លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ថ្លែងថា អតុល្យភាពនៃការប្រើប្រាស់ទឹករបស់ពលរដ្ឋ និងការផ្គត់ផ្គង់ទឹកនៅតែអាចកើតមានដោយសារកំណើនមនុស្ស ខណៈលោកថារដ្ឋាភិបាលកំពុងព្យាយាមដោះស្រាយបញ្ហាខ្វះទឹកជាដំណាក់កាល។

ការលើកឡើងនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលស្គាល់ថា ទឹកពិតជាមិនមានគ្រាប់គ្រាន់ក្នុងការផ្គត់ផ្គង់រហូតបានទេ ព្រោះចំនួនមនុស្សបន្តកើនឡើង ហើយតម្រូវការប្រើប្រាស់ទឹកជាប្រចាំថ្ងៃនឹងកើនឡើងដូចគ្នា។ លោកថា ដើម្បីឆ្លើយតបបញ្ហានេះ រដ្ឋាភិបាលនឹងដាក់ផែនការកៀរគរ រកជំនួយបន្ថែមទៀត ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ឱ្យពលរដ្ឋប្រើប្រាស់។

លោកថ្លែងថា៖ «បើនិយាយពីរឿងទឹកនិងភ្លើង កុំនិយាយពាក្យថាគ្រប់គ្រាន់ឱ្យសោះ។ វាគ្រប់គ្រាន់ថ្ងៃនេះ ប៉ុន្តែថ្ងៃស្អែកវាលែងគ្រប់គ្រាន់ដោយសារតែយើងពិនិត្យមើល ពេលយើងកំពុងតែអង្គុយនៅទីនេះតើមានទារកប៉ុន្មាននាក់កំពុងតែកើត និងមនុស្សប៉ុន្មានគូកំពុងតែរៀបការ។ ចឹងកាលណាចំនួនមនុស្សកើនឡើងតម្រូវការវាកើនដូចគ្នា»។

លោក ហ៊ុន សែន ក៏មានការព្រួយបារម្ភផងដែរអំពីការខ្វះខាតទឹកក្នុងការប្រើប្រាស់ ជាពិសេសក្នុងរដូងក្ដៅ ដែលនឹងបានប្រែក្លាយពីកន្លែងធ្លាប់មានទឹកទៅជាមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ។

លោកថា៖ «ខ្ញុំព្រួយបារម្ភដោយសារក្នុងខែមេសាចំរដូវចូលឆ្នាំកន្លងទៅនេះមុនចូលឆ្នាំកន្លែងមានទឹកក៏ក្លាយទៅជាកន្លែងអត់ទឹក សភាពការវាមិនអនុគ្រោះទេ»

បើតាមលោក ហ៊ុន សែន គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ការផ្គត់ផ្គង់ទឹកមានតែ ៦សែន៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ ប៉ុន្តែលោកថា ចាប់ត្រឹមពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ទៅ កម្រិតទឹកបានឡើងទៅដល់ ៨សែន ៤ពាន់ ម៉ែត្រគូប ក្នុងមួយថ្ងៃ។

អ្នកស្រី សួន​ ម៉ាមី​ ជាពលរដ្ឋរស់នៅ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលធ្លាប់ជួបប្រទះនូវបញ្ហាខ្វះខាតទឹកប្រើប្រាស់នាពេលកន្លងទៅ បានឱ្យដឹងថា នៅក្នុងបុរីដែលលោកស្រីរស់នៅមានការលំបាកខ្លាំងណាស់ក្នុងការប្រើប្រាស់ទឹកជាប្រចាំ ព្រោះមិនមានទឹកស្អាតផ្គត់ផ្គង់គ្រប់គ្រាន់។ អ្នកស្រីបន្តថា អាជ្ញាធរក៏បានសុំការអធ្យាស្រ័យផងដែរចំពោះការខ្វះខាតនេះ ហើយមន្ត្រីពាក់ព័ន្ធបានដឹកទឹកពីតំបន់ផ្សេងមកផ្គត់ផ្គង់តំបន់ដែលអ្នកស្រីរស់នៅ។

 អ្នកស្រីថា៖ «កាលដំបូងយើងរាយការណ៍ទៅអាជ្ញាធរ តែគាត់ថាមានទឹកនៅតំបន់ខាងលើតែអត់ស៊ីទែន។ ចឹងគាត់ដឹកស៊ីទែនដាក់ឱ្យ និងដឹកទឹកយកមកដាក់១ថ្ងៃ២ឡាន។ កាលហ្នឹងពិបាកវេទនា ទោះគាត់ [អាជ្ញាធរ] ឱ្យទឹកហើយក៏យើងនៅទៅដឹកទៀត»។

យ៉ាណាក្តី អ្នកស្រី សួន ម៉ាមី បានបញ្ជាក់ថា នៅតំបន់អ្នកស្រីរស់នៅចាប់ផ្ដើមមានទឹកប្រើប្រាស់គ្រប់គ្រាន់នៅពេលប្រកួតកីឡាស៊ីហ្គេមក្នុងពេលថ្មីៗនេះ។ អ្នកស្រីសង្ឃឹមថា ក្រោយពេល រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង បានបើកឱ្យប្រើប្រាស់ នឹងអាចផ្គត់ផ្គង់ទឹកបានគ្រាប់គ្រាន់ និងចៀសវាងបញ្ហាខ្វះទឹកនៅរដូវប្រាំងផងដែរ។  

អ្នកស្រីថា៖ «ប្រជាជនគាត់សប្បាយចិត្ត លែងបារម្ភ លែងកង្វល់ និងលែងដាក់ម៉ូទ័រអីហើយ»។

ជុំវិញករណីនេះ លោក យង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និង​សន្តិភាព បានសាទរការដាក់ឱ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ ដោយចាត់ទុកថាវាជាកិច្ចការដែលរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋ។ លោកថា ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងបុរីតែងតែជួបប្រទះនឹងបញ្ហាខ្វះទឹកប្រើប្រាស់នេះជាបន្តបន្ទាប់។

លោកថា៖ «ការដែលពង្រីកសមត្ថភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតជារឿងមួយល្អដែលរដ្ឋាភិបាលត្រូវតែគិតគូរ​ព្រោះយើងឃើញថាការផ្គត់ផ្គង់ទឹកស្អាតនេះ តែងតែមានការខ្វះទឹកជារៀងរាល់ឆ្នាំជាពិសេសខែក្ដៅ»

លោកបន្ថែមថា៖«វាពិបាកសម្រាប់បងប្អូន ដូច្នេះបើរដ្ឋាភិបាលអាចមានផែនការក្នុងការបង្កើតសមត្ថភាពក្នុងការផលិតទឹកឱ្យបានច្រើនឱ្យពលរដ្ឋប្រើប្រាស់នោះជាការល្អ»។

យ៉ាងណាមិញ លោកថា ដើម្បីចៀសវាងនូវបញ្ហាខ្វះទឹកផ្គត់ផ្គង់ដល់ពលរដ្ឋ រដ្ឋាភិបាលត្រូវតែធ្វើយ៉ាងណាឱ្យផែនការផ្គត់ផ្អង់ទឹកត្រូវតែដើរឱ្យទាន់កំណើនប្រជាពលរដ្ឋ ក៏ដូចជាកំណើនលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ លោកបន្ថែមថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកប្រើប្រាស់នេះមានសារសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃជាពិសេសពលរដ្ឋនៅជនបទ។

លោកថា៖ «វាជារឿងសំខាន់ណាស់។ បើយើងមិនអាចធ្វើឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតផងហើយនៅតែងបន្តខ្វះខាតទឹកស្អាតទៀតនោះគឺហានិភ័យមានការប្រឈមនឹងបញ្ហាសុខភាពសាធារណៈក៏ដូចជាការបម្រើសេវាសាធារណៈរបស់រដ្ឋនៅមានចន្លោះខ្វះខាត»។

Newsroom Cambodia បានព្យាយាមទំនាក់ទំនង អគ្គនាយកនៃរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ ប៉ុន្តែលោកមិនលើកទូរសព្ទ ខណៈសំនួរតាមប្រព័ន្ធតេឡេក្រាមលោកមិនបានឆ្លើយតប។

រាជរដ្ឋាភិបាលបានបោះទុនសរុបចំនួន ២៤៧លានដុល្លារ ដើម្បីសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកប្រើប្រាស់នៅតំបន់បាក់ខែង ភ្នំពេញ និងក្រុងតាខ្មៅ។

ថវិកាទាំងនោះទទួលបានមកពី កម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ចំនួន ៨៥លានដុល្លារ​ និងធនាគារអឺរ៉ុបផ្ដល់ឱ្យខ្ចី ១០០លានដុល្លារ, សហគមន៍អឺរ៉ុប​ផ្ដល់ជាជំនួយឥតសំណង១៥លានដុល្លារ ចំណែកថវិកា បដិភាគរបស់រដ្ឋករទឹកស្វយ័តភ្នំពេញចំនួន ៤៧លានដុល្លារ។

យ៉ាងណាក្តី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤ ការផ្គត់ផ្គង់ទឹកនឹងមានចំនួន ៩៨ម៉ឺន ៧ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយក្នុងឆ្នាំ២០២៥ ការផលិតទឹកស្អាតមានរហូតទៅដល់ ១លាន១សែនម៉ែត្រគូប ក្នុងមួយថ្ងៃ។ ដោយឡែក ចាប់ពីក្នុងឆ្នាំ២០២៥ ដល់ ឆ្នាំ២០៣០ ការផ្គត់ផ្គងទឹកមានរហូតដល់១លាន ៨សែន ម៉ែត្រគូប ក្នុងមួយថ្ងៃ៕