ប្រជាពលរដ្ឋបានលើកឡើងពីការយល់ឃើញខុសៗគ្នា ជុំវិញការកែច្បាប់ស្ដីពីការបោះឆ្នោតដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា​ តាមការស្នើសុំរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ពលរដ្ឋទាំងនោះមួយចំនួនយល់ថា សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតថ្មីនេះ បានរំលោភលើសិទ្ធិរបស់ពួកគេក្នុងការសម្រចចិត្តទៅបោះឆ្នោតឬមិនទៅបោះឆ្នោត ខណៈខ្លះទៀតថា ការដាក់កំហិតពលរដ្ឋចង់ឈរឈ្មោះជាបេក្ខជនតម្រូវឱ្យទៅបោះឆ្នោតជារឿងត្រឹមត្រូវ។

អ្នកស្រី ឡុង វណ្ណា ​ រស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​ ចាត់ទុកការកែច្បាប់បោះឆ្នោតនេះមិនសូវមានយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលពុំមានគណបក្សខ្លួនពេញចិត្តសម្រាប់ការបោះឆ្នោតខាងមុខ។

អ្នកស្រី វណ្ណា​ និយាយថា៖ «ការកែប្រែច្បាប់បោះឆ្នោតមានអារម្មណ៍ថាមិនសូវមានភាពយុត្តិធម៌ បើអត់មានគណបក្សប្រណាំងប្រជែង ប្រជាជនគាត់ថាមិនដឹងទៅបោះ[ឆ្នោត]យ៉ាងម៉េច?»។

ស្រដៀងគ្នានេះ សកម្មជនដីធ្លី លោក ស្ងួន ញឿន អាយុ ៤៤ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង និយាយថា ច្បាប់នេះ បានដាក់សម្ពាធលើលោកដែលមានបំណងចង់ក្លាយជាអ្នកនយោបាយនៅថ្ងៃមុខ និងប្រជាពលរដ្ឋផ្សេងទៀតឱ្យទៅបោះឆ្នោត បើទោះបីពុំមានគណបក្សដែលខ្លួនពេញចិត្តក៏ដោយ។

លោកយល់ថា សេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មីនេះជាការរំលោលើសិទ្ធិប្រជាពលរដ្ឋដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា។

លោក ញឿន និយាយថា៖ «ចំពោះខ្ញុំគឺវាប៉ះពាល់ដល់សិទ្ធិពលរដ្ឋ ទាំងអាជ្ញាធរក្ដី ពលរដ្ឋក្ដី អត់បានទៅបោះឆ្នោត គេកៀបសង្កត់ហើយដល់ផាកពិន័យថែមទៀតផង។ ចឹងហើយពួកគាត់ស្រលាញ់អ្នកណា គាត់បោះឱ្យអ្នកហ្នឹងទៅ ប៉ុន្តែកុំឱ្យបង្កើតច្បាប់ហ្នឹងមក បើគាត់ស្រលាញ់ចង់ទៅបោះ បោះទៅ បើគាត់អ់តមាន ឧទាហរណ៍ អត់មានបក្សបោះ គឺអត់ទៅបោះទៅ សិទ្ធិរបស់គាត់»។

កាលពីយប់ថ្ងៃទី១២ ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលេចឡើងពីការកែច្បាប់បោះឆ្នោតថ្មីនេះដើម្បីដាក់បន្ទុកលើមេដឹកនាំនយោ​បា​យ​ឱ្យមានទំនួលខុ​ស​​ត្រូវក្នុងនាមជាពល​​រដ្ឋ​​គំរូ។ បីថ្ងៃក្រោយ សេចក្ដីព្រាងវិសោធនកម្មច្បាប់នេះ បានធ្លាក់ចូលដល់ស្ថាប័នរដ្ឋសភា ដោយទិសដៅដកហូតសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតលើជនណាខកខានមិនបានបោះឆ្នោត ព្រមទាំងអនុញ្ញាតឱ្យ គជប កំណត់ករណីលើកលែងសម្រាប់ពលរដ្ឋមិនបានបោះឆ្នោតនិងអាចឈរឈ្មោះ។

ចំណែកស្ថាប័នជាតិរៀបចំការបោះឆ្នោត កំ​ពុង​​​រៀបចំបញ្ជី និងនីតិវិធីដើម្បីទុកស្រង់ឈ្មោះក្រោយថ្ងៃទី២៣ ខែ​​កក្ក​ដា ចំពោះ​អ្នកដែលបានទៅ និ​​ង​​​មិន​​បានទៅបោះឆ្នោតជ្រើស​​តាំង​​តំ​​ណា​ងរាស្រ្ត​​នី​​តិ​​​​កាលទី៧។

សមាជិក គជប ទាំង ៩នាក់ ក៏គ្រោងនឹងពិភាក្សាជាមួយបណ្ដាអង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ជុំវិញការកំណត់ករណីលើកលែងសម្រាប់ប្រជាពលរដ្ឋខកខានមិនបានបោះឆ្នោត ប៉ុន្តែអាចឈរឈ្មោះឱ្យគេបោះឆ្នោតបាន បន្ទាប់ពីវិសោធនកម្មច្បាប់បោះឆ្នោតនេះត្រូវបានអនុម័តជាផ្លូវការ។

លោក វង់ សុធារ៉ា គ្រូបង្រៀនផ្នែកប្រវត្តិសាស្រ្ត នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថា ការដាក់បន្ទុកដល់ពលរដ្ឋមានបំណងចង់ឈរឈ្មោះលុះត្រាបានបោះឆ្នោត ជាការបង្ហាញថាពួកគេបានបំពេញកាតព្វកិច្ចក្នុងសង្គមមុននឹងក្លាយជាបេក្ខជនតំណាងរបស់ពលរដ្ឋ។

បន្ថែមពីលើនេះ លោក សុធារ៉ា យល់ថា រដ្ឋាភិបាលគួររៀបចំឱ្យមានការបោះឆ្នោតនៅក្រៅប្រទេសតាមបណ្ដាស្ថានទូតកម្ពុជាសម្រាប់ពលរដ្ឋខ្មែរដែលរស់នៅទីនោះដើម្បីឱ្យពួកគេមានឱកាសបានបោះឆ្នោតផងដែរ។

លោក សុធារ៉ា និយាយថា៖ «ដូចជាអត់មានអីត្រូវយល់ទាស់អីទេ បើសិនជាយើងអត់ធ្លាប់បោះឆ្នោតឱ្យគេផង ហើយយើងទៅឈរឈ្មោះខ្លួនឯង ដូចជាយើងអត់ធ្លាប់បានបំពេញកាតព្វកិច្ចជាពលរដ្ឋផង»។

ចំណែកសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពីការបោះឆ្នោថ្មីនេះធ្វើឡើងដើម្បីបំពេញសេចក្ដីត្រូវការដល់អ្នកនយោបាយមួយចំនួន បើទោះបីជាច្បាប់នេះបានកាត់បន្ថយសិទ្ធិខ្លះរបស់ប្រជាពលរដ្ឋក៏ដោយ។

លោក សុវណ្ណារ៉ា និយាយថា៖ «វិសោធនកម្មមិនបំពេញសេចក្ដីត្រូវការពលរដ្ឋទូទៅទេ។ បានន័យថាដើម្បីបម្រើផលប្រយោជន៍សម្រាប់អ្នកនយោបាយមួយក្រុមដែលចង់បាន»។

ជាការឆ្លើយតប លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធជុំវិញការលើកឡើងថា ច្បាប់នេះបានរំលោភលើសិទ្ធិប្រជាពលរដ្ឋ ដោយចាត់ទុកថា ការយល់ឃើញរបស់ពលរដ្ឋអាស្រ័យលើការយល់ដឹងរបស់ពួកគេរៀងខ្លួន។

លោក និយាយថា៖ «បើបុគ្គលណាចង់ឈរឈ្មោះឱ្យគេបោះឆ្នោត តែខ្លួនឯងផ្ទាល់មិនទៅបោះឆ្នោត សួរថាតើវាយ៉ាងម៉េច វាតុល្យភាពជាមួយពលរដ្ឋទូទៅទេ អត់ទេ។ ចឹងខ្ញុំយល់ថាបងប្អូនមួយចំនួនយល់ថា [កែច្បាប់បោះឆ្នោត] វាមិនល្អ គឺយល់ខុសហើយ»។

វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតនេះ បានកែច្បាប់បោះឆ្នោតចំនួន៤ គឺច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ, ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់, ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

វិសោធនកម្មច្បាប់ទាំងនេះបានដាក់បន្ថែមនូវលក្ខខណ្ឌមួយចំនួនសម្រាប់ប្រជាពលរដ្ឋដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោត។

ក្នុងនោះសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់តម្រូវឱ្យពលរដ្ឋដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោត បានទៅបោះឆ្នោតសកលនៅលើកចុងក្រោយ និងសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តតម្រូវឱ្យពលរដ្ឋដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោតបានទៅបោះឆ្នោតសកលចំនួន២លើកជាប់គ្នា។ ច្បាប់នេះក៏បានកំណត់ថា ជនណាឬគណបក្សនយោបាយដែលរារាំងឬញុះញង់ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆោ្នត និងណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួនឬគណបក្សនយោបាយ និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតរយៈពេល៥ឆ្នាំ ឬគណបក្សនយោបាយអាចត្រូវដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោត៥ឆ្នាំយ៉ាងតិច។

ដោយឡែកច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តម្រូវឱ្យពលរដ្ឋបានបោះឆ្នោតជាសកលលើកចុងក្រោយ។

កាលពីដើមឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដោយបើកផ្លូវឱ្យក្រសួងមហាផ្ទៃ អាចប្តឹង​ទៅតុលាការកំពូល ឱ្យរំលាយគណបក្សនយោបាយណាដែលរកឃើញថា បានប្រព្រឹត្តខុស​ទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ដទៃទៀតនៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ជាមួយគ្នានេះ វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយក្នុងឆ្នាំដដែលបានអនុញ្ញតឱ្យ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បែងចែកអាសនៈទាំងអស់របស់គណបក្សដែលត្រូវបានរំលាយ​ទាំងក្នុងរដ្ឋសភា និងអាសនៈឃុំ-សង្កាត់ ទៅឱ្យបក្សផ្សេងទៀត​ដែលបាន​ចូលរួមការបោះឆ្នោត៕