សកម្មជន និងមន្ត្រីសង្គមស៊ីវិលផ្នែកការពារបរិស្ថាន យល់ឃើញថា ករណីបុគ្គលឯកជនធ្វើសំណង់ដោយចាក់ដីចូលស្ទឹងសង្កែ ប៉ុន្តែត្រូវពលរដ្ឋរិះគន់ទើបរុះរើផ្នែកខ្លះនៃសំណង់លើច្រាំងស្ទឹងចេញ គឺបង្ហាញពីកម្សោយរបស់អាជ្ញាធរក្នុងការអនុវត្តច្បាប់ការពារសម្បត្តិរដ្ឋ។

កាលពីថ្ងៃទី១៩ ខែមិថុនា ទំព័រហ្វេសប៊ុកឈ្មោះ Mother Nature Cambodia ដែលគេស្គាល់ថា ជាក្រុមចលនាមាតាធម្មជាតិ បានផ្សព្វផ្សាយរូបភាពផ្ទះមួយកន្លែងស្ថិតនៅឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានសាងសង់ឡើងនៅមាត់ច្រាំងដងស្ទឹងសង្កែ និងមានចាក់ស៊ីម៉ង ហើយដាំដើមឈើអមក្បែរមាត់ស្ទឹងថែមទៀតផង។

ប៉ុន្មានថ្ងៃក្រោយ បន្ទាប់ពីមានការរិះគន់ពីពលរដ្ឋនៅតាមបណ្តាញសង្គមយ៉ាងចាស់ដៃ ទើបម្ចាស់សំណង់បានយល់ព្រមកាយដីចេញ និងរុះរើផ្នែកខ្លះនៃសំណង់ក្បែរមាត់ស្ទឹងចេញវិញ ក្រោយអាជ្ញាធរខេត្តបាត់ដំបងបានទៅពិនិត្យនៅទីតាំងផ្ទាល់។

ជុំវិញករណីនេះ សកម្មជនការពារបរិស្ថាន​ យុវតី​ ភួន កែវរស្មី បានរិះគន់អាជ្ញាធរខេត្តបាត់ដំបងថា មិនបានអនុវត្តតួនាទីក្នុងនាមជាមន្រ្តីរាជការនោះទេ ដោយថា​បានបើកដៃឱ្យមានការចាក់ដី និងធ្វើសំណង់រំលោភចូលស្ទឹងសង្កែដោយចំហ។ កញ្ញាយល់ឃើញថា ករណីនេះទាល់តែមានការរិះគន់ពីប្រជាពលរដ្ឋទើបមានវិធានការបែបនេះ គឺបង្ហាញពីកម្សោយរបស់អាជ្ញាធរ ក្នុងការបំពេញភារកិច្ចជាមន្រ្តីសាធារណៈ។

កញ្ញាថា៖ «នៅពេលដែលមានការបង្ហោះព័ត៌មាន មានការលើកឡើងពីក្តីព្រួយបារម្ភកង្វល់! ខាងអភិបាលខេត្តបាត់ដំបងផ្ទាល់ មិនចុះទៅមើលផ្ទាល់ដល់កន្លែងទេ បែរជាចេញសេចក្តីប្រកាសព័ត៌មានចោទប្រកាន់ទៅដល់អ្នកលើកឡើងព្រួយពីទុក្ខកង្វល់។ ពាក់ព័ន្ធករណីហ្នឹង ដែលបង្ហាញថាចង់បំបាត់សំឡេងប្រជាពលរដ្ឋផ្សេងទៀតកុំឱ្យហ៊ានរិះគន់ ដោយចោទមកPage [ទំព័រហ្វេសប៊ុក] ចលនាមាតាធម្មជាតិ ថាជាការញុះញង់»

បន្ថែមលើនេះ យុវតី ភួន កែវរស្មី មើលឃើញថា ចំណាត់ការរបស់អាជ្ញាធរនាពេលកន្លងមកហាក់បំពេញសកម្មភាពដើម្បីរត់គេចពីការរិះគន់ពីប្រជាពលរដ្ឋតែប៉ុណ្ណោះ ដោយមិនបានបង្ហាញពីឆន្ទៈក្នុងការអនុវត្តច្បាប់ពិតប្រាកដនោះទេ។

កញ្ញាថា៖ «ការអនុត្តច្បាប់ហ្នឹងទៀតសោត​គឺខ្ញុំមិនច្បាស់ទេថា ជាការអនុវត្តច្បាប់ចេញពីឆន្ទៈចេញពីមនសិការ ឬក៏គ្រាន់តែការអនុវត្តច្បាប់ឱ្យរួចគេចផុតពីការរិះគន់ពីប្រជាពលរដ្ឋ»។

មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន សង្កេតឃើញថា ករណីដែលបុគ្គលឯកជន រំលោភយកដីសាធារណៈ នាពេលកន្លងមក គឺអាជ្ញាធរបានត្រឹមចាត់វិធានការតាមក្រោយ ការប្រតិកម្មពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។ លោកថា​ការឆ្លើយតប របស់អាជ្ញាធរពាក់ព័ន្ធហាក់គេចវេះពីការទទួលខុសត្រូវ ដោយមិនបានបង្ហាញពីការបេ្តជ្ញាចិត្តដើម្បីការពារទ្រព្យសម្បត្តិរដ្ឋនោះទេ។

លោកថា៖ «កន្លងទៅយើងឃើញថា បញ្ហាមួយកើតឡើងហើយទាល់តែមានការប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋសាធារណជនទើបអាជ្ញាធរធ្វើការដោះស្រាយ ហើយការដោះស្រាយការឆ្លើយតបរបស់អាជ្ញាធរ ពេលខ្លះហាក់ដូចជាមិនបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវ ទៅលើបញ្ហាដែលបានកើតឡើងទេ»

យ៉ាងណាក្តី លោក អូត ឡាទីន បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹង ចំពោះបុគ្គលដែលរំលោភបំពានដីសាធារណៈ។ លោកថា ការបណ្តែតបណ្តោយឱ្យជនដែលប្រព្រឹត្តសកម្មភាពខុសច្បាប់ហើយរួចខ្លួនបែបនេះ គឺបង្ហាញពីអំពើអយុត្តិធម៌ក្នុងសង្គម និងជារូបភាពមួយជំរុញឱ្យការបំពានសម្បត្តិជាតិ រីករាលដាលកាន់តែច្រើន។

លោកថា៖ «ត្រូវតែដាក់ទោសទណ្ឌទៅលើអ្នកដែលបានប្រព្រឹត្តកំហុសករណីហ្នឹង បើសិនជាអ្នកដែលបានប្រព្រឹត្តមិនទទួលទោសទណ្ឌទេ បញ្ហាទាំងអស់នេះ វាអាចកើតមាននៅតំបន់ផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ»

ជុំវិញករណីនេះ Newsroom Cambodia បានព្យាយាមទំនាក់ទំនងអភិបាលខេត្តបាត់ដំបងលោក សុខ លូ នៅថ្ងៃទី​២៦ ខែមិថុនា ប៉ុន្តែមិនមានអ្នកទទួលទូរសព្ទ។

កាលពីថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដោយចា្រនចោល ការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុក Mother Nature Cambodia ដែលថាអាជ្ញាធរខេត្តបាត់ដំបងមិនអើពើករណីមានការរំលោភចូលស្ទឹងសង្កែ។

សេចក្តីបំភ្លឺព័ត៌មានបានចាត់ទុកការផ្សព្វផ្សាយនេះ​គឺជាព័ត៌មានបែបញុះញង់ បំភាន់ និងបំភ្លៃការពិត ក្នុងចេតនាវាយប្រហារក្នុងផ្លូវនយោបាយ។

ក្រោយមក នៅថ្ងៃទី២៤ ខែមិថុនា អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា លោកបានឱ្យមន្រ្តីជំនាញទៅពិនិត្យនៅសំណង់ផ្ទះឯកជននោះកាលថ្ងៃទី២៣ ខែមិថុនា រកឃើញថា សំណង់នោះធ្វើឡើងនៅលើដីកម្មសិទ្ធិស្របច្បាប់។ លោកថា ការសង់នេះគឺយកតាមដំណេកស្ទឹងពីធម្មជាតិ ប៉ុន្តែម្ចាស់សំណង់មិនទាន់កាយដីដែលចាក់ទប់ធ្វើច្រាំងស្ទឹងចេញអស់នៅឡើយ។ ប្រភពដដែលបន្ថែមថា ម្ចាស់សំណង់បានឯកភាពកាយដីចេញអោយបានអស់ដូចស្ថានភាពដើមមុនមានទឹកឡើង។

លោកបញ្ជាក់ថា៖ «ម្ចាស់ដីយល់ព្រមដោយស្ម័គ្រចិត្តយកចេញនូវវេរ៉ង់ដាដែលបានធ្វើលើច្រាំងស្ទឹងចេញ ព្រោះបើយើងមើលពីត្រើយម្ខាង ឃើញខាងក្រោមហ្នឹងមានសសរ អាក្រក់មើលហើយអាចស្ទះចរន្តទឹកតិចតួចដែរពេលខែទឹកឡើង»

មាត្រា ៨ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ឆ្នាំ២០១៥ បានកំណត់ចម្ងាយដែនដីដែលមិនអាចរំលោភបាន។ ក្នុងអនុក្រឹត្យបញ្ជាក់ថា ដីចំណីឆ្នេរ និងពាមសមុទ្រត្រូវកំណត់ចំណីដី ១០០ ម៉ែត្រគិតពីឆ្នេរ និងពាមសមុទ្រ (ពេលទឹកជោរអតិបរមា) ចំណែកដីទន្លេ ត្រូវកំណត់ ៥០ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ។ រីឯស្ទឹងត្រូវកំណត់ចម្ងាយ ៣០ម៉ែត្រពីមាត់ច្រាំងស្ទឹង។

ច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹកនៅកម្ពុជា មាត្រា៣៦ ចែងថា ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥ ០០០ ០០០)រៀល ទៅ ដប់លាន(១០ ០០០ ០០០)រៀល និង ឬ ដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ទៅដល់ប្រាំ(៥)ឆ្នាំចំពោះបុគ្គលណា ដែលលុបបឹងធម្មជាតិ ស្រះ ត្រពាំង និងអាងទឹកដោយគ្មានលិខិតអនុញ្ញាត។ ច្បាប់ដដែលចែងថា ករណីមិនរាងចាលត្រូវផ្តន្ទាទោស ទេ្វមួយជាពីរ៕