គ្រាដែលមានការព្យាករណ៍ថាសេដ្ឋកិច្ចសកលនឹងដាំក្បាលចុះក្នុងឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានពីវិបត្តិសេដ្ឋកិច្ចនៅកម្ពុជានឹងកើតមានឡើង ប្រសិនបើម្ចាស់បុរីសម្រេចរឹបអូសលំនៅឋានរបស់ប្រជាពលរដ្ឋណាដែលគ្មានលទ្ធភាពបង់ប្រាក់បន្ត។

ការព្រមាននេះ ក្រោយលោកទទួលបានដំណឹងថា មានក្រុមហ៊ុនសាងសង់លំនៅឋានមួយចំនួន បានរឹបអូសផ្ទះប្រជាពលរដ្ឋ បន្ទាប់ពីពួកគេលែងមានលទ្ធភាពបង់រំលស់បន្តទៀត។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ​ កម្មការិនីនៅខេត្តកំពង់ឆ្នាំ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមិថុនា  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​មានប្រសាសន៍ថា៖ «សេដ្ឋកិច្ចកម្ពុជានឹងដើរដល់ដំណាក់កាលមួយគ្រោះថ្នាក់ ហើយអ្នកដែលគ្រោះថ្នាក់គឺអ្នកដែលបង់រំលស់ដែលត្រូវបានគេរឹបអូស[ផ្ទះ]»។

ទាំងអ្នកស្រាវជ្រាវ និងលោកនាយករដ្ឋមន្រ្តី បានលើកឡើងដូចគ្នាថា ផលប៉ះពាល់នៃជំងឺកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើប្រទេសរុស្ស៊ី បានបណ្ដាលឱ្យប្រទេសជាច្រើនជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចរាប់ទាំងកម្ពុជាផងដែរ។

លោក​ បណ្ឌិត​ ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា មានប្រសាសន៍ថា បញ្ហាសកលនាពេលបច្ចុប្បន្ននេះ បានបន្ទច់បង្អាក់ពួកនាយទុនលើការសម្រេចចិត្តដាក់វិនិយោគក្នុងប្រទេសណាមួយ ដោយសារភាពមិនច្បាស់លាស់នៃច្រវ៉ាក់ផ្គត់ផ្គង់សកល និងការឡើងថ្លៃនៃតម្លៃប្រេងនិងឧស្ម័ន។

លោក វណ្ណៈ បានអះអាងពីការលើកឡើងរបស់មេដឹកនាំកម្ពុជាថា ទំនងសំដៅលើសុខភាពផ្លូវចិត្តរបស់ពលរដ្ឋដែលរងការប៉ះទង្គិចបន្ទាប់ពីលំនៅឋានពួកគេត្រូវបានរឹបអូស ដែលជំរុញឱ្យមានភាពវឹកវរក្នុងសង្គម។

លោក វណ្ណៈ និយាយថា៖ «ចឹងគាត់ខាតបង់ចឹងពេលហ្នុងគឺភាពវឹកវរនៅក្នុងស្មារតីការចំណាយផ្សេងៗទៀតរបស់គាត់ក៏ជាបញ្ហា។ ធ្វើឱ្យគាត់ខូចចិត្តខូចថ្លើម ធ្វើឱ្យគាត់ប៉ះពាល់ទៅដំណើរនៃការសន្សំសេដ្ឋកិច្ចគ្រួសារគាត់ហ្នឹងព្រោះវិបតិ្តវាកើតឡើងហើយនៅក្នុងគ្រួសារហ្នឹង។ អាហ្នឹងហើយដែលប្រមុខរដ្ឋាភិបាលលោកព្រួយបារម្ភ កើតឡើងទៅលើការងារសតិអារម្មណ៍។ ប៉ះពាល់ដល់ទៅស្ថានភាពមិនសប្បាយចិត្ត វឹកវរអន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈហ្នឹង»។

ពលរដ្ឋមួយរូបដែលប្រឈមនឹងការរឹបអូសលំនៅឋាន អ្នកស្រី នាង ណៃអ៊ឹម វ័យ៣៨ឆ្នាំ ប្រកបរបរបោះពុម្ពអាវនិងជាភ្នាក់ងារលក់អចលនទ្រព្យ និយាយថា ឥឡូវនេះប្រាក់ចំណូលរបស់នាងបានធ្លាក់ចុះយ៉ាងខ្លាំងពីជាង១ពាន់ដុល្លារមកនៅជិត៤០០ដុល្លារក្នុងមួយខែ។

អ្នកស្រី ណៃអ៊ឹម បញ្ជាក់ថា៖ «ខ្ញុំធ្លាក់ចំណូលទាំងអស់ ដីផ្ទះក៏ដោយគេលែងទិញអស់ហើយ ហើយបោះពុម្ពអាវក៏អត់សូវមានភ្ញៀវធ្វើដែរ»។

លោកនាយករដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីធានាឱ្យសេដ្ឋកិច្ចកម្ពុជាបន្តភាពរឹងមាំរបស់ខ្លួន លោកសុំទទូចឱ្យម្ចាស់ក្រុមហ៊ុនសាងសង់លំនៅឋានបុរីទាំងអស់ បញ្ឈប់ការរឹបអូសផ្ទះប្រជាពលរដ្ឋដែលគ្មានប្រាក់បង់បន្តទៀត និងណែនាំឱ្យរៀបចំឥណទានឡើងវិញ។ លោក ហ៊ុន សែន ក៏ស្នើឱ្យក្រុមហ៊ុនសាងសង់លំនៅឋានទាំងនោះផ្ដល់ប្រាក់ខ្លះត្រលប់ទៅវិញសម្រាប់ពលរដ្ឋដែលផ្ទះបានរឹបអូសរួចហើយ និងប្រគល់ផ្ទះជូនពួកគេវិញប្រសិនបើទើបតែរឹបអូសនាពេលថ្មីៗនេះ។

លោក ហ៊ុន សែន និយាយថា៖ «យើងត្រូវរៀបចំឥណទានឡើងវិញ ដូចថាពីដើមបង់១៥ឆ្នាំ ១ខែ៥០០ដុល្លារ ឥឡូវយើងទាញអូសបន្លាយឱ្យទៅបង់២០ឆ្នាំជាមួយនឹងការបន្ថយមកត្រឹមតែ៤០០ដុល្លារ ឬ៣៥០ដុល្លារក្នុងមួយខែវិញ។ ធ្វើយ៉ាងនេះបញ្ចៀសបាននូវការរឹបអូសភ្លាមៗដែលជារឿងឈឺចាប់មួយសម្រាប់អ្នកទិញអចលនទ្រព្យ»។

លោកនាយករដ្ឋមន្រ្តី បានចាត់ឱ្យមន្រ្តីជាន់ខ្ពស់កម្ពុជាចំនួន២រូបទទួលបន្ទុកលើការដោះស្រាយបញ្ហានេះ ក្នុងនោះមានលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច។ ក្រៅពីមន្រ្តីរដ្ឋាភិបាល លោក ​ហ៊ុន សែន ថែមទាំងបង្គាប់ឱ្យ

លោក លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា

ពិនិត្យមើលករណីនេះផងដែរ។

អ្នកស្រី ណៃអ៊ឹម ដែលទិញផ្ទះបង់រំលស់សុទ្ធនៅបុរីពិភពថ្មីឈូកវ៉ា១ និយាយថា

រយៈពេលប៉ុន្មានខែចុងក្រោយនេះ នាងបានព្យាយាមរិះរកប្រាក់ដើម្បីបង់ទៅម្ចាស់បុរី ដោយមានទាំងការដាក់បញ្ចាំទ្រព្យ។ យ៉ាងណាគិតត្រឹមថ្ងៃសុក្រនេះ អ្នកស្រីបានខកខានបង់ប្រាក់ចំនួន៣ខែ ដែលក្នុងកុងត្រាកំណត់ថា តម្រូវឱ្យប្រគល់ផ្ទះត្រលប់ទៅបុរីវិញ។ ក្រោយការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី  អ្នកស្រី ថា អាចមានលទ្ធភាពបង់ត្រឹមជាង២០០ដុល្លារក្នុងមួយខែ ដែលកាលមុនបង់ជិត៥០០ដុល្លារ។

អ្នកស្រី ណៃអ៊ឹម និយាយថា៖ «ខ្ញុំដាក់វត្ថុបញ្ចាំ[ម៉ូតូ] ដាក់ប្លង់ផ្ទះ[ប្លង់ផ្ទះបុរី]បញ្ចាំយកមកបង់បាន២ទៅ៣ខែហើយ។ លូវជំពាក់គេ២ខែទៀត [សុក្រនេះ៣ខែ]»។

អ្នកស្រី ណៃអ៊ឹម បន្តថា កាលពីឆ្នាំ២០១៩ នាងបានទិញផ្ទះបង់រំលស់សុទ្ធជាមួយបុរីពិភពថ្មីឈូកវ៉ា១ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលមានរយៈពេល១៧ឆ្នាំ និងបង់រំលស់៤៦៩ដុល្លារក្នុងមួយខែ។ អ្នកស្រីថា ផ្ទះនេះមានតម្លៃត្រឹម៤០៨៨០ដុល្លារ ប៉ុន្តែបង់រួចតម្លៃកើនឡើងដល់៩ម៉ឺន៥ពាន់ដុល្លារ។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងយ៉ាងខ្លីថា លោកកំពុងប្រជុំដើម្បីរកដំណោះស្រាយករណីនេះ។

លោកបញ្ជាក់ថា៖ «ខ្ញុំកំពុងធ្វើការចាត់ចែងហ្នឹងហើយខ្ញុំមិនរាយការណ៍ជូនប្អូនទេ ខ្ញុំមិនទាន់រាយការណ៍ជូនសម្ដេចផងនោះ»។

លោក លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា

មានប្រសាសន៍ថា ខាងសមាគមកំពុងសិក្សាករណីនេះ ខណៈមានម្ចាស់បុរីមួយចំនួនមិនមែនជាសមាជិកសមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា

នោះទេ។

កាលពីថ្ងៃទី១០ ខែមិថុនា Newsroom Cambodia បានទាក់ទងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គីម សុភៈ តាមប្រព័ន្ធតេឡេក្រាម ប៉ុន្តែលោក មិនបានឆ្លើយតបនោះទេ។

អ្នកជំនាញសេដ្ឋកិច្ច លោក ហុង វណ្ណៈ

មើលឃើញថា​ អចលនទ្រព្យនៅកម្ពុជាអាចងើបឡើងវិញបាន គឺត្រូវរង់ចាំមើលវិស័យចំនួន៣ដែលជាសសរស្ដម្ភនៃសេដ្ឋកិច្ចកម្ពុជា ក្នុងនោះមានវិស័យទេសចរណ៍ ការវិនិយោគពីបរទេស និងទំហំនៃការនាំចេញ។

របាយការណ៍វាយតម្លៃចុងក្រោយរបស់ធនាគារពិភពលោក បង្ហាញថាកំណើនសេដ្ឋកិច្ចសកលត្រូវបានព្យាករណ៍ថានឹងថយចុះពី ៣,១% ក្នុងឆ្នាំ២០២២ មកត្រឹម ២,១% ក្នុងឆ្នាំ ២០២៣។ ទន្ទឹមនេះសារព័ត៌មានខ្មែរថាមស៍ បានចេញផ្សាយកាលពីពេលថ្មីៗនេះថា រយៈពេល៤ខែនៃដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាបានធ្លាក់ចុះ១៤,១% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕