អាជ្ញាធរវៀតណាមនៅខេត្តឃ្លាំងក្នុងទឹកដីកម្ពុជាក្រោម បានហាមឃាត់ពលរដ្ឋខ្មែរក្រោមចងទង់ជាតិ តំណាងឱ្យជនជាតិដើមខ្មែរកម្ពុជាក្រោមនៅខាងមុខផ្ទះ ខណៈមន្រ្តីសង្គមស៊ីវិលផ្នែកការពារសិទ្ធិមនុស្សចាត់ទុកថាការរារាំងនេះបានរំលោភបំពានលើសិទ្ធិជនជាតិដើម។
ពលរដ្ឋខ្មែរកម្ពុជាក្រោម លោក យ័ញ មិញហ្វាង រស់នៅខេត្តឃ្លាំង ក្នុងទឹកដីកម្ពុជាក្រោម បានប្រាប់ Newsroom Cambodia ថា អាជ្ញាធរវៀតណាមប្រមាណ៣០នាក់ បានហាមលោកចងទង់ជាតិដែលតំណាងឱ្យខ្មែរកម្ពុជាក្រោមនៅមុខផ្ទះ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។ លោកថា ដំបូងឡើយទង់ជាតិខ្មែរកម្ពុជាក្រោមនេះ គឺរូបលោកបានដាក់ភ្ជាប់ជញ្ជាំងនៅខាងក្នុងផ្ទះ ប៉ុន្តែក្រោយមកលោកចងនៅខាងក្រៅផ្ទះវិញម្តង។ លោកថា គោលបំណងដែលលោកចងទង់ជាតិតំណាងឱ្យជនជាតិដើមខ្មែរក្រោមនេះ គឺចង់បង្ហាញឱ្យយុវជនជំនាន់ក្រោយដែលជាពលរដ្ឋខ្មែរក្រោម បានស្គាល់ពីអត្តសញ្ញាណជាតិសាសន៍របស់ខ្លួន។
លោកនិយាយថា៖ «ទង់ជាតិ៣ពណ៌តំណាងឱ្យសញ្ជាតិខ្មែរក្រោមរបស់ខ្ញុំ»។
បើតាម លោក យ័ញ មិញហ្វាង ទង់ជាតិដែលលោកបានចងដាក់ក្រៅផ្ទះនោះត្រូវបានអាជ្ញាធរវៀតណាមរឹបអូសយកទុក។ លោកបន្តថា អាជ្ញាធរវៀតណាមតែងតែរឹតត្បិតសេរីភាពខ្មែរក្រោមជាបន្តបន្ទាប់ ដោយថា មិនបានគោរពតាមគោលការណ៍ច្បាប់អន្តរជាតិស្តីពីការការពារសិទ្ធិជនជាតិដើមនោះទេ។
សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម មាត្រា៩ បញ្ជាក់ថា ជនជាតិដើម និងបុគ្គលជនជាតិដើម មានសិទ្ធិស្ថិតនៅជាសមាជិកសហគមន៍ ជាជនជាតិដើម និងសង្គមជាតិ សមស្របតាមប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ និងសង្គមជាតិពាក់ព័ន្ធ។ គ្មានការរើសអើងណាមួយកើតឡើងដោយសារការប្រើសិទ្ធិនេះឡើយ។
ជុំវិញករណីនេះ អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បណ្ឌិត សឺន ជុំជួន ចាត់ទុក សកម្មភាពអាជ្ញាធរវៀតណាមដែលបានហាមឃាត់ការប្រើប្រាស់គ្រឿងសម្គាល់អត្តសញ្ញាណរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម គឺជាសកម្មភាពរំលោភសិទ្ធិមនុស្ស ដែលផ្ទុយពីច្បាប់អន្តរជាតិ និងច្បាប់របស់រដ្ឋាភិបាលវៀតណាម។
លោកថា៖ «អាជ្ញាធរវៀតណាមគាត់មកហាមឃាត់រារាំង គឺជាទង្វើរមួយ ដែលបំពានទៅលើសិទ្ធិមនុស្សដែលទាក់ទងទៅហ្នឹង ការរក្សានូវអត្តសញ្ញាណរបស់ពូជសាសន៍នេះ។ អ៊ីចឹង បំពានទៅលើសិទ្ធិហ្នឹង ហើយខ្ញុំមើលឃើញថា គ្មានច្បាប់ណាមួយរបស់វៀតណាមចែងហាមឃាត់ទៅលើការ ប្រើប្រាស់អត្តសញ្ញាណបែបនេះទេ»។
បន្ថែមលើនេះ លោកបានជំរុញទៅរដ្ឋាភិបាលវៀតណាម ត្រូវអនុវត្តតាមគោលការណ៍គោរព សិទ្ធិមនុស្ស និងពិនិត្យមើលមន្រ្តីនៅតាមមូលដ្ឋានរបស់ខ្លួន ដោយលោកថា ពួកគេតែងតែប្រើប្រាស់អំណាចរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោមជាបន្តបន្ទាប់។
លោកថា៖ «រដ្ឋាភិបាលវៀតណាមគួរតែណែនាំទៅដល់សមត្ថកិច្ច ណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ក្រោមការគ្រប់គ្រងរបស់ខ្លួនហ្នឹង ឱ្យមានការគោរពឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍សិទ្ធិមនុស្ស ហើយជាពិសេសច្បាប់របស់ខ្លួន»។
ជារឿយៗ គេសង្កេតឃើញថា ពលរដ្ឋខ្មែរក្រោមដែលរស់នៅលើទឹកដីកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញ ដោយពួកគេមិនអាចប្រើប្រាស់សិទ្ធិដូចទៅនឹងពលរដ្ឋវៀតណាមផ្សេងៗទៀតនោះទេ។ សកម្មភាពនៃការរឹតត្បិតទាំងនោះរួមមាន សិទ្ធិក្នុងការគោរពជំនឿសាសនា ការមិនឱ្យសិក្សាប្រវត្តិសាស្រ្តខ្មែរ និងសិទ្ធិបញ្ចេញមតិជាដើម។
ជុំវិញករណីនេះ ស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែមិថុនា មិនអាចសុំការឆ្លើយតបបានទេ ដោយសារលេខទូរសព្ទនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតវៀតណាម មិនអាចទំនាក់ទំនងបាន។
ចំណែក អ្នកនាំពាក្យក្រសួងការបរទេស លោក អាន សុខឃឿន ក៏មិនអាចសុំការឆ្លើយតបបានដែរ នៅថ្ងៃទី២៦ ខែមិថុនា ដោយទូរសព្ទចូលជាច្រើនលើកមិនមានអ្នកទទួល។
ទឹកដីកម្ពុជាក្រោម ត្រូវបានរដ្ឋាភិបាលអាណានិគមបារាំងចុះហត្ថលេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួតត្រាបន្តដែលខ្មែរក្រោមចាត់ទុកថាខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ មានផ្ទៃដីទំហំ ៦៧ ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង។ គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ទឹកដីកម្ពុជាក្រោមបានស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាមអស់រយៈពេល ៧៤ឆ្នាំមកហើយ។
ដែនដីកម្ពុជាក្រោមដែលអាណានិគមបារាំងហៅថា កូសាំងស៊ីន បច្ចុប្បន្នត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោមប៉ាន់ប្រមាណថា មានពលរដ្ឋខ្មែរក្រោមរស់នៅមិនតិចជាង ៧ លាននាក់នោះទេ បើទោះជារដ្ឋាភិបាលវៀតណាមថាមានប្រមាណតែ ១លាន៣សែននាក់ក្តី។
នៅទឹកដីកម្ពុជាក្រោម មានវត្តអារាមពុទ្ធសាសនាថេរវាទខ្មែរចំនួន ៤៦១ វត្ត ក្នុងនោះខេត្តព្រះត្រពាំងដែលមានពលរដ្ឋខ្មែរក្រោមរស់នៅច្រើនជាងគេមានវត្តសរុបចំនួន ១៤៣ វត្ត ហើយវត្តមានវ័យចំណាស់ជាងគេឈ្មោះថា សំបួររង្សី កសាងនៅ គ.ស. ៣៧៣ ស្ថិតនៅក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង។ នៅកម្ពុជាក្រោម វត្តអារាមត្រូវបានគេចាត់ទុកថាជាឃ្លាំងវប្បធម៌ ជាទីកន្លែងថែរក្សា ការពារអត្តសញ្ញាណរបស់ខ្មែរក្រោមទាំងមូល។
បើទោះបីជាទឹកដីកម្ពុជាក្រោមត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមក៏ដោយ ប៉ុន្តែ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់មានព្រះរាជបន្ទូលថា ចាប់តាំងពីឆ្នាំ១៩៤៩ រដ្ឋាភិបាលដឹកនាំដោយព្រះបរមរតនកោដ្ឋ រហូតដល់រដ្ឋាភិបាលលោក លន់ នល់ (១៩៧០ ដល់១៩៧៥) និងរដ្ឋាភិបាលរបស់ ប៉ុល ពត (១៩៧៥ ដល់១៩៧៩) គឺមិនទទួលស្គាល់ការកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមនោះឡើយ។ ព្រះអង្គបញ្ជាក់ថា ការមិនទទួលស្គាល់នេះបង្ហាញថា ទឹកដីកម្ពុជាក្រោមនៅតែជាទឹកដីរបស់ខ្មែរដដែល៕