ក្រុមអង្គការសង្គមស៊ីវិលដែលលើកកម្ពស់សិទ្ធិស្រ្តីជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិការងារ និងផ្ដល់កិច្ចគាំពារសង្គមសម្រាប់ស្រ្តី ដែលកំពុងបម្រើការនៅក្នុងវិស័យសេវាកម្មកំសាន្តជាជាងប្រើវិធី​​​បង្រ្កាប់ និងផាត់ពួកគេចេញពីការគ្រប់ដណ្តប់ដោយច្បាប់។

ការទាមទារនេះ ធ្វើឡើងក្រោយពីអាជ្ញាធរក្រុងភ្នំពេញ បានចុះឃាត់ខ្លួនស្រ្តីបម្រើការនៅតាម​សេ​​វា​កម្ម​​​​កំ​សាន្ត​​ជាង​៣០​​នាក់ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ កាលពីថ្ងៃព្រហស្បត្តិហ៍សប្ដាហ៍​​មុន​​។

លោកស្រី សេង រាសី នាយិការប្រតិបត្តិ នៃអង្គការសីលការ ចាត់ទុកថា នៅប្រទេសកម្ពុជា ការ​ប្រ​ក​បរបររកស៊ីផ្លូវភេទមិនបានចាត់ទុកជារឿងខុសច្បាប់នោះទេ។លោកស្រីបន្តថាការ​​ចុះ​​ឃាត់​​ខ្លួន​​ស្រ្តី​​បម្រើសេវាកម្មកំសាន្តនៅផ្លូវវេងស្រេង វាមិនត្រឹមតែប៉ះពាល់មុខរបរក្រុមស្រ្តីទាំងនោះទេ ក្រុម​គ្រួ​សារ​​​​ពួកគេ ក៏ត្រូវ​ជួបការលំបាកផ្នែកសេដ្ឋកិច្ចទៀតថែមទៀតផង។

បើតាមលោកស្រី សេង រាសី ផ្ទុយទៅវិញការងារផ្នែកសេវា​កម្ម​កំសាន្តទាំងនេះ វា​គួរគប្បីទ​​​ទួ​​​​ល​​​​​​បាន​កា​រការពារ និងផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗពី​សង្គម​ដូច​ជា​​​​ពលរដ្ឋដ៏ទៃ​​ទៀត​​​​​ដែរ​។

លោកស្រីបន្តថា៖«សម្រាប់ខ្ញុំបើសិនជាយើងទាំងអស់គ្នាមើលឃើញថាការប្រកបរបរផ្លូវភេទ​​ហ្នឹង​​ដូច​​ជាការប្រកបរបរផ្សេងៗដែរនៅក្នុងសង្គម ចឹងអ្នកដែលមានអាជីពផ្សេងៗទទួលបានអ្វី គាត់​​គួរតែទទួលបានហ្នឹងដូចគ្នា។ គាំពារនៅក្នុងសិទ្ធិការងាររបស់គាត់ ការទទួលបានការចាកផុត​​អំពី​​ការ​​រើសអើង ការទទួលបានសេវាសង្គម ការគាំពារ ការផ្ដល់យុត្តិធម៌ គឺគាត់ត្រូវទទួលបានដូច​​អ្នក​​ផ្សេងចឹង​»

មិនខុសគ្នាទេ លោកស្រី ស្តើង ភារ៉ុង នាយិការប្រតិបត្តិ នៃអង្គការបន្ទាយស្រី ក៏ឯកភាពដែរថាក្រុម​ស្រ្តី​​ដែលបម្រើការងារនៅក្នុង​វិស័យសេវាកម្មកំសាន្តនេះ ជាញឹកញយតែងរងនូវការរំលោភបំពាន និងការរើសអើង ប៉ុន្តែសង្គមតែងមើលរំលងពីបញ្ហាទាំងនេះទៅវិញ។ក្នុងនាមអង្គការមិនមែនរដ្ឋាភិបាល លោកស្រីជំរុញឱ្យតួអង្គពាក់ព័ន្ធត្រូវ​​ផ្ដល់​​សេវាពិនិត្យសុខភាព​ជាប់ជា​ប្រចាំ​ដល់ស្រ្តីទាំង​​នោះ​​ដោយ​​​​ឥត​​គិត​ថ្លៃ និងជាការការពារពួកគេពីការរំលោភបំពានផ្សេងៗផងដែរ។

លោកស្រីបន្តថា៖ «គាត់ត្រូវទទួលបានការការពារពីរដ្ឋ។ ជាពិសេសពាក់ព័ន្ធនឹងការពិនិត្យសុខ​​ភា​​​របស់ពួកគាត់ជាប្រចាំ ការផ្ដល់សេវាឥតគិតថ្លៃពិនិត្យសុខភាពដល់ពួកគាត់។ ពាក់ព័ន្ធនឹង​​ការ​​គាំ​​ពា​​សុវត្ថិភាពរបស់ពួកគាត់ពេលដែលគាត់ប្រកបមុខរបរហ្នឹងផងដែរ»

យុទ្ធនាការចុះបង្រ្កាប់ ក្រោមហេតុផលបោសសំអាត ភាពអនាធិបតេយ្យ ដែលរៀបចំដោយកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ១៥ មិថុនា ត្រូវរង់ការរិះ​​គន់ពីអ្នកប្រើប្រាស់បណ្តាញសង្គមជាហូរហែ។ពួកគេចាត់ទុកថា ការផ្តល់សេវាកម្មផ្នែកសេវាកម្មកម្សាន្តនេះ គឺជាការស្ម័គ្រចិត្តដែលវាឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អ្ន​កទទួលរកសេវាកម្ម​​។​ម្យ៉ាងវិញទៀត ក្រុមស្រ្តីទាំងនោះ ក៏មិនបានប្រព្រឹត្តកំហុសផ្នែកព្រហ្មទណ្ឌណាមួយ ដូចទៅនឹងប​ទ​ល្មើស​ជួញដូរផ្លូវនោះដែរ។

ក្រោយយុទ្ធនាការនេះ បានបិទបញ្ចប់ទៅមួយថ្ងៃក្រោយ ទំព័រហ្វេសប៊ុកផេកផ្លូវការ របស់អង្គការ​​ក្លា​​ហាន ចាត់ទុកថា មុខរបផ្តល់ការសប្បាយនេះ វាគួរត្រូវបានគាំទ្រដោយច្បាប់ និងលប់បំបាត់ការរើ​ស​អើង ជាពិសេសបញ្ចប់ការកេងប្រវ័ញ្ច ក៏ប៉ុន្តែពួកគេបានក្លាយជាគោលដៅនៃការរំលោភបំពានទៅ​​វិញ។

អង្គការក្លាហាន​​លើកឡើង​ថា៖«សិទ្ធិអ្នកប្រកបរបរផ្លូវភេទ ជាសិទ្ធិមនុស្ស។អ្នកប្រកបរបរផ្លូភេទ គប្បីទទួលបាននូវការការពារ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌»

ចំណែកសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឥន សុផល កត់សំគាល់ថា នៅភ្នំ​​ពេញ កាលពីឆ្នាំ១៨៨៥ លោកវេជ្ជបណ្ឌិត ម៉ូរ៉ែល ប្រចាំ​នាវា​បារាំង បានឱ្យស្រ្តីប្រកបរបរផ្លូវភេទ​ចុះបញ្ជី​​ និង​ទ​ទួ​ល​​បានកាត ដែលអនុញ្ញាត​ឱ្យប្រកបរបរនេះ​ស្រប​​ច្បាប់ និងពិនិត្យសុខ​​ភាពជាទៀងទាត់​រៀង​​​​រាល់ថ្ងៃ​​ព្រហ​ស្ប​តិ៍​។ការលើកឡើងនេះ ដោយលោក សុផល បានភ្ជាប់សកម្មភាពនៃការបង្រ្កាប់ដោយសមត្ថកិច្ចប្រឆាំងស្រ្តីប្រកបមុខរបររកស៊ីផ្លូវភេទ នៅផ្លូវវេងស្រេង កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន។

សារព័ត៌មាន Newsroom Cambodia មិនទាន់សូមការអត្ថាធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​រដ្ឋាភិបាល និងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានភ្លាមៗទេ នៅថ្ងៃនេះ។

បើទោះបែបណា រដ្ឋាភិបាល កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេច​​​ផ្ដល់​​របប​​ថែ​ទាំ​​​សុ​ខ​​ភាព សម្រាប់អ្នកដែបម្រើការ​​ក្នុង​សេវាកម្សាន្ត​​ទេសច​រ​​ណ៍​​​​​​​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេស​​ស្រ្តី​​ប​​​ម្រើការងារនៅតាមរង្គសាល ឌី​ស្កូ​​​​តែក ខារ៉ាអូខេ បៀរ​​ហ្កា​​ឌិន កន្លែងម៉ាស្សា និងស៉្បា ជា​​ដើម​​ដែល​​រដ្ឋនឹងរ៉ាប់រង​នូវការចំណាយ​​ទាំង​​ស្រុង​។នៅក្នុងទិវាអន្តរជាតិដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រីរកស៊ីផ្លូវភេទ កាលពីថ្ងៃទី១៧ ខែធ្នូ​ ក្រុម​អ្នក​​ប្រ​​ក​​បរបររកស៊ីផ្លូវភេទ និងស្រ្តី​​បម្រើ​​សេវាកម្សាន្តនានា ទ​ទូ​​ច​​​​ឱ្យមានការគាំ​​ពារបន្ថែមផ្នែកច្បាប់ និងសេ​​វាសង្គម​​ពីស​​ហ​​​គមន៍ រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ការស្នើសុំនេះក្នុងន័យ ដើម្បីបង្កើន​ឱ្យ​មាន​ការយកចិត្ត​ទុក​​ដាក់ កា​​រធានាពីសុវត្ថិភាព​​ពេល​​បំ​​ពេញ​​ការងារ ការឱ្យ​តម្លៃ និងលប់បំបាត់​​​កា​រ​​​រើ​ស​​​​អើង ជាពិសេសការប្រើប្រាស់អំពើហិង្សាមកលើពួកគេ៕