ល្ខោនខោលរបស់កម្ពុជាត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែមិនសូវមានការចាប់អារម្មណ៍ហាត់រៀន និងមានការយកចិត្តទុកដាក់តិចតួចនៅឡើយពីប្រជាពលរដ្ឋ។
ខាងក្រោមនេះជាការផ្ដល់កិច្ចសម្ភាសន៍របស់សិក្ខាកាម Newsroom Cambodia ជាមួយលោក ហង់ ភូមិរា ដែលជាគ្រូបន្តវេនល្ខោនខោលនៃប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណខ្មែរជំនាន់ថ្មី៖
Q: ជម្រាបសួរលោក!
A: បាទ ជម្រាបសួរ!
Q: តើអ្វីទៅជាល្ខោនខោល?
A: ល្ខោលខោល ជាល្ខោនក្របសម្តែងពាក់មុខ សម្តែងតែរឿងរាមកេរិ៍្តតែប៉ុណ្ណោះ។
Q: តើល្ខោនខោលខ្មែររបស់យើងមានប៉ុន្មានតំបន់?
A: តំបន់ល្ខោនខោលរបស់យើងមាននៅ វត្តស្រែអណ្ដែត ល្ខោនខោលរាជធានីភ្នំពេញ ល្ខោនខោលកំពង់ធំ និងល្ខោនខោលបាត់ដំបង នៅតាមតំបន់មានការប្លែកៗពីគ្នាផងដែល។
Q: តើល្ខោនខោលមានលក្ខណៈសម្គាល់អត្តចរិតអ្វីខ្លះ?
A: គឺខ្ញុំបានជម្រាបជូនអីចឹងថាល្ខោនខោល សម្តែងដោយមនុស្សប្រុសសុទ្ធ តួស្រីក៏ដោយ តួនាងសីដាក៏ដោយ ក៏ជាមនុស្សប្រុសសម្តែងដែរ។ នេះជាអ្វីដែលសម្គាល់ថាល្ខោនខោលដែលឱ្យតែល្ខោនណាដែលមានពាក់មុខ ប្រុសសម្ដែងទាំងអស់ នេះហើយជាទម្រង់ដែលល្ខោនខោលសម្ដែងហើយ។
Q: តើល្ខោនខោលទៅតាមតំបន់មួយណាដែលមានការចាប់អារម្មណ៍ជាងគេ?
A: តំបន់ដែលមានគេចាប់អារម្មណ៍ក្នុងការសម្ដែងជាញឹកញាប់គឺនៅរាជធានីភ្នំពេញ គឺល្ខោនខោលនៅភូមិន្ទវិចិត្រសិល្បៈ ល្ខោនខោលនៅទស្សនីយភាព ល្ខោនខោលក្រុមផ្សេងៗនៅតាមរាជធានីភ្នំពេញគឺមានច្រើនក្រុម។
Q: មានគេលើកឡើងថាល្ខោនខោលមិនសូវមានការគាំទ្រពីប្រជាពលរដ្ឋច្រើនណាស់ណាទេ។ តើលោកគិតថាធ្វើយ៉ាងម៉េចដើម្បីឲ្យមានសន្ទុះគាំទ្រច្រើន និងរក្សាឲ្យបានគង់វង្ស?
A: ពាក្យថាសិល្បៈដូចខ្ញុំតែងតែនិយាយអីចឹង គាំទ្រពីសំណាក់យុវជន ប្រសិនជាយុវជនមិនគាំទ្រថែរក្សានោះទេងាយស្រួលនឹងមានការបាត់បង់។ បើយើងមិនបានចូលរួមហាត់សិល្បៈទម្រង់ល្ខោលខោល ប៉ុន្ដែយើងទាំងអស់គ្នាអាចចូលរួមផ្សព្វផ្សាយឲ្យកូនចៅក្រោយៗស្គាល់អំពីសិល្បៈល្ខោនខោលនឹងបែបណាហើយយើងផ្សព្វផ្សាយជាបន្តបន្ទាប់ទៅ។ ប្រសិនជាមានអារម្មណ៍ចង់ហាត់ចូលហាត់ទៅ បើគិតថាស្រឡាញ់ចូលរួមហាត់សិល្បៈទៅតាមផែន។
Q: តើប៉ុន្មានឆ្នាំមកនេះមានចំនួនកូនសិស្សចុះឈ្មោះហាត់ដែរឬទេ?
A: ការកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែគាត់មិនសូវនៅយូរប៉ុន្មានទេ ពេលខ្លះគាត់បានមួយសប្តាហ៍ ហាត់កន្លះខែ មួយខែ ហើយគាត់មិនបានមកគាត់មានតែមួយខ្យល់របស់គាត់ទេ។ ប្រសិនជាគាត់ច្បាស់ការនៅហាត់បន្តរហូតដល់បីរទៅបួនឆ្នាំអីចឹងទៅ។
Q: ប្រសិនជាមានប្រជាពលរដ្ឋចាប់អារម្មណ៍ចុះឈ្មោះ តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីអាចហាត់រៀនល្ខោនខោលបាន?
Q: ពួកយើងគាំទ្ររហូតមិនមានលក្ខខណ្ឌអ្វីទេ ហើយទីតាំងរបស់យើងមិនយកថវិការផងដែរ អាចចាប់ផ្តើមកម្រិតចាប់ពីអាយុ ១១ឆ្នាំ ដល់៣០ឆ្នាំ ក៏ជ្រើសរើសគាត់ដែរ យើងមិនរើសយកអាយុកាលទេ ឱ្យតែគាត់ហាត់បានឲ្យគាត់ចូលមកហាត់ទៅ។ ទីកន្លែងចុះឈ្មោះ មកទីតាំងនៅសហភាពសហព័ន្ធយុវជនកម្ពុជាហៅកាត់ ស.ស.យ.ក រាជធានីភ្នំពេញនៅម្តុំព្រែកលាប អាចចុះឈ្មោះរៀងរាល់ថ្ងៃអាទិត្យ ហើយមកហាត់នៅទីនេះបានជារៀងរាល់ថ្ងៃអាទិត្យ។
Q: សូមលោកជួយផ្តល់ជាការយល់ឃើញក៏ដូចជាសារមួយទាក់ទងទៅនឹងល្ខោនខោលនៅកម្ពុជា។
A: ល្ខោនខោលកម្ពុជា ខ្ញុំសង្ឃឹមថានឹងរីកដុះដាលទៅមុខទៀត ឲ្យគេស្គាល់ទម្រង់សិល្បៈល្ខោនខោល ជាពិសេសកូនខ្មែរទាំងអស់ឲ្យយល់ដឹងអំពីសិល្បៈល្ខោនខោល។ ខ្ញុំសង្ឃឹមថាថ្ងៃមុខទៀតសូមឲ្យល្ខោនខោលរីកចម្រើនទៅកាន់ថ្នាក់អន្តរជាតិបណ្តាប្រទេស សិល្បៈផ្នែកល្ខោនខោលរបស់យើងឲ្យរីកដុះដាលគេស្គាល់ច្រើន។ បើមិនជួយគាំទ្រជួយអភិវឌ្ឍន៍ល្ខោនខោល ឬក៏ជួយទ្រទ្រង់នោះទេ គឺកាន់តែបាត់បង់ៗហើយ។
Q: អគុណ សម្រាប់ផ្តល់ការសម្ភាសន៍មួយនេះ!
A: អគុណ!