សកម្មជនបរិសា្ថនបានបង្ហាញក្តីបារម្ភបាត់បង់ស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង ដោយអះអាងថា អាជ្ញាធរ បានបើកដៃឱ្យបុគ្គលឯកជនចាក់ដីសង់ផ្ទះ រំលោភយកផ្នែកខ្លះនៃដងស្ទឹងមួយនេះ។

កាលពីថ្ងៃទី២០ ខែមិថុនា ទំព័រហ្វេសប៊ុក Mother Nature Cambodia ដែលគេស្គាល់ថា ជាក្រុមចលនាមាតាធម្មជាតិ បានផ្សព្វផ្សាយរូបភាពផ្ទះមួយកន្លែងស្ថិតនៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានសាងសង់ឡើងនៅមាត់ច្រាំងដងស្ទឹងសង្កែ និងមានចាក់ស៊ីម៉ង ហើយដាំដើមឈើអមក្បែរមាត់ស្ទឹង ថែមទៀតផង។

សកម្មជនបរិសា្ថន យុវតី មាន លីសា ចោទអាជ្ញាធរខេត្តបាត់ដំបងថា បានបង្កើតគំរូអាក្រក់ដល់ប្រជាពលរដ្ឋ ដោយថា ការសង់សំណង់នៅប្របមាត់ច្រាំងនេះ ហាក់មិនមានតម្លាភាព។កញ្ញាបន្តថា ទាល់តែបុគ្គលមានអំណាច ទើបហ៊ានសង់សំណង់ក្បែរមាត់ច្រាំងស្ទឹងសង្កែនេះបាន ដោយថា អាជ្ញាធរគប់គិតគ្នាបណ្តោយឱ្យបុគ្គលឯកជនរំលោភយកដីសាធារណៈ ដោយចំហ។

កញ្ញាថា៖ «ការសង់សំណង់បែបអ៊ីចឹង យើងពិបាក នឹងដឹងព័ត៌មានណាស់ មិនដឹងព័ត៌មាននៅណា នៅណី ហើយអត់បង្ហាញពីតម្លាភាព ក្នុងការអនុវត្តច្បាប់ទៀត ព្រោះច្បាប់ឱ្យមានស្តង់ដារត្រឹមត្រូវ មិនមែនស្តង់ដារពីរទេ។ ស្តង់ដារពីរកន្លែងហ្នឹង មិនមែនប្រជាពលរដ្ឋរាស្រ្តសាមញ្ញ គាត់មិនអាចធ្វើអ៊ីចឹងបានទេ»

យុវតី​ដែលតែងតែចេញមុខក្នុងការងារការពារបរិស្ថានរូបនេះ ចាត់ទុកថា​ ការបណ្តែតណ្តោយឱ្យមានសំណង់សង់ចូលដីរដ្ឋ គឺជារូបភាពមួយបង្ហាញឱ្យឃើញថា ច្បាប់នៅក្នុងប្រទេសកម្ពុជា ដែលបានចែងការពារសម្បត្តិរដ្ឋ គឺមានតែនៅលើក្រដាសប៉ុណ្ណោះ។

កញ្ញាបន្តថា៖ «អ៊ីចឹង វាបង្ហាញថា ប្រទេសនេះ​មិនបាន យកច្បាប់ជាធំ គ្មាននីតិរដ្ឋ ហើយឧកញ៉ា អ្នកមានអំណាចគឺប្រើប្រាស់សិទ្ធិ ឯកសិទ្ធិផ្ទាល់ខ្លួន ដើម្បីធ្វើអ្វីក៏បានទោះបីជាអំពើហ្នឹងរំលោភទៅលើច្បាប់ក៏ដោយ»

មាត្រា ៨ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ឆ្នាំ២០១៥ បានកំណត់ចម្ងាយដែនដីដែលមិនអាចរំលោភបាន។ ក្នុងអនុក្រឹត្យបញ្ជាក់ថា ដីចំណីឆ្នេរ និងពាមសមុទ្រត្រូវកំណត់ចំណីដី ១០០ ម៉ែត្រគិតពីឆ្នេរ និងពាមសមុទ្រ (ពេលទឹកជោរអតិបរមា) ចំណែកដីទន្លេ ត្រូវកំណត់ ៥០ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ។ រីឯ ស្ទឹង ត្រូវកំណត់ចម្ងាយ ៣០ម៉ែត្រពីមាត់ច្រាំងស្ទឹង។

ជុំវិញ ករណីនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ប្រាប់ Newsroom Cambodia ថា ពិតជាមានសំណង់ផ្ទះនេះកើតនៅដងស្ទឹងសង្កែពិតមែន ហើយថា ការសង់នេះគឺមុនលោក កាន់តំណែងជាអភិបាលខេត្តបាត់ដំបងទៅទៀត ពោលគឺកាលពីជាង ២ឆ្នាំមុន។ លោកបន្តថា សំណង់នេះ មិនមែនជាអាជីវកម្មផ្ទះសម្រាប់ភ្ញៀវទេសចរណ៍កំសាន្តនោះទេ គឺជាផ្ទះរបស់អ្នកភូមិសង់សម្រាប់ស្នាក់នៅផ្ទាល់ខ្លួន។ លោកច្រានចោល ការចោទប្រកាន់ថា មានការរំលោភយកដីស្ទឹងសង្កែ ដោយថា សំណង់ដែលសង់នោះគឺគោរពតាមច្បាប់ត្រឹមត្រូវ។

លោកថា៖ «គេមិនបានធ្វើមករំលោភលើដីស្ទឹងទេ! គេធ្វើតាមលំនាំច្រាំងចាស់ ដល់ពេលដីបាក់អ៊ីចឹងទៅ គេធ្វើតាមច្រាំងចាស់។ ប៉ុន្តែបច្ចេកទេសធ្វើច្រាំងបើយើងមិនចាក់ដីចូលស្ទឺងដើម្បីធ្វើជើងទេរ [ទីជម្រាល] យើងធ្វើអត់កើតទេ អាហ្នឹង! ដឹងហើយតើបើគាត់ចង់ដឹង មកមើលកំពុងធ្វើច្រាំង មាន ៣ [ទៅ] ៤ កន្លែង នៅស្ទឺងសង្កែយើងចាក់ដីសុទ្ធតែចាក់ហួសពាក់កណ្តាលស្ទឹង! »។

យ៉ាងណា បើតាមទំព័រហ្វេសប៊ុក របស់ ក្រុមចលនាមាតាធម្មជាតិ បានចោទថា សំណង់នេះជារបស់លោកឧកញ៉ា ទុយ គី ដែលជាមនុស្សស្និទ្ធនឹងគណបក្សកាន់អំណាច ហើយមានមន្រ្តីកាងពីក្រោយទើបមានការសង់បែបនេះបាន។

ប៉ុន្តែ លោក សុខ លូ អភិបាលខេត្តបាត់ដំបង អះអាងថា ផ្ទះនេះមិនមែនជារបស់លោកឧកញ៉ា ឈ្មោះ ទុយ គី នោះទេ ហើយលោកក៏មិនបានបញ្ជាក់ប្រាប់ Newsroom Cambodia ពីម្ចាស់កម្មសិទ្ធពិតប្រាកដរបស់ផ្ទះនោះដែរ ដោយថា លោកភ្លេចឈ្មោះ។

Newsroom Cambodia មិនទាន់អាចរកការបញ្ជាក់បន្ថែមពី ឧកញ៉ា ឈ្មោះ ទុយ គី បាននៅឡើយទេ គិតត្រឹមថ្ងៃទី២១ ខែមិថុនា។

ច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹកនៅកម្ពុជា មាត្រា៣៦ ចែងថា ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥ ០០០ ០០០)រៀល ទៅ ដប់លាន(១០ ០០០ ០០០)រៀល និង ឬ ដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ទៅដល់ប្រាំ(៥)ឆ្នាំចំពោះបុគ្គលណា ដែលលុបបឹងធម្មជាតិ ស្រះ ត្រពាំង និងអាងទឹកដោយគ្មានលិខិតអនុញ្ញាត។ ច្បាប់ដដែលចែងថា ករណីមិនរាងចាលត្រូវផ្តន្ទាទោស ទេ្វមួយជាពីរ។

មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន សង្កេតឃើញថា ការសាងសង់សំណង់ឯកជនដែលរំលោភលើដីសាធារណៈ នៅតែបន្តកើតមានជាហូរហែ ទោះបីជាមានច្បាប់ការពារកម្មសិទ្ធិរដ្ឋក៏ដោយ។ លោកថា ជនល្មើសតែងតែរួចខ្លួន ដោយថា អាជ្ញាធរបានបិទភ្នែកមិនចាត់វិធានការច្បាប់ទៅលើជនទាំងនោះទេ។ លោកជំរុញឱ្យមន្រ្តីពាក់ព័ន្ធបង្ហាញតម្លាភាពនៃការសាងសង់សំណង់នៅក្បែរមាត់ស្ទឹងសង្កែ ដើម្បីបង្ហាញពីការទទួលខុសត្រូវដើម្បីជាគំរូភាពក្នុងសង្គម។

លោកបន្ថែមថា បើអាជ្ញាធរបើកដៃឱ្យមានការរំលោភយកដីរដ្ឋ នោះគឺជាទម្រង់បង្កើតឱ្យមានភាពអយុត្តិធម៌ក្នុងសង្គម និងបង្ហាញពីកម្សោយនៃការដឹកនាំរបស់រដ្ឋាភិបាល។

លោកថ្លែងថា៖ «បញ្ហាការរំលោភយកទ្រព្យសម្បត្តិរបស់រដ្ឋ ឬក៏ការរំលោភយក! ចាក់ដីលុប យកឆ្នេរ ចាក់ដីលុបយកស្ទឹង ចាក់ដីលុបយកបឹងនេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរក្នុងការដឹកនាំ ឬក្នុងការគ្រប់គ្រងក្នុងតំបន់ហ្នឹង។ ខ្ញុំជឿថា រាជរដ្ឋាភិបាលមានសិទ្ធិអំណាចគ្រប់គ្រាន់នៅក្នុងការ ធ្វើចំណាត់ការផ្លូវច្បាប់ ឬដោះស្រាយបញ្ហាហ្នឹងប្រកបដោយយុត្តិធម៌ ដើម្បីបង្ហាញគំរូភាពសម្រាប់អ្នកដឹកនាំបន្តវេនជំនាន់ក្រោយៗទៀត»