លោក ស ឡុងដេត ចេញមុខសុំទោស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រកាសផ្តាច់ខ្លួនពី លោក សម រង្ស៊ី ព្រមទាំងស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​ បន្ទាប់ពី លោក ហ៊ុន សែន បញ្ជាឱ្យចូលខ្លួន។

តាមរយៈវីដេអូផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក ស ឡុងដេត បានបញ្ជាក់ថា «ទង្វើរបស់កូនចៅកន្លងមក កូនចៅសូមអភ័យទោស ហើយចាប់ពីថ្ងៃនេះទៅ កូនចៅសូមផ្តាច់ខ្លួនពីបុគ្គល សម រង្ស៉ី»។

មុនពេលលោក ស ឡុងដេត ចេញមុខសុំទោសនេះ លោក ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ កម្មការិនី ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានប្រសាសន៍ថា លោក ស ឡុងដេត មិនអាចចេញទៅក្រៅប្រទេសបាននោះឡើយ ព្រោះមានដីកាពីតុលាការហាមចេញក្រៅប្រទេស ដោយសារត្រូវបានគេប្តឹង រឿងនិយាយបង្ខូចពាក់ព័ន្ធនឹងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបន្ថែមថាទោះបីជា ស ឡុងដេត រត់ទៅដល់ថៃក៏លោកស្នើសុំថៃឱ្យចាប់បញ្ជូនមកវិញដែរ។

លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវសូមអំពាវនាវឱ្យ ស [សា] ឡុងដេត មកវិញ យប់មិញចាកចេញពីភ្នំពេញចាំរត់ធ្វើអី បើគង់តែរត់ទៅខ្ញុំក៏សុំឱ្យថៃចាប់បញ្ជូនមកវិញដែរ យប់មិញទៅដល់ថ្មដាថៃគេអត់ឱ្យឆ្លងទេ ឥឡូវកំពុងតែឆ្ពោះទៅចាំយាម ចៅហ្វាយខេត្តចាំយាម។ ដីការបស់តុលាការហាមមិនឱ្យចេញទៅក្រៅប្រទេស បើចេញក្រៅប្រទេសចាប់ភ្លាមនៅនឹងទល់ដែន ឥឡូវ ស [សា] ឡុងដេត បានលឺហើយត្រឡប់មកវិញ ត្រឡប់មកដេកផ្ទះយ៉ាងស្រួលហើយ ទៅឆ្លើយជាមួយតុលាការទៅអារឿងចោទប្រកាន់ពាក់ព័ន្ធនឹងស៊ីហ្គេម»។

លោកបន្ថែមថា ៖«អ្នកឯង [លោក ស ឡុងដេត] និយាយក្នុងចំណោមមនុស្សសាមសិបនាក់ ចាត់ទុកថាបរិហារកេរ្តិ៍ហើយ អ៊ីចឹងមិនបាច់ចាំរត់ទេ ស [សា] ឡុងដេត អើយ លោកឯងចេញទៅណាក៏អត់រួចដែរ អញ្ជើញមកវិញមក»។

អ្នកច្បាប់នៃអង្គការសង់ត្រាល លោក វ៉ន ចាន់ឡូត យល់ឃើញថាទិដ្ឋភាពនយោបាយហាក់មានភាពតានតឹងដែលជាការដាក់សម្ពាធខ្លាំងទៅលើអ្នកនយោបាលណាដែល លើកឡើងពីភាពអសកម្មរបស់រដ្ឋាភិបាល បុគ្គលនោះតែងតែទទួលរងបទចោទដោយគ្មានមូលដ្ឋាន។

លោកថ្លែងថា៖ «នៅពេលដែលពួគគាត់លើកឡើងពីភាពអសកម្មឬបញ្ហាអ្វីមួយដែលពួកគាត់ជាអ្នកនយោបាយក្រៅរដ្ឋាភិបាលឃើញត្រូវបានធ្វើការចោទប្រកាន់ដោយប្រព័ន្ធតុលាការ អ៊ីចឹងយើងឃើញថានៅពេលដែលអ្នកនយោបាយមិនអាចចេញវោហារសព្ទរិះគន់អ្នកដឹកនាំបាន អ៊ីចឹងមានន័យថាគណបក្សនយោបាយបង្កើតមកដើម្បីអី ព្រោះការធ្វើនយោបាយអ្នកនយោបាយត្រូវធ្វើការរិះគន់គ្នាអ៊ីចឹងហើយ»។

លោកបន្ថែមថា ដើម្បីទទួលបានមតិចម្រុះក្នុងការតាក់តែងគោលនយោបាយ ថ្នាក់ដឹកនាំគួរបើកចំហទទួលយកការរិះគន់ កែតម្រូវពីអ្នកនយោបាយ និងសង្គមស៊ីវិល។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ថា ករណីលោក ស​ ឡុងដេត ត្រូវបានបញ្ចប់ហើយ ក្រោយពេលលោក ស ឡុងដេត ចេញវីដេអូសុំទោសលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយទទួលកំហុសហើយបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបញ្ជាក់ថា៖ «បាទបែបនេះហើយវាឆ្លុះបញ្ចាំងអំពីនយោបាយបង្រួបបង្រួមជាតិ នយោបាយអនុគ្រោះដល់ជនទាំងឡាយណាទោះបីនៅក្នុងមជ្ឈដ្ឋានប្រឆាំង ហើយដែលមានប្រវត្តិជូរចត់ជាមួយគ្នាយូរឆ្នាំយ៉ាងណាក៏ដោយអោយតែសាមីជនទទួលស្គាល់កំហុស ហើយនឹងផ្ដាច់ខ្លួនចេញពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់​ សម រង្ស៊ី នុះឯង»៕