កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន​ចំនួន​១៨៨.១១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់គម្រោង​កែលម្អ​ការតភ្ជាប់​ផ្លូវ​ជន​បទ និង​ផ្គត់ផ្គង់​ទឹក​ស្អាតខេត្តសៀមរាប​។

​​បើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បង្ហោះ​នៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ បង្ហាញ​ថា ឥណទាន​សម្បទាន​របស់​ជប៉ុន​មកកាន់កម្ពុជា​ផ្តោត​លើ​​ការអនុវត្ត​គម្រោង​ពីរ​ផ្សេង​​គ្នា។ ​ឥណទានសម្បទាន​ដែលមានទឹកប្រាក់ចំនួន​​១៧២,៩៣​ លានដុល្លារអាមេរិក សម្រាប់​ការអនុវត្ត​គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ និង​ឥណទានសម្បទាន​ប្រមាណ ១៥,១៨ លាន​ដុល្លា​រអាមេរិក សម្រាប់ការអនុវត្តគម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​សៀមរាប​ដំណាក់​កាល​ទី៣។

គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកទល់នឹងដំណាច់ឆមាសទី១ ឆ្នាំ២០២១ (ដោយមិនគិតបំណុល មរតក) រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា សរុប​ចំនួន​ប្រមាណ ១៤,៨៣៦,៥២ លានដុល្លារអាមេរិក។ ក្នុងនោះ ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ពហុភាគី​ប្រមាណជា​ ៥ ៧២៣,៥៤ លានដុល្លារអាមេរិក និងជាមួយរដ្ឋាភិបាលបរទេសទ្វេភាគី ដូចជា​ចិន បារាំង ឥណ្ឌា កូរ៉េ អាល្លឺម៉ង់ ជប៉ុន ម៉ាឡេស៊ី ថៃ និងវៀតណាម មានចំនួនប្រមាណ ៩ ១១២,៩៨ លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីគម្រោងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ដែលរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពហុភាគី និងរដ្ឋាភិបាលបរទេសទ្វេភាគី ក្នុងឆមាសទី១ ឆ្នាំ២០២១៕