អនុប្រធានគណបក្សភ្លើងទៀនដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស លោក ថាច់ សេដ្ឋា ស្នើ​តុលាការ​កំពូល​បដិសេធ​ដីកាសម្រេច​ឃុំ​ខ្លួនរបស់​ចៅក្រម​ស៊ើប​សួរ​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពី​បទ​ញុះញង់​ និងស្នើ​ឱ្យ​ដោះលែង​រូបលោក​មាន​សេរីភាព​។ ការស្នើនេះគឺតាមរយៈ​សារ​ណា​ការពារ​របស់​ លោក ថាច់ សេដ្ឋា ដែល​បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូលដែល Newsroom​​​​ Cambodia ទទួលបាន។

លោក​​ ​​​​​ថាច់ សេដ្ឋា បាន​រៀបរាប់​ក្នុងសារ​ណា​ការពារ​នោះថា​ លោក​មិនសុខ​ចិត្ត​នឹង​ការសម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ទេ​ ទើប​លោក​ផ្ដល់​សិទ្ធិ​ឱ្យ​មេធាវី​ប្ដឹង​ឧទ្ធរណ៍​ និង​ដីកា​សម្រេច​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន។​

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ ដែល​បាន​ជាប់​ពន្ធ​ធនាគារ​ជិត៦​ខែ​រូប​នេះ​​បានដាក់សារណាការពារទៅតុលាការកំពូល នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ថាលោកបានជួបជាមួយពលករខ្មែរនៅប្រទេសកូរ៉េ សំណេះសំណាលអំពីនយោបាយ និងប្រវត្តិសាស្ត្រកម្ពុជា។ លោកបន្ថែមថាលោកគ្មានចេតនា និងមិនបានញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម មិនបានញុះញង់ឱ្យមានការរើសអើង ដូច ការចោទប្រកាន់របស់តំណាងអយ្យការនោះទេ។

លោកបន្តក្នុងសារណាការពារនោះថា៖ « ខ្ញុំបាទមានតួនាទីជាអនុប្រធានគណបក្សភ្លើងទៀន។ ខ្ញុំបានចុះជួបសំណេះសំណាលជាមួយសកម្មជនគណបក្សភ្លើងទៀន និងប្រជាពលរដ្ឋដែលគាំទ្រគណបក្សភ្លើងទៀន ជាសាធារណៈនៅទូទាំង២៥រាជធានី ខេត្តទូទាំងប្រទេស។ ខ្ញុំទទួលបានការគោរពស្រឡាញ់ពីសកម្មជន និងប្រជាពលរដ្ឋរាប់លាននាក់ ដែលគាំទ្រគណបក្សភ្លើងទៀន។ ខ្ញុំនឹងមិនរត់ចោលគណបក្សភ្លើងទៀនមិនរត់ចោលសកម្មជន និងប្រជាពលរដ្ឋរាប់លាននាក់ដែលគោរព និងស្រឡាញ់ខ្ញុំឡើយ»។

លោកបន្ថែមថា ការចូលរួមក្នុងសកម្មភាពនយោបាយ លោកមានសិទ្ធិនិយាយពីនយោបាយ និយាយពីប្រវត្តិសាស្ត្រ ហើយដែលសិទ្ធិទាំងអស់នេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់ជាតិ និងធានាដោយច្បាប់អន្តរជាតិផងដែរ។

 លោកថា៖ «ខ្ញុំបាទក៏មានតួនាទី ជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម។ ខ្ញុំបានចាត់ចែងការងារ សហគមន៍ខ្មែរកម្ពុជាក្រោមនៅកម្ពុជា។ ខ្ញុំនឹងមិនរត់គេចខ្លួន ចោលសហគមន៍ខ្មែរកម្ពុជាក្រោមឡើយ»។

លោកបង្ហាញថា លោកនឹងមិនបង្កបញ្ហាអ្វីដែលបណ្ដាលឱ្យមានការរាំងស្ទះ ដល់នីតិវិធីរបស់តុលាការ ឡើយ។ ក្នុងករណីតុលាការដោះលែងលោកឱ្យនៅក្រៅឃុំ។

លោកបញ្ជាក់ថា៖« ខ្ញុំបាទ មានបញ្ហាសុខភាព បេះដូង(ខ្លាញ់រុំបេះដូង) លើសឈាម ឡើងជាតិស្ករឡើងជាតិអាស៊ីដត្រូវការការព្យាបាលជាប្រចាំ ដូចនេះបញ្ហាសុខភាព ខ្ញុំមិនអាចរត់គេចខ្លួនបានឡើយ»។

មេធាវីការពារក្តីរបស់លោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ប្រាប់ Newsroom​ Cambodia នៅថ្ងៃទី៨ ខែមិថុនា ថាសារណាការពារខាងលើជាការដាក់ជូនតុលាការកំពូលដើម្បីទាមទារឱ្យតុលាការជាន់ខ្ពស់នេះបដិសេធដីកាឃុំខ្លួន និងស្នើឱ្យដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាព ដែលលោកថាតុលាការកំបូលនឹងបើកសវនាការលើបណ្តឹងសាទុក្ខរបស់លោក ថាច់ សេដ្ឋា  នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ។

លោកថ្លែងថា៖«ជាការបដិសេធការឃុំខ្លួនដើម្បីឱ្យដោះលែងលោក ថាច់ សេដ្ឋា ដែលការបើកសវនាការជំនុំជម្រះនឹងប្រព្រឹត្តទៅនៅថ្ងៃ១២ ថ្ងៃចន្ទ  សប្ដាហ៍ក្រោយហ្នឹង»

គួរបញ្ជាក់ថា កាលពីថ្ងៃ​ទី១៤ ខែមករា ឆ្នាំ២០២៣ លោក សេង ហៀង ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​​​លោក ​ថាច់​ សេដ្ឋា​ ពីបទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​» និង​«ញុះញង់​ឱ្យ​មាន​ការ​រើសអើង​» ពាក់​ព័ន្ធនឹង​ការ​ជួប​សំណេះ​សំណាល​របស់លោក ថាច់ សេដ្ឋា ជាមួយ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ ដែលនៅពេលនោះអនុប្រធានគណបក្សភ្លើងទៀនរូបនេះបាន​ថ្លែងសារពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ​សាស្រ្ដ​ប្រទេស​កម្ពុជា​៕