ក្នុងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្រ្តរបស់គណបក្សនយោបាយនីមួយៗដែល គជប ទទួលស្គាល់ជាផ្លូវការ បង្ហាញថា គណបក្សទាំងនោះភាគច្រើនលម្អៀងលើការដាក់បេក្ខជនតំណាងរាស្ដ្រជាបុរស ខណៈមន្រ្តីផ្នែកយេនឌ័រ លើកឡើងថា តំណាងរាស្រ្តនៅក្នុងរដ្ឋសភាដែលភាគច្រើនជាបុរសនឹងមិនសូវយកចិត្តទុកដាក់លើគោលនយោបាយគាំពារស្រ្តីនោះទេ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការចាត់ចែងដាក់បេក្ខជនឱ្យឈរឈ្មោះជាតំណាងរាស្រ្តរបស់គណបក្សនេះ ផ្អែកលើការសម្រេចពីគណៈកម្មាធិការអចិន្រ្តៃយ៍ ដែលសម្រិតសម្រាំងរកអ្នកមានសក្ដានុពល។

លោក អះអាងថា​ គោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ដាក់ស្រ្តីឱ្យឈរឈ្មោះជាតំណាងរាស្រ្ត អាស្រ័យលើលក្ខណៈសម្បត្តិរបស់ពួកគេ មិនផ្ដោតលើបរិមាណនោះទេ។

ក្នុងការប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅចុងខែកក្កដាខាងមុខនេះ គណបក្សប្រជាជនកម្ពុជាបានដាក់បេក្ខជនឈរឈ្មោះសរុបចំនួន ២៧៤នាក់ ក្នុងនោះមានស្រ្តី៥៤នាក់។ ក្នុងបញ្ជីរាយនាមបេក្ខជនឈរឈ្មោះរបស់គណបក្សកាន់អំណាចនេះ រាប់ចាប់ពី លេខរៀងទី១ដល់លេខរៀងទី៥ទាំង២៥មណ្ឌលរាជធានី-ខេត្ត បង្ហាញថា គណបក្សបានដាក់បេក្ខជនជាស្រ្តីឈរឈ្មោះចំនួន១២នាក់ប៉ុណ្ណោះ ក្នុងនោះ មានឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ឈរលេខរៀងទី១ នៅមណ្ឌលខេត្តស្វាយរៀង និង លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ឈរលេខរៀងទី៥ នៅមណ្ឌលរាជធានីភ្នំពេញ។

មន្រ្តីអង្គការឃ្លាំងមើលការបោះឆ្នោត ថា គ្រប់បណ្ដាគណបក្សនយោបាយទាំងអស់គប្បីដាក់បេក្ខជនតំណាងរាស្រ្តជាស្រ្តីឆ្លាស់គ្នាតាមលេខរៀងដើម្បីធានាថានឹងមានវត្តមានស្រ្តីប្រហាក់ប្រហែលនឹងបុរសនៅក្នុងរដ្ឋសភាជាតិ ទោះបីជាគណបក្សណាឈ្នះឆ្នោតក៏ដោយ។

អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំនិងយេនឌ័រនៃអង្គការខមហ្វ្រែល​ យល់ថា តំណាងរាស្រ្តនៅក្នុងរដ្ឋសភាដែលភាគច្រើនជាបុរសនឹងមិនសូវយកចិត្តទុកដាក់លើគោលនយោបាយគាំពារស្រ្តីនោះទេ។

អ្នកស្រី និយាយថា៖ «[បើស្រ្តីនៅក្នុងរដ្ឋសភាច្រើន] នឹងមើលគ្រប់ជ្រុងជ្រោយបញ្ហាដែលកើតមានឡើង  ជាពិសេសបញ្ហាសមភាពយេនឌ័រ បញ្ហាហិង្សាលើស្រ្តី បញ្ហារំលោភសេពសន្ថវៈ បញ្ហាស្រ្តីជាច្រើនដែលត្រូវបានរើសអើង ហើយនឹងត្រូវការរំលោភបំពានច្រើនហ្នឹង»។

លោក​ សុខ ឥសាន ថ្លែងថា  គណបក្សប្រជាជនកម្ពុជាដាក់បេក្ខជនឈរឈ្មោះតំណាងរាស្ដ្របានលុះត្រាតែ បុរសនិងស្រ្តីនោះមាន ឧត្តមគតិស្នេហាជាតិ ស្រលាញ់ពលរដ្ឋ ជំនាញនិងបទពិសោធន៍ការងារ មានទស្សនៈនយោបាយត្រឹមត្រូវ ជាពិសេសធ្លាប់ឆ្លងកាត់បទពិសោធន៍ក្នុងចលនាមហាជន។

លោក ឥសាន និយាយថា៖ «…ហើយសុទ្ធតែឆ្លងកាត់រយៈពេលវែងនៅក្នុងសកម្មភាពចលនាមហាជន ហើយយើងសម្រិតសម្រាំងយកបានជាមន្រ្តីដែលមានគុណភាពច្បាស់លាស់»។

នៅខែឧសភា គជប បានទទួលស្គាល់គណបក្សនយោបាយចំនួន១៨​ឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា បន្ទាប់ពីមិនអនុញ្ញាតឱ្យគណបក្សចំនួន២ ដែល គជប អះអាងថាមិនបានបំពេញតាមនីតិវិធីរដ្ឋបាលត្រឹមត្រូវសម្រាប់ការចុះបញ្ជីការបោះឆ្នោត។ ក្នុងបញ្ជីបេក្ខជនរបស់គណបក្សនយោបាយទាំង១៨នោះ បង្ហាញថា មានស្រ្តីឈរឈ្មោះត្រឹម៣៦ភាគរយក្នុងចំណោមបេក្ខជនសរុបជាង៣៤០០នាក់។ ក្នុងនោះ គណបក្សស្រ្តីដើម្បីស្រ្តី បានដាក់បេក្ខជនឈរឈ្មោះជាស្រ្តីមានអត្រាខ្ពស់ជាងគេជិត៨០ភាគរយ ប៉ុន្តែសម្រាប់គណបក្សហ្វ៊ុនស៊ិនប៉ិច មានជាង១០ភាគរយប៉ុណ្ណោះ។

លោកស្រី សឹង សុធី ប្រធានគណបក្សស្រ្តីដើម្បីស្រ្តី មានប្រសាសន៍ថា ការដាក់ស្រ្តីឱ្យឈរឈ្មោះតំណាងរាស្រ្តជាច្រើននេះ ដោយសារអ្នកស្រីសម្លឹងឃើញការឧស្សាហ៍ព្យាយាមនិងភាពល្អិតល្អន់ការងាររបស់ស្រ្តី ដូចនេះពួកគេនឹងដឹកនាំបានល្អជាងបុរស។

ចំណែកលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច មានប្រសាសន៍ថា ថ្វីត្បិតតែ គណបក្សហ្វ៊ុនស៊ិនប៉ិចដាក់ស្រ្តីឈរឈ្មោះមានចំនួនតិចតួច ប៉ុន្តែថ្នាក់ដឹកនាំគណបក្សបានធ្វើការយ៉ាងកៀកនៅមូលដ្ឋានជាមួយក្រុមស្រ្តីដើម្បីផ្ដល់ភាពកក់ក្ដៅដល់ពួកគេ។

សម្រាប់គណបក្សភ្លើងទៀនដែលស្ថាប័នរៀបចំការបោះឆ្នោត​បដិសេធក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ ដោយសារកង្វះឯកសាររដ្ឋបាល

បានដាក់បេក្ខជនជាស្រ្តី២៩នាក់ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុប ២៧១នាក់។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧នៅកម្ពុជានឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ខាងមុខនេះ៕