ភរិយា​របស់លោក ថាច់ សេដ្ឋា ឱ្យដឹងថា ស្វាមីរបស់ខ្លួន កំពុងប្រឈមបញ្ហាសុខភាពច្រើនប្រភេទ ដែលបង្កឱ្យមានអាការ​ហើមជើង ខ្សោយកម្លាំង អំឡុងពេលជាប់ឃុំឃាំង និងស្នើឱ្យតុលាការ ដោះលែងលោក ថាច់ សេដ្ឋា នៅក្រៅឃុំបណ្តោះអាសន្នដើម្បីព្យាបាលជំងឺ។

អ្នកស្រី ថាច់ សុខបូរ៉ានី ត្រូវជាភរិយា អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានប្រាប់ ​Newsroom Cambodia ថា លោក ថាច់ សេដ្ឋា កំពុងមានជំងឺច្រើនមុខរួមមាន ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង លើសជាតិស្ករ ឡើងជាតិអាស៊ីត ដែលជំងឺទាំងនេះ បានបង្កឱ្យសុខភាពលោក ថាច់ សេដ្ឋា កាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកស្រីបន្ថែមថា អំឡុងពេលលោក ថាច់ សេដ្ឋា កំពុងជាប់ពន្ធនាគារព្រៃស (ម១) គឺអ្នកស្រីតែងតែទិញថ្នាំឱ្យលោក ថាច់ សេដ្ឋា ទទួលទានជាប្រចាំដើម្បីព្យាបាលជំងឺប្រចាំកាយជាច្រើនមុខនោះ។

យ៉ាងណាក្តី កាលពីថ្ងៃទី១២ ខែមិថុនា ក្នុងពេលដែលលោក ថាច់ សេដ្ឋា ចូលរួមសាវនាការនៅតុលាការកំពូល អ្នកស្រី សុខបូរ៉ានី ដែលបានជួបស្វាមីផ្ទាល់ បានសង្កេតឃើញថា​លោកថាច់ សេដ្ឋា មានសភាពហើមដៃ និងជើង ដោយសារជំងឺលើសសម្ពាធឈាម។ អ្នកស្រីថាលោក ថាច់ សេដ្ឋា តែងតែមានអាការខ្សោយកម្លាំងជាប្រចាំនៅពេលឡើងសាវនាការនាពេលកន្លងទៅ។

អ្នកស្រីថា៖ «ខ្ញុំឃើញជើងគាត់ [លោក ថាច់ សេដ្ឋា] ហើម ខ្ញុំថាបង! ជើងបងឯងហើមហើយ! គាត់ថា អត់អីទេ។ឱ្យ[តែ]ពេលខ្ញុំសួរគាត់! គាត់ថា ឡើងជាតិស្ករ ឡើងជាតិអាស៊ីត ហើយនឹងឡើងឈាមខ្លាំង ដូចថា ធ្វើទុក្ខឡើងឈាមអ៊ីចឹង! ជើងដៃគាត់ហើម»។

បើតាម អ្នកស្រី ថាច់ សុខបូរ៉ានី បញ្ហាសំខាន់មួយទៀតគឺ លោក ថាច់ សេដ្ឋា មានជំងឺបេះដូង ដែលត្រូវបានវះកាត់ដាក់ឧបករណ៍ជំនួយ ទើបតម្រូវឱ្យមានការព្យាបាល និងយកចិត្តទុកដាក់ឱ្យបានដិតដល់។ អ្នកស្រីបានអំពាវនាវឱ្យតុលាការដោះលែងលោក ថាច់ ​សេដ្ឋា នៅក្រៅឃុំបណ្តោះអាសន្នដើម្បីបានសម្រាកព្យាបាលជំងឺ ដោយអ្នកស្រីបាម្ភពីបញ្ហាសុខភាពនេះកាន់ធ្ងន់ធ្ងរបើជាប់ឃុំបែបនេះ។

អ្នកស្រីថា៖ «សុំឱ្យគាត់នៅក្រៅឃុំដើម្បីព្យាបាលខ្លួន ឱ្យគាត់ជួសឈាម ជួសអីមើល ស្ថានភាពបេះដូងគាត់ណាអូន!»

​នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ពន្យល់ថា ជនគ្រប់រូបមានសិទ្ធិសុំនៅក្រៅឃុំបណ្តោះអាសន្នក្នុងករណីបុគ្គលនោះបញ្ហាសុខភាព និងក្រោមលក្ខខណ្ឌមួយចំនួនដូចជា មានទីលំនៅពិតប្រាកដ មានមុខរបរច្បាស់លាស់ ការបង្ហាញមុខគ្រប់នីតិវិធីរបស់តុលាការ និងការតម្កល់ថវិកាតាមផ្លូវតុលាការជាដើម។ លោកថា តុលាការ គួរតែពិចារណា ឱ្យនៅក្រៅឃុំបណ្តោះអាសន្នសម្រាប់ករណីលោក ថាច់ សេដ្ឋា ដែលកំពុងមានជំងឺប្រចាំកាយច្រើនប្រភេទបែបនេះ។

លោកថា៖ «បើសិនលក្ខខណ្ឌគ្រប់គ្រាន់បូកទាំងជំងឺប្រចាំកាយអីទៀត អាហ្នឹង! ខ្ញុំយល់ថា តុលាការគួរតែពិនិត្យ និងពិចារណា ទៅលើបញ្ហាហ្នឹង។ ពីព្រោះជនដែលត្រូវចោទតាមគោលការណ៍ច្បាប់គឺការសន្មត់ថាគ្មានទោសជាមុន ដរាបណាតុលាការមិនទាន់រកឃើញទោសនូវកំហុស ឬក៏វិនិច្ឆ័យថាគាត់បានប្រព្រឹត្តបទល្មើស និងការផ្តន្ទាទោស»។

Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា បានទេគិតត្រឹមថ្ងៃសុក្រទី១៦ខែមិថុនាដោយទូរសព្ទចូលមិនមានអ្នកទទួល។

ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ក៏មិនឆ្លើយតបសំនួរអ្នកសារព័ត៌មានតាមរយៈប្រព័ន្ធតេឡេក្រាមដែរ គិតត្រឹមថ្ងៃសុក្រ ទី១៦ ខែមិថុនា។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បា្រប់ Newsroom Cambodia ថា រដ្ឋាភិបាលមិនលូកលាន់កិច្ចការរបស់តុលាការនោះទេ។

លោកថា៖ «រដ្ឋាភិបាលមិនមានសិទ្ធិអំណាចណាទៅផ្តល់យោបល់អីទេ! ទាល់សួរខាងមេធាវី ឱ្យមេធាវីទាក់ទងទៅតុលាការ»

សហមេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក​មេធាវី សឺន ជុំជួន បានបញ្ជាក់ប្រាប់ Newsroom Cambodia ថា កូនក្តីរបស់លោកគឺសុខភាពមិនអំណោយផលទេ សម្រាប់ការឃុំគាត់ក្នុងពន្ធនាគារ ពីព្រោះត្រូវការព្យាបាលជំងឺ។ លោកថាក្រុមមេធាវីរបស់លោកបានរៀបចំនីតិវិធីដើម្បីស្នើសុំឱ្យដោះលែង លោក ថាច់ សេដ្ឋា បាននៅក្រៅឃុំបណ្តោះអាសន្នរួចរាល់ហើយ ប៉ុន្តែតុលាការកំពូលបដិសេដសំណើនេះ​។

លោកថា៖ «ទាក់ទងការស្នើសុំឱ្យនៅក្រៅឃុំ សិទ្ធិរបស់យើងនៅតែមាន គ្រាន់តែថា បើយើងនិយាយអំពីប្រសិទ្ធភាពទាក់ទងទៅក្នុងផ្លូវច្បាប់ដូចជាពិបាកបន្តិច! ទាក់ទងការស្នើសុំឱ្យនៅក្រៅឃុំហ្នឹង ពីព្រោះថា នីតីវិធីយើងបានធ្វើទៅដល់ [តុលាការ] កំពូលរួចទៅហើយ»

យ៉ាងណាក្តី ក្នុងពន្ធនាគារនៅកម្ពុជា ត្រូវបានអ្នកដែលធ្លាប់ជាប់ឃុំឃាំងបានលាតត្រដាងពីភាពអាប់អួនៅក្នុងពេលពួកគេត្រូវបានចាប់ឃុំខ្លួន។

សកម្មជនការងារសង្គម កញ្ញា សូ មេត្តា ដែលធ្លាប់ជាប់ពន្ធនាគារជាង ១ឆ្នាំ ប្រាប់ថា បរិយាសនៅក្នុងពន្ធនាគារ គឺមានស្ថានភាពអាក្រក់ខ្លាំង។ កញ្ញាថា ក្នុងមន្ទីរឃុំឃាំងមានបញ្ហាជាច្រើន ដូចជា ភាពចង្អៀតណែននៃអ្នកទោស បរិស្ថានមិនស្អាត សេវាសុខាភិបាលមិនល្អ និងអំពើពុករលួយជាដើម។ កញ្ញាថា មន្រ្តីនៅក្នុងពន្ធនាគារ មិនបានយកចិត្តទុកដាក់ចំពោះអ្នកទោសនោះទេ មិនថាបុគ្គលនោះជាសកម្មជនការងារសង្គម ឬអ្នកទោសនយោបាយឡើយ។

កញ្ញា មេត្តា និយាយថា៖ «សុខាភិបាលនៅពន្ធនាគារវិញគឺខ្សោយ។ ខ្សោយហ្នឹងដោយសារមិនមាន! គឺកង្វះមន្រ្តីព្យាបាលជំងឺ ខ្វះថ្នាំ ខ្វះ [សេវា] សង្រ្គោះបន្ទាន់ និងព្យាបាលជំងឺអ្នកទោស។ មន្ទីរពេទ្យនៅក្នុងពន្ធនាគារ មានតែថ្នាំសង្រ្គោះព្យាបាលបឋមទេ! មានតែប៉ារ៉ា វីតាមីនទេ អត់មា​នថ្នាំណាពេលដែលគាត់ឈឺធ្ងន់ធ្ងរទេ»

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានអាជ្ញាធរឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ជុំវិញករណីចោទប្រកាន់ថាលោកចេញសែកអត់លុយ ឱ្យទៅក្រុមហ៊ុន រិន ឆាយ ផនសប (Rin Chhay Pawn Shop) កាលពីចុងឆ្នាំ២០១៩ ប៉ុន្តែលោកបានច្រានចោលករណីនេះដោយថាជារឿងអយុត្តិធម៌។

អំឡុងពេលជាប់ពន្ធនាគារលោក ថាច់ សេដ្ឋា ក៏បានរងការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ«ញុះញង់ឱ្យមានការរើសអើង» ជុំវិញសកម្មភាពរបស់លោកនៅប្រទេសកូរ៉េខាងត្បូង កាលពីខែមករា ឆ្នាំ២០២៣ ដោយលោកបានថ្លែងពីបញ្ហានយោបាយ និងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា៕