អំពើហិង្សាក្នុងគ្រួសារ នៅតែបន្តកើតមានឡើង ដោយបង្កឱ្យមានផលប៉ះពាល់ដល់គ្រួសារ និងសង្គមមនុស្សទាំងមូល។ រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមួយចំនួន នៅតែបន្តទប់ស្កាត់ និងចាត់វិធានការតាមនីតិវិធីច្បាប់ ចំពោះបុគ្គលដែលបានប្រព្រឹត្តិនូវបញ្ហាទាំងអស់នេះ។
ខាងក្រោមនេះជាកិច្ចសម្ភាសរវាងកញ្ញា ណម ស៊ីណា ប្រធានកម្មវិធីទំនាក់ទំនងសហគមន៍នៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) និងព្រះតេជគុណ ឃត ពន្លឺ ដែលជាសិក្ខាកាម Newsroom Cambodia កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ អំពីករណីអំពើហិង្សាក្នុងគ្រួសារ ៖
Q៖ ចម្រើនពរ កញ្ញា ណម ស៊ីណា!
A៖ សូមក្រាមថ្វាយបង្គំព្រះតេជគុណ!
Q៖ តើអំពើហិង្សាក្នុងគ្រួសារជាអ្វី?
A៖ កូណា! នេះគឺយើងនិយាយដល់ទាក់ទងនឹងនិយមន័យ អំពើហិង្សាក្នុងគ្រួសារ បើយោងទៅតាមច្បាប់ស្តីអំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ អំពើហិង្សាក្នុងគ្រួសារ យើងសំដៅទៅដល់អំពើហិង្សាទាំងឡាយណាដែលអាចកើតមានឡើងទៅលើប្តី ឬប្រពន្ធ ឬក៏អ្នកនៅក្នុងបន្ទុកគ្រួសារ ទោះបីជាអំពើហិង្សាកើតឡើងនៅទីណាក៏ដោយគឺគេមើលទៅលើទំនាក់ទំនងគាត់ជាប្តី ឬជាប្រពន្ធ ឬក៏អ្នកដែលមានបន្ទុកនៅក្នុងគ្រួសារ។
Q៖ តើមូលហេតុអ្វីខ្លះដែលនាំឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ?
A៖ មូលហេតុចម្បងដែលនាំឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារវាមានហេតុផលចម្បង កត្តារួមផ្សំ បើយើងពាក់វែនតាយេនឌ័រមើលអំពើហិង្សាក្នុងគ្រួសារ មានន័យថាវាកើតអំពីវិសមភាពអំណាចរវាងបុរស និងស្ត្រីក្នុងក្រុមគ្រួសារ ថាតើវិសមភាពអំណាចកើតចេញពីអីគេ? វាកើតចេញពីតួនាទីដែលសង្គមបានកំណត់ និងឱ្យតម្លៃផ្សេងគ្នារវាងបុរស និងស្ត្រី មានន័យថាសង្គមរំពឹងថា បុរសជាមេគ្រួសារគាត់មានតួនាទីមួយនៅក្នុងការរកប្រាក់កម្រៃចិញ្ចឹមគ្រួសារ ហើយស្ត្រីសង្គមគេថាគាត់មានតួនាទីជាមេផ្ទះដែលសង្គមគេគិតថាគាត់មួយថ្ងៃៗគាត់អត់ធ្វើអីទេ តែតាមពិតមួយថ្ងៃ២៤ម៉ោង គាត់រកពេលសឹងតែសម្រាកគ្មាន។
បើយោងទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជាយើង ការងារអត់មានប្រាក់កម្រៃ គឺមានតម្លៃស្មើនឹងការងារមានប្រាក់កម្រៃ ប្រសិនគាត់គិតដល់ចំណុចហ្នឹង គឺមិនមាននរណាម្នាក់ប្រើអំណាចលើនរណាម្នាក់ទេ ព្រោះជាទូទៅអ្នកដែលមានអំណាចសេដ្ឋកិច្ច តែងតែប្រើអំណាចទៅលើអ្នកគ្មានអំណាចសេដ្ឋកិច្ច។ សរុបមកវិញហេតុផលអ្វីដែលនាំឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ គឺដោយសារវិសមភាពអំណាច វិសមភាពអំណាចកើតឡើងដោយសារអ្វី? កើតឡើងដោយសារតែបទដ្ឋាន ផ្នត់គំនិតដែលឱ្យតម្លៃផ្សេងៗគ្នាទៅលើតួនាទីស្ត្រីនៅក្នុងក្រុមគ្រួសារ។
Q៖ តើអំពើហិង្សាក្នុងគ្រួសារស្ដែងចេញតាមសកម្មភាពបែបណាខ្លះ?
A៖ តាមច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះដដែល យើងកំណត់ប្រភេទអំពើហិង្សាជា៤ប្រភេទ គឺអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្លូវសេដ្ឋកិច្ច ការស្តែងចេញ ពេលខ្លះវាមើលឃើញ ពេលខ្លះវាមើលអត់ឃើញ។ មនុស្សភាគច្រើនគិតថា ទាល់តែមានរបួសស្នាម ចេញឈាម បែកក្បាល បានហៅថា អំពើហិង្សាតាមផ្លូវកាយធ្ងន់ធ្ងរ។ ប៉ុន្តែពេលខ្លះវាគ្រាំក្នុង វាអត់មានរបួសស្នាមទេ តែឈឺចាប់ផ្នែកខាងក្នុង បែបនឹងក៏ជាអំពើហិង្សាផ្លូវកាយដែរ។
អំពើហិង្សាផ្លូវចិត្តមានន័យថា ធ្វើឱ្យនរណាម្នាក់ឈឺចាប់ផ្លូវចិត្តរបស់គេ។ អំពើហិង្សាផ្លូវសេដ្ឋកិច្ចមានន័យថា ទាក់ទងនឹងសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ចរួមទាំងបិទសិទ្ធិសេរីភាពស្ត្រីមិនឱ្យចេញទៅរកប្រាក់ចំណូលក៏រាប់ចូលជាអំពើហិង្សាផ្នែកសេដ្ឋកិច្ចផងដែរ។ បុរសដែលតួនាទីជាប្តីបានលុយមកគាត់មិនបែងចែក មិនខ្វល់ខ្វាយ គាត់រឹតត្បិតចំណែកណាមួយ គាត់តាមដាន គាត់គ្រប់គ្រង គាត់សួរនាំព្រឹកល្ងាចឱ្យមួយម៉ឺនចាយលើអ្វីខ្លះ ម៉េចបានម្ហូបតែមួយមុខចឹង ទាំងអស់នឹងក៏រាប់ចូលជាអំពើហិង្សាផ្នែកសេដ្ឋកិច្ចដែរ។
Q៖ នៅពេលមានអំពើហិង្សាក្នុងគ្រួសារតើមានផលប៉ះពាល់អ្វីខ្លះចំពោះគ្រួសារ និងសង្គម?
A៖ ផលប៉ះពាល់ប្រាកដជាមាន ព្រោះពាក្យថា អំពើហិង្សា មិនសប្បាយ មិនរីករាយនោះទេ និងប៉ះពាល់ដល់សុភមង្គលក្នុងគ្រួសារ ធ្វើឱ្យគ្រួសារមិនមានសុខដុមរមនា ទំនាក់ទំនងគ្រួសារក៏មិនចុះសម្រុងនឹងគ្នា ហើយកូនៗក៏រងផលប៉ះពាល់ពីអំពើហិង្សាក្នុងគ្រួសារ ហើយពួកគាត់អាចក្លាយជាក្មេងឯកោក្លាយជាក្មេងដែលផ្តាច់ខ្លួនពីគេឯង និងក្លាយជាក្មេងដែលគ្មានមិត្ត ហើយទាក់ទងផ្នែកសុខមាភាពរបស់ក្មេងក៏បែបហ្នឹងដែរ ជាក្មេងដែលមិនសូវមានការលូតលាស់ល្អ ទាក់ទងផ្នែកបញ្ញាស្មារតីរបស់គាត់ក៏មិនសូវល្អដែរ ព្រោះមានអ្វីមួយដក់នៅក្នុងអារម្មណ៍របស់គាត់។
ចំពោះស្ត្រីខ្លួនឯងក៏ដូចគ្នាដែរ ស្រ្តីដែលជាជនរងគ្រោះ ព្រោះជាការពិតហិង្សាក្នុងគ្រួសារភាគច្រើនស្រ្តីជាជនរងគ្រោះ។ ដូច្នេះហើយស្ត្រីទាក់ទងនឹងសុខភាពផ្លូវចិត្តផ្លូវកាយរបស់ពួកគាត់គឺមិនសូវល្អ។
ចំពោះសង្គមមានន័យថា ប្រសិនបើអំពើហិង្សាក្នុងគ្រួសារត្រូវបានអាជ្ញាធរដោះស្រាយ ជនប្រព្រឹត្តត្រូវមានទោសទណ្ឌ ដូច្នេះសូវមានជនណាប្រព្រឹត្តទៀតទេ។ ប៉ុន្តែបើនៅក្នុងសហគមន៍មួយនឹងមានមួយករណី ពីរករណី គេវាយប្រពន្ធដូចជាមិនអី ដូច្នេះអាចធ្វើឱ្យអ្នកផ្សេងៗទៀតអាចប្រើអំណាច ប្រើឥទ្ធិពលរបស់ខ្លួនជាមនុស្សប្រុសបង្កហិង្សាទៅលើស្ត្រី ហើយវាអាចកើតមានលើគ្រួសារផ្សេងៗទៀត។
Q៖ តើនរណាជាជនរងគ្រោះពេលមានអំពើហិង្សាកើតឡើងក្នុងគ្រួសារ?
A៖ ជនរងគ្រោះភាគច្រើនជាស្រ្តី និងកុមារ នៅក្នុងបន្ទុកគ្រួសារ។
Q៖ តើមានទិន្នន័យណាមួយដែលអាចស្រង់ស្ថិតិអំពីបញ្ហាករណីអំពើហិង្សាដែរទេ? ឧទាហណ៍ ក្នុងមួយឆ្នាំកើតឡើងប៉ុន្មានករណី?
A៖ ទាក់ទងចំណុចមួយនឹងគឺមិនមានទេ ស្ថាប័នជាតិយើងក៏មិនមានបង្ហាញស្ថិតិករណីហិង្សាថា មួយឆ្នាំកើតឡើងប៉ុន្មាន ថយចុះបែបម៉េច គឺអត់មានទេ។
Q៖ ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារតើយើងត្រូវធ្វើដូចម្ដេច?
A៖ ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារខ្ញុំគិតថា ទីមួយគឺរវាងបុរស និងស្ត្រីត្រូវគោរពឱ្យតម្លៃគ្នា។ មានន័យថា ការងារផ្ទះគឺមានតម្លៃស្មើនឹងការងារក្រៅផ្ទះ។ ដូច្នេះហើយ បើមានតម្លៃស្មើគ្នា គាត់ប្រាកដជាពុំមាននរណាម្នាក់ប្រើអំណាច លើនរណាម្នាក់នោះទេ គឺចែករំលែកការងារផ្ទះគ្នា និងគោរពសិទ្ធិគ្នាទៅវិញទៅមក ហើយរាល់ការធ្វើសេចក្ដីសម្រេចចិត្តគឺត្រូវជជែកគ្នា។
Q៖ អាត្មាភាពសូមអរគុណ កញ្ញា ណម ស៊ីណា សម្រាប់ការផ្តល់បទសម្ភាស!
A៖ ករុណា សូមអរព្រះគុណ៕