ប្រជាពលរដ្ឋរាប់សិបនាក់តវ៉ាទាមទារឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារជីស៊ីអូរឫស្សីប្រគល់ប្រាក់ឱ្យពួកគេវិញ ក្រោយក្រុមហ៊ុននេះខកខានសាងសង់ផ្សារតាមការសន្យា។

កាលពីថ្ងៃទី១៤ ខែមិថុនា​ ប្រជាពលរដ្ឋជាង៧០នាក់ដែលទិញតូបសម្រាប់អាជីកម្មពីក្រុមហ៊ុនផ្សារជីស៊ីអូរឫស្សី បានប្រមូលផ្ដុំគ្នាតវ៉ានៅការដ្ឋានសាងសង់ផ្សារនេះស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកស្រី ហាក់ ធីតា អាយុ៣៧ឆ្នាំ និយាយថា

កាលពីខែមិថុនា ឆ្នាំ២០២១ អ្នកស្រីបានទិញតូបចំនួន៦ ក្នុងតម្លៃជាង២០ម៉ឺនដុល្លារ ដោយបង់ប្រាក់កក់៣០% និងបង់រំលស់ជាបន្តបន្ទាប់សរុប៨ម៉ឺន៤ពាន់ដុល្លារ ទៅកាន់ក្រុមហ៊ុនផ្សារជីស៊ីអូរឫស្សីនេះ ដោយក្រុមហ៊ុនសន្យាថានឹងសាងសង់នៅក្នុងរយៈពេល៣ខែបន្តាប់ទៀត។

ផ្ទុយទៅវិញ អ្នកស្រីថាក្រុមហ៊ុនបានជូនដំណឹងពីការពន្យារពេលសាងសង់ផ្សារជាច្រើនដង។

អ្នកស្រី និយាយថា៖ «ទាមទារយកលុយវិញតែក្រុមហ៊ុនគេមិនឱ្យទេ គេថាឱ្យយើងរង់ចាំយកតូបទៅ។ ខ្ញុំអស់ការជំនឿហើយ កុងត្រា៣ឆ្នាំ ពេលយើងទៅតវ៉ាគេ គេថាកុងត្រា៣ឆ្នាំ គេថាមានដល់កុងត្រា ហើយចុះបើដល់កុងត្រាម៉េចបើក្រុមហ៊ុនអ្នកឯងធ្វើសំណង់៦ជាន់ នេះអត់សោះសូន្យ ដីទទេស្អាត ក្នុងអំឡុង២ឆ្នាំអត់ធ្វើអីសោះ»។ 

ការតវ៉ាពីសំណាក់ប្រជាពលរដ្ឋកើតមានឡើងជាញឹកញាប់ ប៉ុន្តែ អ្នកស្រី ធីតា ថា ក្រុមហ៊ុនមិនអើពើចំពោះការទាមទាររបស់ពួកគេនោះទេ និងបន្តប្រកាសលក់តូបយកប្រាក់ពីពលរដ្ឋផ្សេងទៀតជារៀងរាល់ថ្ងៃ។

អ្នកស្រី ឱ្យដឹងថា ពលរដ្ឋទិញតូបនៅផ្សារជីស៊ីអូរឫស្សីនេះបែងចែកជាបីក្រុម ខណៈ

ក្រុមរបស់អ្នកស្រីមានសមាជិកជាង៦០នាក់បានចំណាយប្រាក់ជាង២លានដុល្លារលើការទិញតូប។

ពលរដ្ឋមួយរូបទៀត សុំមិនបញ្ចេញឈ្មោះ និយាយថា កាលពីឆ្នាំ២០២១ លោកបានទិញតូបអាជីវកម្មចំនួន៦ ដោយបង់ប្រាក់៣០% និងបង់រំលស់ជាហូរហែអស់៧ម៉ឺន៦ពាន់ដុល្លារទៅឱ្យក្រុមហ៊ុនជីស៊ីអូរឫស្សីនេះ។

លោកនិយាយថា៖ «ផ្សារវាអត់ធ្វើតាមកំណត់ ហើយយើងបង់លុយរហូត ទិញជិត២ឆ្នាំហើយ»។

សារព័ត៌មាន Newsroom Cambodia ព្យាយាមសុំការអត្ថាធិប្បាយពីក្រុមហ៊ុន ផ្សារជីស៊ីអូរឫស្សី ដោយការហៅតាមលេខទូរសព្ទលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុននេះ ប៉ុន្តែពុំមានអ្នកលើកទូរសព្ទនោះទេ។

ទោះបីជាមានការលើកឡើងថា ក្រុមហ៊ុនផ្សារជីស៊ីអូរឫស្សី ពុំបានសាងសង់ផ្សារសម្រាប់ប្រជាពលរដ្ឋតាមការសន្យា ប៉ុន្តែហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនឃើញមានការផ្សព្វផ្សាយអំពីគម្រោងអភិវឌ្ឍន៍ផ្សារនេះជាធម្មតា។

យោងតាមលិខិតមួយរបស់ក្រុមហ៊ុនជីស៊ីអូរឫស្សី បង្ហោះលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានច្រានចោលព័ត៌មានថាក្រុមហ៊ុនមិនទទួលខុសត្រូវសាងសង់ផ្សារតាមកិច្ចសន្យា ព្រមទាំងព្រមានចាត់វិធានការច្បាប់លើជនណាឬស្ថាប័នសារព័ត៌មានទាំងឡាយណាដែលរាយការណ៍ខុសពីការពិតក្នុងករណីនេះ។ ប្រភពដដែលបន្ថែមថា ក្រុមហ៊ុននឹងប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោក ឃុត សុខា អភិបាលរងខណ្ឌសែនសុខ មានប្រសាសន៍ថា អាជ្ញាធរបានកោះហៅភាគីពាក់ព័ន្ធមកជជែកគ្នាដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែ តំណាងក្រុមហ៊ុនបានខកខាននិងព្យាយាមគេចវេះក្នុងការជួបតទល់ជាមួយនឹងប្រជាពលរដ្ឋ ដោយការដាក់លិខិតសុំពន្យារពេល។

លោក សុខា អះអាងថា ក្រុមប្រជាពលរដ្ឋបានសម្រេចដាក់ពាក្យបណ្ដឹងប្តឹងក្រុមហ៊ុននេះតាមផ្លូវតុលាការហើយ។

លោក សុខា និយាយថា៖ «ពន្យារពេល២សប្ដាហ៍ខ្លាចក្រុមហ៊ុនមានលេសអីទៀតទៅ គាត់មិនខ្លាចខាតពេលគាត់កាន់តែយូរទៀត ចឹងគាត់សម្រេចទាំងអស់គ្នាថាបន្តនីតិវិធីប្ដឹងទៅតុលាការតែម្ដង»។ 

នាយក​​កិច្ចការទូទៅ​នៃ​អង្គការការពារសិទ្ធិមនុស្ស​​លីកាដូ ​លោក អំ សំអាត ​ មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគួររិះរកមធ្យោបាយសម្របសម្រួលឱ្យទាន់ពេលវេលាមុនបញ្ហានេះរាលដាលដល់សង្គមទាំងមូល។

លោក បញ្ជាក់ថា៖ «កុំទុកបញ្ហាហ្នឹងវាឡើងធំហើយវាយូរទៅនាំឱ្យមានបញ្ហាកាន់តែវែងឆ្ងាយ ហើយនិងមានសន្ទុះការតវ៉ាកាន់តែខ្លាំង ចឹងវាប៉ះពាល់ដល់រដ្ឋាភិបាលវិញទេ។ ចឹងបញ្ហាតិចគួរព្យាយាមដើម្បីសម្របសម្រួលក្នុងការដោះស្រាយបញ្ចប់»។

ករណីស្រដៀងគ្នានេះដែរ កាលពីពេលកន្លងទៅ មានប្រជាពលរដ្ឋរាប់រយនាក់​បានប្រមូលផ្ដុំគ្នាតវ៉ាទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ទាមទារឱ្យម្ចាស់ក្រុមហ៊ុនសាងសង់លំនៅឋានបុរីវីអាយភីដោះស្រាយជូនពួកគាត់ដែលបានទិញ និងបង់រំលស់ផ្ទះ ប៉ុន្តែក្រុមហ៊ុនមិនបានសាងសង់តាមការសន្យាឡើយ៕