អាជ្ញាធរប្រឆាំងគ្រឿងញៀន និយាយថា ប្រទេសកម្ពុជាពុំមែនជាទីផ្សារធំសម្រាប់ឧក្រិដ្ឋជនគ្រឿងញៀននោះទេ និងគ្រឿងញៀនដែលរឹបអូសបានភាគច្រើនឈ្មួញបម្រុងនាំចេញទៅកាន់ប្រទេសដទៃទៀត ដោយដាក់ប្រទេសកម្ពុជាជាទិសដៅនៃការឆ្លងកាត់។
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ អាជ្ញាធរ បានបង្រ្កាបគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជានៅទីតាំងចំនួន៤ ក្នុងរាជធានីភ្នំពេញ និងឃាត់ខ្លួនមនុស្សចំនួន៣នាក់ ជាមួយនឹងគ្រឿងញៀនជាង២៤៦គីឡូ។
លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងប្រាប់សារព័ត៌មាន Newsroom Cambodia ថា វាមានហេតុផលជាច្រើនដែលនាំឱ្យទំហំគ្រឿងញៀនរឹបអូសបានកាន់តែមានចំនួនច្រើនឡើង។
លោក វីរិទ្ធ បញ្ជាក់ថា៖ «វាមានហេតុផលច្រើនជាពិសេសកត្តាទីផ្សារ និងការប្រើប្រាស់»។
លោក វីរិទ្ធ អះអាងថា សកម្មភាពនៃការជួញដូរគ្រឿងញៀនមានការកើនឡើងនៅតាមបណ្ដាប្រទេសនានា បន្ទាប់ពីការថមថយវិធានការរបស់រដ្ឋាភិបាលដែលទប់ស្កាត់ជំងឺកូវីដ-១៩។
លោក បន្តថា គ្រឿងញៀនយ៉ាងច្រើនមានប្រភពមកពីតំបន់ត្រីកោណមាស [តំបន់ព្រំដែនជាប់គ្នារវាងថៃ មីយ៉ាន់ម៉ា និងឡាវ] បានសម្រុកហូរចូលប្រទេសកម្ពុជាតាមបណ្ដោយខ្សែព្រំដែន ក្រោយចាល់មិនអាចនាំចេញអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ-១៩ និងពួកឧក្រិដ្ឋជនបានព្យាយាមរកមធ្យោបាយបញ្ជូនគ្រឿងញៀនទៅកាន់ប្រទេសដែលជាទីផ្សារសំខាន់របស់ពួកគេតាមរយៈផ្លូវទឹកកម្ពុជា។
លោក វីរិទ្ធ និយាយថា៖ «គ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជាសំដៅទៅប្រទេសផ្សេងៗរួមទាំងប្រទេសវៀតណាម ចិន កូរ៉េ ជប៉ុន កោះតៃវ៉ាន់ អូស្រ្តាលី នូវេលសេឡង់ ម៉ាឡេស៊ី»។
លោក បន្ថែមថា៖ «[នៅកម្ពុជា] គេលួចដឹកជញ្ជូនទៅកន្លែងណាដែលគេគិតថា វាអំណោយផលសម្រាប់ពួកគេក្នុងការដឹកជញ្ជួន ដូចការប្រើប្រាស់ទូកនេសាទ ឬដឹកជញ្ជូនពីទូកតូចទៅដាក់ទូកធំ ពីទូកធំទៅដាក់កប៉ាល់ចឹង»។
របាយការណ៍មួយដែលអ្នកសារព័ត៌មាន Newsroom Cambodia ទទួលបានពីមន្ទីរប្រឆាំងគ្រឿងញៀន ឱ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ អាជ្ញាធរបានរឹបអូសគ្រឿងញៀនជាង៥១៩គីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួន១៦៩១នាក់។ ក្នុងនោះមានការបង្រ្កាប១០ករណីធំៗ ដែលគ្រឿងញៀនត្រូវបានរឹបអូសរហូតដល់ជាង៥០៧គីឡូក្រាម។
ទោះបីជាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ចាត់ទុកប្រទេសកម្ពុជាមិនស្ថិតក្នុងក្រសែភ្នែករបស់មេខ្លោងគ្រឿងញៀនក៏ដោយ ប៉ុន្តែកាលពីសប្ដាហ៍មុន លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហាញពីក្ដីបារម្ភពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនដែលបំផ្លាញអនាគតរបស់កុមារកម្ពុជា។
លោក ស ខេង បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅតាមសាលារៀន បន្ទាប់ពីរដ្ឋាភិបាលផ្ទេរការគ្រប់គ្រងបឋមសិក្សានិងថ្នាក់មត្តេយ្យមកនៅក្រោមការដឹកនាំរបស់រដ្ឋបាល ក្រុង ស្រុក និងខណ្ឌ នាឆ្នាំ២០២៤ខាងមុខ។
លោក ស ខេង សង្កត់ធ្ងន់ថា៖ «ដើម្បីធានាសុវត្ថិភាពឱ្យសាលា ឱ្យកូនចៅយើង កូនចៅយើងជាអ្នកទំពាំងស្នងឫស្សី បើយើងមិនយកចិត្តទុកដាក់ទេគឺអនាគតគ្នាគឺខូចតែម្ដងមួយជីវិតបើពាក់ព័ន្ធរឿងគ្រឿងញៀន»។
លោក ស ខេង ក៏ធ្លាប់លើកឡើងពីគោលបំណង ចង់ធ្វើតេស្ដរកសារធាតុញៀនលើពលរដ្ឋទូទៅដែលមានអាយុចាប់ពី ១៣ឆ្នាំ ទៅដល់អាយុ ៤៥ឆ្នាំ ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនផងដែរ។
ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា គ្រឿងញៀនបង្កបញ្ហាស្មុគស្មាញនិងផលប៉ះពាល់ឥតឈប់ឈរនៅក្នុងសង្គមខ្មែរ និងក្រុមមនុស្សងាយរងគ្រោះសុទ្ធសឹងជាយុវជន និងកុមារដែលជាធនធានកសាងប្រទេសនាថ្ងៃអនាគត។
លោក គិមអេង និយាយថា៖ «វាធ្វើឱ្យប៉ះពាល់ខ្លាំងទៅដល់យុវជន កុមារដែលពួកគាត់អាចនឹងបោះបង់ការសិក្សា អាចទៅជាខូចនូវធនធានមនុស្ស ខ្លះទៅជាខូចសរសៃប្រសាទ ដូចជាចោរកម្ម ប្លន់ ឆក់អីជាដើម រួមទាំងអំពើមនុស្សឃាត អំពើហិង្សាផ្សេងៗកើតឡើងនៅក្នុងសហគមន៍មានច្រើណាស់»។
លោក គិមអេង យល់ថា រដ្ឋាភិបាលគួររៀបចំឱ្យមានវិធានការបង្រ្កាបគ្រឿងញៀនដោយកំណត់ក្រុមមនុស្សនិងតំបន់គោលដៅជាក់លាក់ ព្រមទាំងចុះបង្រ្កាបជាប់ជាប្រចាំទើបអាចដោះស្រាយបញ្ហាគ្រឿងញៀននេះបាន៕