ក្រុមយុវជនស្ម័គ្រចិត្តមានដែលឈ្មោះថា និស្សិតបា្លស្ទិក បាននាំគ្នាសម្អាតកាកសំណល់ដែលកកស្ទះជាច្រើនខែនៅតាមប្រឡាយនានា ក្នុងរាជធានីភ្នំពេញ ដើម្បីសោភ័ណភាពទីក្រុងស្អាត និងបំផុសស្មារតីពលរដ្ឋយកចិត្តទុកដាក់គ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ។
ស្ថាបនិកក្រុម និស្សិតបា្លស្ទិក យុវជន ហែម សុភេម វ័យ ២១ឆ្នាំប្រាប់ Newsroom Cambodia ថា មូលហេតុដែលលោកកៀរគរយុវជនប្រមូលសំរាមតាមដងប្រឡាយក្នុងរាជធានីភ្នំពេញនេះ ដោយលោកបារម្ភពីផលប៉ះពាល់បរិស្ថាន ក្រោយពេលមានកាកសំណល់កកស្ទះជាច្រើនខែ នៅតាមដងប្រឡាយទាំងនោះ។ មួយវិញទៀតលោកថា សកម្មភាពក្រុមរបស់លោក គឺជាគំរូមួយដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់គិតគូរពីបញ្ហាបរិស្ថាន ដែលលោកចាត់ទុកថាជាការទទួលខុសត្រូវរួមរបស់ពលរដ្ឋគ្រប់ៗរូបក្នុងសង្គម។
លោកសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួននៅតែមានទម្លាប់ចោលសំរាមនៅទីសាធារណៈ ពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់សោភ័ណភាពក្នុងរាជធានីភ្នំពេញ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោកថា៖ «ខ្ញុំមើលឃើញថា ប្រជាពលរដ្ឋយើង ឬក៏យុវជនយើងមួយចំនួនគាត់មានទម្លាប់មួយ ចោលសំរាមផ្តេសផ្តាស។ ហេតុហ្នឹងហើយដែលខ្ញុំចាប់ផ្តើមធ្វើសកម្មភាពដើម្បីកែប្រែទម្លាប់ពួកគាត់ មនុស្សមួយចំនួនហ្នឹង! មិនមែនតិចទេ គឺច្រើន»។
បើតាមលោក ហែម សុភេម ប្រឡាយដែលក្រុមរបស់លោក បានរួមគ្នាសម្អាត នាពេលកន្លងមក រួមមាន ប្រឡាយនៅបឹងសាឡាង ប្រឡាយនៅតំបន់បឹងទំពុន ប្រឡាយនៅម្តុំស្ពានអាកាសស្ទឹងមានជ័យ និងប្រឡាយនៅម្តុំផ្សារទួលសង្កែ ជាដើម។ លោកបន្ថែមថា ការសម្អាតនេះមានយុវជនចូលរូមជាមធ្យមចំនួន៥នាក់ ហើយមានសកម្មភាពសម្អាតជារៀងរាល់ចុងសប្តាហ៍។
យុវជនវ័យ ២១ឆ្នាំរូបនេះ ប្រាប់ថា ការចុះទៅក្នុងប្រឡាយលូទឹកស្អុយទាំងនោះ ក៏បង្កក្តីបារម្ភពីផលប៉ះពាល់សុខភាពសម្រាប់រូបលោក និងសមាជិកផ្សេងទៀតផងដែរ។ លោកថាក្រុមរបស់លោកក៏កំពុងខ្វះកម្លាំងដើម្បីចូលរួមប្រមូលសំរាមក្នុងប្រឡាយ ដោយការសម្អាតមានច្រើនទីតាំង ចំណែកទំហំនៃកាកសំណល់វិញក៏មានច្រើនដែរ។ ដូចនេះលោកថា ត្រូវចំណាយពេលវេលាកាន់តែយូរដើម្បីប្រមូលសំរាមនៅតាមប្រឡាយនីមួយៗ។
លោកថ្លែងថា៖ «បញ្ហាប្រឈមរបស់យើងគឺសុខភាព យើងបារម្ភពីសុខភាព។ យើងចុះនៅក្នុងប្រឡាយលូទឹកស្អុយផ្ទាល់ ហើយយើងដឹងហើយ តែចុះទឹកត្រូវប្រលាក់ទឹក ហើយទឹកស្អុយ។ ទឹកហ្នឹងមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ មិនថាស្អីៗអ្វីៗដែលយើងមិនដែលស្រមៃក៏យើងបានប៉ះវាដែរ»។
កាលពីដើមឆ្នាំ២០២១ រដ្ឋាភិបាលបានធ្វើកំណែទម្រង់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព» ដោយដាក់បញ្ចូលកិច្ចការថែរក្សាបរិស្ថាន ដើម្បីគ្រប់គ្រងសំរាមថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ។ តាមរយៈគោលនយោបាយថ្មីនេះ រដ្ឋាភិបាលរំពឹងថានឹងជំរុញឱ្យមានការដោះស្រាយបញ្ហាកាកសំណល់គ្រប់ប្រភេទនៅទូទាំងប្រទេស។
យ៉ាងណាក្តី សម្រាប់ស្ថាបនិកក្រុម និស្សិតបា្លស្ទិក សង្កេតឃើញថា ឥរិយាបថទុកដាក់កាកសំណល់របស់ប្រជាពលរដ្ឋនៅតែជាបញ្ហាប្រឈមដដែល។ លោកបានចាត់ទុកថា ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈ ដោយមិនវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ គឺជាការបំផ្លាញកិត្តិយសប្រទេសជាតិរបស់ខ្លួនឯង។
លោកនិយាយថា៖ «នៅពេលដែលអ្នកចោលទៅកាន់ប្រឡាយលូ ឬ [កន្លែង] សាធារណៈហ្នឹង គឺពេលនោះអ្នកគឺជាសំរាម ដែលគួរឱ្យខ្ពើមនៅក្នុងសង្គមជាតិហ្នឹង ពីព្រោះយើងចោលសំរាមតែម្នាក់ ហើយគេមើលងាយមកគេថាខ្មែរ។ ខ្មែរហ្នឹងគឺគាត់ហ្នឹង តែយើងក៏ខ្មែរដែរ! ខ្ញុំអត់បានចោល! ខ្ញុំខ្មែរដែរ ពេលដែលគាត់ចោលគេមើលងាយខ្មែរ គឺមើលងាយទាំងអស់គ្នា អ៊ីចឹងមានន័យថា គាត់បំផ្លាញមុខមាត់ខ្មែរ មុនមាត់ប្រទេសជាតិ»។
បើតាមគេហទំព័រ របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថា UNDP បង្ហាញថា នៅរាជធានីភ្នំពេញ មានថង់ប្លាស្ទិកប្រហែល១០លានថង់ត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃ។ ដោយឡែក ប្លាស្ទិកត្រូវបានរកឃើញថា បង្កផលប៉ះពាល់ដល់បរិស្ថាន សេដ្ឋកិច្ច សុខភាពរបស់មនុស្ស ដែលឱ្យកើតមានជំងឺមហារីក មានពិការភាពពីកំណើត ជំងឺរលាកពោះវៀន និងជំងឺផ្លូវដង្ហើម ជាដើម។
សមាជិកក្រុម និស្សិតប្លាស្ទិក ម្នាក់ គឺយុវជន សំ ធូស៊ីដេ វ័យ១៩ឆ្នាំកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគីមីវិទ្យា នៅសាកលវិទ្យាល័យភូមិន្ធភ្នំពេញ ប្រាប់ថា លោកស្គាល់ក្រុម និស្សិតប្លាស្ទិក តាមរយៈបណ្តាញសង្គម និងបានស្ម័គ្រចិត្តចូលរួមរើសសំរាមនៅក្នុងប្រឡាយទឹកស្អុយជារៀងរាល់ចុងសប្តាហ៍។ យុវជនរូបនេះសង្កេតឃើញថា ពលរដ្ឋភាគច្រើនរស់នៅជិតដងប្រឡាយទឹកស្អុយ បាននាំគ្នាយកសំរាមទៅបោះចូលក្នុងប្រឡាយ ដែលបណ្តាលឱ្យបិទចរន្តទឹក បង្កជាទឹកជន់លិចផ្ទះ និងជះក្លិនស្អុយដល់ប្រជាពលរដ្ឋផ្សេងៗទៀត។
យុវជនរូបនេះ ចង់ឃើញប្រជាពលរដ្ឋចាត់ទុកបញ្ហាបរិស្ថាននេះ ជាបញ្ហារួមដែលត្រូវដោះស្រាយ ដោយចាប់ផ្តើមពីបុគ្គលម្នាក់ៗក្នុងសង្គម។
លោកថា៖ «ចង់សំណូមពរ [ប្រជាពលរដ្ឋ] ចោលសំរាមទុកដាក់សំរាមឱ្យបានត្រឹមត្រូវដោយសារតែយើងមានក្រុមហ៊ុនប្រមូលសំរាមតាមផ្ទះ។ គ្រាន់តែទុកសំរាមឱ្យបានត្រឹមត្រូវទៅ ក្រុមហ៊ុនគេមកយកហើយ។ យើងកុំចោលពាសវាលពាសកាល អាហ្នឹងជាទម្លាប់អាក្រក់មួយអត់ល្អ។ កាលណាយើងចាប់ផ្តើមពីបុគ្គលម្នាក់ៗទៅ ប្រទេសយើងនឹងស្អាតទៅថ្ងៃអនាគត»។
ជុំវិញសកម្មភាពនេះ ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ លោក គាត រង្សី សាទរចំពោះក្រុមយុវជន និស្សិតប្លាស្ទិក ដែលតែងតែសកម្មក្នុងការសម្អាតបរិស្ថាននេះ។ លោកបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់យកគំរូតាមសកម្មភាពស្ម័គ្រចិត្តមួយនេះ ដើម្បីដោះស្រាយបញ្ហាសំរាម ហើយថា រដ្ឋាភិបាលក៏បានប្រឹងប្រែងដាក់ចេញយន្តការជាបន្តបន្ទាប់ដើម្បីឱ្យទីក្រុងស្អាតផងដែរ។
លោកថា៖ «បងប្អូនយើងទាំងអស់មិនមែនតែ និស្សិតប្លាស្ទិចទេ ខ្ញុំចង់បញ្ជាក់! ដែលចូលរួមឱ្យប្រទេសយើងស្អាត ឱ្យរាជធានីយើងស្អាត គឺគាត់មានសិទ្ធិចូលរួមទាំងអស់គ្នា ហើយមិនមែនតែប្រទេសយើងទេ ប្រទេសណាក៏គេចូលរួមសម្អាតប្រទេសគេ។ គេចាត់ទុកប្រទេសគេដូចជាផ្ទះគេដែរ។ ខ្ញុំយល់ថា គាត់ [និស្សិតប្លាស្ទិក] កំពុងអនុវត្តតួនាទីមួយគឺជាប្រជាពលរដ្ឋល្អ»។
បន្ថែមលើនេះ លោក គាត រង្សី បន្តថា ដើម្បីជំរុញឱ្យរាជនីធានីភ្នំពេញមានបរិសា្ថនស្អាត រដ្ឋាភិបាល ក៏បានធ្វើកំណែទម្រង់ ដោយដាក់ក្រុមហ៊ុនប្រមូលសំរាមក្នុងរាជធានីភ្នំពេញបច្ចុប្បន្ននេះ មាន៣ក្រុមហ៊ុន ដើម្បីពន្លឿនការប្រមូលសំរាម។ ជាមួយគ្នានេះ លោកថាអាជ្ញាធរតែងតែអប់រំប្រជាពលរដ្ឋឱ្យបានយល់ដឹងពីបញ្ហាបរិស្ថាននៅតាមមូលដ្ឋានជារឿយៗផងដែរ។
គេហទំព័រ របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ មានក្រុមហ៊ុនចំនួន៣ រួមមាន ក្រុមហ៊ុនស៊ិនទ្រី (Cintri Cambodia), ក្រុមហ៊ុន800 ស៊ូបភើ (800 Super) និង ក្រុមហ៊ុន ម៉ិស៊ូដា គ្រុប( Mizuda Group Co,ltd) កំពុងទទួលបន្ទុកប្រមូល និងដឹកជញ្ជូនសំរាមចេញពីរាជធានីភ្នំពេញ។
បើតាម យុវជន ហែម សុភេម ដែលជា ស្ថាបនិកក្រុម និស្សិតប្លាស្ទិក បានឱ្យដឹងថា លោកបានបង្កើតក្រុមយុវជនស្ម័គ្រចិត្តផ្នែកសម្អាតបរិស្ថាននេះនៅខែមិថុនា ឆ្នាំ២០២២។ លោកថា គោលបំណងដែលបង្កើតក្រុមនេះឡើង គឺលោកចង់បណ្តុះសា្មរតីស្រលាញ់បរិស្ថានចំពោះពលរដ្ឋ ដោយផ្តើមពីយុវជន ជាពិសេសនិស្សិតទាំងនៅតាមសាលារដ្ឋ និង៝ឯកជន តាមរយៈការប្រមូលផ្តុំគ្នារើសសំរាម នៅទីតាំងសាធារណៈ នានា។
ក្រៅពីធ្វើសកម្មភាពដោយផ្ទាល់នៅទីសាធារណៈក្នុងរាជធានីភ្នំពេញរួចហើយ ក្រុមយុវជនដែលសកម្មសម្អាតបរិស្ថានមួយនេះ បានផលិតជាវីឌីអូខ្លីៗ ផ្សព្វផ្សាយលើទំព័រហ្វេសបុករបស់ខ្លួន មានឈ្មោះថា និស្សិតប្លាស្ទិក Nisset Plastic ដើម្បីបញ្ជ្រាបការ ការយល់ដឹងពីបញ្ហាបរិស្ថានដល់អ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ៕