សហគមន៍ព្រៃឈើនិងសកម្មជនបរិស្ថានសង្ឃឹមថាបញ្ហាបទល្មើសព្រៃឈើនឹងមិនកើតមានបន្តទៀត ក្រោយ លោក ហ៊ុន សែន បញ្ជាដល់មន្រ្តីថ្នាក់ក្រោមឱ្យចុះបង្រ្កាបបទល្មើសការកាប់ទន្រ្ទានព្រៃឈើជាបន្ទាន់នោះ។

កាលពីថ្ងៃទី៦ ខែមិថុនា​ ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ថ្មី​នៃ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា និង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​សិស្ស​ចៅក្រម សិស្ស​ក្រឡាបញ្ជី សិស្ស​អាជ្ញាសាលា និង​សិស្ស​សារការី ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជាស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យមន្ត្រីថ្នាក់ក្រោមជាតិនិង​អ្នកមាន​អំណាច​មួយ​ចំនួន​ដែល​ប្រើ​ពលរដ្ឋឱ្យកា​ប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឆាប់ដកខ្លួន​ចេញ​ភ្លាម កុំ​អាង​ជិត​បោះ​ឆ្នោត​មក​ដល់នាំ​គ្នា​ធ្វើ​ឱ្យ​មាន​បញ្ហាកើតឡើងបែបនេះ។ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថាការ​កាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​មិន​មាន​តែ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​មាន​មន្ត្រី និង​អ្នកធំ​ អ្នកមានលុយនៅ​ពីក្រោយ​ខ្នងផង​ដែរ ដោយ​ពួក​គេ​បាន​ប្រើ​ពលរដ្ឋ​ឱ្យ​ទៅ​កា​ប់​ទន្ទ្រានយកដីរដ្ឋ ដូច្នេះរដ្ឋាភិបាលនឹងមិនអត់ឱនឱ្យជនខិលខូចទាំងនោះជាដាច់ខាត។

លោកថា៖«ពួកខិលខូចបានចាប់ផ្តើមធ្វើសកម្មភាពក្នុងការទន្ទ្រានកាប់យកដីធ្លីរបស់រដ្ឋដែលជាធនធានសម្បត្តិធនធានរបស់ជាតិ យើងតែងសង្កេតឃើញថាជារៀងរាល់ពេលឱ្យតែមានការបោះឆ្នោតខិតជិតមក អំពើល្មើសច្បាប់ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើនិងកាត់យកទន្ទ្រានព្រៃឈើនិងយកដីគឺតែងតែកើតមាន»។

លោកហ៊ុន សែន បន្ថែមថា៖«ចាត់វិធានការជាបន្ទាន់បញ្ជូនកម្លាំងដើម្បីបង្ក្រាបនូវភាពអនាធិបតេយ្យក្នុងការកាប់ទន្ទ្រានយកដីព្រៃយកដីកាប់បំផ្លាញព្រៃឈើដើម្បីយកដីធ្លីត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ ដោយមិនពន្យារពេលហើយកិច្ចការងារនេះត្រូវធ្វើដូចភ្លៀងរលឹម មិនអាចឱ្យកើតឡើងសាជាថ្មីដើម្បីបំផ្លាញទៅដល់ព្រៃនិងដីធ្លីរបស់រដ្ឋនោះឡើយ»។

បណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែងលោក ខេង ខូ យល់ឃើញថាអនុសាសន៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យមន្រ្តីថ្នាក់ក្រោមជាតិនិងមន្រ្តីបរិស្ថានផ្ទាល់ចុះអនុវត្តវិធានការបង្រ្កាប និងទប់ស្កាត់បទល្មើសព្រៃឈើនៅតាមតំបន់ការពារបែបនេះលោកហាក់មិនទាន់មានក្តីសង្ឃឹមប៉ុន្មាននោះទេដោយលោកបញ្ជាក់ថាមន្រ្តីថ្នាក់ក្រោមជាតិរបស់រដ្ឋាភិបាលមួយចំនួនធ្វើបានតែមួយភ្លែតឬអាចធ្វើតែអំឡុងរដូវកាលបោះឆ្នោតខិតជិតមកដល់តែប៉ុណ្ណោះ។ លោកបន្តថាដើម្បីឱ្យសហគមន៍ព្រៃឈើនិងសកម្មជនការពារបរិស្ថានមានក្តីសង្ឃឹមយ៉ាងមុតមាំមែននោះមន្រ្តីថ្នាក់ក្រោមជាតិត្រូវអនុវត្តតាមអនុសាសន៍រាជរដ្ឋាភិបាលចុះទប់ស្កាត់និងបង្រ្កាបបទល្មើសធ្វើឱ្យដូចភ្លៀងរលឹមនោះសហគមន៍ជឿថាបទល្មើសព្រៃឈើនិងមិនកើតមានតទៅទៀត។

លោកថា៖«ខ្ញុំមិនទាន់មានក្តីសង្ឃឹមថាយ៉ាងម៉េចទេ ក្រែងលោមន្រ្តីថ្នាក់ក្រោមជាតិគាត់ធ្វើគ្រាន់តែល្អមើលមួយប្រាវទៅ [មួយភ្លែត] អំឡុងពេលបោះឆ្នោត ដល់ពេលឈប់បោះឆ្នោតគាត់អត់អនុវត្តច្បាប់ទៀតធ្វើម៉េច»

លោកបន្ថែមថា៖«មន្រ្តីជាអ្នកបម្រើប្រជាពលរដ្ឋ អ្នកបម្រើព្រៃឈើ អ្នកការពារព្រៃឈើការពារធនធានធម្មជាតិបើគាត់មិនគោរពតាមអនុសាសន៍សម្តេចមិនដឹងធ្វើម៉េច!»

បុរសវ័យ ៥០ឆ្នាំ ជាអ្នកភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រូបនេះ បន្ថែមទៀតថាអនុសាសន៍របស់រាជរដ្ឋាភិបាលពិតជាល្អសម្រាប់ការអនុវត្តនូវការបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើនៅប្រទេសកម្ពុជា។ លោកបន្ថែមថាប្រសិនបើមន្រ្តីថ្នាក់ក្រោមជាតិបានអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំមែននោះ បញ្ហាបទល្មើសព្រៃឈើនៅកម្ពុជាលែងជាក្តីកង្វល់របស់សហគមន៍ និងលែងជាបញ្ហាតទៅទៀតហើយ។

លោក ខេង ខូ និយាយថា៖«ខ្ញុំគិតថាល្អ។ យើងការពារព្រៃឈើដើម្បីសម្បត្តិរដ្ឋទាំងអស់គ្នា ព្រោះអីព្រៃឈើមិនមែនជារបស់នរណាតែម្នាក់ទេ។ ប្រសិនបើមន្រ្តីថ្នាក់ក្រោមបានធ្វើដូចភ្លៀងរលឹមតាមសេចក្តីប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ខ្ញុំថាព្រៃឈើនឹងមិនបាត់បង់ហើយនឹងមានការកើនឡើងវាអាចនឹងដុះបន្តបន្ទាប់ឡើងវិញ»

បើយោងតាមរបាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា ចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដែលជាពេលប្រជាជនកម្ពុជាឈប់សម្រាករីករាយក្នុងពិធីបុណ្យចូលឆ្នាំ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ ករណីបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន១១៥ហិកតា ដែលរកឃើញដោយ​ប្រព័ន្ធ​ជូន​ដំណឹង។

មិនខុសគ្នានេះដែរ បណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំគឺលោក ហឿន សុភាព លើកឡើងដែរថាដើម្បីធានាអំពីប្រសិទ្ធភាពក្នុងការទប់ស្កាត់និងការបង្រ្កាបបទល្មើសឱ្យបានកាន់តែល្អប្រសើរជាងនេះ រដ្ឋាភិបាលគួរតែឱ្យមន្រ្តីថ្នាក់ក្រោមនិងមន្រ្តីបរិស្ថានផ្ទាល់ត្រូវចុះល្បាតព្រៃឈើឱ្យបានទៀងទាត់និងជាប្រចាំ។ លោកបន្តថាមន្រ្តីថ្នាក់ក្រោមមិនមែនចាំតែរដ្ឋាភិបាលប្រកាសក្តែងៗឬចាំទាល់តែជិតរដូវកាលបោះឆ្នោតទើបចេញមកបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើនោះទេ។

លោកថា៖«ខ្ញុំគិតថាសម្តេចនាយករដ្ឋមន្រ្តីគួរតែចាត់វិធានការខ្ពស់ទៅលើស្ថានភាពទាំងអស់នេះដោយឱ្យមន្រ្តីថ្នាក់ក្រោមជាតិឬក៏ក្រសួងផ្ទាល់តែម្តងគឺថាត្រូវតែចុះទៅមើលស្ថានភាពជាក់ស្តែងនៅតំបន់ការពារក្នុងប្រទេសកម្ពុជាទាំងមូលតែម្តង ដើម្បីធានាថាព្រៃឈើអត់មានការកាប់ទន្រ្ទាន អាហ្នឹងបានមានប្រសិទ្ធភាព»។

លោកបន្ថែមថា៖«ទោះបីនាយករដ្ឋមន្រ្តីស្រែកប៉ុណ្ណាក៏យើងឃើញថាចំណាត់ការនេះគឺវានៅតែមានរហូតការកាប់បំផ្លាញព្រៃឈើ។ អ៊ីចឹងសុំឱ្យចុះទៅផ្ទាល់តែម្តងដើម្បីមើលពីស្ថានភាពបទល្មើស»។

ជាអ្នកភូមិស្រែចឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បុរសវ័យ ៤៦ឆ្នាំរូបនេះមានប្រសាសន៍បន្ថែមថាដើម្បីឱ្យបញ្ហាបទល្មើសព្រៃឈើលែងបន្តកើតមាន រដ្ឋាភិបាលខ្លួនឯត្រូវតែបិទអាជីកម្មកាប់ឈើទាំងអស់នៅស្រុកខ្មែរនិងបិទច្រកនាំចេញឈើខុសច្បាប់ ជាពិសេសដកហូតសិទ្ធិក្រុមហ៊ុនកាប់ឈើនៅជុំវិញតំបន់ព្រៃការពារទាំងអស់។ លោកបន្ថែមថាមន្រ្តីមានអំណាចនិងអ្នកមានលុយកាក់មួយចំនួនត្រូវតែចាប់មកផ្តន្ទាទោសពួកគេប្រសិនបើរកឃើញថាមានជាប់ទាក់ទងនឹងបញ្ហាកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋ។

លោក ហឿន សុភាព និយាយថា៖«ខ្ញុំគិតថាទាល់តែសម្តេចបិទច្រកនាំចេញឈើទៅក្រៅប្រទេស ឬក៏ធ្វើការរឹតបន្តឹងលើគោលការណ៍ច្បាប់ឱ្យខ្លាំងទាក់ទងនឹងអ្នកដែលជួញដូរព្រៃឈើតែម្តង»។

លោកបន្ថែមថា៖«អ្នកមានលុយមានអំណាចមួយចំនួនដែលគាត់ធ្វើឈើកាប់បំផ្លាញព្រៃឈើហ្នឹងគឺហាក់ដូចជាមិនទាន់មានទោសទណ្ឌធ្ងន់ធ្ងរដែលផ្តន្ទាទោសដោយព្រះរាជអាជ្ញាឬក៏តុលាការនោះទេ»។

បន្ថែមពីនេះ សកម្មជនបរិស្ថានលោក សាន់ ម៉ាឡា លើកឡើងថាកន្លងមកប្រមុខរដ្ឋាភិបាលជាពិសេសសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង តែងតែប្រកាសជារើយៗអំពីវិធីសាស្រ្តទប់ស្កាត់បទល្មើសព្រៃឈើ។ លោកបន្តថារដ្ឋាភិបាលក៏ធ្លាប់បង្កើតយន្តការនិងក្រុមការងារពិសេសដូចជាគណៈកម្មការជាតិទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិផងដែរ ប៉ុន្តែឃើញថាការកាប់បំផ្លាញព្រៃឈើនៅតែកើតមានជាហូរហែ។

លោកបន្ថែមថា៖«ខ្ញុំយល់ឃើញថាមានតែបើកទូលាយឱ្យអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋមូលដ្ឋាននិងអ្នកការពារព្រៃឈើបានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលទេ ទើបអាចធានាអំពីប្រសិទ្ធភាព គុណភាពនឹងបញ្ចប់បទល្មើសព្រៃឈើនៅប្រទេសកម្ពុជាយើងបាន»។

យ៉ាងណាមិញ សកម្មជនបរិស្ថានដែលតែងតែឃ្លាំមើលនិងចុះតាមដានអំពីបញ្ហាបទល្មើសព្រៃឈើរូបនេះស្នើទៅមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវតែអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញយ៉ាងកំហិតទៅដល់មន្រ្តីថ្នាក់ក្រោមឱ្យអនុវត្តច្បាប់និងចាប់ជនល្មើសណាមានជាប់ពាក់ព័ន្ធបញ្ហាកាប់ទន្រ្ទានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។

លោកសាន់ ម៉ាឡា ស្នើថា៖«ត្រូវមានការអនុវត្តច្បាប់ដោយមិនមានការលើកលែង ការដាក់ទោសទណ្ឌមន្រ្តីថ្នាក់ក្រោម ការស៊ើបអង្កេតរកមេខ្លោងពិតប្រាកដនៅពីក្រោយមកផ្តន្ទាទោស ជាពិសេសបើកទូលាយឱ្យសាធារណជនចួលរួមចំណែកការពារ ទើបជាវិធីសាស្រ្តយូរអង្វែងនិងប្រកបដោយប្រសិទ្ធភាព»។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងលោក ម៉ែន គុង  ឆ្លើយតបថាជាគោលការណ៍មន្រ្តីជំនាញមិនឱ្យមានភាពអសកម្មណាមួយពាក់ព័ន្ធបញ្ហាការកាប់ទន្រ្ទានដីព្រៃដែលខុសច្បាប់និងការធ្វើឱ្យប៉ះពាល់ធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិ មរតកនៅក្នុងប្រទេសកម្ពុជានៅខាងខេត្តស្ទឹងត្រែងនោះទេ។ លោកបន្តថាមន្រ្តីជំនាញថ្នាក់ក្រោមជាតិបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងចុះបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើជាហូរហែដោយរួមសហការជាមួយមន្រ្តីមានសមត្ថកិច្ចនិងពលរដ្ឋមួលដ្ឋានរហូត។

លោកបន្ថែមថា៖«ជាការពិតយើងខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចជំនាញ មន្រ្តីជំនាញទាំងអស់រួមទាំងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើងនឹងទទួលបានជោគជ័យ»។

ចំណែក ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភីរ៉ុង និងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំលោក តុប កក្កដា មិនអាចសុំការបកស្រាយជុំវិញរឿងនេះបានទេ ដោយទូរសព្ទចូលលោកទាំងពីរប្រាប់ថារវល់ប្រជុំ។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា អភិបាលខេត្តកំពង់ធំលោក ងួន រតនៈ និងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោក ស៊ុង ច័ន្ទសុជាតិ ក៏មិនអាចសុំការបកស្រាយបានទេ នៅថ្ងៃទី១០ មិថុនា ដោយទូរសព្ទចូលជាច្រើនដង គ្មានអ្នកទទួល។

យ៉ាងណាមិញ ប្រធានកម្មវិធីផ្នែកស្រាវជ្រាវនិងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង យល់ឃើញថាអនុសាសន៍របស់ថ្នាក់ដឹកនាំដាក់ចេញនេះគឺជាការក្រើនរំលឹកដល់មន្រ្តីថ្នាក់ក្រោមជាតិឱ្យអនុវត្តច្បាប់នៃការកាប់ទន្រ្ទានព្រៃឈើឱ្យបានល្អប្រសើរផងដែរ។ លោកបន្ថែមថាមន្រ្តីថ្នាក់ជាតិមួយចំនួនរង់ចាំតែអនុសាសន៍របស់ថ្នាក់ដឹកនាំទើបចេញអនុវត្តច្បាប់នេះជាការធ្វេសប្រហែសមួយដែលបណ្តាលឱ្យព្រៃឈើមួយចំនួននៅតំបន់ការពារត្រូវ​បានជនខិលខួចលួចចូលកាប់ទន្រ្ទានជាហូរហែ។

លោកថា៖«ជាការដាស់តឿនមួយដល់មន្រ្តីថ្នាក់ជាតិដែរថាច្បាប់ត្រូវតែអនុវត្តកុំឱ្យរង់ចាំតែបទបញ្ជាដែលជំរុញឱ្យមន្រ្តីថ្នាក់ក្រោមជាតិមានការផ្លាស់ប្តូរឥរិយាបទជាពិសេសរដ្ឋបាលខេត្តនានាធ្វើការផ្លាស់ប្តូរឥរិយាបទដែរកុំឱ្យរង់ចាំតែបទបញ្ជាលោកនាយករដ្ឋមន្រ្តី»។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២២ បង្ហាញ​ថា ព្រៃឈើចំនួន ៦ ២៧១ហិកតា ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួន២ ក្នុងនោះមាន​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច។

លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបទល្មើស ខណៈ​សកម្មភាពចុះទៅស៊ើប​អង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕