ប្រធានគណបក្សភ្លើងទៀននៅខេត្តបន្ទាយមានជ័យ ដាក់លិខិតទាមទារឱ្យមន្ទីរអប់រំខេត្តនេះ បង្ហាញពីកំហុសឆ្គងរហូតឈានដល់ការបណ្ដេញលោកចេញពីក្របខណ្ឌគ្រូបង្រៀន និងស្នើឱ្យចុះស្រាវជ្រាវលើការងាររបស់លោកនៅវិទ្យាល័យដោយផ្ទាល់។
ការដាក់លិខិតទាមទារនេះ ក្រោយ លោក ស៊ិន វត្ថា ជាមន្រី្តជាន់ខ្ពស់គណបក្សភ្លើងទៀន ត្រូវបានក្រសួងអប់រំសម្រេចលុបឈ្មោះចេញពីក្របខណ្ឌគ្រូបង្រៀន ក្រោមហេតុផលថា មានកំហុសវិជ្ជាជីវៈជាមន្រ្តីរាជការ កាលពីសប្ដាហ៍មុន។
តាមរយៈលិខិតដាក់ទៅកាន់ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៤ ខែមិថុនា លោក ស៊ិន វត្ថា ដែលជាគ្រូបង្រៀនផ្នែកសីលធម៌ពលរដ្ឋថ្នាក់ទី១១ និងទី១២ នៅវិទ្យាល័យសិរីសោភ័ណ ទទូចឱ្យមន្ទីរអប់រំខេត្តចុះសួរនាំគ្រូបង្រៀនផ្សេងទៀតនៅវិទ្យាល័យជាមួយគ្នាដោយផ្ទាល់ទាក់ទិននឹងការងាររបស់លោក។
លោក ស៊ិន វត្ថា បានអះអាងប្រាប់ Newsroom Cambodia នៅថ្ងៃទី១៥ ខែមិថុនាថា ក្នុងអាជីពជាគ្រូបង្រៀន លោកមិនធ្លាប់ប្រព្រឹត្តអំពើពុករលួយ យកលុយសិស្សដោយការលក់ក្រដាសនោះទេ ហើយលោកក៏បានបែងចែកពេលវេលាច្បាស់លាស់រវាងការងារបង្រៀនសិស្ស និងការងារបក្ស។
លោក វត្ថា និយាយថា៖ «គ្រូៗជាច្រើនគេស្រងាកចិត្តដែលគេស្គាល់ខ្ញុំច្បាស់បានដឹងថាខ្ញុំជាមនុស្សប្រភេទណា បើខ្ញុំប្រព្រឹត្តកំហុសវាគ្មាន គឹថាវាគ្មានតែម្ដង។ ចឹងបានខ្ញុំចង់ដឹងពីប្រភពដើមនៃការធ្វើឱ្យមានកំហុសហ្នឹង ចង់ថាវាម៉េចខុសម៉េចខ្លះដែលអាចរហូតទៅដល់លុបចោលបើថាត្រឹមតែខុសពាក្យសម្ដីវាមិនដែលមានណាហៅទៅអប់រំចឹង»។
ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មាត្រា ៤៧ ចែងថា កំហុសឆ្គងក្នុងវិន័យរហូតដល់បណ្ដេញចេញពីក្របខណ្ឌ ត្រូវហៅអ្នករាជការជាប់ចោទមកពន្យល់ដោះសារដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរមុននឹងក្រុមប្រឹក្សាវិន័យធ្វើការសន្និដ្ឋានអំពីកំហុសនិងទណ្ឌកម្ម ដើម្បីជាយោបល់ដល់ថ្នាក់មានសមត្ថកិច្ចសំរេច។
យ៉ាងណា មុននឹងក្រសួងអប់រំសម្រេចបណ្ដេញលោកចេញពីក្របខណ្ឌគ្រូ លោក វត្ថា អះអាងថា មន្ទីរអប់រំខេត្តពុំធ្លាប់ធ្វើការណែនាំលោកផ្ទាល់មាត់ ឬព្រមានលោកជាលាយលក្ខណ៍អក្សរម្តងណានោះទេ ។
លោក វត្ថា ក៏គ្រោងនឹងដាក់ពាក្យប្ដឹងជំទាស់ការលុបឈ្មោះលោកចេញពីក្របខណ្ឌទៅកាន់ក្រសួងមុខងារសាធារណៈ នៅថ្ងៃសុក្រសប្ដាហ៍នេះផងដែរ។
សារព័ត៌មាន Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា, ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង និងលោក ខឹម តាំងស៊ុន អនុប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យបានទេ នៅថ្ងៃទី១៥ ខែមិថុនា ដោយទូរសព្ទចូលពុំមានអ្នកលើក។
ដោយឡែក មន្រ្តីរាជការបម្រើការងារនៅវិទ្យាល័យសិរីសោភ័ណ ខេត្តបន្ទាយមានជ័យវិញ
ទាំងថ្នាក់ដឹកនាំ និងបុគ្គលិករួមអាជីពជាមួយលោក ស៊ិន វត្ថា អះអាងដូចគ្នាថា លោក វត្ថា ជាគ្រូបង្រៀនមានសីលធម៌ និងគោរពវិន័យមួយរូប។
លោក ប្រាក់ ចាន់សោភ័ណ នាយករងវិទ្យាល័យសិរីសោភ័ណ ថ្លែងថា លោក វត្ថា ជាគ្រូបង្រៀនម្នាក់មានការគោរពច្បាប់ទម្លាប់សាលាបានល្អ។
លោក ចាន់សោភ័ណ និយាយថា៖ «គាត់មែនឈប់ទៅណាណីទេ គាត់មកបង្រៀនហើយគាត់មានធុរៈអី គាត់សុំច្បាប់ចឹង»។
លោក ស៊ំ សុខុន ជាគ្រូបង្រៀនគណិតវិទ្យានៅថ្នាក់ទី១១ និយាយថា លោក វត្ថា ជាគ្រូបង្រៀនមួយរូបមានសីលធម៌ខ្ពស់និងគោរពពេលវេលា។ បន្ថែមពីលើនេះ លោក សុខុន យល់ថា ការលុបឈ្មោះលោក វត្ថា ចេញពីក្របខណ្ឌគ្រូ ជាការលម្អៀងលើនយោបាយច្រើនជាងកំហុសឆ្គង។
លោក សុខុន និយាយថា៖ «គាត់គោរពសិស្សសំពះសិស្សមុនសិស្សសំពះគ្រូទៀត គាត់គោរពតួនាទីណាស់ រាល់ម៉ោងគាត់ គាត់មករហូតមិនដែលខានទេមកចាំសិស្ស(មុនទៀត)»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា
ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធចុះស៊ើបអង្កេតឱ្យបានច្បាស់លាស់មុននឹងសម្រេចបណ្ដេញមន្រ្តីរាជការចេញពីក្របខណ្ឌ ចៀសវាងការចោទប្រកាន់ថាមានការរើសអើងផ្នែកនយោបាយ។
លោក និយាយថា៖ «បើសិនជាមិនចង់ឱ្យមានការរិះគន់ ទាល់តែបង្ហាញអំពីកំហុសខុសឆ្គងណាមួយឱ្យបានច្បាស់លាស់ បើមិនចឹងទេចង់មិនចង់ការរិះគន់និងការចោទប្រកាន់ថា ការបញ្ឈប់ហ្នឹងគឺជាអំពើពាក់ព័ន្ធទៅនឹងបញ្ហានយោបាយឬក៏រើសអើងនយោបាយ»៕