យុវជនជនជាតិដើមភាគតិចកួយ ប្រចាំនៅខេត្តព្រះវិហារ អំពាវនាវរកជំនួយ ដើម្បីផ្គត់ផ្គង់សម្ភារៈសិក្សាសម្រាប់សិស្សានុសិស្សនៅកម្រិតបឋមសិក្សា ស្របពេលបណ្ណាល័យដែលទើបតែកកើតថ្មោងថ្មីសម្រាប់បម្រើឱ្យសេចក្តីត្រូវការចាំបាច់របស់កុមារកំពុងជួបការខ្វះខាត ខណៈដែលរដ្ឋបាលខេត្តនេះ អះអាងថារឿងខ្វះបណ្ណាល័យនេះ វាមានស្ទើរតែគ្រប់សាលារៀននៅទីនេះ។
បណ្ណាល័យកុមារនេះ មានទីតាំងស្ថិតនៅភូមិប្រមេ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ នៅពេលណាដែលបណ្ណាល័យនេះសាងសង់រួចរាល់កុមារប្រមាណ៣០នាក់អាចអង្គុយអានសៀវភៅនៅទីនោះបាន ដោយពុំគិតថវិកាអ្វីឡើយ។
តំណាងយុវជនមួយរូបដែលផ្គួចផ្ដើមគំនិតនេះ លោក ងន ហ៊ីម និយាយថា រូបលោក និងយុវជនជនជាតិដើមភាគតិចកួយ៤នាក់ផ្សេងទៀត កំពុងរៀបចំឱ្យមានបណ្ណាល័យនៅទីនេះ។លោកបន្តថា ក្នុងគោលបំណងធំដែលបង្កើតឱ្យមានបណ្ណាល័យនេះឡើង គឺដើម្បីផ្តល់ឱកាសសម្រាប់កុមារក្នុងភូមិឱ្យទទួលបានការអប់រំល្អ បើពុំនោះទេពួកគេនឹងអាចជាបន្ទុករបស់សង្គម។
ប្រភពដដែលបន្តថា ការអានសៀវភៅជារៀងរាល់ថ្ងៃនឹងបណ្ដុះភាពក្លាហានរបស់កុមារកុំឱ្យមានភាពអៀនខ្មាសច្រើន។ជាងនេះទៀត សកម្មភាពនេះនឹងជួយ ជំរុញទឹកចិត្តពួកគេឱ្យចេះស្រលាញ់ការរៀនសូត្រ និងបន្តការសិក្សារហូតដល់ចប់វិទ្យាល័យថែមទៀតផង។
លោកបន្តថា៖ «សម្ភារៈត្រូវការក្នុងបណ្ណាល័យ មានសៀវភៅ គឺសៀវភៅចម្រុះ សម្រាប់ក្មេងៗពីទី១ដល់ទី៩ ផ្ដោតលើក្មេងៗក្នុងភូមិ និងក្មេងដែលអនុវិទ្យាល័យ វិទ្យាល័យអីហ្នឹង ប្រភេទសៀវភៅទូទៅ» ។
បើតាមលោក ងន ហ៊ីម មានសុទិដ្ឋិនិយមថា កុមារជនជាតិដើមភាគតិចកួយនឹងមានទម្លាប់អានសៀវភៅ គូរគំនូរ និងលេងកីឡាជាដើមនៅក្នុងបណ្ណាល័យនេះ អំឡុងពេលពួកគេសម្រាកពីការសិក្សា។មិនតែប៉ុណ្នោះ បណ្ណាល័យនេះគ្រោងនឹងដាក់សៀវភៅឱ្យបានចំនួន១ពាន់ក្បាល។នៅចំពោះមុខនេះ ក្នុងនាមក្រុមការងាររបស់លោក ទទួលបានសៀវភៅចំណេះដឹងទូទៅជាង៨០ក្បាលហើយ ប៉ុន្តែសៀវភៅសម្រាប់កុមារ និងសម្ភារៈកីឡានៅមានចំនួនខ្វះខាតនៅឡើយ។
ជុំវិញការអំពាវនាវរកជំនួយ ជាសម្ភារៈសិក្សាដាក់នៅបណ្ណាល័យនេះ លោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ មានប្រសាសន៍ថាលោកនឹងជួយជាសម្ភារៈមួយចំនួនតាមលទ្ធភាពជាក់ស្ដែង។ប្រធានមន្ទីរអប់រំខេត្តនេះរូបនេះ ទទួលស្គាល់ថានៅទូទាំងខេត្តព្រះវិហារ បណ្ណាល័យសិក្សានេះ នៅមានការខ្វះខាតខណៈសាលារៀនមួយចំនួនបានយកថ្នាក់សិក្សាធ្វើជាបណ្ណាល័យបណ្តោះអាសន្នជំនួសសិន។
លោកបន្តថា៖«ព្រោះយើងខ្វះបន្ទប់រៀនច្រើន ហើយដៃគូរបើយើងសុំគេសង់អគារ និងទីចាត់ការគេមិនមានចេតនាចង់ឱ្យយើងទេ តែបើអគារសិក្សាអាហ្នឹងគេពេញចិត្តនឹងជួយយើងឧបត្ថមយើង» ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង យល់ឃើញថា បណ្ណាល័យជាមូលដ្ឋានគ្រិះក្នុងការជំរុញឱ្យសិស្សចេះស្រលាញ់ការអានសៀវភៅ។ជាងនេះទៀតអំណានគឺដើម្បីពង្រីកនូវគំនិតរបស់ពួកគេឱ្យបានបានទូលំទូលាយហើយជួយឱ្យពួកគេមានអនាគល្អប្រសើរថែមទៀត។
ទន្ទឹមនឹងនេះ ក្នុងនាមស្ថាប័នសង្គមស៊ីវិលលោក ទទូចឱ្យរដ្ឋាភិបាលគួមានគោលនយោបាយដាច់ដោយឡែកមួយសម្រាប់ជនជាតិដើមភាគតិច ដូចជាត្រូវបង្កើតឱ្យមានជា បណ្ណាល័យស្តង់ដា និងមានសៀវភៅសម្រាប់អានសម្បូរបែប សម្រាប់ពួកគេ។
លោកបន្តថា៖ «សម្រាប់ជនជាតដើមភាគតិចរដ្ឋគួរតែមានគោលនយោបាយ ពិសេសសម្រាប់គាត់ដើម្បីរៀបចំបណ្ណាល័យស្តង់ដា មានសៀវភៅសម្បូរបែបដែលគាត់អាចអាន អីបាន បើសិនជាអត់មានបណ្ណាល័យអីទេ កាលណាទំនេរពីការសិក្សា គឺគាត់មិនដឹងទៅណាមានតែផ្ទះឬដើរលេងអីណាណីផ្ដេសផ្ដាស»។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ឱ្យដឹងថា មានសាលារៀនចំនួន៣០៤កន្លែង រាប់បញ្ចូលមត្តេយ្យសិក្សា បឋមសិក្សា ធម្យមសិក្សា និងវិទ្យាល័យ កំពុងប្រឈមនឹងភាពខ្វះខាតទាំងបណ្ណាល័យ និងអគារសិក្សា។ ចំណែកបណ្ណាល័យដែលចាត់ទុកថាជាបណ្ណាល័យស្តង់ដា ទើបតែមាននៅតាមសាលាបឋមសិក្សា ៣ទីតាំងនៅឡើយ។ហើយបណ្ណាល័យទាំងនោះ ទទួលបានពីជំនួយរបស់អង្គការដៃគូ និងវិស័យឯកជន។ស្របពេលជាមួយនេះដែរ មន្ទីរអប់រំខេត្ត នៅមិនទាន់មានផែនការ បង្កើតជាបណ្ណាល័យ នៅតាមកម្រិតគ្រឹះស្ថានសិក្សានៅឡើយទេ ដោយសារប្រាក់លទ្ធកម្មរបស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍មិនទាន់មាន។ថវិកាភាគច្រើនផ្តោតលើការសាងសង់អគារសិក្សា៕