លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និយាយថា ប្រទេសកម្ពុជាពុំអនុញ្ញាតឱ្យមានសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ដៃគូអ្នកស្រលាញ់ភេទដូចគ្នានោះទេ ខណៈក្រុមអ្នកស្រលាញ់ភេទដូចគ្នាយល់ថា ការធ្វើបែបនេះប្រៀបបាននឹងផាត់ពួកគេចេញពីពលរដ្ឋក្នុងសង្គម។

នេះជាលើកដំបូងក្នុងការថ្លែងបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលកម្ពុជាទាក់ទិននឹងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBT+) ដែលការទាមទាររបស់ពួកគេសុំសិទ្ធិរៀបការស្របច្បាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយតាមរយៈយុទ្ធនាការផ្សេងៗ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកពុំតាក់តែងច្បាប់អនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នាអាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់នោះទេ ប៉ុន្តែលោកក៏មិនប្រឆាំងទៅនឹងការស្រលាញ់ភេទដូចគ្នានោះដែរ ដោយសំអាងថាវាជាសិទ្ធិរបស់ពួកគេ។

លោក ហ៊ុន សែន និយាយថា៖ «ប្រទេសយើងគឺឱ្យសិទ្ធិស្របច្បាប់ក៏មិនឱ្យ រារាំងឱ្យមានទោសក៏មិនឱ្យដែរ។ យើងគោរពសិទ្ធិរបស់គេ តែយើងមិនចេញច្បាប់នោះទេ»។

ការលើកឡើងបែបនេះ បន្ទាប់ពីលោក នាយករដ្ឋម​ន្រ្តី មានការព្រួយបារម្ភពីការកើនឡើងនៃចំនួនអ្នកកើតជំងឺអេដស៍ដល់ទៅ៣០០នាក់ក្នុងឆ្នាំ២០២២ បើប្រៀបធៀបក្នុងឆ្នាំ២០២១ ហើយលោកបន្តថា ប្រភពចម្លងនៃមេរោគអេដស៍នេះ ពាក់ព័ន្ធនឹងក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ជាពិសេសបុរសស្រលាញ់បុរស។

ជុំវិញករណីនេះ ឈឿង រចនា មន្ត្រីសម្របសម្រួលគម្រោងមូលនិធិមីក្រូឥន្ទធនូអន្តរជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា

សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា (LGBT+) ក៏ជាពលរដ្ឋរស់នៅក្នុងសង្គម ហេតុនេះពួកគេសក្តិសមនឹងទទួលបានការគាំពារដោយច្បាប់ដូចជាប្រជាពលរដ្ឋដទៃទៀតដែរ។

រចនា ឱ្យដឹងថា ការពុំអនុញ្ញាតឱ្យសហគមន៍អ្នកស្រលាញ់ភេទដូចគ្នារៀបការស្របច្បាប់នឹងបណ្ដាលឱ្យពួកគេប្រឈមបញ្ហាយ៉ាងច្រើន។

រចនា ថា មន្រ្តីរាជការមួយចំនួនស្ថិតក្នុងក្រុមមនុស្សស្រលាញ់ភេទដូចគ្នានឹងមិនទទួលបានប្រាក់ឧបត្ថម្ភលើប្រពន្ធកូននោះទេ ខណៈការលែងលះរបស់ពួកគេក៏ពុំទទួលបានការគាំពារដោយច្បាប់ ដែលខុសពីការមានសំបុត្រអាពាហ៍ពិពាហ៍គឺមានច្បាប់កំណត់ច្បាស់លាស់ជុំវិញការបែងចែកទ្រព្យសម្បត្តិ។ បន្ថែមពីលើនេះ រចនា ថា ក្រុមហ៊ុនធានារ៉ាប់រង ពុំអនុញ្ញាតឱ្យ រចនា ដាក់ឈ្មោះដៃគូដែលអត់មានសំបុត្រអាពាហ៍ពិពាហ៍ឱ្យទទួលអត្ថប្រយោជន៍បន្តឡើយ។

រចនា និយាយថា៖«យើងសង្ឃឹមថានៅថ្ងៃអនាគតគឺស្រុកយើងនឹងវិវត្តទៅដល់ចំណុចដែលអាចឱ្យមានសមភាពអាពាហ៍ពិពាហ៍ ហ្នឹងជាអ្វីដែលយើងចង់បានដើម្បីយើងគ្រប់គ្នាទទួលបានការការពារពីច្បាប់ដូចៗគ្នាក្នុងនាមជាប្រជាពលរដ្ឋម្នាក់»។

យុវជន សុទ្ធ ពៅសំណាង​ វ័យ២៥ ឆ្នាំ ស្ថិតក្នុងក្រុមអ្នកស្រលាញ់ភេទដូចគ្នា និយាយថា គាត់ និងដៃគូស្រលាញ់គ្នាពុំអាចដាក់ឈ្មោះជាអាណាព្យាបាលកូនបានទាំងពីរនាក់នោះទេ ក្នុងករណីសុំក្មេងមកចិញ្ចឹម ប្រសិនបើពុំបានចុះបញ្ជីសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់នោះ។

សំណាង សង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងអនុម័តសមភាពអាពាហ៍ពិពាហ៍នេះនាពេលខាងមុខ។

សំណាង និយាយថា៖ «បើទោះបីខ្ញុំស្រលាញ់ភេទដូចគ្នា ប៉ុន្តែខ្ញុំចង់មានគ្រួសារមួយ ដៃគូខ្ញុំចង់មានកូនអីចឹងទៅ បង្កើតជាក្រុមគ្រួសារមួយដូចគេឯងចឹងទៅ។ ខ្ញុំចង់ស្មុំកូនហើយឈ្មោះអាណាព្យាបាលគឺមាន២នាក់ ដែលខ្ញុំជាមួយដៃគូខ្ញុំ [អត់មានសំបុត្រអាពាហ៍ពិពាហ៍ អាចដាក់ឈ្មោះជាអាណាព្យាបាលបានតែម្នាក់]»។

អ្នកស្រលាញ់ភេទដូចគ្នាមួយរូបទៀតឈ្មោះ សុន រស្មី ចាត់ទុកការពុំអនុញ្ញាតឱ្យពួកគាត់អាចរៀបការស្របច្បាប់ ប្រៀបបាននឹងផាត់ពួកគាត់ចេញពីពលរដ្ឋក្នុងសង្គមកម្ពុជា។

រស្មី និយាយថា៖ «ធម្មតាយើងកើតមកនៅក្នុងសង្គមយើងមានក្ដីស្រលាញ់ហើយនៅពេលដែលមាន យើងចង់រៀបការជាមួយគ្នា។ ចឹងបើសិនជាយើងអត់មានច្បាប់គាំទ្រ វាហាក់បីដូចជាយើងមិនមានតម្លៃនៅក្នុងសង្គម»

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន និយាយថា ពលរដ្ឋក្នុងសង្គមកម្ពុជាត្រូវការអប់រំបន្ថែមទៀតទាក់ទិននឹងសិទ្ធិរបស់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា។ យ៉ាងណាក៏ដោយ លោក កត្តា អ៊ន ថា រដ្ឋាភិបាលកម្ពុជាបើកចំហសិទ្ធិសេរីភាពពេញលេញដល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា លើការស្លៀកពាក់ ការរស់នៅ និងការរៀបអាពាហ៍ពិពាហ៍ផងដែរ។ 

លោក កត្តា អ៊ន និយាយថា៖  «យើងមិនអាចធានាថាឱ្យមានច្បាប់ហ្នឹងបានទេ ពីព្រោះសង្គមយើងវប្បធម៌ ប្រពៃណី ផ្នត់គំនិតយើង ត្រូវការពេលវេលាទៅមុខទៀត»។

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២១ សហគមន៍ឥន្ទធនូកម្ពុជា(Rainbow Community Kampuchea) បានបង្កើត​យុទ្ធនាការ «ខ្ញុំ​ទទួល​យក» ដើម្បីលើកកម្ពស់ការយល់ដឹង និង​ជំរុញ​ការ​ទទួលយកពីសាធារណជនចំពោះអ្នកស្រឡាញ់ភេទដូចគ្នា (LGBT+) ជាពិសេស​គឺចូលរួម​ចំណែកទាមទារឱ្យមានការការពារផ្នែកច្បាប់ នៃសមភាពអាពាហ៍ពិពាហ៍​សម្រាប់ដៃគូ​អ្នក​ស្រឡាញ់ភេទដូចគ្នា។

សហគមន៍ឥន្ទធនូកម្ពុជា បានកៀរគរសមាជិករបស់ខ្លួនជួបជុំគ្នានៅថ្ងៃទី៩ ខែធ្នូ ជា​រៀងរាល់​ឆ្នាំ ក្នុងបំណងផ្សាភ្ជាប់ជាមួយទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ផងដែរ។ 

ច្បាប់អាពាហ៍ពិពាហ៍មាត្រា៦ ចែងថា ពលរដ្ឋកម្ពុជាមិនអាចរៀបអាពាហ៍ពិពាហ៍បាន​នោះទេក្នុងករណី បុគ្គលនោះមានភេទដូចគ្នា បុគ្គលគ្មានពលានុភាពនៃលិង្គ បុគ្គលមាន​ជំងឺ​ឃ្លង់ របេង មហារីក កាមរោគ ដែលមិនទាន់ព្យាបាលបានជាដាច់ ជនវិកលចរិត ជនមិនដឹង​ខុសត្រូវ និងបុគ្គលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ។ 

សហគមន៍ឥន្ទធនូកម្ពុជា ចាប់ផ្ដើមរូបរាងឡើងក្នុងឆ្នាំ២០០៩ ដោយមានការគាំទ្រ​មូល​និធិ​ពីក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា ថៃ បារាំង អូស្ត្រាលី សហរដ្ឋអាមេរិក ជាដើម។ ក្នុងឆ្នាំ២០១៤ សហគមន៍មួយនេះ បានក្លាយជាអង្គការក្រៅរដ្ឋាភិបាល​របស់អ្នកស្រឡាញ់ភេទ​ដូចគ្នា​ដំបូងបំផុតនៅកម្ពុជាដែលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ។ បច្ចុប្បន្នអង្គការនេះ​មាន​សមាជិកសរុបជាង ២​០០០នាក់។ បើតាម លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឱ្យដឹងថា កាលពីឆ្នាំ២០២១ លោកបានទទួលរបាយការណ៍ពីសហគមន៍ឥន្ទធនូកម្ពុជាថា មានពលរដ្ឋកម្ពុជាប្រហែល១០ម៉ឺននាក់ស្ថិតក្នុងក្រុមមនុស្សស្រលាញ់ភេទដូចគ្នា។ ក្នុងនោះមានអ្នកស្រលាញ់ភេទដូចគ្នាចំនួន១ម៉ឺន៦ពាន់នាក់កំពុងរួមរស់ជាដៃគូ​ឬស្មើនឹង៨ពាន់គូ៕