ប្រជាពលរដ្ឋដែលផ្លាស់ប្តូរពីតំបន់ឧទ្យានអង្គរ ទៅរស់នៅតំបន់រុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប អះអាងថា កំពុងជួបបញ្ហាជីវភាព ព្រោះមិនអាចបង្កើតមុខរបរទ្រទ្រង់ជីវិតបាន និងស្នើឱ្យអាជ្ញាធររៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីឱ្យពលរដ្ឋងាយស្រួលរកចំណូលបានដូចនៅទីតាំងចាស់។

ពលរដ្ឋមា្នក់គឺអ្នកស្រី​ គីម​ ការី អាយុ៥៧ឆ្នាំ ដែលបានផ្លាស់ប្ដូរពីតំបន់អង្គរ ទៅរស់នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលរដ្ឋាភិបាលតម្រូវឱ្យចាកចេញកាលពីខែកុម្ភៈ ឆ្នាំ២០២៣ បានប្រាប់ Newsroom Cambodia ថា ការរស់នៅតំបន់ថ្មីនេះធ្វើឱ្យអ្នកស្រីជួបបញ្ហាជីវភាពខ្លាំង ដោយសារតែអ្នកស្រីគ្មានប្រាក់ចំណូលទាល់តែសោះ។ អ្នកស្រីបន្តថា មុននឹងសម្រេចចិត្ដប្ដូរមករស់នៅតំបន់រុនតាឯកនេះ ជីវភាពអ្នកស្រីហាក់មានភាពល្អជាងនេះ ពោលគឺអ្នកស្រីប្រកបមុខរបរជាអ្នកលក់នំចំណីនៅផ្សារសាមគ្គី ក្នុងខេត្តសៀមរាម។

អ្នកស្រីឱ្យដឹងថា អំឡុងពេលនោះក្នុងមួយថ្ងៃអ្នកស្រីអាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបានចន្លោះពី៣០ ០០០ រៀល ទៅ ៤០ ០០០រៀល ប៉ុន្ដែក្រោយពីប្ដូរមករស់នៅតំបន់រុនតាឯកនេះគឺអ្នកស្រីបានបាត់បង់ប្រាក់ចំណូលទាំងស្រុង។

អ្នកស្រីថា៖ «មិនដឹងរកអី លក់អី​ វាអត់មានប្រជាពលរដ្ឋលក់អីបានហ្មង។ កាលពីមុនខ្ញុំលក់នំខ្មែរនៅផ្សារសាមគ្គី។ សព្វថ្ងៃនេះខ្វះមុខ ខ្វះក្រោយ កុំតែបានបណ្ណក្រីក្រ កុំអីដាច់បាយ។ ដូចពិបាកនិយាយណាស់អូន! វាពិបាកហ្មងហ្នឹង [តំបន់រុនតាឯក] វាឆ្ងាយពីខេត្ដពេក! ប្ដីរត់រ៉ឺម៉កមិនគ្រប់លុយចាក់សាំងផង»

អ្នកស្រី ការី ឱ្យដឹងថា ក្រៅពីជួបបញ្ហាជីវភាពហើយនោះ មានផ្ទះរបស់អ្នកភូមិខ្លះក៏កំពុងទឹកលិចផងដែរនៅពេលដែលមានភ្លៀវធ្លាក់មក។ អ្នកស្រីបានត្អូញត្អែរ ពីផលលំបាកក្រោយពេលដោះដូរទីតាំងនេះថា បើគ្មានការគិតគូរពីរដ្ឋាភិបាលទេ គឺពលរដ្ឋទាំងអស់នឹងជួបការលំបាកកាន់តែខ្លាំង ដែលនាំឱ្យប្រជាពលរដ្ឋខ្លះអាចនឹងសម្រេចចិត្ដចាកចេញពីតំបន់នេះផងដែរ។ អ្នកស្រីសង្ឃឹមថា រដ្ឋាភិបាលនឹងយកចិត្ដទុកលើពលរដ្ឋដែលបានដោះដូរមករស់នៅតំបន់រុនតាឯក តាមគម្រោងរបស់រដ្ឋាភិបាល ដោយរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អប្រសើរជាងពេលបច្ចុប្បន្ន។

អ្នកស្រីថា៖ «ចង់ឱ្យមានវិនិយោគទុនអ្វីដើម្បីឱ្យប្រជាជនមានចំណូលចូល​ ជាប្រាក់ខែអ៊ីចឹង សម្រាប់យើងទៅធ្វើកម្មករអី។ បើអត់មានទេអាចនឹងមានពលរដ្ឋសម្រេចចិត្ដចាកចេញ ចឹងទៅអូន! បើគ្មានអីត្រូវរកស៊ីចិញ្ចឹមជីវិតបានផង»

កាលពីខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានវ៉ាន់ដា លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន ថ្លែងថា ការផ្លាស់ប្ដូរលំនៅឋានពលរដ្ឋចេញពីតំបន់អង្គរនេះ គឺជាការតម្រូវរបស់​អង្គការយូណេស្កូ ដើម្បីការពារតំបន់រមណីយដ្ឋានអង្គរ។ លោកថា ករណីប្រជាពលរដ្ឋមិនព្រមចាកចេញ ពួកគេនឹងត្រូវបណ្ដេញចេញទាំងមិនទទួលបានសំណងណាមួយឡើយ។

លោកថ្លែងថា៖ «ពេលនេះជាពេលដែលរដ្ឋាភិបាលធ្វើការថ្នាក់ថ្នម អង្វរករ បងប្អូនឱ្យចាកចេញ ប៉ុន្តែនៅពេលវេលាមកដល់១សេនក៏អត់ឱ្យ! ហើយបញ្ជូនចេញពីតំបន់ហ្នឹងតែម្ដង»

ស្រដៀងគ្នានេះដែរ លោក ខ្នូ សុវណ្ណ វ័យ ៥១ឆ្នាំ​ ជាពលរដ្ឋនៅឃុំរុនតាឯក ដែលបានដោះដូរចេញពីតំបន់អង្គរ បានឱ្យដឹងថា បញ្ហាដែលលោកជួបប្រទះខ្លាំងបំផុតក្រោយពីមករស់នៅតំបន់រុនតាឯក គឺបញ្ហាជីវភាព ខណៈលោកត្រូវទទួកបន្ទុកទុកចិញ្ជឹមកូន ៤នាក់។ លោកឱ្យដឹងថា កាលពីលោករស់នៅទីតាំងចាស់ លោកប្រកបមុខរបរជាអ្នកដឹកភ្ញៀវទេសចរណ៍ ហើយថា តំបន់រុនតាឯកនេះ គឺជាតំបន់ដាច់ស្រយាល មិនមានការអភិវឌ្ឍនោះទេ។ លោកបន្ថែមថា បើអាជ្ញាធរមិនរៀបចំតំបន់រុនតាឯកនេះឱ្យបានល្អនោះទេ លោកនឹងសម្រេចចិត្តចាកចេញទៅរកទីតាំងថ្មីតែម្តង។

លោកនិយាយថា៖ «ពិបាកណាស់អូនអើយ! ម្នាក់ៗពេលដោះដូរមកនេះគឺគ្មានមុខរបរ គ្មានចំណូលអីសោះហ្មង។ កាលពីនៅកន្លែងចាស់គ្រាន់ដឹកភ្ញៀវ ដឹកអី បានលុយខ្លះ ពេលមកនេះគឺពិបាកសព្វគ្រប់អូន! ពូចង់ឱ្យរដ្ឋមេត្ដាជួយដោះស្រាយបញ្ហានេះជូនពលរដ្ឋផង បើមិនចឹងទេ គឺមានតែរើចេញហើយអូន។ ពូក៏មិនថាគេគិតគូរយ៉ាងម៉េចដែរ មានតែចាំមើលសិន»

​ជុំវិញករណីនេះ អភិបាលខេត្តសៀមរាប លោក ទៀ សីហា និងអភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធិ មិនអាចសុំកាឆ្លើយតបបានទេនៅថ្ងៃទី៨ ខែមិថុនា នេះ ដោយទូរសព្ទចូលជាច្រើនដងមិនមានអ្នកទទួល។

ចំណែក នាយកទីចាត់ការរដ្ឋបាលសាលាខេត្តសៀមរាប លោក ស៊ុន ចំណាន ក៏មិនអាចសុំការឆ្លើយតបជុំវិញបញ្ហានេះ ដោយលោកអះអាងដោយខ្លីថារវល់ប្រជុំ។

យ៉ាងណាក្តី ប្រធានគម្រោងសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ សង្កេតឃើញថា មិនថាពលរដ្ឋដែលដោះដូរទៅតំបន់រុនតាឯកទេ គឺតំបន់ផ្សេងទៀតក៏អាជ្ញាធរហាក់មិនយកចិត្ដទុកដាក់លើបញ្ហាជីវភាពពលរដ្ឋ ឬក៏រៀបចំហេដ្ឋារចនាសម្ព័ន្ធនោះទេ។ លោកបន្តថា អាជ្ញាធរព្យាយាមរុញប្រជាពលរដ្ឋឱ្យតែរួចពីតំបន់ចាស់ ពេលដល់តំបន់ថ្មីទុកពលរដ្ឋចោលមិនសូវជាខ្វាយខ្វល់ឡើយ។

លោកបានជំរុញឱ្យរដ្ឋាភិបាលប្រើប្រាស់នូវយន្ដការសមស្របមុននឹងឱ្យពលរដ្ឋចាកចេញ ដូចជាបង្កើតឱ្យមានរោងចក្រ សាលារៀន មន្ទីរពេទ្យ និងទាក់ទាញការវិនិយោគពីអ្នកជំនួញជាមុនសិន ដែលអាចឱ្យពលរដ្ឋប្រកបមុខរបរផ្សេងៗចិញ្ចឹមជីវិតបាន។ លោកថា បើរដ្ឋមិនបានគិតគូរពីបញ្ហាទាំងអស់នោះទេ ពលរដ្ឋនឹងជួបប្រទះផលលំបាកច្រើន ដែលនាំឱ្យបញ្ហានោះក្លាយជាបន្ទុកកាន់តែខ្លាំងសម្រាប់រដ្ឋាភិបាល។

លោកថា៖ «ខ្ញុំគិតថា មិនថាពលរដ្ឋនៅតំបន់ណាទេ ឱ្យតែពួកគាត់ដោះដូរទៅតំបន់ថ្មី គឺមិនទទួលបាននូវការធានាណាឱ្យជាក់លាក់ពីរដ្ឋឡើយ។ នៅក្នុងយន្ដការហ្នឹង យើងត្រូវគិតតាំងពីមុខរបរ ការអប់រំរបស់ក្មេង ផ្សារ ទាំងអស់ហ្នឹងដែលជាតម្រូវការពួកគាត់ប្រចាំថ្ងៃ ហើយរដ្ឋគិតទៀតថាមុននឹងឱ្យពលរដ្ឋផ្លាស់ប្ដូរទីលំនៅ រដ្ឋត្រូវតែរៀបចំឱ្យរួចរាល់សិន ចាំឱ្យពលរដ្ឋចាកចេញ។ និយាយរួមទៅគឺមានយន្ដការច្រើនណាស់ដែលរដ្ឋគួរតែឱ្យមកអនុវត្ដ»។

តំបន់រមណីយដ្ឋានអង្គរត្រូវបានរដ្ឋាភិបាល​កំពុង​រៀងចំឡើងវិញ ដោយតម្រូវឱ្យពលរដ្ឋដែលរស់​នៅ​តំបន់ការពារមួយនេះ​ ​ប្តូរទៅ​នៅតំបន់អភិវឌ្ឍន៍​រុន​តាឯក ក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដោយ​ក្នុង​១គ្រួសារ​ ពលរដ្ឋទទួល​បាន​ដីមួយឡូត៍ ​មានទំហំ ទទឹង២០ម៉ែត្រ ​និងបណ្តោយ ​៣០​ម៉ែត្រ ដោយមានប្រជាពលរដ្ឋរាប់ពាន់គ្រួសារបានស្ម័គ្រចិត្តទទួលយកសំណងនេះរូចរាល់ផងដែរ៕