ក្រុមអ្នកទិញដីប្រមាណជា៤០នាក់ កាលពីថ្ងៃពុធ បានប្រមូលផ្តុំគ្នាតវ៉ា ទាមទារប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ ពីក្រុមហ៊ុនអចលនទ្រព្យមួយ មានទីតាំងនៅស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីបានធ្វើអាជីវកម្មលើដីនោះ ដោយសំអាងថា បានបង់លុយគ្រប់ចំនួនអស់រយៈពេល៤ឆ្នាំ មិនទាន់បានប្លង់កម្មសិទ្ធិ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
អ្នកស្រី ង៉េត សុធី បាននិយាយថា កាលពីឆ្នាំ២០១៨ គាត់បានទិញដីពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យពុះដីឡូតិ៍ឈ្មោះ អ៊ាន សេងអាន ចំនួនមួយឡូតិ៍ ។
ស្ត្រីអាយុ៤៣ឆ្នាំរូបនោះ អះអាងទៀតថា គាត់បានបង់លុយឱ្យក្រុមហ៊ុនចំនួន៨ពាន់៥០០ដុល្លារគ្រប់ចំនួន ប៉ុន្តែថា ភាគីក្រុមហ៊ុនមិនព្រមប្រគល់ប្លង់កម្មសិទ្ធិដីធ្លីស្រប់ច្បាប់ឱ្យគាត់នៅឡើយទេ ៤ឆ្នាំកន្លងទៅនេះ ដែលធ្វើឱ្យគ្រួសារគាត់ជួបបញ្ហាជីវភាព ដោយត្រូវបង់ការប្រាក់ឱ្យធនាគារជារៀងរាល់ខែ។
អ្នកស្រី សុធី និយាយថា៖[ខ្ញុំ]រងចាំអស់៤ឆ្នាំ ដល់ឆ្នាំមុន(ឆ្នាំ២០២២)ពួកខ្ញុំទៅឃុំ គាត់(ក្រុមហ៊ុន)សន្យា១ឆ្នាំដល់ម្សិលមិញ(ថ្ងៃទី២៨ ខែមិថុនា) គម្រប់១ឆ្នាំ គាត់គេចវេះមិនមកប្រាប់ថាប្លង់មាន មិនមានអី»។
អ្នកតវ៉ាម្នាក់ទៀត គឺលោក សាំង សំអុល រស់នៅខេត្តព្រះសីហនុ និយាយថា គាត់បានទិញដីពីក្រុមហ៊ុន ចំនួន៥ឡូតិ៍ ហើយថា បានបង់លុយសរុប១ម៉ឺន៧ពាន់ដុល្លារគ្រប់ចំនួនដូចគ្នាច្រើនឆ្នាំទៅនេះ តែថាមិនទទួលបានប្លង់កម្មសិទ្ធិដីធ្លីដូចគ្នា។
លោកថា៖«ពួកខ្ញុំមិនអាចទ្រាំទៀតបានទេព្រោះពួកខ្ញុំបានទុកឪកាសគាត់(ក្រុមហ៊ុន)ច្រើនមកហើយ…តែគាត់អត់ចូលខ្លួនមកដោះស្រាយជាមួយពួកខ្ញុំទេគាត់ឈ្លើយគាត់មិនលើកទូរសព្ទពួកខ្ញុំគាត់មិនលើកសោះ»។
សារព័ត៌មាន Newsroom Cambodia ពុំអាចរកការឆ្លើយតបពីប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យពុះដីឡូតិ៍ ពីលោក អ៊ាន សេងអាន បានទេ គិតត្រឹមថ្ងៃទី៣០មិថុនានេះ ដោយទូរសព្ទមិនអាចទាក់ទង់បាន។
ប៉ុន្តែ អភិបាលរងស្រុកអង្គស្នួល ខេត្តកណ្ដាល លោក ស ម៉េង និយាយថា បញ្ហានេះពិតជាកើតមាន ហើយថាអាជ្ញាធរ កំពុងរកដំណោះស្រាយជាមួយភាគីពាក់ព័ន្ធ ។
លោក ម៉េង និយាយថា៖ «ក្រុមការងារបានអញ្ជើញពួកគាត់មកសាលាឃុំ។(ដំណោះស្រាយ) ខាងឃុំអត់ទាន់រាយការណ៍មកទេ»។
ស្មៀនឃុំបែកចាន ស្រុកអង្គស្នួល លោក សេក ណារិទ្ធ និយាយដែរថា អាជ្ញាធរគ្រោងកោះហៅភាគីក្រុមហ៊ុន និងអតិថជនដែលចេញមុខតវ៉ានោះ មកជួបជុំគ្នានៅសប្ដាហ៍ក្រោយ ដើម្បីស្វែងរកដំណោះស្រាយ។
លោក និយាយា៖«ខ្ញុំបានប្រាប់ប្រជាពលរដ្ឋរួចហើយថាគេដោះស្រាយឱ្យ ឱ្យក្រុមហ៊ុនមកដោះស្រាយជាមួយយើង។…ឥឡូវម្ចាស់ក្រុមហ៊ុនទៅសៀមរាប គាត់មិនទាន់ផ្ដល់ដំណឹងឱ្យខ្ញុំ ប្រហែលមិនយូរអាទិត្យក្រោយអីហ្នឹង»។
ករណីស្រដៀងគ្នានេះ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋជិត៦០០នាក់ដែលដាក់ប្រាក់វិនិយោគទិញដីឡូតិ៍ជាមួយក្រុមហ៊ុន ពិភពដីមាស បានមកតវ៉ានៅស្នាក់ការក្រុមហ៊ុនស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោយក្រុមហ៊ុននេះផ្អាកប្រគល់ភាគលាភដល់ប្រជាពលរដ្ឋជាច្រើនខែ ដែលបណ្ដាលឱ្យពួកគេពិបាកក្នុងការរកប្រាក់បង់ធនាគារ ដោយសារប្រាក់ដាក់វិនិយោគភាគច្រើនបានមកពីការដាក់កម្ចីពីធនាគារ។