គណបក្សភ្លើងទៀនរិះគន់ចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ថាជាការឹតត្បិត ឱកាសឈរឈ្មោះបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរ​ ក្រោយពីសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានរដ្ឋសភាអនុ​ម័ត​។

ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីកំណត់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវឈរឈ្មោះឲ្យគេបោះឆ្នោត ទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាការកាត់បន្ថយសិទ្ធិ និងជាការរឹតត្បិតឱកាសនៃការឈរឈ្មោះបោះឆ្នោតរបស់ ប្រជាពលរដ្ឋខ្មែរ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍របស់គណបក្ស ភ្លើងទៀន ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣​ដែល Newsroom Cambodia ទទួលបាន។

គណបក្សភ្លើងទៀនយល់ឃើញថា៖« ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដោយ ប្រញាប់ប្រញាល់ និងដោយគ្មានការចូលរួមពិគ្រោះយោបល់ ពីគ្រប់ភាគីពាក់ព័ន្ធ អាចបង្កផលវិបាក និង ផលប៉ះពាល់ផ្សេងៗ ដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួន នឹងត្រូវ បាត់បង់ឱកាសក្នុងការឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨។»

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា គណបក្សភ្លើងទៀនអំពាវនាវដល់ស្ថាប័ននីតិប្បញ្ញត្តិ ពិនិត្យ ពិចារណា ចៀសវាង ការអនុម័តលើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដែលមិនស្របនឹងស្មារតីនៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមិនឆ្លុះបញ្ចាំង និងមិនស្របផលប្រយោជន៍ទូទៅរបស់ប្រជាពលរដ្ឋ។                                                                                                                                                                                  

ស្រដៀងគ្នានេះដែរ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្តីថ្លែងការណ៍ថា ការធ្វើវិសោធនកម្មច្បាប់នេះ នឹងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ កាន់តែរួមតូច ព្រមទាំងនាំឱ្យមានភាពភ័យខ្លាច ការភាន់ច្រឡំ និងមានឥទ្ធិពលលើការសម្រេច ចិត្តលើអ្នកបោះឆ្នោតផងដែរ ។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ៖« គ.ប.ម [គណបក្សប្រជាធិបតេយ្យមូលដ្ឋាន] យល់ឃើញថាការធ្វើវិសោធនកម្មច្បាប់ នេះ  គឺជាការប្រើប្រាស់អំណាចនីតិប្បញ្ញត្តិ ជាឧបករណ៍ដើម្បីយុទ្ធសាស្ត្រកេងចំណេញ នយោបាយរបស់គណបក្សកាន់អំណាច  ដើម្បីបង្ក្រាបបំបាក់រឹតត្បិតកម្លាំង គណបក្សដែល ជាគូប្រកួត »។                                                                    

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអង្គការសង្គមស៊ីវិល សមាគម  សហជីព ចំនួន២៤ ក្នុងនោះ មានអង្គការ ខុមហ្រ្វែល  អង្គការ តម្លាភាព កម្ពុជា  សមាគម អាដហុក  និង អង្គការ លីកាដូ ជាដើម បានចេញសេចក្តីថ្លែងការណ៍រួមមួយ  ដោយស្នើពន្យារពេល ធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោត។                                                                

សេចក្តីថ្លែងការណ៍រួមលើកឡើងថា៖ «តាមរយៈវិសោធនកម្មច្បាប់នេះ ប្រជាពលរដ្ឋមួយចំនួនដែលមិនមានលទ្ធភាពទៅបោះឆ្នោតអាចឱ្យពួកគេបាត់បង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងផ្ទុយពីមាត្រា៣៤ថ្មីនៃ រដ្ឋធម្មនុញ្ញ ដែលបានបញ្ញត្តិថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត»។

នៅថ្ងៃទី២៨​​ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានដែលលើកឡើងថា ការកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ដូចមានចែងនៅក្នុងសេចក្ដីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ត្រង់វាក្យខណ្ឌទី៥ នៃមាត្រា ៣៤ថ្មី (មួយ) ដែលចែងថា «បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់» ។ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺសំដៅទប់ស្កាត់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋ ឬការធ្វើសកម្មភាពខូចដល់កិច្ចដំណើរការនៃការបោះឆ្នោត និងបំភិតបំភ័យ អុជអាល ញុះញង់ ប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត ។

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថាសេចក្តីព្រាងច្បាប់នេះ មិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេដោយ «ការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញ និងក៏ពុំមែនជាកាតព្វកិច្ច ដូចបានកំណត់នៅតាមបណ្តាប្រទេសប្រជាធិបតេយ្យសេរី មួយចំនួននោះដែរ ។ ផ្ទុយទៅវិញសេចក្តីព្រាងច្បាប់នេះ បានពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋចំពោះជាតិ មាតុភូមិ និងប្រជាជន ក្នុងនាមជាប្រជាពលរដ្ឋល្អ និងជាគំរូល្អ នៅក្នុង សង្គមប្រជាធិបតេយ្យ ។

លោក វន ចាន់ឡូត ជាអ្នកច្បាប់នៃអង្គការ សង់ត្រាល់​យល់ថា សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន មិនមានឥទ្ធិពលអី្វធ្វើអោយការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានពិចារណានោះទេ ហើយគណបក្សប្រឆាំង គួរតែរិះរកវិធីសាស្រ្តផ្សេងធ្វើយ៉ាងណាអោយ មានពហុបក្សនៅក្នុងសភា។

លោកបន្ថែមថា​៖ «យើងឃើញថាមាននូវថ្នាក់ដឹកនាំគណបក្សភ្លើងទៀនមួយចំនួនក៏បាននិរទេសខ្លួន ថ្នាក់ដឹកនាំមួយចំនួនក៏បានជាប់បណ្តឹងក្តីក្តាំ អ៊ីចឹងអ្នកទាំងអស់នោះនឹងអស់ឱកាសក្នុងការឈរឈ្មោះជាបេក្ខជនសម្រាប់គណបក្សភ្លើងទៀននាអាណត្តិក្រោយៗទៀតហើយ អ៊ីចឹងដូចខ្ញុំមើលឃើញប៉ះពាល់ដោយផ្ទាល់ចំពោះមុខនេះគឺចំពោះបក្សភ្លើងទៀន»។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងប្រាប់ Newsroom Cambodaថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះគឺត្រឹមត្រូវតាមច្បាប់ ព្រោះលោកនាយករដ្ឋមន្រ្តីផ្តួចផ្តើមវិសោធនកម្មច្បាប់នេះស្របតាមរដ្ឋធម្មនុញ  ហើយចំពោះនីតិវិធីនៃការធ្វើវិសោធនកម្មច្បាប់នេះស្របតាមនីតិវិធីច្បាប់ហើយ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែងថា គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ មិនមែនស្ថាប័នអនុម័តច្បាប់ឡើយ ហេតុនេះលោកថាចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ប្រសិនបើសភាអនុម័តសម្រេច ហើយត្រូវបានព្រឹទ្ធសភាឯកភាព និងមានព្រះមហាក្សត្រឡាយព្រះហស្តលេខាជាផ្លូវការទៀតនោះ គ.ជ.ប នឹងអនុវត្តតាម៕