មន្រ្តីសង្គមស៊ីវិល​ និងប្រជាកសិករមួយចំនួនបារម្ភពីកង្វះការបណ្ដុះបណ្ដាលបច្ចេកទេសធ្វើកសិកម្មដល់កសិករនៅជនបទ បន្ទាប់ពីក្រសួងមហាផ្ទៃសម្រេចផ្អាកសកម្មភាពសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា​ កាលពីសប្ដាហ៍មុន។

លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា មានប្រសាសន៍ថា កសិករមួយចំនួនដែលទទួលបានការបណ្ដុះបណ្ដាលពីរបៀបដាំដុះធ្វើកសិកម្មពីសមាគមកសិករកម្ពុជា​នឹងរងផលប៉ះពាល់។

លោក​ វុទ្ធី និយាយថា៖ «ជាធម្មតាអាហ្នឹងវាប៉ះហើយនៅពេលដែលស្ថាប័នមួយដែលយើងធ្វើការផ្ដល់សេវាទៅដល់ប្រជាពលរដ្ឋ ជាពិសេសកសិករទៅលើការដាំដុះនិងបច្ចេកទេសកសិកម្មអានេះជារឿងពាក់ព័ន្ធនឹងជំនួយ»។

យ៉ាងណា លោក វុទ្ធី ថា នៅមិនទាន់អាចធ្វើការសនិ្នដ្ឋានណាមួយលើសកម្មភាពសមាគមកសិករកម្ពុជានោះទេ ដោយសារស្ថិតក្នុងការស្រាវជ្រាវរបស់តុលាការ។

លោក ស៊ុន សុផាត អាយុ៤៤ឆ្នាំ ជាកសិករមួយរូបនិងជាតំណាងសហគមន៍នៅខេត្តព្រះសីហនុ និយាយថា សមាគមកសិករកម្ពុជា បានជួយបង្រៀនលោកពាក់ព័ន្ធនឹងបច្ចេកទេសចិញ្ចឹមមាន់ ផ្ដល់ពូជបន្លែ និងដំណាំផ្សេងៗ។ ប៉ុន្តែលោក សុផាត ថា ក្រោយការផ្អាកសកម្មភាពរបស់សមាគមកសិករកម្ពុជា ប្រហែលគ្មានការបណ្ដុះបណ្ដាលអំពីកសិកម្មដល់កសិករក្រីក្រទៀតឡើយ។

លោក និយាយថា៖ «ដល់គាត់ [ក្រសួងមហាផ្ទៃ] បញ្ឈប់ CCFC [សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា] ទៅ អត់មានគ្រូបង្គោលណាដែលចុះជួយដល់ប្រជាពលរដ្ឋកំពុងតែនៅល្ងិតល្ងង់ អត់យល់ពីផ្នែកផ្លូវច្បាប់ អត់យល់អ្វីពីផ្នែកកសិកម្មចឹង មានន័យថាក្រសួងមហាផ្ទៃអត់យល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រនៅតំបន់ទីជនបទទេ»។

លោក កែវ សុម៉ាលី បុគ្គលិកផ្នែកសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយនៅសមាគមកសិករកម្ពុជា

ចាត់ទុកការផ្អាកសកម្មភាពសមាគមជាសិទ្ធិរបស់ក្រសួងមហាផ្ទៃដែលមន្ទិលលើសកម្មភាពសមាគម ហើយលោកក៏ចង់ឱ្យអាជ្ញាធរស៊ើបអង្កេតដោយឥតលាក់លៀមផងដែរ។

លោក សុម៉ាលី បន្តថា លោកមិនអាចរង់ចាំការបើកដំណើរការឡើងវិញរបស់សមាគមកសិករកម្ពុជាបានយូរនោះទេ ដោយលោកមានការរ៉ាបរងលើការបង់ប្រាក់ធនាគារនិងបន្ទុកគ្រួសារ។

លោក សុម៉ាលី និយាយថា៖ បើសិនជានីតិវិធីគេយូរយើងមិនដឹងថា១ឆ្នាំឬកន្លះឆ្នាំហើយ យើងមិនអាច យើងត្រូវការទ្រទ្រង់សេដ្ឋកិច្ចជីវភាពគ្រួសារដែរចឹងយើង ប្រហែលយើងត្រូវរក [ការងារ] ថ្មីទៀតចឹង (ចាំបាន)មួយខែពីរខែ»។ 

លោក ម៉ឺន រតនា ប្រធានស្ដីទីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ថ្លែងថាលោកបានប្រាប់មេធាវីការពារក្ដីព្យាយាមពន្លឿនសំណុំរឿងនេះ និងអាជ្ញាធរក៏បានសន្យាដែរថានឹងស៊ើបអង្កេតឱ្យបានឆាប់រហ័ស ដើម្បីអាចបើកដំណើការសមាគមឡើងវិញ ប្រសិនបើរកមិនឃើញកំហុសឆ្គង។

លោក រតនា បន្តថា លោក កំពុងចរចាជាមួយម្ចាស់ជំនួយឱ្យបន្តបើកប្រាក់ខែដល់បុគ្គលិកទាំង២១នាក់របស់សមាគមរហូតដល់អាជ្ញាធរបញ្ឈប់ការស៊ើបអង្កេត។ បន្ថែមពីលើនេះ លោកថា សមាគមកសិករកម្ពុជា នឹងទទួលយកបុគ្គលិកទាំងអស់ចូលបម្រើការងារវិញ ប្រសិនបើពួកគេចង់វិលត្រលប់ បន្ទាប់ពីសមាគមបើកដំណើរការឡើងវិញ។

លោកនិយាយថា៖ «ខែហ្នឹង[ប្រាក់ខែ]បើកឱ្យគាត់ធម្មតា ប៉ុន្តែខ្ញុំអត់មានសន្យាថាខែក្រោយបើកបានទេ ព្រោះយើងនៅចរចាជាមួយគេ [ម្ចាស់ជំនួយ]។ បើសិនមិនបិទគ្រាន់តែផ្អាកខ្ញុំមិនរកការងារថ្មីទេ [រង់ចាំ] ១ឆ្នាំសម្រាប់ខ្ញុំ»។

ដោយឡែក លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ថា លោកមិនអាចឆ្លើយតបជាមួយអ្នកសារព័ត៌មានបានទេ ដោយសារលោកស្ថិតក្រោមការត្រួតពិនិត្យពីតុលាការ។

លោក ឈឹម កាន អគ្គនាយករង និងជាប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ លើកឡើងថា ការផ្អាកសកម្មភាពសមាគមកសិករកម្ពុជា ដោយសារថ្នាក់ដឹកនាំនៃសមាគមនេះ ស្ថិតក្រោមការស៊ើបអង្កេតពីតុលាការ។ លោកថា ការផ្អាកសកម្មភាពនេះរហូតទាល់តែតុលាការបិទបញ្ចប់ការស៊ើបអង្កេត។

លោក កាន និយាយថា៖ «ដោយសារតុលាការឃាត់ខ្លួនថ្ងៃមុន ជាប់បណ្ដឹង បានន័យថាថ្នាក់ដឹកនាំគាត់ពុងជាប់បណ្ដឹងតុលាការ ក្នុងនីតិវិធីតុលាការ។ រង់ចាំចំណាត់ការរបស់តុលាការបញ្ចប់សព្វគ្រប់ [ទើបបើកដំណើរការវិញ]»។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងសហការី២នាក់ទៀត ត្រូវបានអាជ្ញាធរខេត្តក្រចេះឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោយសមាគមនេះបានបើកវគ្គបណ្ដុះបណ្ដាលកបុគ្គលិកនៅខេត្តរតនគិរី ដោយក្រសួងមហាផ្ទៃចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធការធ្វើបដិវត្តន៍កសិករ។​

ក្រោយមក សាលាដំបូងខេត្តរតនគិរី បានសម្រេចចោទប្រកាន់លោក ថេង សាវឿន និងសហការីពីររូប​ពីបទ​រួមគំនិតក្បត់ដែលប្រឈមនឹងជាប់ពន្ធនាគារហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់មួយចំនួន​ទៀត។ យ៉ាងណា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក ថេង សាវឿន និងសហការី ត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ ក្រោមការត្រួតពិនិត្យពីតុលាការ ក្រោយលោក និងបុគ្គលិករួមការងារ២នាក់នោះ បានចេញវីដេអូសុំទោសនិងទទួលស្គាល់កំហុស៕