គ្រឿងញៀនខុសច្បាប់នៅកម្ពុជាកំពុងចរាចរណ៍ និងធ្វើឱ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភខ្លាំង ដោយសារឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀនធ្វើឱ្យប៉ះពាល់ច្រើនដល់បុគ្គល គ្រួសារ និងសង្គម។
សិក្ខាកាម Newsroom Cambodia កញ្ញាហែមរិន ដាវីត បានសម្ភាសន៍លោក អំ សំអាត ជានាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ ជាអង្គការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅប្រទេសកម្ពុអំពីបញ្ហាគ្រឿងញៀននៅកម្ពុជា៖
Q: ជម្រាបសួរលោក!
A: បាទជម្រាបសួរ!
Q: នាងខ្ញុំសូមសួរថា តើបច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនមានការកើនឡើង ឬថយចុះ? ហេតុអ្វី?
A: បើយើងនិយាយមកដល់បច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់គ្រឿងញៀន គឺការកើនឡើងអ្នកប្រើប្រាស់។ ទីមួយ យើងឃើញថាអ្នកប្រើប្រាស់មានការកើនឡើង ទីពី បើយើងនិយាយអំពីអ្នកដែលជាប់ឃុំភាគច្រើនគឺអ្នកដែលពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀនដែលជួញដូរគ្រឿងញៀនតូចតាចគឺជាប់ពន្ធនាគារច្រើន អ៊ីចឹងយើងមើលទាំងក្នុងពន្ធនាគារ និងអ្នកកើនឡើងប្រើប្រាស់គ្រឿងញៀនគឺវាសមាមាត្រគ្នា។
Q: មូលហេតុអ្វីបានជាកម្ពុជាមានការជួញដូរ ឬចរាចរណ៍គ្រឿងញៀនច្រើន?
A: បញ្ហាគ្រឿងញៀននេះវាមិនមែនតែកម្ពុជាទេស្ទើតែនៅលើពិភពលោក បញ្ហានៃការជួញដូរគ្រឿងញៀនវាមានច្រើនប៉ុន្តែកម្ពុជាយើងជាអ្នកជួបនៅភ័ព្វវាសនាមួយដែលបញ្ហានេះបានលុកលុយច្រើនជាងគេ ណាមួយបរិបទកូវីដ-១៩ នេះក៏វារុញច្រានបន្តឱ្យមានរឿងគ្រឿងញៀននេះច្រើនដែរ។
កត្តាទីពីរគឺការអនុវត្តច្បាប់សម្រាប់កម្ពុជាយើងគឺនៅតែមានកម្រិតនៅឡើយបាននៅក្នុងការទប់ស្កាត់ក្រៅអង្គការជួញដូរគ្រឿងញៀន បើការជួញដូរគ្រឿងញៀនវាមាន ទាំងលំហូរចូលក្រៅប្រទេសទាំងការនាំសារធាតុញៀនយកមកផលិតនៅក្នុងប្រទេស ហើយបើយើងមើលឃើញការបង្ក្រាបកន្លងមកធំៗជាច្រើនសុទ្ធតែជាជនបរទេស អ៊ីចឹងយើងសួរថាហេតុអីបានជនបរទេសទាំងអស់ហ្នឹងនាំសារធាតុញៀនមកផលិតនៅស្រុកខ្មែរបាន? ហើយបើយើងនិយាយពីចំនួនច្រើនបានន័យថាចាប់ម្តងៗមានរាប់រយគីឡូរាប់ពាន់គីឡូទៀត ឆ្លងកាត់ និងផលិតនៅកម្ពុជា។ យើងឃើញថាចំនុចនេះជាចំនុចមួយដែលការអនុវត្តច្បាប់មានកម្រិត និងអំពើពុករលួយហើយក៏ជាឬសគល់មួយដែលនាំឱ្យមានលំហូរចូលការផលិតគ្រឿងញៀន។
ហើយមួយទៀតយើងឃើញថាអាជ្ញាធរយើងទាក់ទងនឹងបច្ចេកវិទ្យាក្នុងការត្រួតពិនិត្យទៅលើបញ្ហាគ្រឿងញៀននេះក៏មិនទាន់បានល្អប្រសើរដែរ ព្រោះយើងឃើញថាឧក្រិដ្ឋជន ឬអ្នកជួញដូរគ្រឿងញៀននេះគាត់មានកម្រិតបចេ្ចកទេសនៅក្នុងការជួញដូរ ឬក៏ផលិតកាន់តែខ្ពស់ ប៉ុន្តែអាជ្ញាធរយើងនៅមានកម្រិតនៅក្នុងបច្ចេកទេសនៅក្នុងស្រាវជ្រាវការស៊ើបអង្កេតពីរឿងនេះ។ ហើយទីពីទប់ស្កាត់មុខសញ្ញានៃឧក្រិដ្ឋជនគ្រឿងញៀនដែលលំហូរកម្ពុជាយើងនឹងមិនទាន់មានការកំណត់បាន ឬច្បាស់លាស់ទេ។
Q: តើអ្នកដែលប្រើប្រាស់គ្រឿងញៀនស្ថិតក្នុងវ័យណាខ្លះ? មូលហេតុអ្វី?
A: អ្នកដែលប្រើប្រាស់គ្រឿងញៀនភាគច្រើនគឺស្រទាប់យុវជនគឺវ័យ ១៥ឆ្នាំឡើង ទៅក្រោម៤០ឆ្នាំ ជាពិសេសជាយុវជនដែលជាកុមារភាព ឬក៏ពេញវ័យជាយុវជន ទីមួយ។ បានន័យថាងាយលង់នៅក្នុងការអូសទាញរបស់គេឱ្យធ្លាក់ទៅជាឧបករណ៍នៃការជួញដូរគ្រឿងញៀន ឬក៏ទៅជាអ្នកប្រើប្រាស់គ្រឿងញៀនតែម្តង គឺវ័យគាត់មួយដែលការគិតខ្វះការពិចារណាមិនទាន់បានល្អ។ ហើយរឿងជីវភាពជារឿងមួយ ប៉ុន្តែអ្នកខ្លះមិនមែនទាក់ទងនឹងរឿងជីវភាពទេ គឺអ្នកខ្លះកូនអ្នកមានទ្រព្យសម្បត្តិ ប៉ុន្តែភ្លើតភ្លើនក្នុងការសប្បាយ ក៏វាធ្លាក់ខ្លួនទៅក្នុងការរងគ្រោះនៅក្នុងការប្រើប្រាស់គ្រឿងញៀនផងដែរ។
Q: តើការប្រើប្រាស់គ្រឿងញៀនធ្វើឱ្យប៉ះពាល់បែបណាខ្លះដល់សង្គម និងអ្នកប្រើប្រាស់ផ្ទាល់?
A: បញ្ហាគ្រឿងញៀនវាជះឥទិ្ធពលធ្ងន់ធ្ងរណាស់សម្រាប់សង្គមជាតិយើង ជាពិសេសបើអ្នកប្រើប្រាស់ភាគច្រើនឃើញថាជាយុវជន វាធើ្វឱ្យប៉ះពាល់ដល់ធនធានមនុស្សក្នុងការអភិឌ្ឍប្រទេសជាតិយើងនៅថ្ងៃមុខ ហើយវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសារ។ យើងមើលឃើញថាអ្នកប្រើប្រាស់វាជារឿងតូចតាច ប៉ុន្តែបើយើងអ្នកប្រើប្រាស់ ឬក៏អ្នកជួញដូរនេះច្រើនវាមិនមែនជាការប៉ះពាល់ ដល់សេដ្ឋកិច្ចគ្រួសារ វាទៅជាការប៉ះពាល់សេដ្ឋកិច្ចសង្គម ដោយសារគាត់ប្រើប្រាស់គ្រឿងញៀន គាត់អាចបំផ្លាញទ្រព្យសម្បត្តិ បង្កឱ្យមានបទល្មើស បង្កឱ្យមានអសុវត្ថិភាពក្នុងសង្គម ដែលវាប៉ះពាល់ដល់សង្គមយើងទាំងអស់គ្នា។
Q: តើអ្នកប្រើប្រាស់គ្រឿងញៀនប្រឈមនឹងបញ្ហាផ្លូវច្បាប់ដែរទេ?
A: តាមការពិតទៅយើងយល់ឃើញថាអ្នកប្រើប្រាស់គ្រឿងញៀនគាត់ក៏ជាជនរងគ្រោះដោយគ្រឿងញៀនដែរ អ៊ីចឹងខ្ញុំយល់ថាអ្នកដែលប្រើប្រាស់គ្រឿងញៀនវាគួរតែទទួលបាននូវការបន្សាប ឬក៏ការព្យាបាល ជាជាងការទទួលទោស ពីព្រោះបើសិនជានៅក្នុងច្បាប់ ទោះបីជាកំណត់ទោសក៏ដោយ គឺទោសតែក្រៅទេ តែយើងត្រូវប្តូរជាការបន្សាប ឬព្យាបាលវិញ។
ខ្ញុំយល់ថាគ្រឿងញៀនហ្នឹង គឺជាជនរងគ្រោះ អ្វីដែលសំខាន់គឺយើងត្រូវតែមានរដ្ឋដែលយកចិត្តទុកដាក់ យើងមានកិច្ចសម្បទានត្រូវមានបន្សាបនិងការព្យាបាល គ្រឿងញៀនហ្នឹងដើម្បីឱ្យគាត់បានជាសះស្បើយឱ្យទៅជាធនធានមនុស្សដើម្បីអភិវឌ្ឍប្រទេសជាតិវិញ។
Q: ប្រសិនបើកម្ពុជានៅតែបន្តមានការកើនឡើងនូវអ្នកប្រើប្រាស់គ្រឿងញៀន នោះនឹងធ្វើឱ្យប៉ះពាល់បែបណាខ្លះនាពេលអនាគត?
A: ខ្ញុំមើលទៅប៉ះពាល់ធ្ងន់ធ្ងរសំរាប់សង្គមជាតិយើងហ្នឹង។ ទីមួយគឺវាស្រដៀងគ្នាដែលយើងខ្វះធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសនៅថ្ងៃក្រោយ ពីព្រោះប្រទេសជាតិយើងវាពឹងផ្អែកបន្តគ្នា បានន័យថាពឹងផ្អែកលើយុវជនបន្តវេន អ៊ីចឹងប្រសិនជាយុវជនរងគ្រោះដោយសារតែការប្រើប្រាស់គ្រឿងញៀនហ្នឹងច្រើន វាប៉ះពាល់ទៅដល់ការអភិវឌ្ឍប្រទេសជាតិយើងផងដែរ ហើយក៏វាបង្កឲ្យមានអស្ថិរភាព ឱ្យមានបញ្ហាបទល្មើសនៅក្នុងសង្គម បញ្ហាគ្រួសារច្រើននៅក្នុងសង្គម។
Q: តើអ្នកពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលគួរធ្វើបែបណាដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រឿងញៀននេះ?
A: ខ្ញុំជឿថាវិធានការរបស់រដ្ឋាភិបាលទីមួយ យើងត្រូវបំបាត់ឬសគល់មុនគេគឺអំពើពុករលួយ ព្រោះអំពើពុករលួយនេះគឺជាឬសគល់ធំបង្កឲ្យមានការជួញដូរ ឬការប្រើប្រាស់ដូចគ្នា។
ទីពី យើងត្រូវតែអនុវត្តច្បាប់ឱ្យបាន បានន័យថាទោះបីជាបុគ្គលណាក៏ដោយដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹងដើម្បីទប់ស្កាត់ ហើយជាគំរូកុំឱ្យអ្នកដទៃគាត់អនុវត្តនូវបទល្មើសគ្រឿងញៀននេះបន្តទៀត។
ទីបីគឺត្រូវមានប្រតិបត្តិការពិសេស គឺនៅខាងក្នុង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែសហការគ្នាឱ្យបានល្អ បង្កើនប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយរបស់ដ្ឋាភិបាល ភូមិ ឃុំ មានសុវត្ថិភាព។
ទីបួនគឺកិច្ចប្រតិបត្តិការជាមួយបញ្ហាប្រទេសជិតខាងដើម្បីចូលមកផលិតនៅក្នុងប្រទេស ហើយទីប្រាំកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសជិតខាងក្នុងតំបន់ដើម្បីកំណត់មុខសញ្ញាឧក្រិដ្ឋជនគ្រឿងញៀន និងឲ្យបានច្បាស់លាស់ដើម្បីកុំឱ្យមានលំហូរចូលមកកម្ពុជា ហើយបង្កឱ្យមានបញ្ហានៅកម្ពុជាយើង។
Q: អរគុណលោក អំ សំអាត!
A: បាទ! អរគុណ៕