ម្តាយគ្រប់រូបតែងតែមានបទពិសោធន៍ក្នុងការសម្រាលកូន ហើយបទពិសោធន៍នេះមិនអាចធ្វើឱ្យម្តាយគ្រប់រូបបំភ្លេចបានឡើយ។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ Newsroom Cambodia បានសម្ភាសន៍ស្ត្រី ៦រូប អំពីការយល់ឃើញរបស់ខ្លួនចំពោះការសម្រាលកូនបែបធម្មជាតិ។
អ្នកស្រីវង់ សុផា អាយុ ៤៤ឆ្នាំ ជាអាជីវករលក់ភេសជ្ជៈ បាននិយាយថាការសម្រាលកូនបែបធម្មជាតិ មិនដូចការវះកាត់ទេ ការវះកាត់មានផលលំបាក ប្រឈមនឹងគ្រោះថ្នាក់ហើយធ្វើការមិនកើត។
អ្នកស្រីបានលើកឡើងថា៖ «ការសម្រាលកូនបែបធម្មជាតិ គឺឆាប់មានកម្លាំងធ្វើការជាងការវះកាត់ដែលធ្វើការមិនសូវកើត»។
អ្នកស្រី នី អាយុ ៣១ឆ្នាំ ជាស្ត្រីមេផ្ទះ ថាការសម្រាលកូនបែបធម្មជាតិល្អ ប៉ុន្តែពេលដែលគាត់សម្រាល គាត់មានការព្រួយបារម្មណ៍ខ្លាចសម្រាលមិនកើតផងដែរ។
អ្នកស្រី នឿន សុភារក្ស អាយុ ២៥ឆ្នាំ ជាស្ត្រីមេផ្ទះទើបតែសម្រាលកូនដំបូង ហើយគាត់បានជ្រើសរើសការសម្រាលកូនបែបវះកាត់ដោយសារមានបញ្ហាសុខភាព។
អ្នកស្រីបាននិយាយថា «ខ្ញុំធ្លាប់សម្រាលកូនតាមវិធីវះកាត់ដោយសារមានបញ្ហាសុខភាពមិនល្អ ហើយខ្លាចបាត់កូន»។
អ្នកស្រីបន្ថែមថាការសម្រាលកូនបែបធម្មជាតិស្រួល សម្រាលហើយសុខភាពធម្មតាវិញ និងឆាប់ជាសះស្បើយ ចំណែកការវះកាត់អាចនៅឈឺមុខរបួសមិនដូចធម្មជាតិទេ។
អ្នកស្រីនិយាយថា៖ «យ៉ាងហោចណាស់ពាក្យថាធម្មជាតិវាស្រួល វាឆាប់ដូចដើមវិញ ឯការវះកាត់នៅឈឺរាំរៃ»
កញ្ញា កែម រចនា ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថាការសម្រាលកូនបែបធម្មជាតិពុំសូវមានសុវត្ថិភាព ព្រោះសម័យបច្ចុប្បន្នមានជំងឺច្រើន ហើយការសម្រាលកូនបែបធម្មជាតិគឺប្រើកម្លាំងច្រើនបើអ្នកម្តាយខ្សោយគឺមិនអាចទ្រាំបាន។»
កញ្ញាបន្ថែមថា៖ «បើសម័យទំនើបឥលូវតាមបែបអត់ធម្មជាតិ ខ្ញុំគិតថាគឺអាចសុវត្ថិភាពជាង»។
អ្នកស្រី ម៉ៅ រាល អាយុ ៤៤ឆ្នាំ បានប្រាប់ Newsrooms Cambodia ថាការសម្រាលកូនបែបធម្មជាតិល្អ គាត់ធ្លាប់សម្រាលកូន ៤នាក់ហើយ គឺសម្រាលបែបធម្មជាតិទាំងអស់។
អ្នកស្រីមានប្រសាសន៍ថា៖ « ការវះមានបញ្ហាច្រើនណាស់ ហើយត្រូវការមើលថែជិតស្និត ហើយចំពោះការវះកាត់គឺមីងខ្លាច»។
កញ្ញា នីហ្សា អាយុ២១ឆ្នាំ ថាការសម្រាលកូនបែបធម្មជាតិល្អ ប៉ុន្តែពេលខ្លះវាអាចគ្រោះថ្នាក់ដល់ម្តាយផងដែរ។
កញ្ញាលើកឡើងថា៖ « បើសិនជាម្តាយមិនបានមើលថែទាំសុខភាពបានល្អ មិនបានទៅពិនិត្យទៀងទាត់ជាមួយពេទ្យ ពេលខ្លះអាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃក៏មាន»៕