អាជ្ញាធរខេត្តកំពតកោះហៅឧកញ៉ាចំនួន២នាក់ជាថ្នាក់ដឹកនាំក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ពិភពដីមាស មកបំភ្លឺជុំវិញបទឆបោកតាមបណ្ដឹងរបស់ប្រជាពលរដ្ឋជាង៣០០គ្រួសារ​ នៅស្នងការដ្ឋាននគរបាលខេត្ត ក្នុងសប្ដាហ៍ក្រោយ។

ទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះលិខិតកោះហៅ អ្នកឧកញ៉ា ហ៊ី គឹមហុង និងឧកញ៉ា ចេង សង្ហាក់ ឱ្យចូលខ្លួនបំភ្លឺនៅស្នងការដ្ឋានគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោយមានពលរដ្ឋដាក់ពាក្យបណ្ដឹងរហូតដល់៣២៣ករណី​ និងទឹកប្រាក់ដាក់វិនិយោគសរុបជាង៦លានដុល្លារ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត មានប្រសាសន៍ថា  ប្រជាពលរដ្ឋជាង៣០០គ្រួសាររស់នៅខេត្តកំពត បានដាក់ពាក្យប្ដឹងក្រុមហ៊ុន ពិភពដីមាស ក្រោយខកខានប្រគល់ប្រាក់ភាគលាភប្រចាំខែដល់ពួកគេដែលបានខ្ចីប្រាក់ពីធនាគារទៅដាក់វិនិយោគជាមួយក្រុមហ៊ុននេះ។

លោក ច័ន្ទមធុរិទ្ធ និយាយថា៖ «គាត់វិនិយោគជាមួយក្រុមហ៊ុនហ្នឹងទិញដីឡូតិ៍ទិញអីបានការប្រាក់ ហើយគាត់ទៅចងការធនាគារអី ហើយក្រុមហ៊ុនអត់បើកលុយឱ្យគាត់បីបួនខែហើយ»។

ទោះបីជាប្រជាពលរដ្ឋរស់នៅខេត្តកំពតសម្រេចដាក់ពាក្យប្ដឹង ឃើញមានតែជាង៣០០គ្រួសារក្ដី ប៉ុន្តែអ្នកសារព័ត៌មានNewsroom Cambodia បានសាកសួរពលរដ្ឋជាច្រើននាក់រស់នៅតាមបណ្ដារាជធានីខេត្តនានា​ មានទាំងរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ស្វាយរៀង និងកំពង់ឆ្នាំង ជាដើមសុទ្ធតែបានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុននេះ។​ ប៉ុន្តែអ្នកសារព័ត៌មានNewsroom Cambodia នៅពុំទាន់ស្វែងរកព័ត៌មានលម្អិតពាក់ព័ន្ធនឹងចំនួនប្រជាពលរដ្ឋរងផលប៉ះពាល់សរុប និងចំនួនទឹកប្រាក់ដាក់វិនិយោគឡើយ។

ក្នុងការដាក់ប្រាក់វិនិយោគទិញដីឡូតិ៍ ក្រុមហ៊ុនបានសន្យាថា ពលរដ្ឋនឹងទទួលបានប្រាក់ភាគលាភចំនួន៣%ឬ៤%នៃទំហំទឹកប្រាក់ដាក់វិនិយោគ ត្រលប់ទៅវិញជារៀងរាល់ខែ និងមានថេរវេលារយៈពេល២ឆ្នាំ បន្ទាប់ពីចប់កុងត្រាក្រុមហ៊ុននឹងទទួលទិញដីឡូតិ៍នោះក្នុងតម្លៃដើមវិញ។

ប្រជាពលរដ្ឋលើកឡើងថា ប្រាក់ដែលពួកគេដាក់វិនិយោគនោះភាគច្រើនបានមកពីការដាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ។

ពលរដ្ឋដាក់ប្រាក់វិនិយោគនៅក្រុមហ៊ុនខាងលើ អ្នកស្រី កែវ រី អាយុ៦១ឆ្នាំ ជាកសិករមួយរូបរស់នៅ ភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្អូញត្អែរថា ឥឡូវនេះ អ្នកស្រីកំពុងប្រឈមនឹងការពិបាររកប្រាក់បង់ធនាគារ ក្រោយក្រុមហ៊ុនបានខកខានប្រគល់ប្រាក់ភាគលាភចំនួន៤% អស់រយៈពេល២ខែ។ អ្នកស្រី បន្ថែមថា កាលពី២ឆ្នាំមុន អ្នកស្រីបានដាក់ប្រាក់វិនិយោគទិញដីឡូតិ៍ជាមួយក្រុមហ៊ុនេះចំនួន១ម៉ឺន៥ពាន់ដុល្លារ ដោយដាក់ប្លង់ផ្ទះយកប្រាក់ពីធនាគារមកវិនិយោគ។ អ្នកស្រីថា ក្រុមហ៊ុនបានពន្យារពេលប្រគល់ភាគលាភម្ដងហើយម្ដងទៀត។

អ្នកស្រី រី និយាយថា៖ «ខ្ចីលុយក្មួយផ្សំគ្នាបង់ [ធនាគារ]។

មានអារម្មថាភ័យខ្លាចគេមិនបានឱ្យយើងចេះតែកុហកថ្ងៃនេះថ្ងៃនោះចឹង។ ឡើងទៅ[ក្រុមហ៊ុន]បីបួនដងក៏មិនបាន»។

ពលរដ្ឋដាក់ប្រាក់វិនិយោគម្នាក់ទៀត លោក ស៊ាងហុង អាយុ៣១ឆ្នាំ រស់នៅខេត្តត្បូងឃ្មុំ និយាយថា លោករង់ចាំមើលក្រុមហ៊ុនដែលសន្យាថានឹងប្រគល់ប្រាក់ភាគលាភជាធម្មតាវិញចាប់ពីចុងខែមិថុនានេះ ក្រោយពលរដ្ឋជិត៦០០នាក់ឡើងទៅតវ៉ាដល់ការិយាល័យកណ្ដាលក្រុមហ៊ុននៅរាជធានីភ្នំពេញ កាលពីសប្ដាហ៍មុន។

លោក បន្ថែមថា ប្រសិនបើក្រុមហ៊ុនមិនបន្តប្រគល់ប្រាក់ភាគលាភនោះទេ លោកនឹងដាក់ពាក្យប្ដឹងនៅតុលាការក្រុងភ្នំពេញ។

លោក ស៊ាងហុង ឱ្យដឹងថា លោកបានដាក់ប្រាក់វិនិយោគចំនួន១១ម៉ឺន៦ពាន់ដុល្លារជាមួយក្រុមហ៊ុននេះ ដោយទទួលបានភាគលាភ៣%ជារៀងរាល់ខែ ដែលប្រាក់នោះភាគច្រើនលោកបានចងការឯកជន។

លោក ស៊ាងហុង និយាយថា៖ «ពិបាកចិត្តសឹងងាប់ហើយ ធ្វើម៉េចយើងចេះតែចាំសិន។ យើងនៅដំណាក់កាលចុងក្រោយដែរបើថាគេនិយាយនៅតែកុហកយើងទៀត អាហ្នឹងតាមផ្លូវច្បាប់តែហ្មងទៅ»។

សារព័ត៌មាន Newsroom Cambodia ព្យាយាមសុំការអត្ថាធិប្បាយពីភាគីតំណាងក្រុមហ៊ុន តាមរយៈលេខទូរសព្ទលើទំព័រហ្វេសប៊ុក ប៉ុន្តែហៅចូលពុំមានអ្នកលើកនោះទេ។

យ៉ាងណា ទំព័រហ្វេសប៊ុកក្រុមហ៊ុន ឃើញនៅបន្តសកម្មភាពនាំប្រជាពលរដ្ឋចុះមើលទីតាំងគម្រោងថ្មីរបស់ក្រុមហ៊ុន និងប្រកាសបើកលក់ជាធម្មតា។

ក្រុមហ៊ុនពិភពដីមាស ថែមទាំងចេញលិខិតមួយឆ្លើយ

តបទៅនឹងការកោះហៅរបស់ស្នងការនគរបាលខេត្តកំពត ដោយបង្ហាញការសោកស្ដាយចំពោះការកោះហៅឱ្យក្រុមហ៊ុនចូលបំភ្លឺ​ហើយដែលត្រូវបានបង្ហោះជាសាធារណៈដែលក្រុមហ៊ុនថាធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តមកលើក្រុមហ៊ុន។

ក្រុមហ៊ុនមួយនេះ បានទាមទារឱ្យស្នងការនគរបាលខេត្តកំពតសុំទោសជាសាធារណៈ បើពុំនោះទេ

ក្រុមហ៊ុននឹងស្នើឱ្យ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិនិត្យសតិអារម្មណ៍ស្នងការនគរបាលខេត្តនេះ និងដាក់ពិន័យវិជ្ជាជីវៈ ព្រមទាំងប្ដឹងបរិហារកេរ្តិ៍ជាសាធារណៈទៅតុលាការផងដែរ។

ជាការឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលព្រួយបារម្ភទាំងនោះ ក្រុមហ៊ុនបានចេញសេចក្ដីប្រកាសមួយ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋដែលជួបការលំបាក ដោយសារការបម្រើសេវាកម្មរបស់ក្រុមហ៊ុន មកកាន់ទីតាំងក្រុមហ៊ុន ស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីឱ្យក្រុមហ៊ុនធ្វើបច្ចុប្បន្នភាព និងសម្របសម្រួលជូនតាមការចាំបាច់ជាក់ស្ដែង។

កាលពីចុងខែមេសា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពតបានឃាត់ខ្លួន លោក ជា សារ៉ន ដែលជាឧកញ៉ាមួយរូបរកស៊ីដីឡូតិ៍ ក្រោយពលរដ្ឋ២៤៦១គ្រួសារបានប្តឹងដោយអះអាងថាពួកគេបានចាញ់បោកបញ្ឆោតរបស់ក្រុមហ៊ុនវិនិយោគដីឡូតិ៍ ជា សារ៉ន សរុបទឹកប្រាក់ជិត៤០លានដុល្លារ ទាំងអ្នកនៅខេត្តកំពតនិងខេត្តផ្សេងៗទៀត។

ពួកគេម្នាក់​ៗ​ត្រូវបាន​ក្រុមបណ្តាញ​របស់លោក ជា សារ៉ន បញ្ចុះបញ្ចូល​ឲ្យ​ខ្ចី​លុយ​ពី​ស្ថាប័នមីក្រូហិរញ្ញវត្ថុ​ម្នាក់រាប់ម៉ឺនដុល្លារ​ដើម្បី​ទិញដីឡូតិ៍របស់​លោក ជា សារ៉ន ដោយ​កម្មវត្ថុ​នៃការ​ខ្ចី​ទៅទិញ​គ្រឿងចក្រកសិកម្ម ឬ​ដីស្រែទៅវិញ។ ប៉ុន្តែ​ពេល​ដែល​លុយ​កម្ចីធ្លាក់​មក​ ភ្នាក់ងារ​លោក ជា សារ៉ន បាននាំទៅ​ផ្តិត​មេដៃ​ដើម្បីទិញដីឡូតិ៍​ទៅវិញ ខណៈ​ដែលពលរដ្ឋទាំងនោះ មិនមាន​ប្រាក់​ចំណូល​ប្រចាំ​ខែ។

ជុំវិញករណីនេះ អ្នកតាមដានសង្គមនិងអ្នកជំនាញហិរញ្ញវត្ថុ អំពាវនាវឱ្យប្រជាពលរដ្ឋគប្បីសួរអាជ្ញាធរពាក់ព័ន្ធនិងអ្នកជំនាញច្បាស់លាស់មុននឹងសម្រេចដាក់វិនិយោគជាមួយក្រុមហ៊ុនណាមួយ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញវត្ថុកម្ពុជា អះអាងថា នេះជាទម្រង់អាជីវកម្មខុសច្បាប់ ជ្រកក្រោមស្លាកអាជ្ញាបណ្ណអចលនទ្រព្យ ប៉ុន្តែដើរអូសទាញប្រជាពលរដ្ឋដាក់វិនិយោគ។

លោក តុងងី គូសបញ្ជាក់ថា មានតែស្ថាប័នហិរញ្ញវត្ថុដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានអាជ្ញាបណ្ណស្របច្បាប់ទើបមានសិទ្ធិឱ្យពលរដ្ឋដាក់ប្រាក់បញ្ញើបាន។

លោកបន្ថែមថា បើក្រុមហ៊ុនទាំងនោះដំណើរការអាជីវកម្មស្របច្បាប់ ពួកគេអាចដាក់ពាក្យកម្ចីប្រាក់ពីធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ក្រោម១,៥%ក្នុងមួយខែ ដោយពុំចាំបាច់កៀរគរប្រជាពលរដ្ឋឱ្យដាក់វិនិយោគជាមួយអត្រាការប្រាក់ខ្ពស់បែបនេះនោះទេ។ បន្ថែមពីលើនេះ លោក ទទូចឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនណាផ្ដល់ភាគលាភច្រើនជាងជាការដាក់ប្រាក់បញ្ញើនៅធនាគារដែលនេះជាសញ្ញាមួយបង្ហាញថាជាអាជីវកម្មបោកបញ្ឆោត។

លោក តុងងី និយាយថា៖ «

សមាគមមីក្រូហិរញ្ញវត្ថុសោកស្ដាយមែនទែនដែលប្រជាពលរដ្ឋយើងនៅតែរងការចាញ់បោកជនទុច្ចរិតទាំងអស់ហ្នឹង»។

នាយក​​កិច្ចការទូទៅ​នៃ​អង្គការការពារសិទ្ធិមនុស្ស​​លីកាដូ ​លោក អំ សំអាត មានប្រសាសន៍ថា ការតវ៉ារបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារអាជីវកម្មបែបនេះបានកើតមានឡើងជាញឹកញាប់ ហេតុនេះអាជ្ញាធរពាក់ព័ន្ធគួរពិនិត្យនិងតាមដានការវិនិយោគរបស់ក្រុមហ៊ុននានាឱ្យបានជាប់ជាប្រចាំ បន្ទាប់ពីចេញអាជ្ញាបណ្ណ។

លោក សំអាត មានប្រសាសន៍ថា៖ «នេះមិនមែនជាលើកទី១ទេ ដែលផ្ទុះការតវ៉ាពីពលរដ្ឋ។

វាជាមេរៀនគ្រប់គ្រាន់ហើយសម្រាប់អាជ្ញាធរជាពិសេសក្រសួងចេញអាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុនដែលធ្វើការវិនិយោគហ្នឹងត្រូវមានការត្រួតពិនិត្យនិងតាមដាន ឱ្យបានច្បាស់លាស់»