងណា សាលារៀននេះនៅមានភាពខ្វះខាតច្រើនទៀតនៅឡើយ៕