លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះលើកឡើងថា ប្រសិនបើការបោះឆ្នោតក្នុងខែកក្កដាខាងមុខដំណើរការទៅដោយរលូន ហើយគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត នោះរាជរដ្ឋាភិបាលថ្មីនឹងស្បថចូលកាន់ដំណែងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសាលាយុត្តិធម្ម» ថ្មី ក្នុងសង្កាត់ជ្រោយចង្វារ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា លោក ហ៊ុន សែន បានបញ្ជាក់ថា ក្រោយការបោះឆ្នោត សភានឹងប្រជុំក្រោមព្រះរាជអធិបតីព្រះមហាក្សត្រនៅថ្ងៃចន្ទ ទី២៨ ខែសីហា ហើយសភានឹងចូលស្បថនៅល្ងាចថ្ងៃដដែលនោះ។ ចំណែកថ្ងៃអង្គារបន្ទាប់ ទី២៩ ខែសីហា រាជរដ្ឋាភិបាលថ្មីចូលស្បថ និងអាចឡើងកាន់ដំណែងបាន។
លោកបញ្ជាក់ថា៖ «នេះជាប្រក្រតីទិនសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតនៅពេលខាងមុខ ក្នុងករណីដែលគណបក្សប្រជាជនឈ្នះខ្ញុំមានភារកិច្ចត្រូវរៀបចំបែបនេះ ប៉ុន្តែបើគណបក្សដទៃឈ្នះ អាហ្នឹងទុកឱ្យគេរៀបចំទៅ»។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនមានគណបក្សប្រឆាំងលេចធ្លោណាមួយអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាបានឡើយ បន្ទាប់ពីគណបក្សភ្លើងទៀនត្រូវបានគណៈកម្មាធិការជាតិរៀបចំការបើឆ្នោត (គ.ជ.ប) ហាមឃាត់មិនឱ្យចូលរួមឈរឈ្មោះ ដោយមូលហេតុកង្វះឯកសារ។
លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយប្រាប់ Newsroom Cambodia ថា លោកមិនទាន់ជឿជាក់ទាំងស្រុងនោះទេ ដោយលោកយល់ថា ប្រហែលជាគណៈរដ្ឋមន្ត្រីចាស់នៅបន្តកាន់ដំណែងមួយរយៈសិន ទើបមានការផ្លាស់ប្តូរ ឬការផ្ទេរអំណាចទៅគណៈរដ្ឋមន្ត្រីថ្មី។
លោកបញ្ជាក់ថា៖ «ប៉ុន្តែប្រសិនបើស្ថានភាពអំណោយផលសម្រាប់គណបក្សកាន់អំណាច មិនមានអ្វីជាកត្តាប្រឈមបញ្ហាចម្បងអីទេ សមាសភាពគណៈរដ្ឋមន្ត្រីថ្មីដែលជាថ្នាក់ដឹកនាំវ័យក្មេងក៏អាចចូលកាន់នៅខែសីហា ដូចដែលលោកនាយករដ្ឋមន្ត្រីលើកឡើងដែរ»។
យោងតាម មាត្រា១១៩ថ្មី នៃរដ្ឋធម្មនុញ្ញបានចែងថា តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនេះនាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា ។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។ មុនចូលកាន់តំណែង គណៈរដ្ឋមន្ត្រី ត្រូវធ្វើសច្ចាប្រណិធាន ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី ៦៕