កម្ពុជាមិនមានគោលការណ៍ក្នុងការបិទបណ្ដាញសង្គម ហ្វេសប៊ុកនោះទេ នោះគ្រាន់តែជានប​​យោ​​​បាយព័ត៌មាន នេះបើតាមការលើកឡើង របស់ លោក ផៃ សុីផាន អ្នកនាំ ពាក្យរដ្ឋាភិបាល នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៣។

មនុស្សម្នាក់ៗមានសិទ្ធប្រើ ឬមិនប្រើកម្មវិធីហ្វេសប៊ុកនេះ ចំពោះក្តីបារម្ភដែលលើកឡើងថា រដ្ឋាភិបាលកម្ពុជាអាចនឹងបិទ កម្មវិធី ហ្វេសប៊ុក នោះមិនត្រឹមត្រូវទេ វាគ្រាន់តែជានយោបាយព័ត៌​មាន​។ នេះបើតាម លោក ផៃ សុីផាន អ្នកនាំពាក្យរដ្ឋាភិបាល។

លោក បញ្ជាក់ថា ៖ «វាជាការបារម្ភរបស់មនុស្សម្នាក់ៗទេ កម្ពុជាអត់មានគោលការណ៍ណា ទៅបិទហ្វេសប៊ុកនោះទេ [] ព័ត៌មានហ្នឹង (បិទហ្វេសប៊ុកនៅកម្ពុជា) ជាព័ត៌មានទុច្ចរិត ដែលគេហៅថានយោបាយព័ត៌មាន ដែលផ្សព្វផ្សាយថា រាជរដ្ឋាភិបាលនឹងបិទហ្វេសប៊ុក platform (កម្មវីធី) ដូច្នេះខ្ញុំមិនទទួលស្គាល់ទេ ប៉ុន្តែម្នាក់ៗមានសិទ្ធិប្រើនិងមិនប្រើនៅក្នុង ហ្វេសប៊ុក»។

លោកបញ្ជាក់ថា ចំពោះបញ្ហាហ្វេសប៊ុកលោកនាយករដ្ឋមន្រី្ត ហ៊ុន សែន គឺមកពីក្រុមហ៊ុនហ្វេសប៊ុកមិនមានមនុស្សទៅអង្គុយតាមដានអ្វីដែលជាមាតិកាកម្មវិធី​របស់ហ្វេសប៊ុកទេ ដូចនេះការប្រើ​បញ្ញាសិប្បនិមិត្តរបស់ម៉ាស៊ីន ដែលជួនកាលបកប្រែខុស មិនយល់ពីពាក្យខ្មែរ។

អ្នកស្រី ចក់ សុភាព ជានាយិកាប្រតិបត្តិនៃមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា ត្រូវចែកឱ្យដាច់រវាងបញ្ហាបុគ្គល និងបញ្ហាជាតិ។ ប្រសិនបើមានការឈានរហូតទៅដល់ការបិទវិធានការកម្រិតជាតិ ដូចនេះវាការរឹតត្បិតនូវចរន្តនៃលទ្ធិប្រជាធិបតេយ្យហើយ។

អ្នកស្រីបន្ថែមថា ៖«ការឈប់ប្រើហ្វេសប៊ុកនោះជាសិទ្ធិបុគ្គលៗណា ពេញចិត្តឬមិនពេញចិត្ត គេប្រើឬមិនប្រើប្រាស់ជាសិទ្ធិបុគ្គល ប៉ុន្តែមិនគួរឈានទៅដល់ យកការដែលខ្លួនមិនប្រើប្រាស់ ឬក៏ការដាក់វិធានណាមួយដោយសារយើងបំពាននូវមាតិកាហ្នឹង ហើយយើង ដាក់ទោសទាន់ ឬក៏ជាការសងសឹក តាមរយៈការបិទចរន្តដែលវានឹងប៉ះពាល់ សិទ្ធិនៃការប្រើប្រាស់ សិទ្ធិនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ វាជារឿងមួយដែលមិនគួរកើតឡើងនោះទេ ក្នុងសង្គមប្រជាធិបតេយ្យ ហើយបំពានក្នុងសិទ្ធិក្នុងការបញ្ចេញមតិ »។

អ្នកស្រីបានបង្ហាញថា ទោះបីលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ប្រើ ឬមិនចង់ប្រើវាជាសិទ្ធិរបស់លោក ចំពោះអ្នកដែលយល់ថា ហ្វេសប៊ុកល្អប្រើទៅ  តែអ្នកមិនពេញចិត្តគឺឈប់ទៅ មិនមានជាបញ្ហាអ្វីនោះទេ។អ្នកស្រីបន្ថែមថា យ៉ាងណាមិញ អ្នកស្រី ក៏បានបង្ហាញពីក្ដីបារម្ភដែរ ប្រសិនបើបិទហ្វេសប៊ុកតែម្ដង​ នោះនឹងបាត់បង់សិទ្ធ និងកម្មវិធីដែលមានសក្ដានុពលជាធំ ស​​ម្រាប់ប្រជាពលរដ្ឋខ្មែរ។

អ្នកស្រីបន្ថែមថា ៖ «ជាធម្មតា យើងដឹងហើយបណ្ដាញសង្គមណាមួយក៏ដោយ ជាពិសេសសម្រាប់ហ្វេសប៊ុកគេមាន ស្ដង់ដារ បទដ្ឋានមួយចំនួនដែលអ្នកប្រើប្រាស់ ត្រូវតែអនុលោមតាម បើសិនជាយើងបានបំពាន​នូវគោលការន៍ណាមួយ ប្រាកដណាស់នោះនឹងមានការដាក់នូវ វិធានការណ៍ទៅតាមនីតិវិធីរបស់គេហ្នឹង »។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានថាបើអ្នកប្រឆាំងនៅក្រៅប្រទេស ព្រហើន លោកនឹងបញ្ជាឱ្យបិទ ហ្វេសប៊ុក នៅកម្ពុជា។ នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ក្នុងពិធីសំ​​ណេះសំណាលជាមួយកម្មករ កម្មការិនី ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០​​​២​៣​។

លោកបន្តថា «គ្រាន់តែប្រដៅពួកអ្នកក្រៅស្រុក កំពុងសប្បាយដែលខ្ញុំបំផ្លាញចោល ហ្វេសប៊ុក ប៉ុន្តែខ្ញុំនឹងផ្តាច់ជើងលោកឯង ប្រសិនបើព្រហើន ខ្ញុំនឹងឱ្យបិទ ហ្វេសប៊ុក មិនឱ្យប្រើប្រាស់ក្នុងមួយរយៈខ្លី ឬមួយស្ថាពរ លោកឯកគិតយ៉ាងម៉េច តែខ្ញុំមិនចង់ប៉ះពាល់ដល់ប្រជាជនទេ ប៉ុន្តែអ្នកឯងកុំភ័ន្តច្រឡំជាមួយយុទ្ធសាស្ត្រ ហ៊ុន សែន ឱ្យសោះគ្រាន់តែប្រដៅអ្នកឯង »។

អក្សរក្នុងឆាណែលផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញថា រយះពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកប៊ុក លោកជាច្រើនដែលមានរហូតជាង២០ដែលធ្វើឲ្យមានការភ័ន្តច្រឡំពីអ្នកប្រើប្រាស់ហ្វេសប៊ុក ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះលោកបានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាងនេះគឺបណ្តាញតេឡេក្រាម ដែលមិនបារម្ភពីការចូលលួចដូច ហ្វេសប៊ុក។

លោកបន្តថា៖«អាស្រ័យហេតុនេះខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់។ ខ្ញុំសូមស្នើឱ្យជំនួយការខ្ញុំលុបចោលគណនី ហ្វេសប៊ុក របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុន ហ្វេសប៊ុក ឱ្យលុបឈ្មោះខ្ញុំចេញពីបញ្ជីហ្វេសប៊ុក ។ ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាមហ្វេសប៊ុក និងសូមបង្វែ មកភ្ជាប់ជាមួយឆាណែលតេឡេក្រាម របស់ខ្ញុំវិញដើម្បីទទួលបានព័ត៌មាននិងមានយោបល់មកខ្ញុំតាមរយៈតេឡេក្រាមវិញ »។

ប្រតិកម្មនៅពេលនេះ របស់លោកនាយរដ្ឋមន្រ្តី នៅបន្ទាប់ពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meta (មេតា) កាលពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០២៣ បានអំពាវនាវឱ្យព្យួរគណនីហ្វេសប៊ុករបស់ លោក ហ៊ុន សែន រយៈពេល៦ខែ ដោយនិយា​យ​​ថា វីដេអូមួយដែលបានបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក បានរំលោភវិធានរបស់ក្រុមហ៊ុន Meta (មេតា) ស្តីពីការគំរាមគំហែងហិង្សា៕