អាជ្ញាធរខេត្តកំពត ព្រមានស្នើសុំដីកាឃាត់ខ្លួនពីស្ថាប័នតុលាការ ក្នុងករណីថ្នាក់ដឹកនាំ ក្រុមហ៊ុន ពិភពដីមាស ដែលមានងារជាឧកញ៉ាចំនួន២នាក់ នៅតែពុំព្រមចូលខ្លួនបំភ្លឺតាមការកោះហៅជាលើកទី២ ខណៈបណ្ដឹងរបស់ពលរដ្ឋរងគ្រោះកើនឡើងជិត៥០០គ្រួសារ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មានប្រសាសន៍ថា កាលពីថ្ងៃទី២៦ ខែមិថុនា 

អ្នកឧកញ៉ា ហ៊ី គឹមហុង និងឧកញ៉ា ចេង សង្ហាក់ ជាអគ្គនាយក និងអគ្គនាយករង ក្រុមហ៊ុន ពិភពដីមាស ពុំបានចូលខ្លួនបំភ្លឺនៅស្នងការដ្ឋានគរបាលខេត្តកំពតឡើយ ដោយចាត់តាំងឱ្យអ្នកតំណាងមកជំនួសវិញ។ 

លោក ច័ន្ទមធុរិទ្ធ បន្តថា កិច្ចពិភាក្សាដោយអវត្តមានអគ្គនាយក្រុមហ៊ុន ពុំបានចេញលទ្ធផលជាផ្លែការនោះទេ។ លោក សង្កត់ធ្ងន់ថា ក្នុងករណី លោក ហ៊ី គឹមហុង និង លោក ចេង សង្ហាក់ ពុំចូលខ្លួនតាមការកោះហៅជាលើកទី២ លោក នឹងស្នើសុំដីកាបង្គាប់ឱ្យនាំខ្លួនពួកគេពីស្ថាប័នតុលាការ។

លោក បញ្ជាក់ថា៖ «ខ្ញុំនឹងកោះគាត់ចូលជាលើកទី២ ក្នុងករណីខ្ញុំកោះជាលើកទី២គាត់មិនចូល គឺខ្ញុំនឹងស្នើសុំដីកាបញ្ជាចូលខ្លួនពីតុលាការ»។

យ៉ាងណាក៏ដោយ ស្នងការខេត្តកំពតរូបនេះ ពុំបានបញ្ជាក់ថានឹងចេញដីកាកោះហៅជាលើកទី២នៅថ្ងៃណានោះទេ ដោយនិយាយថា រង់ចាំពេលវេលាសមស្រប។

បើតាមលោក  ច័ន្ទមធុរិទ្ធ ឱ្យដឹងថា ប្រជាពលរដ្ឋមានចំនួន៤៨៤គ្រួសាររស់នៅខេត្តកំពត បានដាក់ពាក្យបណ្ដឹងករណីឆបោកនេះ និងសរុបទឹកប្រាក់ជាង៨លានដុល្លារ។ លោកបន្តថា បទល្មើសនេះ អាជ្ញាធរខេត្តកំពតពុំទទួលពាក្យបណ្ដឹងពីពលរដ្ឋរស់នៅខេត្តផ្សេងឡើយ ដោយអះអាងថា ខុសនីតិវិធីច្បាប់។

ដោយឡែកទំព័រហ្វេសប៊ុក ក្រុមហ៊ុន ពិភពដីមាស បានឱ្យដឹងថា  កាលពីថ្ងៃទី២៦ ខែមិថុនាលោក ប្រាក់ ពិន តំណាងឱ្យក្រុមហ៊ុន ពិភពដីមាស បានធ្វើការបកស្រាយជូនស្នងការដ្ឋាននគរបាលខេត្តកំពត និងប្រជាពលរដ្ឋដែលដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ក្រុមហ៊ុនដែលតែងតែគិតអំពីផលប្រយោជន៍របស់ពលរដ្ឋដែលដាក់វិនិយោគ និងក្រុមហ៊ុនផងដែរ។

ក្រុមហ៊ុន ពិភពដីមាស បានអះអាងថា ថ្វីដ្បិតក្រុមហ៊ុន ប្រគល់ភាគលាភមានការយឺតយ៉ាវពុំតាមការកំណត់ ប៉ុន្តែក្រុមហ៊ុនមិនបានបោកប្រាស់ប្រជាពលរដ្ឋនោះទេ។

ប្រភពដដែល បន្តថា ក្រុមហ៊ុនកំពុងរៀបចំការប្រគល់ភាគលាភឱ្យប្រជាពលរដ្ឋជាបន្តបន្ទាប់ចាប់ពីចុងខែមិថុនា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៣។

លោក ម៉ា សារីម ជាតំណាងពលរដ្ឋមួយរូប រស់នៅភូមិព្រៃថ្នង​ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត និយាយថា ឥឡូវនេះ លោកនិងប្រជាពលរដ្ឋដែលដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ពិភពដីមាស ប្រឈមនឹងផលវិបាកក្នុងការបង់ប្រាក់សងធនាគារវិញ ក្រោយក្រុមហ៊ុនបានគេចវេះប្រគល់ភាគលាភដល់ពួកគាត់ជាច្រើនខែមកនេះ។

លោក សារីម និយាយថា៖ «ខ្ញុំសំ​ណូមពរ ឱ្យខាងក្រុមហ៊ុនធ្វើយ៉ាងម៉េចឱ្យគាត់ ចូលរួមដំណោះស្រាយឱ្យពួកខ្ញុំផង ពីព្រោះពិបាកណាស់រាល់ថ្ងៃនេះ ពិបាកត្រង់ថារាល់ថ្ងៃនេះ គេចធនាគារ គេចផ្ទះអីអស់ហើយ ដោយសាររឿងធនាគារមកដល់អត់មានអីបង់គេ»។

លោក សារីម បន្តថា លោកបានដាក់ប្រាក់ចំនួន៤ម៉ឺន៥ពាន់ដុល្លារ វិនិយោគលើក្រុមហ៊ុន ពិភពដីមាសនេះ ដោយក្រុមហ៊ុនសន្យាថាទទួលបានភាគលាភ៣ភាគរយជារៀងរាល់ខែ។ ប៉ុន្តែ ក្រោយមានបញ្ហានេះកើតមានឡើង  លោក ស្នើសុំក្រុមហ៊ុនដកប្រាក់ដើមវិញនិងបញ្ឈប់ការវិនិយោគជាមួយក្រុមហ៊ុនបន្តទៀត។

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ករណីក្រុមហ៊ុនពុំព្រមចូលខ្លួនតាមការកោះហៅទេនោះ អាជ្ញាធរខេត្តកំពតអាចប្រមូលឯកសារនិងភស្តុតាងផ្សេងៗឱ្យបានលម្អិតពីប្រជាពលរដ្ឋដើម្បីកសាងសំណុំរឿងទៅតុលាការ។ ទោះជាបែបនេះក្ដី លោក យល់ថា ការរកដោះស្រាយក្រៅប្រព័ន្ធតុលាការសម្រាប់ប្រជាពលរដ្ឋជារឿងមួយដែលអាចកាត់បន្ថយពេលវេលានិងការចំណាយថវិកាសម្រាប់ពួកគេ។

លោក បញ្ជាក់ថា៖ «ភាគីពាក់ព័ន្ធអាចពិភាក្សាគ្នារកដំណោះស្រាយទៅ ជាងនីតិវិធីនៅតុលាការ[វា]វែងឆ្ងាយទៅទៀត»។

ក្រៅពីប្រជាពលរដ្ឋរស់នៅខេត្តកំពត កាលពីសប្ដាហ៍មុន អ្នកសារព័ត៌មាន Newsroom Cambodia បានសាកសួរពលរដ្ឋជាច្រើននាក់រស់នៅតាមបណ្ដារាជធានីខេត្តនានា​ មានទាំងរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ស្វាយរៀង និងកំពង់ឆ្នាំង ជាដើមសុទ្ធតែបានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុននេះ។

​ក្នុងការដាក់ប្រាក់វិនិយោគទិញដីឡូតិ៍ ក្រុមហ៊ុនបានសន្យាថា ពលរដ្ឋនឹងទទួលបានប្រាក់ភាគលាភចំនួន៣%ឬ៤%នៃទំហំទឹកប្រាក់ដាក់វិនិយោគ ត្រលប់ទៅវិញជារៀងរាល់ខែ និងមានថេរវេលារយៈពេល២ឆ្នាំ បន្ទាប់ពីចប់កុងត្រាក្រុមហ៊ុននឹងទទួលទិញដីឡូតិ៍នោះក្នុងតម្លៃដើមវិញ។

ប្រជាពលរដ្ឋលើកឡើងថា ប្រាក់ដែលពួកគេដាក់វិនិយោគនោះភាគច្រើនបានមកពីការដាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ។

យ៉ាងណា អ្នកសារព័ត៌មាន Newsroom Cambodia នៅពុំទាន់ស្វែងរកព័ត៌មានលម្អិតពាក់ព័ន្ធនឹងចំនួនប្រជាពលរដ្ឋរងផលប៉ះពាល់សរុប និងចំនួនទឹកប្រាក់ដាក់វិនិយោគឡើយ។

ជុំវិញករណីនេះ អ្នកតាមដានសង្គមនិងអ្នកជំនាញហិរញ្ញវត្ថុ អំពាវនាវឱ្យប្រជាពលរដ្ឋគប្បីសួរអាជ្ញាធរពាក់ព័ន្ធនិងអ្នកជំនាញច្បាស់លាស់មុននឹងសម្រេចដាក់វិនិយោគជាមួយក្រុមហ៊ុនណាមួយ៕