ពីមួយឆ្នាំទៅមួយឆ្នាំ សំណល់ប្លាស្ទិចនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងដោយសារកំណើនប្រជាជន ការប្រើប្រាស់ប្លាស្ទិចសម្រាប់ការវេចខ្ចប់អាហារ និងបញ្ហាផ្សេងៗទៀត ។
Newsroom Cambodia បានសម្ភាសប្រជាពលរដ្ឋចំនួន៦រូប ដែលរស់នៅក្នុងរាជធានីភ្នំពេញអំពីការយល់ឃើញរបស់ពួកគេចំពោះការចោលសំរាមនៅទីសាធារណៈ។
លោក ឡុង រតនា អាយុ១៩ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែកបុរាណវិទ្យាលើកឡើងថា សំរាមកើតឡើងដោយសារមនុស្សជាអ្នកចោល ហើយបច្ចុប្បន្ននៅទីសាធារណៈមិនសូវមានអ្នកចោលទេ។

លោកបញ្ជាក់ថា៖ «ការចោលសំរាមវាមានកត្តាច្រើនយ៉ាង ជួនកាលដោយសារបុគ្គលហ្នឹងគាត់មិនមានការយល់ដឹងផ្នែកអនាម័យ ផ្នែកបរិស្ថាន ទីពីរដោយសារតែគាត់ឃើញកន្លែងហ្នឹង មានសំរាមចោលស្រាប់ទើបគាត់ចោល»។
លោកបន្ថែមថា៖ «ខ្ញុំផ្ទាល់ខ្ញុំកម្រនឹងធ្វើការចោលសំរាមនៅតាមទីសាធារណៈណាស់ ដោយសារយើងបានសិក្សាពីកង្វក់បរិស្ថានទៅ យើងដឹងពីបញ្ហាចោទសំខាន់ទៅលើសំរាម»។
កញ្ញា ផុន រដ្ឋា អាយុ២២ឆ្នាំ ជាកម្មការិនីនៅក្នុងរោងចក្រ និងជានិសិ្សតឆ្នាំទី៣ ជំនាញរដ្ឋបាលសាធារណៈថា ការចោលសំរាមនៅទីសាធារណៈ ធ្វើឱ្យប៉ះពាល់ច្រើន ហើយការចោលនេះ អាចមកពីសីលធម៌របស់មនុស្សដែលពុំមានការយល់ដឹងផ្នែកបរិស្ថាន។

កញ្ញាលើកឡើងថា៖ «ការចោលសំរាមមានផលប៉ះពាល់ច្រើន ទីមួយពាក់ព័ន្ធទៅនឹងបរិស្ថាន មិនថាប្រទេសយើង ឬក្រៅប្រទេសគេមើលមក គេថាប្រទេសយើងជាប្រទេសមួយបរិស្ថានមិនស្អាតបរិស្ថានពោរពេញទៅដោយសំរាម ចឹងវាក៏អាចបាត់បង់តម្លៃ បាត់បង់អីតាមហ្នឹងដែរ។ មួយទៀតទាក់ទងនឹងអនាម័យ វាមានផលប៉ះពាល់។ សំរាមខ្លះវាជាប្លាស្ទិច សំរាមខ្លះវាអាចជាវត្ថុ ឬកាកសំណល់ដែលរលួយ វាជះក្លិន វាជះអី ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន»។
កញ្ញាបន្ថែមថា៖ «ប្រទេសយើងជាប្រទេសមួយកំពុងអភិវឌ្ឍន៍ ចឹងយើងត្រូវការភ្ញៀវទេសចរណ៍ ភ្ញៀវអីចឹងទៅដើម្បីមកទស្សនាប្រទេសរបស់យើង សំរាមក៏ជាផលប៉ះពាល់មួយដែរ ប្រសិនបើគេមកលេងប្រទេសយើងហើយកន្លែងណាក៏ពោរពេញទៅដោយសំរាមចឹង ភាគច្រើនគេអត់ចង់មក សូម្បីតែយើងក៏អញ្ចឹងដែរ»។

លោក ធារ៉ា មានអាយុ ៣០ឆ្នាំប្លាយ លើកឡើងថា ការចោលសំរាមនៅទីសាធារណៈជាអំពើមួយពុំគប្បី។
លោកថា៖ «យុវវ័យទាំងអស់ មិនថាក្មេងមិនថាចាស់ទេ ពេលញាំអីហើយគួរតែចោលសំរាមក្នុងធុងសំរាម បើសិនធុងសំរាមនៅឆ្ងាយ អាចកាន់សិនទៅ កាន់រហូតដល់ធុងសំរាម បោះចោលវាទៅ»។
កញ្ញា សុខ ឡេង អាយុ ៣២ឆ្នាំ បានប្រាប់ Newsroom Cambodia ថា គាត់មិនសូវសប្បាយចិត្តទេ ពេលឃើញសំរាមនៅតាមទីសាធារណៈ ព្រោះធ្វើឱ្យខូចបរិស្ថាន។

កញ្ញាបាននិយាយថា៖ «ចង់ផ្តាំទៅអ្នកអង្គុយញាំនៅទីសាធារណៈថា ជួយថែរក្សាបរិស្ថានទាំងអស់គ្នាដើម្បីឱ្យភ្ញៀវទេសចរណ៍យើងដើរ ឱ្យគេមានអារម្មណ៍ល្អ ហើយប្រទេសយើងក៏រីកចម្រើន»។
លោក ជេស លី មានអាយុ៤៧ ឆ្នាំជាអ្នករត់កង់បីថាការចោលសំរាមក្នុងផ្លូវសាធារណៈ ជារឿងមួយមិនល្អទេ វាធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននៅក្នុងទីក្រុង។

លោកលើកឡើងថា៖ «ចំពោះខ្ញុំ ខ្ញុំរៀបចំខ្លួនឯងមិនចាំបាច់នរណាប្រាប់ទេ ខ្ញុំយកទៅដាក់ធុងខ្លួនឯងដោយទឹកចិត្តខ្ញុំតែម្តង មិនបោះចោលជាដាច់ខាត […] ពេលបរិស្ថានស្អាត វាស្រស់ស្រាយដែរ សម្រាប់ការរស់នៅ និងដើរហើររបស់ភ្ញៀវជាតិ និងអន្តរជាតិ ក៏គេមើលឃើញថាយើងមានចរិតឬកពារល្អក្នុងការរៀបចំខ្លួន និងជួយដល់ប្រទេសខ្លួន»។
អ្នកស្រី សន ស្រីនាង អាយុ ៤១ឆ្នាំជាអាជីវករលក់សម្លៀកបំពាក់នៅផ្សារបឹងកេងកងថា ការចោលសំរាមអត់ស្អាត អត់ល្អ គ្មានអនាម័យ ខូចសណ្តាប់ធ្នាប់ទីក្រុង ពីព្រោះទឹកនេះជាទឹកដីមាស ទឹកដីពេជ្រ។

អ្នកស្រីនិយាយថា៖ «កន្លែងខ្ញុំលក់ដូរគឺខ្ញុំប្រយត្ន័ ទីមួយសិរីមង្គលកន្លែងយើង ទីពីរគឺបើយើងជួយសម្អាតបរិវេណកន្លែងហ្នឹងហើយ គឺដូចជាយើងជាប្រជាពលរដ្ឋម្នាក់ដែលជួយឱ្យទីក្រុងទាំងមូល ឬប្រទេសយើងស្អាត»៕