ក្រុមអង្គការសង្គមស៊ីវិលដែលលើកកម្ពស់សិទ្ធិស្រ្តីជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិការងារ និងផ្ដល់កិច្ចគាំពារសង្គមសម្រាប់ស្រ្តី ដែលកំពុងបម្រើការនៅក្នុងវិស័យសេវាកម្មកំសាន្តជាជាងប្រើវិធីបង្រ្កាប់ និងផាត់ពួកគេចេញពីការគ្រប់ដណ្តប់ដោយច្បាប់។
ការទាមទារនេះ ធ្វើឡើងក្រោយពីអាជ្ញាធរក្រុងភ្នំពេញ បានចុះឃាត់ខ្លួនស្រ្តីបម្រើការនៅតាមសេវាកម្មកំសាន្តជាង៣០នាក់ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ កាលពីថ្ងៃព្រហស្បត្តិហ៍សប្ដាហ៍មុន។
លោកស្រី សេង រាសី នាយិការប្រតិបត្តិ នៃអង្គការសីលការ ចាត់ទុកថា នៅប្រទេសកម្ពុជា ការប្រកបរបររកស៊ីផ្លូវភេទមិនបានចាត់ទុកជារឿងខុសច្បាប់នោះទេ។លោកស្រីបន្តថាការចុះឃាត់ខ្លួនស្រ្តីបម្រើសេវាកម្មកំសាន្តនៅផ្លូវវេងស្រេង វាមិនត្រឹមតែប៉ះពាល់មុខរបរក្រុមស្រ្តីទាំងនោះទេ ក្រុមគ្រួសារពួកគេ ក៏ត្រូវជួបការលំបាកផ្នែកសេដ្ឋកិច្ចទៀតថែមទៀតផង។
បើតាមលោកស្រី សេង រាសី ផ្ទុយទៅវិញការងារផ្នែកសេវាកម្មកំសាន្តទាំងនេះ វាគួរគប្បីទទួលបានការការពារ និងផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗពីសង្គមដូចជាពលរដ្ឋដ៏ទៃទៀតដែរ។
លោកស្រីបន្តថា៖«សម្រាប់ខ្ញុំបើសិនជាយើងទាំងអស់គ្នាមើលឃើញថាការប្រកបរបរផ្លូវភេទហ្នឹងដូចជាការប្រកបរបរផ្សេងៗដែរនៅក្នុងសង្គម ចឹងអ្នកដែលមានអាជីពផ្សេងៗទទួលបានអ្វី គាត់គួរតែទទួលបានហ្នឹងដូចគ្នា។ គាំពារនៅក្នុងសិទ្ធិការងាររបស់គាត់ ការទទួលបានការចាកផុតអំពីការរើសអើង ការទទួលបានសេវាសង្គម ការគាំពារ ការផ្ដល់យុត្តិធម៌ គឺគាត់ត្រូវទទួលបានដូចអ្នកផ្សេងចឹង»។
មិនខុសគ្នាទេ លោកស្រី ស្តើង ភារ៉ុង នាយិការប្រតិបត្តិ នៃអង្គការបន្ទាយស្រី ក៏ឯកភាពដែរថាក្រុមស្រ្តីដែលបម្រើការងារនៅក្នុងវិស័យសេវាកម្មកំសាន្តនេះ ជាញឹកញយតែងរងនូវការរំលោភបំពាន និងការរើសអើង ប៉ុន្តែសង្គមតែងមើលរំលងពីបញ្ហាទាំងនេះទៅវិញ។ក្នុងនាមអង្គការមិនមែនរដ្ឋាភិបាល លោកស្រីជំរុញឱ្យតួអង្គពាក់ព័ន្ធត្រូវផ្ដល់សេវាពិនិត្យសុខភាពជាប់ជាប្រចាំដល់ស្រ្តីទាំងនោះដោយឥតគិតថ្លៃ និងជាការការពារពួកគេពីការរំលោភបំពានផ្សេងៗផងដែរ។
លោកស្រីបន្តថា៖ «គាត់ត្រូវទទួលបានការការពារពីរដ្ឋ។ ជាពិសេសពាក់ព័ន្ធនឹងការពិនិត្យសុខភាពរបស់ពួកគាត់ជាប្រចាំ ការផ្ដល់សេវាឥតគិតថ្លៃពិនិត្យសុខភាពដល់ពួកគាត់។ ពាក់ព័ន្ធនឹងការគាំពារសុវត្ថិភាពរបស់ពួកគាត់ពេលដែលគាត់ប្រកបមុខរបរហ្នឹងផងដែរ»។
យុទ្ធនាការចុះបង្រ្កាប់ ក្រោមហេតុផលបោសសំអាត ភាពអនាធិបតេយ្យ ដែលរៀបចំដោយកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ១៥ មិថុនា ត្រូវរង់ការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គមជាហូរហែ។ពួកគេចាត់ទុកថា ការផ្តល់សេវាកម្មផ្នែកសេវាកម្មកម្សាន្តនេះ គឺជាការស្ម័គ្រចិត្តដែលវាឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អ្នកទទួលរកសេវាកម្ម។ម្យ៉ាងវិញទៀត ក្រុមស្រ្តីទាំងនោះ ក៏មិនបានប្រព្រឹត្តកំហុសផ្នែកព្រហ្មទណ្ឌណាមួយ ដូចទៅនឹងបទល្មើសជួញដូរផ្លូវនោះដែរ។
ក្រោយយុទ្ធនាការនេះ បានបិទបញ្ចប់ទៅមួយថ្ងៃក្រោយ ទំព័រហ្វេសប៊ុកផេកផ្លូវការ របស់អង្គការក្លាហាន ចាត់ទុកថា មុខរបផ្តល់ការសប្បាយនេះ វាគួរត្រូវបានគាំទ្រដោយច្បាប់ និងលប់បំបាត់ការរើសអើង ជាពិសេសបញ្ចប់ការកេងប្រវ័ញ្ច ក៏ប៉ុន្តែពួកគេបានក្លាយជាគោលដៅនៃការរំលោភបំពានទៅវិញ។
អង្គការក្លាហានលើកឡើងថា៖«សិទ្ធិអ្នកប្រកបរបរផ្លូវភេទ ជាសិទ្ធិមនុស្ស។អ្នកប្រកបរបរផ្លូវភេទ គប្បីទទួលបាននូវការការពារ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌»។
ចំណែកសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឥន សុផល កត់សំគាល់ថា នៅភ្នំពេញ កាលពីឆ្នាំ១៨៨៥ លោកវេជ្ជបណ្ឌិត ម៉ូរ៉ែល ប្រចាំនាវាបារាំង បានឱ្យស្រ្តីប្រកបរបរផ្លូវភេទចុះបញ្ជី និងទទួលបានកាត ដែលអនុញ្ញាតឱ្យប្រកបរបរនេះស្របច្បាប់ និងពិនិត្យសុខភាពជាទៀងទាត់រៀងរាល់ថ្ងៃព្រហស្បតិ៍។ការលើកឡើងនេះ ដោយលោក សុផល បានភ្ជាប់សកម្មភាពនៃការបង្រ្កាប់ដោយសមត្ថកិច្ចប្រឆាំងស្រ្តីប្រកបមុខរបររកស៊ីផ្លូវភេទ នៅផ្លូវវេងស្រេង កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន។
សារព័ត៌មាន Newsroom Cambodia មិនទាន់សូមការអត្ថាធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានភ្លាមៗទេ នៅថ្ងៃនេះ។
បើទោះបែបណា រដ្ឋាភិបាល កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចផ្ដល់របបថែទាំសុខភាព សម្រាប់អ្នកដែបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្រ្តីបម្រើការងារនៅតាមរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស៉្បា ជាដើមដែលរដ្ឋនឹងរ៉ាប់រងនូវការចំណាយទាំងស្រុង។នៅក្នុងទិវាអន្តរជាតិដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រីរកស៊ីផ្លូវភេទ កាលពីថ្ងៃទី១៧ ខែធ្នូ ក្រុមអ្នកប្រកបរបររកស៊ីផ្លូវភេទ និងស្រ្តីបម្រើសេវាកម្សាន្តនានា ទទូចឱ្យមានការគាំពារបន្ថែមផ្នែកច្បាប់ និងសេវាសង្គមពីសហគមន៍ រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ការស្នើសុំនេះក្នុងន័យ ដើម្បីបង្កើនឱ្យមានការយកចិត្តទុកដាក់ ការធានាពីសុវត្ថិភាពពេលបំពេញការងារ ការឱ្យតម្លៃ និងលប់បំបាត់ការរើសអើង ជាពិសេសការប្រើប្រាស់អំពើហិង្សាមកលើពួកគេ៕